អនាម័យ​មនុស្ស​ចាស់

ការ​រស់នៅ​ប្រកបដោយ​អនាម័យ​ជាប្រការ​មួយដែល​គួរ​អនុវត្ដ ជាពិសេស​សម្រាប់​អ្នកមាន​វ័យ​ចំណាស់​មាន​សុខភាព​ទន់ខ្សោយ គួរ​គប្បី​យល់ដឹង​ពីរ​បៀប​រស់នៅ តំហែទាំ​សុខភាព​និង​អនាម័យ​បែប​មនុស្ស​ចាស់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសឱ្យ​ផុតពី​ផលប៉ះពាល់​ដល់​សុខភាព​ដែល​បណ្ដាល​មកពី​កង្វះខាត​នូវភាព​ស្អាត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត លីវ អាន ជាអ្នក​ជំនាញ​ឯកទេស​ជម្ងឺ​ទូទៅ នឹង​ពន្យល់​ពីប្រការ​គួរ​ប្រតិបត្ដិសម្រាប់​មនុស្ស​ដែលមាន​វ័យ​ចំណាស់ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ហេតុអ្វី​ត្រូវយល់​ដឹង​អំពី​អនាម័យ​មនុស្ស​ចាស់

តាម​តួលេខ​នៃការ​វិភាគ​ទិន្នន័យ​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បែងចែក​មនុស្ស​ជាបី​ក្រុម គឺ​ក្រុម​មនុស្ស ដែលមាន​សុខភាព​បរិបូណ៌ សុខភាព​ធម្មតា និង​សុខភាព​ខ្សោយ ឬ​មនុស្ស​ចាស់​ដែល​ងាយ​ឈឺថ្កាត់​ដោយសារ​ជម្ងឺ​រ៉ាំរ៉ៃ​ផ្សេងៗ។ មនុស្ស​ដែលមាន​អាយុ​ចាប់ពី​៥០ឆ្នាំ​ឡើងទៅ ត្រូវបាន​រាប់បញ្ចូល​ជាក្រុម​មនុស្ស​ចាស់។ ក្នុង​វ័យនេះ​សរីរាង្គកាយ​គ្រប់ផ្នែក​ចាប់ផ្ដើម​ទ្រុឌទ្រោម និង​ចុះខ្សោយ​ជា​លំដាប់ ជាពិសេស​សរសៃ​ឈាម​ចាប់ផ្ដើម​រឹងស្ពឹក​បន្ដិច​ម្ដងៗ កែវភ្នែក​ឡើង​អាប់ ស្រវាំង ជួន​ពេលខ្លះ​អាចទៅ​ជាងងឹត សម្លេង​ញ័រ ត្រចៀក​ធ្ងន់ ឆ្អឹងអស់​ជាតិ​អ៊ីយ៉ូត​ប្រែទៅ​ជាស្រួយ ងាយ​ទទួលរង​ការ​បែកបាក់​ដោយ​សារការ​ប៉ះទង្គិច ពីផ្នែក​ខាងក្រៅ ចង្វាក់​បេះដូង​ចាប់ផ្ដើម​លោត​យឺត ដង្ហើម​ថមថយ រីឯ​សីតុណ្ហភាព​ក្នុងខ្លួន​ចាប់ផ្ដើម​ចុះខ្សោយ​ធ្លាក់ចុះ​ខុសពី​ធម្មតា ដែលមាន​កម្រិត​សីតុណ្ហភាព​៣៦អង្សា។ សភាព​ទាំងអស់នេះ​ជាមូល​ហេតុ​ដែលបង្ក​ឱ្យកើត​មាន​បញ្ហា​ធ្ងន់ធ្ងរ បើសិនជា​ពុំបាន​យកចិត្ដ​ទុកដាក់ ឬ​ពុំបាន​យល់ដឹង​ឱ្យស៊ី​ជម្រៅ​ពីការ​រស់នៅ និងការ​ប្រតិបត្ដិ​ខ្លួនតាម​របៀប​រស់នៅ​បែប​មនុស្ស​ចាស់នោះទេ។

ប្រការ​គួរ​ប្រតិបត្ដិ​សម្រាប់​មនុស្ស​ចាស់

នៅក្នុង​វ័យ​ចំណាស់ លោកអ្នក​គួរតែ​បង្កើនការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ច្រើន​ទាំងផ្នែក​សុខភាព​រាងកាយ ការ​ធ្វើចលនា និង​ការ​ហូបចុក។ លោកអ្នក​ត្រូវ​ប្រាកដ​ថា ការ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព ព្រមទាំង​មាន​អនាម័យ​ល្អ។ ខាងក្រោម​នេះ​ជាសកម្មភាព មួយចំនួន​ដែលមាន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​លោកអ្នក និងជា​ប្រការ​ដែលគួរ​ប្រតិបត្ដិ​ធ្វើតាម ៖

  • ត្រូវ​សម្រាក​ក្នុងមួយ​យប់មួយ​ថ្ងៃឱ្យ​បានពី​៧-៨​ម៉ោងជា​ប្រចាំ។
  • នៅពេល​ភ្ញាក់​ពីដំណេក លោកអ្នក​គួរតែ​ធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​យ៉ាងតិច​២០នាទី​ជារៀងរាល់​ព្រឹក ហើយ​ត្រូវ​ប្រាកដ​ថា លំហាត់​ប្រាណ​នោះមាន​លក្ខណៈ​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​ដែលមិន​បណ្ដាល​ឱ្យមាន​ការ​ឈឺចាប់​តាម​សន្លាក់​សាច់ដុំ ឬក៏​ហួស​កម្លាំង។
  • ត្រូវ​បរិភោគ​អាហារ​តាមពេល​វេលា​ដែលធ្លាប់​ប្រតិបត្ដិ​កន្លងមក ត្រូវមាន​ចន្លោះ​ពេល​ច្បាស់លាស់ មិន​ញាប់ពេក មិន​យឺតពេក និង​ទៀងទាត់​ពេលវេលា។ ក្នុងការ​បរិភោគ ត្រូវ​ជ្រើសយក​អាហារ​ណាដែល​ល្អ ជួយ​ទំនុក​បម្រុង​រាងកាយ និង​សម្បូរ​ដោយ សារជាតិ​បំប៉ន និង​វីតាមីន ដែលមាន​នៅក្នុង​បន្លែ​បៃតង ផ្លែឈើ ទឹកដោះគោ និង​អាហារ​ដែល​ផលិត​ដោយ​ជាតិ​ទឹកដោះ និង​ម្សៅ។
  • ត្រូវមាន​អនាម័យ​ខ្លួនប្រាណ ងូតទឹក ដុសលាង សម្អាត​ខ្លួនឱ្យ​បានស្អាត​ជានិច្ច កុំទុក​ឱ្យក្អែល​ឡើង​ជាប់​ក្រាំង។
  • គួរ​បរិភោគ​សាច់អាំង និងសាច់​ខ្វៃ​បន្ដិចបន្ដួច​នៅពេល​ថ្ងៃត្រង់។
  • ត្រូវមាន​ដំណើរ​កម្សាន្ដ​នៅពេល​ណាមាន​អាកាសធាតុ​ល្អ ដើម្បី​ស្រូបយក​ខ្យល់​បរិសុទ្ធ​ឱ្យបាន​ច្រើន។
  • បរិភោគ​ទឹកត្រជាក់​ស្អាត​ឱ្យបាន​ច្រើន ពិសេស​ទឹក​ដែលមាន​សារជាតិ​រ៉ែខនិជ។
  • បរិភោគ​ទឹក​មុនពេល​ចូល​ដំណេក និង​ក្រោយពេល​ភ្ញាក់ពី​ដំណេក​រៀងរាល់​ថ្ងៃជា​ប្រចាំ។
  • ត្រូវមាន​សម្មាធិ​ឱ្យបាន​ច្រើន និង​ហ្វឹកហាត់​អារម្មណ៍​ស្មារតី​ឱ្យបាន​នឹងនរ កុំ​ឆាប់ខឹង​ពេក ឬ​សប្បាយ​ពេក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រការ​គួរ​ចៀសវាង​សម្រាប់​មនុស្ស​ចាស់

  • មិនត្រូវ​ទទួលទាន​ដំណេក​យូរ ឬ​អង្គុយ​យូរពេក​ទេ។
  • គ្រប់ឥរិយាបថ​ទាំងអស់​មិនត្រូវ​ធ្វើ​ចលនា​រហ័ស​ពេក រួមមាន​ការ​ក្រោកពី​ដំណេក ងើប​អង្គុយ ឬ​ឈរ និង​ធ្វើដំណើរ​ជាដើម។
  • ចៀសវាង​ការ​បំពេញ​ការងារ​ហួស​កម្លាំង និង​ឱនងើប​ច្រើនដង។
  • កុំឱ្យ​ត្រូវខ្យល់ និង​អាកាស​ធាតុ​ត្រជាក់​ញឹកញាប់​ពេក ដែលជា​ហេតុបង្ក​ឱ្យមាន​ជម្ងឺ។
  • តម​ដាច់ខាត​ចំពោះ​ការ​ពិសាស្រា បារី កាហ្វេ ឱសថ​ដែល​ប៉ះពាល់​សុខភាព បូករួម​ទាំងតែផង​ដែរ។
  • កុំបរិភោគ​សាច់​ដែល​សម្បូរ​ជាតិខ្លាញ់​ច្រើនពេក ដូចជា​ម្ហូបខ សាច់ក្រក សាច់ភ្លា​ជាដើម។
  • ពិសេស​មិនត្រូវ​អាន​សៀវភៅ​ច្រើន ឬ​យូរ ដែលជា​ហេតុធ្វើ​ឱ្យភ្នែក​ឆាប់​ស្រវាំង។

បើសិនជា​លោកអ្នក​អាច​ងាកចេញ​ពីការ​ប្រព្រឹត្ដ​ទាំងអស់​ខាងលើ​នេះបាន នឹង​ធ្វើឱ្យ​លោកអ្នក​ចៀសផុត​ពីអន្លង់​ជ្រៅ​នៃជម្ងឺ​ឈឺថ្កាត់។ ជីវិត​ដែលផ្ដល់​ឱ្យមាន​តែម្ដង​គត់ បើធ្វើ​វិនិយោគ​ចំពោះសុខភាព គឺអាច​ពន្យារ​នូវដំណើរ​ជីវិត​របស់​លោកអ្នក​ទទួល​នូវកាយ​សម្ព័ន្ធ និង​សុខភាព​មាំមួន។

ដំបូន្មាន​អ្នក​ឯកទេស

សុខភាព​ជាកត្ដាសំខាន់​សម្រាប់​មនុស្ស​គ្រប់រូប ពិសេស​នៅពេល​ឈានដល់​វ័យ​ចំណាស់ គឺជា​វ័យដែល​ត្រូវបាន​គេរាប់​ចូល ជាប្រភេទ​មនុស្ស​ទន់ខ្សោយ ទាំងផ្នែក​ស្មារតី និង​រាងកាយ។ ដូចនេះ​លោកអ្នក​គួរគប្បី​ស្វែងយល់​អំពី​អនាម័យ និងការ​រស់នៅ​តាម​ក្បួនខ្នាត​ដែលបាន​ណែនាំ គឺ​ហូបស្អាត ផឹកស្អាត រស់នៅ​ស្អាត។ ជាពិសេស​គួរតែ​ឧស្សាហ៍​ទៅពិនិត្យ​សុខភាព និង​សម្ពាធ​ឈាម​ឱ្យបាន​ញឹកញាប់ ប្រសិន​បើមាន​អាការ​ប្លែក​ក្នុងខ្លួន គួរ​ប្រញាប់​ស្វែងរក​ជំនួយ​ពីគ្រូពេទ្យ​ដែលមាន​ជំនាញ ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំដែល​គ្មាន​វេជ្ជបញ្ជា ជាហេតុ​ធ្វើឱ្យ​បង់ខាត​ថវិកា និង​ពេលវេលា ហើយ​ថែមទាំង​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative