កែ​ព្រហ្មចារី

ការកែ​ព្រហ្មចារី​មិនមែន​ជារឿង​មួយដែល​អាក្រក់​នោះទេ ផ្ទុយ​ទៅវិញ​វាជា​រឿងមួយ​ដែល​ល្អសម្រាប់​ស្ដ្រី​ដែលបាន​បាត់បង់ នូវភាព​បរិសុទ្ធ​ដោយ​ប្រការ​ណាមួយ។ ស្ដ្រី​ដែលបាន​បាត់បង់នូវ​ភាពបរិសុទ្ធ​តែងតែ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ជាពិសេស​ចំពោះ​អនាគត​ស្វាមី​តែម្ដង។ ដូច្នេះ​ហើយ​ទើបធ្វើ​ឱ្យស្ដ្រី​មួយចំនួន​បាន​សម្រេច​ចិត្ដកែ​ព្រហ្មចារី​សាជាថ្មី​ម្ដងទៀត ព្រោះ​តែការ​យល់ថា​ភាពបរិសុទ្ធ​គឺជា​វត្ថុដ៏​មានតម្លៃ​បំផុត​សម្រាប់​បុរស​ដែលជា​អនាគត​ស្វាមី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត រីដ សេហ្វផល ប្រធាន​វះកាត់​ជម្ងឺទូទៅ និង​វះកាត់​កែសម្ផស្ស នៅ​គ្លីនិក ឌីប្រេស លោកនឹង​ធ្វើការ​ពន្យល់​អំពី​វិធីកែ​ព្រហ្មចារី។

ព្រហ្មចារី​ជាអ្វី?

ព្រហ្មចារី​គឺជា​សន្ទះស្បែក​ស្ដើង​នៅក្នុង​ទ្វារមាស​ស្ដ្រី ហើយ​មានរន្ធ​ប្រហោង​ដើម្បី​ឱ្យឈាម​រដូវធ្លាក់​ចេញមក។ គេអាច​និយាយ​បានម្យ៉ាង​ទៀតថា​ព្រហ្មចារី​គឺសំដៅ​ទៅលើ​ភាពស្អាត​បរិសុទ្ធទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ដ ដែល​មិនមាន​ដាច់​រហែក និង​មិនធ្លាប់​បាន​ឆ្លងកាត់​ការ​រួមភេទ ទោះក្នុង​ករណី​ណាក៏​ដោយ។

តើអ្វីទៅ​គឺជា​ការកែ​ព្រហ្មចារី?

ការកែ​ព្រហ្មចារី​គឺជា​ការកែ​សន្ទះ​ព្រហ្មចារី​ដែលដាច់​រហែក​មកជិត​ដូចដើម​វិញ។ ការដាច់​រហែក​សន្ទះ​ព្រហ្មចារី​គឺបណ្ដាល​មកពីកត្ដា​ច្រើនយ៉ាង​ដែល​ទាក់ទង​ទៅនឹង​សកម្មភាព​ប្រចាំថ្ងៃ ដូចជា​ដើរ ដេក ឈរ អង្គុយ​កន្ធែក​ជើង ការធ្វើ​ការងារ​ធ្ងន់ និង​ហាត់កីឡា​ជាដើម។ រាល់ស្ដ្រី​ឱ្យតែ​បានឆ្លង​កាត់ការ​រួមភេទ​ចំពោះ​សន្ទះ​ព្រហ្មចារី​សុទ្ធតែ​ទទួលការ​ធ្លុះរហែក​ទាំងអស់។ ចំពោះ​ក្មេងស្រី​ដែល​ទើបនឹង​ពេញវ័យ​ងាយនឹង​ទទួល​រងនូវ​ការដាច់​រហែក​សន្ទះ​ព្រហ្មចារី​ណាស់ ជាក់ស្ដែង​ដូចជា​ការ​ប្រើប្រាស់​ថ្នាំសុល​ចូលទៅ​ដល់​ទ្វារមាស​ជាដើម។

វិធី​កែ​ព្រហ្មចារី

ព្រហ្មចារី​មិនអាច​កែបាន​ទាំងអស់ ឬ​ទាំងស្រុង​នោះទេ អាចកែ​បានតែ​ចំពោះ​ស្ដ្រី​ដែលមាន​សល់បំណែក​ខ្លះៗ​របស់​សន្ទះ ក្រដាស​ព្រហ្មចារី​តែ​ប៉ុណ្ណោះ ដោយ​ការដេរ​ភ្ជាប់គ្នា​ឱ្យដូច​ដើមវិញ។ តែបើ​សិនជា​ស្ដ្រីដែល​មិនមាន​បំណែក​សល់នៃ​សន្ទះ​ក្រដាស ព្រហ្មចារី​គឺមិន​អាចកែ​បាននោះ​ទេ។ នៅពេល​ដែលកែ​ព្រហ្មចារី​ហើយ មានស្ដ្រី​៩០ភាគរយ​ដែលមាន​ធ្លាក់ឈាម​ដូចជាក្រមុំ​បរិសុទ្ធ​នៅពេល​ដែល​រួមភេទ​ជាមួយ​ដៃគូ​ឬក៏​ជាស្វាមី​ជាលើក​ដំបូង​បន្ទាប់​ពីកែ​ហើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សារៈ​ប្រយោជន៍​នៃការ​កែ​ព្រហ្មចារី

ការកែ​ព្រហ្មចារី​គឺពិតជា​ផ្ដល់សារៈ​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​ស្ដ្រី​ដែលបាន​បាត់បង់នូវ​ភាព​បរិសុទ្ធ ហើយក៏​មិនមែន​ជារឿង​មួយដែល​អាក្រក់​នោះដែរ។ ផ្ទុយ​ទៅវិញ​វាជារឿង​មួយល្អ​សម្រាប់​សុភាព​នារី ដើម្បី​បញ្ជាក់​ថាខ្លួន​នៅតែ​មានភាព​បរិសុទ្ធ​ទុកជូន​បុរស​ដែលជា​អនាគត​ស្វាមី ដើម្បី​ឱ្យ​ស្វាមី​មានភាព​សប្បាយ​ចិត្ដ និង​ទុកចិត្ដ​ចំពោះ​នារី​ដែលជា​ភរិយា​របស់ខ្លួន និងអាច​រស់នៅ​ជាមួយគ្នា​យ៉ាងមាន​ភាព​កក់ក្ដៅ និងមាន​សេចក្ដី​សុខបំផុត។

ផលប៉ះពាល់​នៃការ​កែព្រហ្ម​ចារី

ជាធម្មតា​នៅពេល​ដែលកែ​ព្រហ្មចារី អាចធ្វើ​ឱ្យហើម​ប្រដាប់​ភេទ និង​មានការ​ឈឺចាប់បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ មិនមាន​អ្វី​ធ្ងន់ធ្ងរ​នោះទេ។ តែបើ​សិនជា​អ្នកនាង​កញ្ញា​ទៅធ្វើ​ការកែ​ព្រហ្មចារី​នៅកន្លែង​ដែល​មិនមាន​សុវត្ថិភាព​ឬគ្មាន​មិនមាន​ជំនាញ​ច្បាស់លាស់ អាចបង្ក​ឱ្យអ្នក​នាង​កញ្ញា​មា​នផល​ប៉ះពាល់​ជាច្រើន ដូចជា​ឆ្លងនូវ​មេរោគ​ផ្សេងៗ​នៅក្នុង​ទ្វារមាស​ដែលធ្វើ​ឱ្យកើត​មានបញ្ហា​ដែល​មិនអាច​ស្មានដល់។ ដូចនេះ​ស្ដ្រី​គ្រប់រូប​ដែលចង់​កែព្រហ្មចារី​ឱ្យមាន​សាជាថ្មី​ម្ដងទៀត​នោះ គឺ​ត្រូវតែ​ទៅកន្លែង​ដែលមាន​សុវត្ថិភាព និង​មាន​ជំនាញ​ខ្ពស់​បំផុត ព្រោះ​កន្លែង​ដែលមាន​សុវត្ថិភាព​និងមាន​ជំនាញ​ច្បាស់លាស់ គឺអាច​ឱ្យ​អ្នកនាង​កញ្ញា​ចៀសផុត​ពីការ​ឆ្លងនៅមេរោគ​ផ្សេងៗ​ជាច្រើន​ដែល​បង្កឱ្យ​មានបញ្ហា​ចំពោះ​សុខភាព។

វិធី​ការពារ​ក្រោយពេល​កែ​ព្រហ្មចារី

វិធី​ការពារ​នៅក្រោយ​ពេលកែ​ព្រហ្មចារី​វាជា​រឿងមួយ​សំខាន់​ណាស់​សម្រាប់​សុភាព​នារី ដូចនេះ​នៅក្រោយ​ពេលដែល​កែ ហើយ​មិនត្រូវ​ធ្វើការ​រួមភេទ​ភ្លាមៗ​នោះទេ គឺត្រូវ​តម​ការរួមភេទ​រយៈពេល​១ខែ ការ​ធ្វើបែប​នេះគឺ​ដើម្បី​ឱ្យមុខ​របួស​ឆាប់ជា​សះស្បើយ។ ម្យ៉ាងទៀត​នៅមុនពេល​ដែល​រួមភេទ​ត្រូវតែ​ទៅឱ្យ​អ្នកជំនាញ​ពិនិត្យ​មើល​សាជាថ្មី​ម្ដងទៀត និង​ទទួលការ​ណែនាំ​ពីអ្នកជំនាញ​នៅពេល​រួមភេទ​ជាលើក​ដំបូង​បន្ទាប់​ពីកែ​ហើយ។ នៅក្រោយ​ពេល​ដែលរួមភេទ​ជាលើក​ដំបូង គឺ​តែងតែ​មានការ​ឈឺចាប់ និងមាន​ឈាម​ដូចជានារី​ក្រមុំ​បរិសុទ្ធ។ ម្យ៉ាងទៀត​បើសិន​ជាមាន​បញ្ហា​អ្វីមួយ​នៅក្រោយ​ពេលដែល​រួមភេទ​ហើយ ដូចជា​មានការ​ឈឺចាប់យូរ​ថ្ងៃ គួរតែ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ មិនត្រូវ​បណ្ដោយ​ទុកយូរ​ថ្ងៃពេក​នោះទេ។ ត្រូវមក​ជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ឱ្យអ្នក​ជំនាញ​ពិនិត្យ​រក​មូលហេតុ ចៀសវាង​កើតមាន​ដំណាក់​កាល​ធ្ងន់ធ្ងរ។

ដំបូន្មាន​អ្នក​ជំនាញ

សុភាពនារី​គ្រប់រូប​គួរតែ​យល់ដឹង​ថា ព្រហ្មចារី​គឺមាន​តែម្ដង​គត់​សម្រាប់​មួយជីវិត បើសិន​ជាសុភាព​នារី​ចង់ថែរក្សា​សន្ទះ ព្រហ្មចារី​កុំឱ្យ​ដាច់​រហែក ត្រូវតែ​មានការ​ប្រយ័ត្ន​ប្រយែង​ជានិច្ច ព្រោះសន្ទះ​ព្រហ្មចារី​ស្ដើង​ណាស់។ គួរ​ចៀសវាង​ចំពោះ​ការងារ​ធ្ងន់ មិនត្រូវ​អង្គុយ​ចោង​ហោង​ឬកន្ធែក​ជើង មិនត្រូវ​ប្រើប្រាស់​ថ្នាំសុល និងធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ​ពេកនោះ​ទេ។ ជាពិសេស​សុភាពនារី​គ្រប់រូប មិនត្រូវ​រួមភេទ​មុន​រៀបការ​នោះទេ ព្រោះធ្វើ​ឱ្យ​សុភាព​នារី​បាត់បង់​នូវ​វត្ថុដ៏មាន​តម្លៃ ដែល​អនាគត​ស្វាមី​គិតថា ព្រហ្មចារី​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កាត់​បុរស​ដែលជា​ស្វាមី។ បើសិនជា​សុភាព​នារី​ចង់ធ្វើ​ការកែ​ព្រហ្មចារី គួរតែ​ស្វែងរក​កន្លែង​ដែលមាន​ជំនាញ ហើយ​មាន​សុវត្ថិភាព​ដើម្បី​ការពារ​កុំឱ្យ​កើតមាន​បញ្ហា​មិនល្អ​សម្រាប់​សុខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative