អ្នក​ជម្ងឺអេដស៍​៥០%​ស្លាប់ដោយ​សារ​ជម្ងឺរបេង

កាលពេល​ថ្មីៗនេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅប្រទេស​កម្ពុជា​បាន​ប្រកាស​ព័ត៌មាន​ដោយ​ជំរុញ​ដល់​ប្រទេស​ទាំងបី ឱ្យមាន​ការយក​ចិត្ដទុក​ដាក់​បន្ថែម​ចំពោះ​អ្នកមាន​ជម្ងឺ​របេង​ដែល​កើតមាន​នៅលើ​អ្នកផ្ទុក​មេរោគ​អេដស៍។ ព្រោះ​តាមការ​សិក្សា​ថ្មីមួយ បាន​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និងថៃ​បាន​រកឃើញ​ថា អ្នកផ្ទុក​មេរោគអេដស៍​មានការ​ខ្វះចន្លោះ​នូវការ​ព្យាបាល និងការ​ត្រួតពិនិត្យ​រកមើល​នូវ​ជម្ងឺរបេង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ប្រកាស​ព័ត៌មាន​នេះ​ស្របពេល​ដែល​មន្ដ្រី​ផ្នែក​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស​ព្រមគ្នា​មួយកាល​ពីថ្ងៃទី​២៥ ខែកុម្ភៈ​នូវវិធីថ្មី​ក្នុងការ​រក​មេរោគ​របេង​លើអ្នក​ជម្ងឺ​ដែលមាន​ផ្ទុក​មេរោគ​អេដស៍។

អ្នកផ្ទុក​មេរោគអេដស៍​ពេញវ័យ​ស្លាប់​ជិត៥០ភាគរយ​ដោយសារ​រោគ​របេង

តាមការ​ស្រាវជ្រាវ និងធ្វើ​រោគ​វិនិច្ឆ័យ​ថា ជម្ងឺ​របេង​បណ្ដាល​ឱ្យអ្នក​ផ្ទុកមេរោគអេដស៍​ជាមនុស្ស​ពេញវ័យ​ស្លាប់​ច្រើនជាង​គេ ដោយអ្នក​ជម្ងឺ​ជិត៥០​ភាគរយ​ដែលមាន​រោគ​វិនិច្ឆ័យ​ថា មានរោគ​របេង​បានស្លាប់​ក្នុង​អំឡុង​ពេល​ព្យាបាល។ ការ​កំណត់​រោគ​វិនិច្ឆ័យ យឺតពេល​លើជម្ងឺ​របេង​ក្នុងខ្លួន​អ្នកជម្ងឺ​ដែលមាន​ផ្ទុក​មេរោគ​អេដស៍ គឺជា​កត្ដា​រួមចំណែក​ធំដែល​ធ្វើឱ្យ​មាន​អត្រា​ស្លាប់ខ្ពស់។ វិធី​ពិនិត្យ​ថ្មី ដែល​ផ្អែក​ទៅលើ​ការ​ស្រាវជ្រាវ​ដែល​ត្រូវបាន​ធ្វើនៅ​ប្រទេស​កម្ពុជា វៀតណាម ថៃ គឺជា​ជំហាន​ធំមួយ​ឆ្ពោះទៅ​កាត់បន្ថយ​ផល​ប៉ះពាល់ នៅ​ទូទាំង​ពិភពលោក​នៃ​ជម្ងឺរបេង។

បើយោងតាម​មជ្ឈមណ្ឌល​កម្ចាត់ជម្ងឺ​របស់​សហរដ្ឋអាមេរិក​“US CDC”​បានឱ្យ​ដឹងថា​ អាមេរិក​បានធ្វើ​ការយក​ចិត្ដទុក​ដាក់ យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេសថៃ ដើម្បី​រកមើល​វិធី​ច្បាស់លាល់​ក្នុងការ​ពិនិត្យ​រកមើល​មេរោគ​របេង ដើម្បី​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​អ្នកផ្ទុក​មេរោគអេដស៍​ឱ្យបាន​ឆាប់។ ថ្វីបើ​ការ​ពិនិត្យ​រកមើល​មេរោគ​របេង​គួរតែ​ធ្វើលើ​អ្នកផ្ទុក​មេរោគអេដស៍​ក្ដី តែ​គោលការណ៍​ណែនាំ​បច្ចុប្បន្ន​សម្រាប់​បង្រៀន​ដល់​គ្រូពេទ្យ​ស្ដីពី​វិធី​ពិនិត្យ​រកមើល​មេរោគ​របេង​នៅក្នុង​ខ្លួនអ្នកផ្ទុក​មេរោគអេដស៍​មិនមាន​ភ័ស្ដុតាង​វិទ្យាសាស្ដ្រ​បញ្ជាក់​ទេ។ បច្ចុប្បន្ន​នេះ​គ្រូពេទ្យ​មួយចំនួន​ដែល​ពិនិត្យ​រក​មេរោគ​របេង​ក្នុង​ខ្លួនអ្នក​ជម្ងឺដោយ​ផ្ទុក​មេរោគអេដស៍​ដោយ​សួរអ្នក​ជម្ងឺថា តើ​គាត់មាន​ក្អករ៉ាំរ៉ៃ​ដែរឬទេ។ អ្នកជម្ងឺ​ដែល​មិនមាន​ក្អក​រ៉ាំរ៉ៃ​ត្រូវ​កំណត់​ថា មិនមាន​មេរោគ​របេង​ទេ។ ក្នុងការ​សិក្សា​ដែល​ធ្វើលើ​អ្នកជម្ងឺ​ចំនួន១.៧៤៨នាក់​នៅ​ទូទាំង​អនុតំបន់​ទន្លេមេគង្គ ដោយ​គ្រាន់តែ​សួរអ្នក​ជម្ងឺ ម្នាក់​អំពី​ការក្អក​រ៉ាំរ៉ៃ បាន​មើល​រំលង​ករណី​ជម្ងឺ​របេង​ចំនួន​២ភាគ៣។ អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ការ​ពិនិត្យ​រកមើល​មេរោគ​របេង គួរតែ​សួរ​សំណួរ​ទាក់ទិន​ទៅនឹង​រោគសញ្ញា​ច្រើន​រួមគ្នា ដែល​រួមមាន​រយៈពេល​នៃការ​ក្អក រយៈពេល​នៃការ​ក្ដៅខ្លួន ឬការ​បែកញើស​នៅពេល​យប់​រយៈពេល​យ៉ាងហោច​៣សប្ដាហ៍ ទើបអាច​ទទួល​ដឹងថា អ្នកជម្ងឺ​ដែល​ផ្ទុក​មេរោគអេដស៍​នេះមាន​ជម្ងឺ​របេង​ដែរឬ​យ៉ាងណា។

ប៉ុន្ដែ​ផ្ទុយ​ទៅវិញ​ចំពោះ​ការសួរ​ពីរោគ​សញ្ញា​រួមគ្នា​ទាំងនេះ​រកឃើញ​អ្នកផ្ទុក​មេរោគអេដស៍​ចំនួន​៩៣ភាគរយ​ដែលមាន​មេរោគ​របេង។ ដោយឡែក​ក្នុង​ចំណោម​អ្នកជម្ងឺ​ដែល​មិនមាន​រោគ​សញ្ញា​ណាមួយ​នៃរោគ​សញ្ញា​ទាំង៣​នេះ ៩៧ភាគរយ​មិនមាន​រោគរបេង​ទេ។ តាមរយៈ​ការ​សួរអ្នក​ផ្ទុក​មេរោគអេដស៍​នូវ​សំណួរ​ទាំង៣​ស្ដីពី​សុខភាព​របស់គេ គ្រូពេទ្យ​អាច​សន្និដ្ឋាន​បាន​ត្រឹមត្រូវ​ក្នុង​ការកំណត់​ថាមិន​មានរោគ​របេង។ អ្នកជម្ងឺ​ដែលឆ្លើយ​ថា “ទេ” ទៅនឹង​សំណួរ​ទាំង៣នេះ​អាចប្រើ​ថ្នាំដើម្បី​ការពារ​ជម្ងឺរបេង។ ចំណែក​អ្នកដែល​ឆ្លើយថា “មាន” ទៅនឹង​សំណួរ​យ៉ាងតិច១​ក្នុងចំណោម​សំណួរ​ទាំង៣ ត្រូវការ​ការ​វាយតម្លៃ​សម្រាប់​ការ​កំណត់​រោគវិនិច្ឆ័យ​ថា មាន​មេរោគ​របេង​ឬគ្មាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អាមេរិក​សង្ឃឹម​លើការ​ជំរុញ​របស់ខ្លួន

ការ​សិក្សានេះ​ត្រូវបាន​គេរំពឹង​ថា នឹង​នាំឱ្យ​មានការ​កែប្រែ​វិធីពិនិត្យ​រកមើល​មេរោគ​នៅទូទាំង​សកល​លោក ហើយ​ក៏ជា​ឧទាហរណ៍​មួយទៀត​នៃ​សហ​ប្រតិបត្ដិការ​រវាង​ប្រទេស​កម្ពុជា វៀតណាម ថៃ និង​សហរដ្ឋអាមេរិក ក្នុងផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ដ្រ និង​សុខាភិបាល​ផងដែរ។ មិនតែ​ប៉ុណ្ណោះ​អាមេរិក​មានជំនឿ​ថា ប្រទេស​ទាំងបី​នឹងយក​ចិត្ដទុក​ដាក់​បន្ថែមទៀត​លើការ​ពិនិត្យ​ដោយ​ប្រើប្រាស់​វិធី​សាស្ដ្រ​វេជ្ជសាស្ដ្រ និងការ​រុករក​ដោយ​វិធីសាស្ដ្រ​ថ្មីៗ ហើយ​ប្រសើរ​សម្រាប់​អ្នកជម្ងឺ​ផ្ទុក​មេរោគអេដស៍​នេះ។ កន្លងមក​បើទោះបី​មន្ដ្រី​សុខាភិបាល​ប្រកាស​អំពី​វិធីសាស្ដ្រ​ថ្មីនោះ​ក៏ដោយ​តែ​មិនត្រូវ​ភ្លេចនូវ​វិធី​ចាស់នោះ​ឡើយ ព្រោះ​លទ្ធផល​មួយចំនួន​ដែល​ធ្លាប់​ប្រើប្រាស់​កន្លងមក​ក៏ជាការ​ទទួល​នូវ​លទ្ធផល​ល្អ​ផងដែរ​ក្នុងការ​ធ្វើរោគ​វិនិច្ឆ័យ ចំពោះ​អ្នកមាន​ផ្ទុក​មេរោគអេដស៍​នេះ។

អាមេរិក​បានយក​ប្រទេស​បីធ្វើ​ជាគោលដៅ​សំខាន់​បំផុត ក្នុងការ​ចែករំលែក និងជា​ជំហាន​ធំមួយ​ឆ្ពោះ​ទៅកាត់​បន្ថយ​ផលប៉ះពាល់​នៃជម្ងឺ​របេង​ទូទាំង​សកលលោក។ ព្រោះថា​មានការ​សិក្សា​និងការ​ជំរុញ​ទាំងនេះ ដោយ​សារតែ​ប្រទេស​ទាំងបី​ហាក់បី​ដូចជា​បោះជំហាន​ទៅមុខ​ទៅលើ​ចំណាប់​អារម្មណ៍​ដ៏ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​របស់​ខ្លួនក្នុង​ការ​ថែទាំ​សុខភាព​ទូទៅ ជាពិសេស​ជម្ងឺ​របេង​តែម្ដង ដែលជា​ប្រធានបទ​សម្រាប់​ប្រជាជន​ទូទៅ​អាចមាន​ការ​ប្រឈម​មុខ។ ព្រោះ​ជម្ងឺនេះ​ជាជម្ងឺ​ឆ្លង​គួរឱ្យ​ប្រយ័ត្ន​បំផុត​ផងដែរ។

តាមការ​ស្រាវជ្រាវ​បានប​ញ្ជាក់ថា អ្នកផ្ទុក​មេរោគ​អេដស៍ប្រសិន​បើមាន​មេរោគ​របេង​ចូល​លុកលុយ​ហើយ គឺអាច​ធ្វើឱ្យ​មេរោគនេះ​ឆាប់​ជំរុញ​ដល់​អាយុជីវិត​ឆាប់​ថមថយ​កម្លាំង ហើយ​ឈានដល់​ការ​បាត់បង់​ជីវិត​យ៉ាង​ឆាប់រហ័ស​ទៀតផង។ ប្រសិនបើ​អ្នកជម្ងឺនេះ​មិនធ្វើ​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះទេ។ កន្លងមក​នេះ​អត្រា​អ្នកផ្ទុក​មេរោគអេដស៍​ដែល​រកឃើញ​ថាមាន​មេរោគ​របេងនោះ​ប្រមាណ​ជា៥០​ភាគរយ​បានស្លាប់​បាត់បង់​ជីវិត ហើយ​អ្នក​ទាំងនោះ​ជាមនុស្ស​ពេញវ័យ​ទៀតផង។

ដៃគូ​របស់​អាមេរិក​នៅប្រទេស​កម្ពុជា រួមមាន​ក្រសួង​សុខាភិបាល មជ្ឈមណ្ឌល​ក្ដីសង្ឃឹម​របស់​មន្ទីរពេទ្យ​ព្រះសីហនុ និង វិទ្យាស្ថាន​ប៉ាស្ទ័រ​នៃកម្ពុជា។ ការ​សិក្សានេះ​មានឈ្មោះ​ថា “មួយ​ជំហាន​ម្ដងៗ​ក្នុងការ​ពិនិត្យ​រកមើល​មេរោគ​របេង និងការ​កំណត់​លើរោគ​វិនិច្ឆ័យ​លើអ្នក​ដែលមាន​ផ្ទុក​មេរោគ​អេដស៍”។ ដូច្នេះ​ហើយ​លោកអ្នក​ទាំងអស់​ដែល​ដឹងថា​ខ្លួនឯង​មាន​ផ្ទុកមេរោគអេដស៍​គឺត្រូវ ប្រញាប់​ទៅពិគ្រោះ​ជម្ងឺ​រកមេរោគ​របេង​មួយ​ប្រភេទ​ទៀត ទោះបីវា​មិនបាន​បង្ហាញ​ជារោគស​ញ្ញាក៏​ដោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative