ជម្ងឺ​​​ជជុះ​​​មាន់

ជម្ងឺជជុះមាន់គឺជាជម្ងឺដែលកើតនៅលើស្បែក មិនថា​ស្ដ្រីឬ​បុរស ក្មេងឬ​ចាស់​នោះទេ គឺអាច​កើតបាន​ទាំងអស់ ដោយគ្រាន់​តែកន្លែង​ដែលកើត​គឺ​ខុសៗគ្នា ដូចជា​មានអ្នក​ខ្លះកើត​នៅលើ​ដងខ្លួន ហើយអ្នក​ខ្លះទៀត​កើតនៅ​លើដៃ ហើយអ្នក​ខ្លះក៏​កើតនៅកន្លែង​ផ្សេងៗ។ លោកអ្នក​មួយចំនួន​តែងតែ​មានការ​យល់ច្រឡំ​គ្នាចំពោះ​ជម្ងឺជជុះ​មាន់​ជាមួយ​នឹង​ជម្ងឺភ្លឺ ព្រោះរោគ​សញ្ញាគឺ​កើត នៅ​លើស្បែក​ដូចគ្នា។ ជម្ងឺ​ជជុះមាន់​នេះ​មិនមែន​ជា​ជម្ងឺកាច​សាហាវ​នោះទេ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោក​វេជ្ជបណ្ឌិត ថៃ គា អ្នក​ឯកទេស​ជម្ងឺ​សើស្បែក និងកាមរោគ នឹងបក​ស្រាយអំពី​ជម្ងឺ​ជជុះមាន់។​

អ្វីទៅជាជម្ងឺជជុះមាន់?

ជម្ងឺជជុះមាន់គឺជាជម្ងឺដែល​ឧស្សាហ៍​ឃើញកើត​នៅលើ​ស្បែកទាំងក្មេង​ទាំងចាស់ ជាពិសេស​អ្នកដែល​មានស្បែក​ស្រអែម។ ជម្ងឺជជុះមាន់​មិនមែន​ជាជម្ងឺ​ដែលបង្ក​ឡើងដោយ​បាក់តេរី​ឬ​មេរោគផ្សិត​អ្វីនោះទេ គឺបណ្ដាល​មកពី​ស្បែកខូច​ប្រែពណ៌​ទៅជាស្លក​ពណ៌ តិចៗ ហើយមាន​ក្រមររបកសៗ​នៅលើស្បែក ​ពេលខ្លះ​ជម្ងឺជជុះមាន់​មានការ​ច្រឡំ​ជាមួយ​ជម្ងឺភ្លឺ។​

រោគសញ្ញាជម្ងឺជជុះមាន់

រោគសញ្ញាជម្ងឺជជុះមាន់ភាគច្រើនគឺអ្នកជម្ងឺ​អាចធ្វើ​ការសង្កេត​ឃើញ​ដោយ​ខ្លួនឯង ដូចជា​នៅលើ​ស្បែកមួយ​កន្លែងគឺ​មាន ភាព​រមាស់ ហើយនៅ​ពេលដែល​អេះនៅ​ត្រង់​កន្លែង​ដែល​រមាស់ ពេលនោះ​ស្បែករបស់​លោកអ្នក​ឡើងហុយ។ ហើយនៅ​កន្លែង ដែល​រមាស់មាន​លក្ខណៈ​ជា​ពងក្រពើ​ មានប្រវែង​ប្រហែល​ជា១ទៅ​២សង់ទីម៉ែត្រ​ ហើយក៏​អាចមាន​រីកធំ​ជាងនេះ​ដែរ។ អ្នកជម្ងឺ​អាច សង្កេត​ឃើញនៅ​កន្លែងដែល​រមាស់ ភាគច្រើន​ស្បែកមាន​សភាព​ស្លកពណ៌សខុស​ប្លែកពី​កន្លែងស្បែក​ដទៃទៀត។ រោគសញ្ញា​នេះគេ​មានការ​សម្គាល់​ទៅលើ​មនុស្សចាស់ អាចកើត​មានគ្រប់​កន្លែង ដូចជាមុខ ដងខ្លួន ដៃ ជើងជាដើម។ ចំពោះ​កុមារ​ភាគច្រើន​ ​អាចកើត​មាននៅ​លើផ្ទៃ​មុខច្រើន​ជាងគេ។ ជម្ងឺ​នេះភាគ​ច្រើនគឺ​កើតឡើង​ដោយឯងៗ។​

មូលហេតុបង្កឱ្យមានជម្ងឺជជុះមាន់

បើតាមកាស្រាវជ្រាវ ជម្ងឺនេះគឺ​គ្មានមូល​ហេតុអ្វី​ច្បាស់លាស់​នោះទេ។ ជម្ងឺនេះ​មិន​ទាក់ទង​ទៅនឹង​ចំណី​អាហារ ធាតុអាកាស​ និងមេរោគ​អ្វីនោះទេ ហើយក៏​មិនទាក់ទង​នឹងការ​អនាមយ័​ខ្លួនប្រាណ​ដែរ។ បើមាន​ការ​ទាក់ទង​គឺអាស្រ័យ​ទៅលើ​ស្បែក​របស់អ្នក​ជម្ងឺតែ​ប៉ុណ្ណោះ។ ​

ផលប៉ះពាល់នៃជម្ងឺជជុះមាន់

ជម្ងឺនេះមិនបង្កជាបញ្ហាអ្វីដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ គឺមាន​ការទាក់​ទងទៅ​នឹងសម្ផស្ស​ស្បែក​របស់លោក​អ្នកតែ​ប៉ុណ្ណោះ ​ដូចជា​កាលនៅ​ពីក្មេង​គឺមិន​មានការ​ចាប់អារម្មណ៍​អ្វីជាមួយ​នឹង​សម្ផស្ស​នោះ គឺមាន​តែឪពុក​ម្ដាយនោះ​ទេដែល​មានការ​ចាប់​អារម្មណ៍​ចំពោះ​កូន។ ​

វិធីព្យាបាលជម្ងឺជជុះមាន់

ការប្រើប្រាស់ថ្នាំលាបទៅលើ​ស្បែកដែល​កើត​ជម្ងឺនេះ ដោយមិន​បាច់ធ្វើ​ការចាក់​ថ្នាំឬ​ក៏លេប​ថ្នាំនោះទេ​ ​សំខាន់​លោកអ្នក​ ត្រូវទិញ​ថ្នាំដែល​មាន​គុណភាព​ហើយ​អនុវត្ដ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ លោកអ្នក​គួរតែ​មានការ​អនាម័យ​ស្បែក ជាពិសេស​គឺត្រូវ​ រក្សាស្បែក​ឱ្យមាន​សំណើម ព្រោះជម្ងឺ​នេះគឺ​មានការ​ទាក់ទង​នឹងស្បែក​ស្ងួតពេក។ ការវិវឌ្ឍន៍​នៃជម្ងឺ​នេះមិន​មានអ្វី​ដែល​ធ្ងន់ធ្ងរ​នោះទេ​ ដោយគ្រាន់​តែមាន​ការ​រីករាល​ដាល​បន្ដិច​បន្ដួច​តែ​ប៉ុណ្ណោះ។​

ដំបូន្មានអ្នកជំនាញ

លោកអ្នកដែលកើតនូវជម្ងឺនេះ សូមកុំ​មានការ​ព្រួយ​បារម្ភ​អ្វី​ខ្លាំងពេក ព្រោះជម្ងឺ​នេះមិន​មែនជា​ជម្ងឺដែល​ធ្ងន់ធ្ងរ​នោះទេ​ ហើយក៏​អាចបាត់​ទៅវិញ​ដែរ ដោយ​លោកអ្នក​គ្រាន់តែ​ថែរក្សា​ស្បែក​លោកអ្នក​ឱ្យមាន​ជាតិ​សំណើម នោះជម្ងឺ​នេះនឹង​អាចបាត់​ទៅវិញ។ បើសិន​ជាលោក​អ្នកមាន​ការសង្ស័យ​ចំពោះ​ជម្ងឺនេះ លោកអ្នក​គួរតែ​ទៅពិភាក្សា​ជាមួយ​អ្នកជំនាញ ដើម្បីរក​វិធី​ព្យាបាល។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative