គង់ ច័ន្ទស្រីមុំ ផ្ទៃមុខត្រូវតែយកចិត្ដទុកដាក់

គង់ ច័ន្ទស្រីមុំ ជាតារា​សម្ដែង​យុវវ័យ​មួយរូប​ដ៏ស្រស់​សោភា និង​កំពុង​តែមាន​ការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់មហា​ជន។ កញ្ញា គង់ ច័ន្ទស្រីមុំ ជាតារា​សម្ដែង​ដ៏ប៉ិន​ប្រសប់​មួយរូប ហើយ​ឥឡូវនេះ​ស្រីមុំ​កំពុងតែ​មមាញឹក​នឹង​ការងារ​ជាច្រើន ដូចជា​ការសម្ដែង​ជាខារ៉ាអូខេ​ថ្មីៗជា​ច្រើនបទ និង​សម្ដែង​ជាខ្សែ​ភាពយន្ដ​ជាដើម។ ប៉ុន្ដែ​ស្រីមុំ​ក៏មិន​ដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់នាង​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កញ្ញា គង់ ច័ន្ទស្រីមុំ បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ប្រាប់ពី​វិធីសាស្ដ្រ​នៅក្នុង​ការ​ថែរក្សា​សម្រស់​មួយចំនួន និងការ​ថែរក្សា​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​ទាំងអស់ ពិសេស​គឺ​សុភាពនារីគ្រប់រូប​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​មុន​ចូលសិល្បៈ

មុនពេល​ឈានចូល​សិល្បៈ ស្រីមុំ​ជាសិស្ស​ដែល​សិក្សា​នៅវិទ្យាល័យ​ស៊ីសុវត្ថិ។ ដោយសារ​តែមាន​ការ​ជំរុញ​និង​លើកទឹក​ចិត្ដ ពីឪពុកម្ដាយ រួមទាំង​មិត្ដភក្ដិ ទើបនៅ​ឆ្នាំ​២០០៨​ស្រីមុំ​បានដាក់​ពាក្យ​ប្រឡង Freshy boy and freshy girl នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥។ ជាង​២ឆ្នាំ​មកនេះ ស្រីមុំ​បានសម្ដែង​ជាខ្សែភាពយន្ដ និងបាន​ថតបទ​ចម្រៀង​ឱ្យផលិតកម្ម​ជាច្រើន ដូចជា TV Bang, M, SD, និង​ Big Men ដែល​បទចម្រៀង​នីមួយៗ​សុទ្ធតែ​បាន​ទទួលការ​គ្រាំទ្រ​យ៉ាងច្រើន​ពីសំណាក់មហាជន ជាពិសេស​គឺ យុវវ័យ​តែម្ដង។ ចំពោះ​បទចម្រៀង​ដំបូង​ដែល​ស្រីមុំ​បានសម្ដែង​នោះគឺ​បទ ស្រក់​ទឹកភ្នែក​នៅថ្ងៃ​បុណ្យ​សង្សារ សុខចិត្ដ​ធ្វើមនុស្ស​ល្ងង់ ស្នេហ៍​ខុសគោលដៅ ហើយ​ចំពោះ​បទចម្រៀង​ដែល​កំពុងតែ​មាន​ការពេញ​និយម​បំផុតនោះ គឺ​នៅបារម្ភ​សង្សារក្មេង និង​បទ​ស្រឡាញ់ គ្នាឱ្យស្លាប់​ចុះ។ ជាងនេះ​ទៅទៀត ស្រីមុំ​បាន​សម្ដែង​ខ្សែភាពយន្ដ​បានចំនួន​៣រឿង ដោយ​សម្ដែង​ជាតួឯក​នោះគឺរឿង សុគន្ធថេរ៉ាយុលង បះសក់ ស្នេហា​តាមសង្សារ​ស្ទាវ និង​រឿងដែល​កំពុង​ថតនោះ​គឺស្នេហា​មួយ​នៅវិទ្យាល័យ។

វិធី​ថែរក្សា​សម្រស់

ទោះបីជា​មានការ​មមាញឹក​ច្រើន​យ៉ាងណា​ក៏ដោយ ក៏​ស្រីមុំ​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់ ក៏ដូចជា​ការ​ថែរក្សា​សុខភាព​របស់​នាងដែរ។ ខាងក្រោម​នេះ​គឺជាវិធី​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​ស្រីមុំ​ដែលបាន​អនុវត្ត​ជាប្រចាំ។

  • សម្រាប់​ការថែ​រក្សាសក់ ៖ ស្ដ្រី​គ្រប់រូប​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការ​ថែរក្សា​សរសៃសក់។ សម្រាប់​ស្រីមុំ​ដែល​ជាតារា​សម្ដែង​មួយរូប ស្រីមុំ​តែងតែ​ផ្លាស់ប្ដូរ​ពណ៌សក់ និង​លេងម៉ូត​សក់​ជាញឹកញាប់ ដែល​ជាហេតុ​ធ្វើឱ្យ​សរសៃសក់​ឆាប់ខូច។ ដូចនេះហើយ​នៅក្នុង​៣ទៅ​៤ថ្ងៃ ស្រីមុំ​អប់សក់​ម្ដង​ជាមួយ​នឹង​ផលិតផល​ដែលល្អ ហើយ​មាន​សារជាតិ​ចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់​ដែលអាច​ឱ្យ​សរសៃសក់​របស់​ស្រីមុំ​មានភាព​រស់រវើក​ហើយ​ស្រស់ស្អាត។
  • ការថែរក្សាស្បែកមុខ ៖ សម្រាប់ការ​ថែរក្សា​ស្បែកមុខ ស្រីមុំ​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត។ ស្រីមុំ​ជ្រើសរើស ផលិតផល​សមស្រប​ទៅនឹង​ស្បែកមុខ​របស់​ស្រីមុំ ដូចជា​ពេលថ្ងៃ​ស្រីមុំ​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ ហើយ​នៅពេល​យប់​ស្រីមុំ​តែងតែ​លាបឡេ​ជំនួយដល់​ស្បែកមុខ​ជានិច្ច។ អ្វីដែល​ល្អបំផុត​សម្រាប់​ស្រីមុំ​នោះគឺ​ក្រោយពី​តុបតែង​មុខ និង​រាល់ពេល​សម្ដែងចប់ ស្រីមុំ តែងតែ​ធ្វើការ​សម្អាតមុខ​ដោយប្រើ​ឡេ​សម្រាប់​ជូត​នៅលើ​ផ្ទៃមុខ​ចេញ ដើម្បី​ការពារ​កុំឱ្យ​ឆាប់ជ្រួញ កុំឱ្យ​កើតមុន​ឬជាំ និងមាន​កន្ទួល រមាស់​ជាដើម។
  • ការថែរក្សា​ស្បែក​ដងខ្លួន ៖ សម្រាប់​ការ​ថែរក្ស​ស្បែកដងខ្លួន​វិញ ស្រីមុំ​តែងតែ​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ នៅពេល​ដែល ចេញ​ទៅសម្ដែង​ឬក៏​ចេញទៅ​ណាមក​ណាម្ដងៗ។ ហើយ​នៅពេល​យប់ ស្រីមុំ​បានលាប​ឡេ​ថែរក្សា​ស្បែក​ពេលយប់ ដើម្បី​ឱ្យស្បែក​មាន សំណើម​ហើយម៉ដ្ឋ​រលោង។ ចំណែក​ឯការ​ខាត់ស្បែក​វិញមិន​សូវជា​អនុវត្ដ​នោះទេ យ៉ាងច្រើន​មួយខែ​ម្ដងតែ​ប៉ុណ្ណោះ។
  • ការ​ថែរក្សា​ធ្មេញ ៖ ទោះបីជា​មមាញឹក​នឹង​ការងារ​យ៉ាងណា​ក៏ដោយ ក៏ស្រីមុំ​នៅតែ​ឆ្លៀតពេល​នៅក្នុង​ការ​ថែរក្សា​សុខភាព​ធ្មេញ ដោយធ្វើ​ការសម្អាត​ធ្មេញ​បីដង​នៅក្នុង​១ថ្ងៃ នៅពេល​ព្រឹកក្រោក​ពីដំណេក នៅពេល​ថ្ងៃត្រង់ និង​មុនពេល​ចូលដំណេក។ ស្រីមុំ​តែងតែ​ធ្វើការ​សម្អាតធ្មេញ​១ខែម្ដង។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​ស្រីមុំ ភ្នែក​គឺជាផ្នែក​មួយសំខាន់​បំផុត​សម្រាប់​នាង​ដែល​ជាតារា​សម្ដែង។ ស្រីមុំ​មិនដែល​ធ្វើឱ្យភ្នែក​ចុករោយ ឬ​សម្លឹង​យូរពេក​នោះទេ នៅពេល​ដែលមាន​បញ្ហា​អ្វីមួយ​ដែលកើត​នៅលើ​ភ្នែក ស្រីមុំ​តែងតែ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ភ្នែកជា​ប្រចាំ មិនដែល​ធ្វេស​ប្រហែស​ឡើយ។
  • ការ​ថែរក្សា​ចិញ្ចើម រោមភ្នែក បបូរមាត់ ៖ ចំពោះ​ចិញ្ចើម ស្រីមុំ​មិនសូវ​ជាយក​ចិត្ដទុក​ដាក់​ថែរក្សា​ឱ្យបាន​ដិតដល់នោះទេ ព្រោះ​ចិញ្ចើម​របស់​ស្រីមុំ​ក្រាស់ស្រាប់ នៅពេល​ដែលសម្ដែង​ស្រីមុំ​គ្រាន់តែ​យកខ្មៅដៃ​គូសចិញ្ចើម​បន្ដិចៗ​នៅលើ​ចិញ្ចើម​តែ​ប៉ុណ្ណោះ។ ចំពោះ​ការកោរ​ចិញ្ចើម​ស្រីមុំ​មិនសូវ​ជាកោរ​ញឹកញាប់​ពេកនោះ។ បើ​និយាយ​អំពី​រោមភ្នែក ស្រីមុំ​មិនសូវ​លាប​ម៉ាស្ការ៉ា​ច្រើនពេក​នោះទេ នៅពេល​ដែល​សម្ដែង​ចប់​ស្រីមុំ​តែងតែ​ធ្វើការ​សម្អាត​រោមភ្នែក​ដោយ​ជូត​ម៉ាស្ការ៉ា​ចេញដោយ​ប្រើប្រេង​សម្រាប់​ជូត ដើម្បី​ការពារ​កុំឱ្យរោមភ្នែក​ជ្រុះឬ​ក៏ដាច់។ ចំពោះ​បបូរមាត់ ស្រីមុំ​ចូលចិត្ដ​លាប​ក្រេមពណ៌​ស្រាល​បំផុត ដូចជា​ក្រេម​រលោង​ឬពណ៌ ផ្កាឈូក​ខ្ចី​ជាដើម។
  • ការ​ថែរក្សា​ក្រចក​ដៃជើង ៖ ស្រីមុំ​ចូលចិត្ដ​លេងម៉ូត​ក្រចក​ជានិច្ច ជាពិសេស​នៅពេល​ដែល​ទៅចូលរួម​នៅក្នុង​កម្មវិធី ផ្សេងៗ។ ជានិច្ច​ជាកាល​នៅក្នុង​មួយ​សប្ដាហ៍ ស្រីមុំ​តែងតែ​ធ្វើការ​សម្អាត និង​កាត់សាច់​ក្រចក​ម្ដង ដោយ​សម្អាត​ធូលីដី​ដែលនៅ​ក្នុងក្រចក ដោយ​ប្រើ​ក្រូចឆ្មារ​ជូតសម្លាប់​មេរោគ​ចេញ។ ចំពោះ​ក្រចកជើង​ក៏ដូចជា​ក្រចក​ដៃដែរ គឺ​ធ្វើការ​សម្អាត​ជាប្រចាំ យ៉ាង​ហោចណាស់​ធ្វើការ​សម្អាត​ពីរដង​ក្នុងមួយ​សប្ដាហ៍។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

ស្រីមុំ​តែងតែ​បរិភោគ​ចំណី​អាហារ​ដែលសម្បូរ​ដោយ​វីតាមីន និង​ប្រូតេអ៊ីន ដូចជា​បន្លែ និង​សាច់ត្រី​ជាដើម។ ចំណែក​ឯការ ទទួលទាន​ដំណេក​មិនសូវ​ជាគេង​បាន​ទៀងទាត់​នោះទេ ព្រោះ​មានការ​មមាញឹក​ច្រើនពេក។ ចំពោះ​ការធ្វើ​លំហាត់​ប្រាណ​វិញ ស្រីមុំ​តែងតែ​ធ្វើជា​ប្រចាំ​គឺមួយ​ថ្ងៃយ៉ាង​ហោចណាស់​មួយម៉ោង។

គោល​បំណង​ទៅថ្ងៃ​អនាគត

ស្រីមុំ​បានប្រាប់ថា​ក្រៅពី​អាជីព​ជាតារា​សម្ដែង ស្រីមុំ​មាន​គោលបំណង​គិតទៅ​ដល់ថ្ងៃ​អនាគត​ថា នៅពេល​ដែល​ប្រឡង​ជាប់ បាក់ឌុប ស្រីមុំ​នឹង​បន្ដ​ការសិក្សា​ផ្នែក​ទេសចរណ៍ និង​បើក​ជំនួញ​ផ្ទាល់ខ្លួន​ជាមួយ​ឪពុកម្ដាយ​របស់នាង​តែម្ដង។

បណ្ដាំ​ផ្ញើ

សុភាពនារី​ទាំងអស់​គួរតែ​យកចិត្ដ​ទុដាក់​នៅក្នុង​ការ​ថែរក្សា​សម្រស់ និង​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​គឺ​ផ្ទៃមុខ​ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត ដូចជា​នៅពេល​ដែល​មកពី​កម្មវិធី​អ្វីមួយ​ត្រូវតែ​ប្រញាប់​ធ្វើការ​លាងសម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាត ដើម្បី​ចៀសវាង​ការកើត​មាន​បញ្ហា​ចំពោះ​ស្បែកមុខ ព្រោះ​ផ្ទៃមុខ​គឺជា​ផ្នែកមួយ​ដ៏សំខាន់​បំផុត​សម្រាប់​សុភាព​នារី​គ្រប់រូប។ អ្វីដែល​ពិសេស​ជាងនេះ​នោះ នៅពេល​ដែលធ្វើ​ដំណើរ​ទៅណា​មកណា​ម្ដង សុភាពនារី​គ្រប់រូប​ត្រូវតែ​មានឡេ​សម្រាប់​ការពារ​ពន្លឺ​ព្រះអាទិត្យ ហើយ​ត្រូវ​ពាក់​អាវដៃវែង​ជានិច្ច។

ខាងលើ​នេះគឺ​ជាយល់​ឃើញ និងជាការ​អនុវត្ដន៍​ផ្ទាល់របស់​កញ្ញា គង់ ច័ន្ទស្រីមុំ តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដន៍​បានហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ គង់ ច័ន្ទស្រីមុំ
  • អាយុ ៖ ១៩ឆ្នាំ
  • ថ្ងៃខែឆ្នាំ​កំណើត ៖ ០៦. ០៧. ១៩៩១
  • ទីកន្លែង​កំណើត ៖ បាត់ដំបង
  • កម្ពស់ ៖ ១,៦០ម៉ែត្រ
  • ទម្ងន់ ៖ ៤៣គីឡូ​ក្រាម
  • ទំហំទាំងបី ៖ ៣៤ ២៥ ២៨
  • បងប្អូន ៖ ៥នាក់ ប្រុស១នាក់ ស្រី៤នាក់​(ជាកូនពៅ)
  • កម្រិតវប្បធម៌ ៖ ជាសិស្ស​នៅវិទ្យាល័យ​ស៊ីសុវត្ថិថ្នាក់ទី១២
  • អាជីពនា​ពេលបច្ចុប្បន្ន ៖ តារាសម្ដែង
  • ស្ថានភាពគ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative