ជម្ងឺ​ខូចកន្សោម​កូន​ស្ដ្រី

កន្សោមកូន​មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​ផលិត​មេជីវិត​របស់​ស្ដ្រី​រៀងរាល់​ខែ ដោយ​មេជីវិត​នោះ​រួមផ្សំ​ជាមួយ​មេជីវិត បុរស​នៅពេល​រួមភេទ​បានបង្ក​កំណើត​បាន​ជាកូន។ ផ្ទុយ​ទៅវិញ​បើកន្សោម​កូននោះ​មានបញ្ហា​អ្វីមួយ​ហើយ ស្ដ្រី​ទាំងឡាយ​គួរ​ប្រុងប្រយ័ត្ន ព្រោះ​ថាកន្សោម​កូន​មាន​តួនាទី​ថែរក្សា និង​បំប៉នកូន​ដែលបាន​បង្ក​កំណើត​ជារៀង​រាល់ខែ ដើម្បី​ឱ្យ​ទារក​នោះមាន​កម្លាំង​ធំ ធាត់ និង​បណ្ដុះ​អវយវៈ​គ្រប់គ្រាន់​រហូត​ដល់​គ្រប់ខែ​ថ្ងៃ ដើម្បី​ប្រសូត​ចេញក្រៅ ដោយ​សុខភាព​រឹងមាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យជ្រាប​ច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត មិត្ដ ផេង ឯកទេស​រោគស្ដ្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​គ្លីនិក​វិសាល។

កន្សោម​កូន​ជាអ្វី?

កន្សោមកូន​ឬអូវែរ​មាន​សារៈ​ប្រយោជន៍ និង​ជាអ្នក​ដើរតួ​ដ៏សំខាន់​ក្នុងការ​ផលិត​មេជីវិត​របស់​ស្ដ្រី​ជារៀង​រាល់ខែ​ម្ដង ហើយ​វាបញ្ចេញ​មក​ខាងក្រៅ​ដើម្បី​ឱ្យដៃ​ស្បូន​មានតួនាទី​ចាប់យក​មេជីវិត​នោះយក​ទៅរក្សា​ទុក​នៅក្នុង​ស្បូន​បង្ក​កំណើត​បាន​ជាកូន ប្រសិន​បើ​ស្ដ្រី​ពេញវ័យ​នោះបាន​រួមភេទ​មាន​ន័យថា​បានជួប​ជាមួយ​នឹង​មេជីវិត​ឈ្មោល ហើយ​កន្សោមកូន​ក៏ជាឧប​សម្ព័ន្ធ​អមរបស់​សរីរៈ​ស្បូន និង​ដៃស្បូន។

មូលហេតុ​ខូច​កន្សោម​កូន

មូលហេតុ​ដែល​បណ្ដាល​ឱ្យកន្សោម​កូនខូច គឺ​ដោយ​សារតែ​ការខ្វះ​នូវ​អនាម័យ កើតឡើង​ដោយ​សារ​មេរោគ​គ្រប់ប្រភេទ​របស់​ស្ដ្រី ដែល​ជ្រាបចូល​តាម​ទ្វារមាស និង​ធ្វើ​ដំណើរ​តាមដៃ​ស្បូន​ឬស្បូន បង្កឱ្យ​មានខ្ទុះ​ក្នុង​ស្បូន។ ដោយ​ពុំមាន​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា វានឹង​រាលដាល​ដល់​កន្សោម​កូន។ កន្សោមកូន​នៅពេល​ដែល​រងនូវ​ឥទ្ធិពល​ចង្រៃ​ពីមេរោគ​នានាដែល​ជ្រាបចេញ​ពីស្បូន​នោះហើយ វានឹង​ធ្វើឱ្យ​ចលនា​របស់​កន្សោម​កូនចុះ​ខ្សោយ មិនអាច​រក្សាទុក​នូវ​មេជីវិត​ឬបន្សាំ​នូវការ​បង្ក​កំណើត​កូនឱ្យ​បាន​ស្ថិតស្ថេរ​បានឡើយ។ ប្រសិន​បើមាន​ករណី​ធ្ងន់ធ្ងរ​ធ្វើឱ្យ​រលាក​កន្សោមកូន​តែម្ដង​នោះ វានឹង​បំផ្លាញ​នូវមេជីវិត​ទាំងស្រុង​មិនអាច​ឱ្យស្ដ្រី​មានកូន អស់មួយ​ជីវិត ហើយ​អាច​ប៉ះពាល់​ទៅលើ​សុខភាព​និង​ឈានដល់​ការ​បាត់បង់​ជីវិត​ផងដែរ។ ម្យ៉ាងទៀត​មូលហេតុ​ដែល​បណ្ដាល​ឱ្យខូច​កន្សោម​កូននេះ ក៏អាច​បណ្ដាល​មកពីខ្ទុះ​ក្នុងស្បូន និង​រលាក​ដៃស្បូន​ធ្ងន់ធ្ងរ​ផងដែរ។

រោគសញ្ញា​នៃការ​ខូចកន្សោម​កូន

ស្ដ្រី​ដែលមាន​បញ្ហា​ខូចកន្សោម​កូនបាន​បង្ហាញ​ជារោគ​សញ្ញា​ថាមាន​អាការ​ឈឺ​ចុកចាប់​ពេញ​ផ្ទៃពោះ ក្ដៅ​ខ្លួនខ្លាំង ធ្លាក់ស​ច្រើន ជួនអាច​ធ្លាក់ឈាម​ច្រើន​តាម​ទ្វារមាស ដោយ​សារ​ការរលាកក​ន្សោមកូន​នេះ​ប៉ះពាល់​ដល់ដៃ​ស្បូន និង​បែកហូរ​ឈាម​តែម្ដង។ រោគ​សញ្ញា​បន្ទាប់បន្សំ មាន​ដូចជា​ឈឺ​ចុកចាប់​ផ្នែក​ខាងក្រោម​ពេល​ស្ទាប ឈឺចាប់​ពេល​រួមភេទ អាចហូរ​ខ្ទុះតាមទ្វារមាស ឬ​នោមឈឺ។ រោគសញ្ញា​ទាំងនេះ​អាច​បណ្ដាល​ឱ្យស្ដ្រី​ឈានដល់​ការ​រលាក​ទ្វារមាស និង​រលាកមា​ត់ស្បូន​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ការខូច​កន្សោម​កូន

ក្រោយពេល​យករោគ​សញ្ញា​មកធ្វើ​ការ​វិនិច្ឆ័យ​ឃើញ​ថា មានជម្ងឺ​រលាក​កន្សោម​កូន​ហើយ​គឺត្រូវ​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា ព្រោះ​ជម្ងឺនេះ​អាច​ព្យាបាល​ឱ្យជា​សះស្បើយ​បាន។ ប្រសិនបើ​ដល់​ដំណាក់​កាល​ចុងក្រោយ​រហូត​មានខ្ទុះ​ក្នុង​ស្បូន ឬ​រលាក​កន្សោមកូន​ធ្ងន់ធ្ងរ ហើយ​គ្រូពេទ្យ​មិនអាច​ព្យាបាល​ឱ្យជា​សះស្បើយ​បាន​ឡើយ។ ព្រោះវា​បានបង្ក​ឱ្យ​រាលដាល​ធ្ងន់ធ្ងរ​ដល់​អាងត្រគាក​ឬ​មានជម្ងឺ​ស្អិត​ពោះវៀន អ្នកជម្ងឺ​អាច​ប្រឈមមុខ​នឹងការ​បាត់បង់​ជីវិត ទោះបីមាន​ការ​ប្រឹងប្រែង​យកចិត្ដ​ទុកដាក់​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​យ៉ាងណា​ក៏ដោយ។

វិធី​បង្ការ​ការខូច​កន្សោម​កូន

ដើម្បី​ការពារ​កុំឱ្យ​ជម្ងឺ​រលាក​កន្សោម​កូន ស្ដ្រី​គ្រប់រូប​ត្រូវចេះ​អនាម័យ​ប្រដាប់​ភេទ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់ ព្រោះ​ជម្ងឺនេះ​បានរីក​សាយភាយ​ពីមេរោគ​ដែល​ជ្រាបឡើង​តាម​ទ្វារមាស និងធ្វើ​ដំណើរ​តាមដៃ​ស្បូន ហើយ​ក៏ជំរុញ​ឱ្យមាន​ការ​រលាក​កន្សោម កូន​រហូត​ដល់ខូចខាត​តែម្ដង។ ម្យ៉ាងទៀត​បើសិន​ស្ដ្រី​គ្រប់រូប​ពិនិត្យ​ឃើញ​ថា ការ​ខូចកន្សោម​កូននេះ​បណ្ដាល​មកពី​បញ្ហា រលាក​ស្បូន និង​រលាក​ដៃស្បូន មិនត្រូវ​ធ្វើការ​រួមភេទ​ញឹកញាប់​ពេកនោះ​ទេ ហើយការ​រួមភេទ​ត្រូវ​ជ្រើសរើស​វិធី​ត្រឹមត្រូវ ដែលមាន​ការ​ការពារ ដោយមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ទៀតផង។ ព្រោះថា​ការ​រួមភេទ​ដោយ​ពុំមាន​សុវត្ថិភា​ព​អាចធ្វើ​ឱ្យស្ដ្រី​ដែលមាន​អាការ​រលាកនេះ​ទទួលរង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។ ដោយសារ​ពេល​ខ្លះ មេរោគ​សង្គម​មួយចំនួន​បាន​ឆ្លៀត​ឱកាស​ជ្រៀត​ចូលតាម​រយៈការ​រួមភេទ​នេះ​តែម្ដង។ ដូច្នេះ​ស្ដ្រី​គ្រប់រូប​ត្រូវ​ការពារ​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​ជម្ងឺនេះ ព្រោះ​វាអាច​កាត់ផ្ដាច់​ជីវិត​បាន​ផងដែរ។

ផល​ប៉ះពាល់​នៃការ​រលាក​កន្សោម​កូន

ចំពោះ​ផលប៉ះពាល់​ដែល​បណ្ដាល​ឡើង​ដោយ​ជម្ងឺ​រលាក​កន្សោមកូន​នេះអាច​បណ្ដាល​ឱ្យស្ដ្រី​មួយចំនួន​រងគ្រោះ​ធ្ងន់ធ្ងរ​បាន ប្រសិន​មិនធ្វើ​ការ​ព្យាបាល​ដំណាក់​កាល​ដំបូង​ឱ្យបាន​ជាសះស្បើយ​នោះទេ។ មិនតែ​ប៉ុណ្ណោះ​អាចបង្ក​ឱ្យមាន​ជម្ងឺ​ស្អិត​ពោះវៀន មាន​ជម្ងឺ​រលាក​ផ្លូវទឹកនោម និង​រលាក​ផ្លូវ​បញ្ចេញ​លាមក ហើយ​អាប់សែ​ទៀតផង។ លើសពី​នេះធ្វើ​ឱ្យកម្លាំង​ថាមពល​មានការ​ចុះខ្សោយ ស្គម​ស្គាំង មិនមាន​លទ្ធភាព​ផលិត​មេជីវិត​បាន​ទៀតផង។ មិនតែ​ប៉ុណ្ណោះ​អាច​អត់កូន​អស់មួយ​ជីវិត ប្រសិនបើ​ជម្ងឺ​រលាក​កន្សោមកូន​នេះ​រ៉ាំរ៉ៃ។ នៅពេល​ដែល​មានការ​រាលដាល​ដល់ដៃ​ស្បូន​ហើយ បើមិន​ធ្វើការ​ព្យាបាល​ទាន់ពេល វាអាច​បែកដៃ​ស្បូន​ហូរឈាម ច្រាលពេញ​ពោះ​ឬអាច​ធ្លាក់ឈាម​តាម​ទ្វារមាស បង្កគ្រោះ​ថ្នាក់​ដល់អាយុ​ជីវិត​តែម្ដង។ លើស​ពីនេះ​អាច​ប៉ះពាល់​ដល់ទារក​ក្នុង​ផ្ទៃ ដូចជា​រលូត​កូន កើតកូន​មក​ស្លាប់ កូន​ក្រៅស្បូន ឬ​អាច​មហារីក​ស្បូន។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ចៀសវាង​កុំឱ្យ​មាន​អាការ​រលាក​កន្សោម​កូន​រហូត​ដល់​ខូចនោះ ស្ដ្រី​គ្រប់រូប​ត្រូវធ្វើការ​អនាម័យ​ប្រដាប់​ភេទ​ឱ្យបាន​ល្អ និង​ឧស្សាហ៍​ទៅកាន់​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​អាការ​រោគ​របស់ខ្លួន​ឱ្យបាន​ទៀងទាត់។ ម្យ៉ាងទៀត​បើស្ដ្រី​ទាំងឡាយ​មាន​អាការ ដែល​បង្ហាញ​ជារោគ​សញ្ញា​ធ្លាក់ស​ខុស​ប្រក្រតី និង​ធ្លាក់ឈាម​ច្រើនឬ​ឧស្សាហ៍​ក្ដៅខ្លួន ត្រូវ​រួសរាន់​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាលទាន់​ពេលវេលា ដើម្បី​កុំឱ្យ​ជម្ងឺនេះ​រីក​រាលដាល​ទៅរក​សភាព​ធ្ងន់ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative