គុណ​មាតាបិតា

ទោះបីជា​មាន​អរិយធម៌​បរទេស​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​ក៏ពិតមែន ប៉ុន្ដែ​ប្រជាជន​ខ្មែរ​នៅតែ​មិន​បោះបង់​នូវ​ទំនៀមទម្លាប់​ពីបុរាណ​ដដែល។ ប្រជាជនខ្មែរ​នៅតែ​មាន​ជំនឿ នៅតែ​គោរព​ចំពោះ​ព្រះពុទ្ធ​សាសនា ជាពិសេស​គឺការ​រលឹកដឹង​គុណ​ចំពោះ មាតាបិតា​ជានិច្ច។ គុណ​មាតាបិតា​គឺជា​គុណ​ដែល​មិនអាច​រាប់បាន គុណ​ដែលគ្មាន​អ្វីស្មើ​បានឡើយ។ មាតាបិតា​មាន​ទឹកចិត្ដអាណិត ស្រឡាញ់​បុត្រស្មើៗ​គ្នា ដែល​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​៤យ៉ាង មេត្ដា ករុណា មុទិតា និង​ឧបេក្ខា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក មៀច ប៉ុណ្ណ ទីប្រឹក្សា​អមវិជ្ជា​ឋានពុទ្ធសាសន​បណ្ឌិត នឹងពន្យល់​អំពី​គុណ មាតាបិតា​ដើម្បី​ឱ្យបុត្រាបុត្រី​បានយល់​និង​ជ្រាបកាន់​តែច្បាស់​អំពីគុណ​នេះ។

គុណ​មាតាបិតា

តាមប្រពៃណី​ជំនឿ​របស់ខ្មែ​ពីបុរាណ គុណ​ឪពុកមាន​២១ គុណម្ដាយ​ចំនួន​១២ សរុប​ទាំងអស់គឺមាន​៣៣​គុណ​ជាធាតុ​ដែលមាន​នៅក្នុង​ខ្លួនមនុស្ស​យើង។ ចំពោះ​គុណ​ឪពុក​ដែលមាន​២១នេះ​ គឺ​តំណាង​ឱ្យគុណ​ធាតុរឹងៗ ដូចជា​លលា​ក្បាល សក់ ឆ្អឹងដៃ ឆ្អឹងជើង ធ្មេញ សួត ថ្លើម ប្រមាត់​ជាដើម។ ចំណែក​ឯម្ដាយ​ដែលមាន​គុណ​១២នេះ គឺ​តំណាង​ឱ្យធាតុ​ដែល​ទន់ៗ ដូចជា​ទឹកមាត់ ស្លេស្ម លោហិត ខ្ទុះ ញើស​ជាដើម។ ប៉ុន្ដែ​បើតាម​ទស្សនៈ​របស់​ព្រះពុទ្ធ​វិញ លោក​ឱ្យតម្លៃ​ទៅលើ​គុណ​មាតាបិតា​ស្មើគ្នា ដោយ​គុណនេះ​មិនអាច​រាប់បាន​ឡើយ ហើយ​ផ្អែក​ទៅលើ​គុណ​ធម៌៤យ៉ាង​ដែល​រួមមាន ៖

  • អន្ដ​គុណ ៖ គុណ​ក្រៃលែង
  • អប្បរិមាណ​គុណ ៖ គុណរាប់​មិនអស់ រាប់​មិនបាន
  • អសម​គុណ ៖ គុណ​ដែលគ្មាន​អ្វីដែល​ស្មើបាន
  • អនេកប្ប​គុណ ៖ គុណដែល​ខ្ពង់ខ្ពស់​ដ៏វិសេសវិសាល​ក្រៃលែង។

តួនាទី​មាតាបិតា​ចំពោះ​បុត្រាបុត្រី

កូនគឺ​ជាផលិតផល​អនុស្សាវរីយ៍​តែមួយ​គត់ដែល​បង្កើត​ឡើង​ដោយ​រួមកាយ​រួមចិត្ដរបស់​មាតាបិតា ដែលអាច​និយាយ​បានថា“ជីវិតពីរ​រួមគ្នា​​តែមួយ”។ មាតាបិតា​ព្រោះតែ​សម្លឹង​ឃើញនូវ​សារសំខាន់​បីយ៉ាង​ទើប​សុខចិត្ដ​ទ្រាំទ្រនូវ​ការ​លំបាក​ទាំងពួង ដើម្បី​ការ​លូតលាស់​របស់​បុត្រ ដែល​រួមមាន​អាច​ក្លាយជា​អ្នក​បន្ដពូជ​មនុស្ស​ជាតិ ជាអ្នក​បន្ដវង្ស​ត្រកូល និងជា​ចំណង​សម្រាប់​មិនឱ្យ​មាតាបិតា បែកបាក់​គ្នា​ជាដើម។ នៅពេល​ដែលបង្កើត​បុត្រាបុត្រី​បានមក​ហើយ មាតាបិតា​ត្រូវ​ទទួល​ខុសត្រូវ​៥យ៉ាង​ចំពោះជោគ​វាសនា​អនាគត របស់​បុត្រាបុត្រី​ផងដែរ។

1 . ហាមប្រាម​បុត្រ​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​អាក្រក់ ៖ មាតាបិតា​បើ​មិនចង់​ឱ្យ​ពិបាក​ខ្លួន​ទៅថ្ងៃក្រោយ ត្រូវ​ហាមប្រាម ពន្យល់ ដឹក នាំ និង​លើក​ទឹកចិត្ដ​កូន​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​អាក្រក់។ អំពើ​អាក្រក់​ឬបាប ពុំដែល​ឱ្យ​បុគ្គល​ណា​ទទួល​បាន​សេចត្ដីសុខ​នោះទេ។ ជាពិសេស មិនត្រូវ​បណ្ដោយ​ឱ្យ​បុត្រាបុត្រី​ប្រព្រឹត្ដ​អំពើ​អបាយ​មុខនោះ​ទេ ដែល​អំពើ​ទាំងនេះ​មាន​ស្រី ស្រា ល្បែង​ជាដើម។
2 . ដឹកនាំ​បុត្រ​ឱ្យ​ប្រព្រឹត្ដ​អំពើល្អ ៖ មាតាបិតា​ត្រូវ​ដឹកនាំ​បុត្រ​ឱ្យ​សាងតែ​អំពើ​ល្អជានិច្ច។ អំពើ​ល្អដែល​មាតាបិតា​គប្បី​ដឹកនាំ ឱ្យ​បុត្រ​ប្រព្រឹត្ដ​នោះមាន ៖

  • លះបង់​ការកាប់​សម្លាប់​ឬអំពើ​ឃោរឃៅ ត្រូវមាន​ចិត្ដ​មេត្ដា ករុណា ជួយ​សង្គ្រោះ​គ្នាទៅវិញ​ទៅមក
  • លះបង់​ការ​បៀតបៀន​ទ្រព្យសម្បត្ដិ ត្រូវ​គោរព​កម្មសិទ្ធ​ទ្រព្យសម្បត្ដិ​របស់​អ្នកដទៃ
  • លះបង់​ការ​ប្រព្រឹត្ដ​ខុស​ក្នុងកាម ដូចជា​លួច​ប្រពន្ធប្ដី​គេជាដើម និង​មិនល្មើស​លើ​ប្រពៃណី​ខាងភេទ​ឡើយ
  • លះបង់​ការ​និយាយ​កុហក ភូតភរ បញ្ឆោត ត្រូវ​និយាយតែ​ពាក្យ​សច្ចៈ​ពាក្យពិត ពាក្យត្រង់
  • លះបង់​ការស៊ក​សៀត បញ្ឈឺ ដែលធ្វើ​ឱ្យគេ​បែកបាក់​គ្នា ត្រូវជួយ​និយាយ​ឱ្យគេ​មានការ​ស្មោះស្ម័គ្រ​សាមគ្គី​គ្នា
  • លះបង់​ការ​និយាយ​ពាក្យ​អាក្រក់ ពាក្យ​ថោកទាប ត្រូវ​និយាយតែ​ពាក្យ​ផ្អែមល្ហែម
  • លះបង់​ការ​និយាយ​ពាក្យ​ផ្ដេសផ្ដាស គ្មាន​ប្រយោជន៍
  • មិន​រំពឹង​សម្លឹង​ចង់បាន​ទ្រព្យ​សម្បត្ដិ​អ្នកដទៃ
  • មិនត្រូវ​មានចិត្ដ​ឃោរឃៅ បៀតបៀន​អ្នកដទៃ​នាំឱ្យ​គេមាន​ទុក្ខ
  • មានការ​យល់ដឹង​ត្រឹមត្រូវ មាន​សម្មាទិដ្ឋិ​ល្អ សាងតែអំ​ពើ​ល្អ មិនសាង​អំពើរ​អាក្រក់​ជាដើម។

3 . ឱ្យបុត្រ​សិក្សា​រៀនសូត្រ ៖ វិជ្ជា​គឺជា​ទ្រព្យដ៏​ប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប គ្មាន​ទ្រព្យ​អ្វីច្រើន​ជាងទ្រព្យ​វិជ្ជា​នោះ ទេ។ មាតាបិតា​គ្រប់រូប​ត្រូវ​ជំរុញ​ឱ្យបុត្រា​បុត្រី​សិក្សា​រៀនសូត្រ​ឱ្យបានច្រើន​ទើបជាការ​ប្រសើរ។ បើសិនជា​មាតាបិតា​មិនឱ្យ​បុត្រ​សិក្សារៀនសូត្រ អាចមាន​ឈ្មោះថា​ជាសត្រូវ​របស់​បុត្រ ព្រោះ​លោកអ្នក​មិនមាន​អ្វី​ចែកឱ្យ​បុត្រ​ល្អជាង​ចំណេះ​វិជ្ជា​នោះទេ ត្រូវឧស្សាហ៍​រំលឹក ដាស់​តឿន​បុទ្រ​ឱ្យខំ​រៀនសូត្រ ទើបអាច​ឈានទៅ​រក​អនាគត​បានយ៉ាង​ប្រពៃ។

4 . រៀបចំ​ទុកដាក់​បុត្រ​ឱ្យមាន​គូស្រករ ៖ ជារឿង​ធម្មជាតិ​របស់​មនុស្ស​លោក​ទៅហើយ ដែល​ថ្ងៃណា​មួយ​បុត្រ​របស់​លោកអ្នក​ត្រូវបែក​ចេញពី​លោកអ្នក​ដើម្បី​ទៅរួម​រស់​ជាមួយ​នឹង​ស្នេហា​របស់ពួកគេ គ្មានអ្នក​ណាម្នាក់​អាច​បង្ខំ ឬ​រារាំងនូវ​តណ្ហា​របស់​សត្វលោក​បានឡើយ។ ក្នុងនាម​ជាមាតាបិតា​គ្រាន់តែ​ជាអ្នក​ឱ្យ​យោបល់ បង្ហាញ​ហេតុផល​ឱ្យបុត្រ​ប៉ុណ្ណោះ ឯ​គំនិត “នំមិន​ធំជា​នាឡិ” គួរតែ ឈប់​ប្រើ​ហើយ។ ព្រោះអ្នក​ដែល​ទទួល​សុខទុក្ខ​ពិតប្រាកដ​នោះ គឺបុត្រ​របស់​លោកអ្នក ដូចនេះ​ការ​សម្រេច​ចិត្ដ​គួរតែ​ទុកឱ្យ​បុត្រា​បុត្រី ជាអ្នក​សម្រេច​ដោយ​ខ្លួនឯង​ទើប​ជាការ​ប្រសើរ។

5 . ចែកទ្រព្យ​សម្បត្ដិ​ឱ្យបុត្រ ៖ ថ្វីត្បិត​តែទ្រព្យ​សម្បត្ដិ​ជារបស់​ក្រៅខ្លួន​ក៏ពិត​មែន ប៉ុន្ដែ​ទ្រព្យ​ទាំងនេះ​ក៏ជា​មធ្យោបាយ​អាច ឱ្យ​ពួកគេ​ប្រកប​របរ​រកស៊ី​សម្រាប់​ចិញ្ចឹម​ជីវិត​បានទៅ​ថ្ងៃអនាគត​ដែរ ទោះតិច​ក្ដីច្រើន​ក្ដីក៏​ត្រូវចែក​ឱ្យស្មើៗ​គ្នា​ដើម្បី​ជាចំណង​ដៃ បន្ទាប់ ពី​ចំណេះវិជ្ជា​ផងដែល។

មាតាបិតា​ដែលបាន​បំពេញ​តួនាទី​នេះបាន​សម្រេច នោះ​នឹងមាន​ឈ្មោះថា​ជាអ្នក​ធ្វើគុណ​ឱ្យដល់​បុត្រាបុត្រី​គ្រប់គ្រាន់​ហើយ ដែលអាច​ធ្វើឱ្យ​បុត្រ​នឹក​រលឹកដល់​ឧបការគុណ​នេះមិនដាច់ និង​តប​ស្នងសង​គុណដល់​លោកអ្នក​ជាមិនខាន។

តួនាទី​បុត្រាបុត្រី​ចំពោះ​មាតាបិតា

បុត្រាបុត្រី​ក៏ត្រូវ​បំពេញ​តួនាទី​ជូនអ្នក​មានគុណ​ឱ្យ​អស់ពី​ចិត្ដ ដូចដែល​មាតាបិតា​បំពេញ​តួនាទីចំពោះ​បុត្រ​ដូចគ្នា​ដែរ។ ការ​បំពេញ​តួនាទីនេះ​ក៏មាន​៥យ៉ាង​ដែរដូចជា ៖

1 . ចិញ្ចឹម​មាតាបិតា ៖ នៅពេល​ដែល​មាតាបិតា​មិនមាន​កម្លាំង​នៅក្នុង​ការ​រកប្រាក់​កម្រៃបាន បុត្រាបុត្រី​ត្រូវតែ​រកស៊ី​ចិញ្ចឹម លោក​ទាំងពីរ​ឱ្យដូចជា​លោក​ទាំងពីរ​ចិញ្ចឹម​បុត្រ​វិញដែល។

2 . ត្រូវ​ទំនុក​បម្រុង ៖ បុត្រាបុត្រី​គ្រប់រូប​ត្រូវតែ​ជួយ​ទំនុក​បម្រុង​ចំពោះ​មាតាបិតា​វិញ ទាំង​ចំណីអាហារ សម្លៀក​បំពាក់ ថវិកា និង​របស់​របរ​ប្រើប្រាស់​ជាច្រើន​ផ្សេងៗ​ទៀត ដោយ​មិន​ចាំបាច់​ឱ្យមាតាបិតា​ទាមទារ​នោះទេ ទោះតិច​ក្ដីច្រើន​ក្ដីត្រូវ​តែមាន​រហូត មិនត្រូវ​ឱ្យខ្វះ​ឡើយ។

3 . មិនត្រូវ​ធ្វើឱ្យ​មាតាបិតា​ស្រក់​ទឹកភ្នែក ៖ បុត្រាបុត្រី​មិនត្រូវ​ធ្វើឱ្យ​មាតាបិតា​ពិបាកចិត្ដ មាន​ទុក្ខទោស​និង​ស្រក់ទឹកភ្នែក​នោះទេ។ មាតាបិតា​គ្រប់រូប​រមែង​ចង់ឃើញ​បុត្រ​ប្រព្រឹត្ដ​តែអំពើ​ល្អថ្លៃថ្នូរ​ជានិច្ច។

4 . ត្រូវចេះ​ណែនាំ ៖ មិនមែន​ឱ្យ​បុត្រាបុត្រី​ស្ដី​ប្រដៅ​លោកអ្នក​មាន​គុណ​នោះទេ គឺត្រូវ​ចេះណែនាំ​លោកអ្នក​មាន​គុណឱ្យ​ទៅវត្ដ​សុំសីល​ទានរៀន​ធម៌​ដើម្បី​ជាផ្លូវ​ទៅកាន់​បរលោក​ខាងមុខ ដែល​ជាផ្លូវ​ព្រះនិព្វាន។

5 . ធ្វើបុណ្យ​ជាមួយ​មាតាបិតា ៖ ពាក្យ​ចាស់​លោក​ពោលថា “ធ្វើបុណ្យ​ឱ្យទាន់​ខែភ្លឺ” នេះគឺ​ជាអត្ថន័យ​មួយដែល​រំលឹក​ចំពោះ បុត្រ​គ្រប់រូប​ឱ្យចេះ​សង់គុណ គោរព ស្រឡាញ់ ឱ្យ​តម្លៃ និង​ផ្គត់ផ្គង់​មាតាបិតា​ពេល​លោកអ្នក​មានគុណ​នៅមាន​ជីវិត។ មិនត្រូវ​គិតថា ចាំ​មាតាបិតា​លា​ចាកឋាន​ចាំធ្វើ​បុណ្យ​ឱ្យ​នោះទេ។ ចំណែក​ឯការ​ធ្វើបុណ្យ​នៅពេល​លោកអ្នក​មានគុណ​លា​ចាកឋាន​ទៅ គឺជា​ពេលក្រោយ​នោះទេ ប៉ុន្ដែ​ដាច់ខាត​ក៏មិន​ត្រូវ​បោះបង់​ចោល​នោះដែរ។

បុត្រាបុត្រី​ណាដែល​បាន​ប្រតិបត្ដិ​ចំពោះ​មាតាបិតា​បានល្អ​បុត្រនោះ​នឹង​ទទួលបាន​សេចក្ដីសុខ ទទួល​បាន​ពរជ័យ​ពី​មាតាបិតា ជាក់ជា​មិនខាន។

ដំបូន្មាន​អ្នក​ជំនាញ

មាតាបិតា​គឺជា​បុគ្គល​ដ៏អស្ចារ្យ ដូចដែល​ព្រះពុទ្ធ​អង្គ​មានពុទ្ធិកា​ថា មាតាបិតា​គឺជា​ទេវតា​ខាងដើម មាតាបិតា​គឺជា​ព្រះកន្លោង មាតាបិតា​ជាព្រះ​រស់​ដែល​នៅក្នុង​ផ្ទះ មាតាបិតា​ជាអ្នក​ដែលបង្ហាត់​​បង្រៀន​បុត្រ​ឱ្យចេះ​និយាយ ចេះសើច ចេះ​ទទួលទាន​បាយ​ជាដើម។ ចំពោះ​បុត្រត្រូវ​ប្រព្រឹត្ដ​តែអំពើ​ល្អ ត្រូវធ្វើ​ឱ្យ​មាតាបិតា​សប្បាយ​ចិត្ដ ឱ្យ​មាតាបិតា​រស់នៅ​ក្នុង​ជីវភាព​សមរម្យ ធ្វើឱ្យ​មាតាបិតា​ខ្ពស់​មុខមាត់ មិនត្រូ​ធ្វើឱ្យ​លោក​ពិបាកចិត្ដ​កើតទុក្ខ​ដោយសារ​បុត្រ​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative