ជម្ងឺ​បេះដូង​កុមារ

ជម្ងឺ​បេះដូង​កុមារ​មិនត្រូវ​បានអ្នក​វិទ្យាសាស្ត្រ ឫវេជ្ជសាស្ត្រ​ដឹងអំពី​មូលហេតុ​ពិតប្រាកដ ហើយ​វិធី​ការពារ​ជម្ងឺ​នេះ​ក៏ពុំទាន់​រកឃើញ​ជាការ​ប្រើប្រាស់​ថ្នាំ​សង្កូវ​នៅឡើយ​នោះ​ទេ។ ប៉ុន្តែ​ជម្ងឺ​នេះអាច​ចែកចេញ​ជាពីរ​ប្រភេទ ដោយ​ប្រភេទ​ទី១​ទារក​កើតមក ផ្ទុកនូវជម្ងឺ​នេះ​តែម្តង ហើយ​ប្រភេទ​ទី២​ទារក​កើតមកបាន​អាយុកាល​ប្រមាណ​២ទៅ៣ឆ្នាំ​ក៏​ចាប់ផ្តើម​បង្អាញនូវ​ជម្ងឺ​នេះ​ឡើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្វីទៅជា​ជម្ងឺ​បេះដូង​កុមារ?

ជម្ងឺ​បេះដូង​កុមារ​បណ្ដាល​មកពី​កុមារ​មួយចំនួន​កើតមក​មាន​ប្រហោង​បេះដូង និង​ត្បៀត​សរសៃ​ឈាម។ ចំពោះ​កុមារមាន​អាយុ១​ទៅ២​ឆ្នាំនោះ​ជម្ងឺនេះ​អាច​បណ្ដាល​មកពី​ទទួល​ទានអាហារ​មិន​គ្រប់គ្រាន់ និង​ការ​ថែទាំ​សុខភាព​មិនបាន​ល្អ។  ជាពិសេស​កុមារ ដែល​ងាយនឹង​រងគ្រោះ​ដោយ​សារជម្ងឺ​បេះដូង​នេះ គឺ​បណ្ដាល​មកពី​រស់នៅ​ដែលមាន​បរិស្ថាន​អាប់អួ ហើយ​បរិយាកាស​មិនសូវ​ល្អ និងការ​ស្រូបយក​ខ្យល់​ធម្មជាតិ​បរិសុទ្ធ​បាន​តិចតួច។ នៅលើ​ពិភព​លោក​កុមារ​កើតជម្ងឺ​នេះមាន​អត្រា​យ៉ាង​តិច​បំផុត​១ភាគរយ​ចំណោម​កុមារ​ដែល​ចាប់ផ្ដើម​មានកំណើត។

រោគ​សញ្ញា​នៃជម្ងឺ​បេះដូង​កុមារ

ការ​បង្ហាញ​នូវរោគ​សញ្ញា​ជម្ងឺ​បេះដូង​កុមារ​នេះ មុនដំបូង​មើល​ទៅ​អាការ​កុមារ​មាន​សភាព​ហត់ បែកញើស​ច្រើន ហើយ​បៅ​មិនសូវ​បានច្រើន ឬ​មិនចង់​បៅតែ​ម្ដង និង​មិនសូវ​ឡើង​ទម្ងន់។

មូលហេតុ​ដែល​បង្កឱ្យ​មានជម្ងឺ​បេះដូង​កុមារ

មូលហេតុ​ជម្ងឺ​បេះដូង​កុមារ​ដែលបាន​កើតមាន​នេះគេ​មិនទាន់​ដឹង​ច្បាស់​នោះទេ ប៉ុន្ដែ​ជម្ងឺ​បេះដូង​កុមារ​អាចជា​ជម្ងឺ​ដែល​កើតមាន​តំណពូជ ឬ​កុមារ​ដទៃក៏​អាចមាន​ជម្ងឺនេះ​ដែរ ខណៈពេល​ដែល​ម្ដាយ​បានចម្លង​ជម្ងឺ​ផ្សេងៗ​តាមរយៈ​ឈាម ហើយ​ជំរុញ​ដល់ការ​លូតលាស់​របស់​កុមារ ធ្វើឱ្យ​ជម្ងឺនេះ​កើតមាន​តែម្ដង ឬ​កត្ដា​មួយចំនួន​ទៀត​គឺបញ្ហា​ស្រូបយក​បរិស្ថាន​មិនល្អ។

វិធី​ព្យាបាល​ជម្ងឺ​បេះដូង​កុមារ

ការ​ព្យាបាល​ជម្ងឺ​បេះដូង​កុមារ ភាគច្រើន​គេប្រើ​វិធី​វះកាត់។ ក្រៅពីនេះ​អាច​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ ទាល់តែ​កុមារ ស្ថិតក្នុង​ជម្ងឺ​បេះដូង​កម្រិត​ស្រាលតែ​ប៉ុណ្ណោះ​ឬដោយ​បេះដូង​មានប្រហោង​តូច។ ម្យ៉ាងទៀត​កុមារ​ដែលផ្ទុក​នូវជម្ងឺ​នេះមាន​រោគ​សញ្ញា ងាយដឹង​ជាទី​បំផុត ហើយ​ការព្យាបាល​នេះ​គ្រូពេទ្យ​ភាគច្រើន​ជ្រើសរើស​យក​វិធី​វះកាត់​តែម្ដង មិនសូវ​បណ្ដែត​បណ្ដោយ​យូរ​នោះទេ។ ការ​វះកាត់​នេះ​ចែកចេញ​ជាច្រើន​ប្រភេទ​ផងដែរ ពេលខ្លះ​កុមារ​មួយចំនួន​កើតភ្លាម​ត្រូវការ​វះកាត់ ឬ​កុមារ​ខ្លះ លុះត្រា​តែ​គ្រូពេទ្យ ជំនាញ​ធ្វើការ​តាមដាន​ជម្ងឺនេះ​សិន ទើប​ជ្រើសរើស​យកពេល​វេលា​វះកាត់ ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ការពារ​ជម្ងឺ​បេះដូង​កុមារ

វិធី​ការពារ​ជម្ងឺ​បេះដូង​កុមារនេះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ដើម្បី​ទប់ស្កាត់​នូវជម្ងឺ​នេះស្ដ្រី​ត្រូវតែ​ចាក់ថ្នាំ​វ៉ាក់ សាំង​ការពារ​ជម្ងឺ​ស្អូច។ ប៉ុន្ដែ​ចំពោះ​កុមារ​ដែលកើត​ហើយ​នោះ ត្រូវតែ​យកទៅ​ចាក់ថ្នាំ​ការពារ​ជម្ងឺនេះ​តាមការ​កំណត់​របស់​គ្រូពេទ្យ។ ប៉ុន្ដែ​វិធី​ការពារ​មួយទៀត ដើម្បី​ឱ្យគេច​ផុតពី​ជម្ងឺ​បេះដូង​កុមារ ស្ដ្រី​ដែលមាន​វ័យ​បន្ដពូជ​ក៏គួរតែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ នៅ​មណ្ឌល​សុខភាព ដើម្បី​ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​បេះដូង​ទារក ព្រោះ​ការ​ប្រើប្រាស់​ថ្នាំ​ការពារ​មុនពេល​មានកូន​នេះអាច​កាត់បន្ថយ​បានខ្លះ ប៉ុន្ដែ​មិន​ប្រាកដ​ថាកាត់​បន្ថយ​បានទាំង​ស្រុង​នោះទេ។ វិធី​ការពារ​មួយទៀត​សម្រាប់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវ​ឧស្សាហ៍ ទៅ​ពិនិត្យ​ផ្ទៃពោះ ហើយ​ឱ្យ​គ្រូពេទ្យ​ប្រើប្រាស់​អេកូសាស្ដ្រ​ពិនិត្យ​បេះដូង​ទារក​ក្នុងផ្ទៃ ព្រោះ​គេអាច​ដឹងថា បេះដូង​ទារក​ក្នុងផ្ទៃ​អាចមាន​ជម្ងឺឬ​ក៏អត់។ បន្ទាប់​ពីពិនិត្យ​ឃើញ​ហើយ​នោះ ទារក​ក្នុងផ្ទៃ​អាច​ទទួលការ​ព្យាបាល​តាមវិធី​សាស្ដ្រ​ផ្សេងៗ​ដែល​គ្រូពេទ្យ​ផ្ដល់​ដំបូន្មាន​តាម​ក្រោយ។ វិធី​ការពារ​មួយទៀត នៅពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ទារក​ក្នុងផ្ទៃ​ប៉ះពាល់​នូវជម្ងឺ​បេះដូង​ធ្ងន់ធ្ងរ មិនអាច​ព្យាបាល​បាន គេត្រូវ​ប្រើវិធី​បញ្ឈប់​ការ​លូតលាស់​នូវ​ដំណើរ​ជីវិត​ក្នុងផ្ទៃ​តែម្ដង ព្រោះគេ​គិតថា ទោះបី​ទារក​បានកើត​មកហើយ​ក្ដីក៏​មិនអាច​រស់រាន​មានជីវិត​ដូច​ទារក​ដទៃ​បានដែរ។

ផល​ប៉ះពាល់​នៃជម្ងឺ​បេះដូង​កុមារ

ជម្ងឺ​បេះដូង​កុមារ​ភាគច្រើន​ត្រូវការ​ព្យាបាល​យ៉ាង​យកចិត្ដ​ទុកដាក់។ ប្រសិន​បើមាន​ជម្ងឺ​ប្រហោង​បេះដូង​កុមារ​ក្រោម​អាយុ​៦ខែ​អាចធ្វើ​ទុកខ្លាំង ដែល​មិនធ្វើ​ការ​តាមដាន​ជម្ងឺនេះ​ពីសំណាក់​គ្រូពេទ្យ​ជំនាញ​ដោយ​ប្រុងប្រយ័ត្ន​ទេនោះ អាចធ្វើ​ឱ្យកុមារ​បាត់បង់​ជីវិត។ ផល​ប៉ះពាល់​មួយ​ទៀត ប្រសិនបើ​កុមារ​មាន​អាយុ​កាល​ចាប់ពី​២ឬ៣​ឆ្នាំឡើង​ទៅ ជម្ងឺនេះ​ចាប់ផ្ដើម​បំផ្លាញ​សរសៃ​សួត ហើយ ប្រែក្លាយ​ទៅជា​មានជម្ងឺ​ស្វាយ ប៉ុន្ដែ​នៅតែ​មិនមាន​ការ​ព្យាបាល​នោះទេ កុមារ​ក៏អាច​ស្លាប់ក្នុង​កំឡុង​ពេលនោះ​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​គ្រប់រូប​ដែលមាន​ផ្ទៃពោះ ត្រូវ​ឧស្សាហ៍​ទៅពិនិត្យ​ផ្ទៃពោះ ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បីទទួល​នូវការ​ប្រឹក្សា​ជុំវិញ ជម្ងឺ​ប៉ះពាល់ ជាពិសេ​​​​​​​​ស​ជម្ងឺ​បេះដូង​កុមារ​នេះតែ​ម្ដង ព្រោះ​ជម្ងឺ​នេះងាយ​នឹងកើត​មាន​ចំពោះ​កុមារ​ទូទៅ។ ប្រសិនបើ​គ្រួសារ​ដែលធ្លាប់​មានកូន​របស់ខ្លួន​មានជម្ងឺ​បេះដូង​នេះ ត្រូវតែ​ឧស្សាហ៍​ទៅពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ញឹកញាប់​ជាទី​បំផុត ព្រោះកូន​ក្រោយៗ​ទៀត​ប្រាកដ​ជាមាន​ជម្ងឺ​បេះដូង​នេះ​កើតឡើង​ចំពោះ​ពួកគេ​មិនខាន​ឡើយ គ្រាន់តែ​ស្រាល​ឬធ្ងន់តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​អ្នក​ដែលមាន​កូន ជួបនូវ​ជម្ងឺ​បេះដូង​អាចឡើង​ដល់ទៅ​២ឬ៣​ភាគរយ មាន​ន័យថា​លើសទារក​ដទៃដែល​កន្លងមក​មិនធ្លាប់​ជួប​បញ្ហា​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative