វិធី​លាប​ម្សៅ​បន្ដឹង​ស្បែកមុខ

មនុស្ស​គ្រប់វ័យ​តែងតែ​ប្រាថ្នា​ចង់ឱ្យ​ស្បែកមុខ​របស់ខ្លួន​មានពន្លឺ និង​តឹងណែន​ជាដរាប បើទោះ​បីដឹង​ថាស្បែក​របស់ខ្លួន មានសភាព​ជ្រីវជ្រួញ​ទៅតាម​អាយុ​កាលក៏​ដោយ។ ជាពិសេស​សុភាពនារី​គ្រប់វ័យ​ដែលមាន​បំណង​ចង់​រក្សាសម្រស់​របស់ខ្លួន​ឱ្យបាន​ស្ថិតស្ថេរ​បានយូរ​អង្វែង តែងតែ​ទៅទិញ​ថ្នាំលាប​ឬម្សៅ​ផ្សេងៗ ដើម្បី​បំបាត់​ភាព​ជ្រីវជ្រួញ​នៅលើ​ផ្ទៃមុខ​ជានិច្ច ដោយ​សុភាពនារី​ខ្លះ​មិនទាន់​យល់ច្បាស់​អំពីការ​ប្រើប្រាស់​ត្រឹមត្រូវ​ធ្វើឱ្យ​ស្បែកលើ​ផ្ទៃមុខ​កាន់តែ​ដុនដាប​ថែមទៀត​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ គ្រូពេទ្យ​ឯកទេស​ជម្ងឺ​សើ ស្បែក-ឡេសឺរ នៃ​គ្លីនិក​កាដាវ ធ្វើការ​បកស្រាយ​អំពី​វិធី​បន្ដឹង​ស្បែកមុខ។

អ្វីជា​ម្សៅលាប​បន្ដឹង​ស្បែកមុខ?

ម្សៅលាប​បន្ដឹង​ស្បែកមុខ​គឺជា​ប្រភេទ​ម្សៅ​ម្យ៉ាង​ដែលមាន​ការបូក​ផ្សំបញ្ចូល​គ្នា​ជាមួយ​នឹង​រូបមន្ដ​ថ្នាំ​មួយចំនួន ឬជា​ម្សៅ ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ ឬ​ផ្លែឈើ ហើយ​ក៏បង្កើត​បានជា​ផលិតផល​មួយមុខ​ដែលក្នុង​សារជាតិ​ម្សៅនោះ​ត្រូវបាន​គេ​អះអាង​ថា ជា ម្សៅ​បន្ដឹង​ស្បែកមុខ។ វត្ថុ​ធាតុដើម​ដែលអាច​បន្ដឹង​ស្បែកមុខ​បានគឺ​ត្រូវប្រើ​រូបមន្ដ​ផ្សំនូវ​សារធាតុ​ខ្លាំងៗ ពេល​ដែល​ជ្រាប​ចូលក្នុង​ស្បែក​វាអាច​មាន​ឥទ្ធិពល​ទៅលើ​កោសិកា​ស្បែក​ម្យ៉ាង។ ហើយ​វា​ដើរតួនាទី​ពីរ គឺធ្វើ​ឱ្យស្បែក​ជ្រួញ ឬ​ស្បែកតឹង​ដោយ​សារ​ពពួក​សារធាតុ​ទាំងនោះ។ មិនតែ​ប៉ុណ្ណោះ​សារជាតិ​អាស៊ីត “អាស៊ីត​សម្រាប់​ព្យាបាល” ក៏អាច​ជួយ​បន្ដឹង​ស្បែកបាន​ផងដែរ។ ដូច្នេះ​អាស្រ័យ ទៅលើ​សារធាតុផ្សំ បើ​លាយទៅ​ត្រឹមត្រូវ​អាចជួយ​បន្ដឹង​ស្បែក​យើងបាន។

អត្ថ​ប្រយោជន៍​របស់​ម្សៅ​លាបបន្ដឹង​ស្បែកមុខ

ជាទូទៅ​ពពួក​ម្សៅ​ទាំងនេះ​ស្ថិតនៅ​លើការ​លាយផ្សំ។ ឧទាហរណ៍ ម្សៅ​ប្រៀប​ដូចជា​សម្ល សំខាន់​យើង​ត្រូវដឹង​ថា សម្ល នោះ​ជាសម្ល​អ្វី ទើប​ស្វែងរក។ បើយើង​និយាយ​ថា សម្លក​កូរ សម្ល​ម្ជូរ​យួន​ជាដើម យើង​ដឹងថា តាមមុខ​ម្ហូប​នីមួយៗ​នេះ​ត្រូវការ​គ្រឿងផ្សំ​អ្វីខ្លះ។ មិនខុស​ពីម្សៅ​លាប​បន្ដឹង​ស្បែកមុខ​នោះឡើយ វាក៏​អាស្រ័យ​ទៅលើ​ការផ្សំ​របស់វា​ផងដែរ ដើម្បី​រក​ហេតុផល​ឱ្យក្លាយ​ទៅជា​ម្សៅ​បន្ដឹង​ស្បែកមុខ។ ប៉ុន្ដែ​ដើម្បី​ប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព​ដល់​ស្បែក​លោកអ្នក​ប្រើប្រាស់​នោះ គួរទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​សិន ទើបការ​ប្រើប្រាស់​នោះទទួល​បាននូវ​អត្ថ​ប្រយោជន៍​ខ្ពស់​ចំពោះ​ស្បែក។

ផល​វិបាក​ដែល​កើតមាន​ក្រោយ​ពេល​លាបម្សៅ​បន្ដឹង​ស្បែកមុខ

អ្នកប្រើ​មួយចំនួន​មិនបាន​គិតគូរ​អំពី​បញ្ហា​នេះទេ ឱ្យតែ​គេ​ប្រាប់ថា លាប​ម្សៅ ឬឡេ​ធ្វើឱ្យ​សាច់សខ្ចី ឬឃើញ​ពីទិដ្ឋភាព ជាក់ស្ដែង ដូចជា​សាច់គេ​សភ្លឺ​រលើប​រលោង សាច់សខ្ចី ប្លែកពី​ធម្មតា​នោះ ចាប់ផ្ដើម​ជឿតែ​ម្ដង។ តែផ្ទុយ​ទៅវិញ​លោកអ្នក​ខ្លះ ពេល​ដែលយក​ទៅប្រើប្រាស់​មិនសម​បំណង ហើយ​បែរជា​ប្រតិកម្ម​លើស្បែក ព្រោះ​មូលហេតុ​ទាំងនេះ​គឺ​បណ្ដាល​មកពី​ម្សៅឬ​ឡេនោះ មិន​សក្ដិសម​ទៅនឹង​ស្បែក​របស់ខ្លួន។ ឧទាហរណ៍ ស្បែក​មនុស្សម្នាក់ៗ​មាន​សំណើម​ខុសគ្នា ហើយ​តម្រូវការ​ក្នុងការ​ប្រើប្រាស់ ផលិតផល​ក៏ខុស​គ្នាដែរ។ ដូច្នេះ​មុននឹង​ប្រើប្រាស់​ផលិតផល គួរតែ​ទៅពិនិត្យ​ស្បែក​ដោយ​គ្រូពេទ្យ​ឯកទេសសិន ទើប​ចាប់ផ្ដើម ប្រើប្រាស់ ចៀសវាង​មានបញ្ហា​ប្រតិកម្ម​ស្បែក​ធ្វើឱ្យ​ស្បែក​កាន់តែ​មាន​សភាព​ជ្រីវជ្រួញ​ថែមទៀត។ ដោយឡែក​ក្រោយពេល​ផ្សំ ជាមួយ​សារជាតិ​មួយចំនួន​ហើយ គួរយក​ទៅឱ្យ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​ជាមុនសិន ព្រោះថា​សារជាតិ​ម្សៅ​ដែលបាន​ផ្សំឡើង​នោះ វា​សក្ដិសម​ទៅនឹង​ស្បែកដែល​យើង​គួរតែ​យកទៅ​ប្រើប្រាស់​ដែរឬ​យ៉ាងណា។ ប៉ុន្ដែ​ជាទូទៅ ការ​ប្រើប្រាស់​ម្សៅ​បន្ដឹងស្បែក ឬ​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​គឺមិន​ងាយបាន​ផលល្អ​ដូច​ផលិតផល​ដែលមាន​ម៉ាក​ឬការ​ប្រកាស​ត្រឹមត្រូវ​នោះទេ លើកលែង​តែ​សុភាព​នារីមួយចំនួន​មានការ​ថែរក្សា​សម្រស់​ដោយខ្លួនឯង​ម្ដង​បន្ដិច ឬ​គួបទៅ​នឹងវិធី​ព្យាបាល​ខ្លះៗ ទើបអាច​ប្រសើរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ជ្រើសរើស​ពេល​វេលា​ក្នុងការ​ប្រើប្រាស់

សម្រាប់​ពេលវេលា​ក្នុងការ​ប្រើប្រាស់​ម្សៅ​បន្ដឹង​ស្បែកមុខ វា​មិនមែន​ជាការ​សំខាន់​នោះទេ លើកលែង​តែ​ធាតុផ្សំ​របស់វា លាយឡំ​ជាមួយ​សារជាតិ​អាស៊ីត​ច្រើនឬ​យ៉ាងណា បើមាន​ជាអាស៊ីត​នោះគឺ​ប្រើបាន​តែពេល​វេលាពេល​ព្រឹកតែ​ប៉ុណ្ណោះ។ បើឡេ​នោះ​លាយ​ជាមួយ​សារជាតិ​ធម្មតា គឺ​ប្រើបាន​គ្រប់ពេល​វេលា​ដោយមិន​រើសពេល​វេលាទេ។ លទ្ធផល​យ៉ាងណា​នោះ វាអាស្រ័យ​ទៅលើ សារជាតិលាយ​ថ្នាំទៀត​ផង។ ពេលខ្លះ​ការលាយ​ផ្សំថ្នាំ​ទាំងនេះ​ដាក់លើស​បរិមាណ​រហូត​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ទទួលបាន​នូវ​ផលវិជ្ជមានផង ផលអវិជ្ជ​មានផង។ មានន័យ​ថា ផលវិជ្ជមាន​គឺធ្វើ​ឱ្យស្បែក​ឆាប់ស ស្បែក​ជ្រះថ្លា និង​ស្បែកតឹង។ ចំពោះផល​អវិជ្ជមាន​វិញ ទន្ទឹម​នឹងស្បែក​ស ជ្រះថ្លា​តឹងនោះ ក៏មាន​ការ​ប្រតិកម្ម​ស្បែករោល ក្រហម រមាស់​ផងដែរ ។

វិធីព្យា​បាល​ក្រោយពេល​ប្រតិកម្ម​លើស្បែក​ដោយ​សារម្សៅ​បន្ដឹង​ស្បែកមុខ

ការ​ព្យាបាល​ក្រោយពេល​ដែល​ស្បែកមាន​បញ្ហា ដោយសារ​ម្សៅ​លាប​បន្ដឹង​ស្បែកមុខ​គឺជាការ​ជ្រើសរើស​វិធី​ព្យាបាល​តាមរោគ​សញ្ញា​គ្លីនិក​ជាក់ស្ដែង​ដែលអ្នក​ជម្ងឺ​ឈឺចាប់​ប៉ុណ្ណា ធ្វើទុក្ខ​ក្នុងខ្លួន​ប៉ុណ្ណា។ ប្រសិនជា​ស្បែកនេះ​មាន​អាឡែក​ស៊ីតិចៗ គ្រូពេទ្យ នឹង​ពន្យល់ប្រាប់​គាត់ឱ្យ​ឈប់​ប្រើប្រាស់ វាអាច​កាត់បន្ថយ​ស្នាមរបួស ហើយ​ក៏អាច​ឈានដល់​ការ​ជាសះ​ដោយ​ខ្លួនឯង​បានដែរ តែត្រូវ​ចំណាយ​ពេល​អាស្រ័យ​លើ​ស្ថានភាព​ប្រតិកម្ម​ឬជម្ងឺ។ ប្រសិនបើ​អាឡែកស៊ី​នោះកើត​មាន​កម្រិត​មធ្យម គាត់​ត្រូវទៅ​ជួបនឹង​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​នឹងព្យាបាល​ដោយ​ផ្ដល់ថ្នាំ​បន្សាប ដើម្បី​កាត់បន្ថយ​នូវជម្ងឺ​នោះ។ តែបើ​អាឡែកស៊ី​ប្រតិកម្ម​ខ្លាំងក្លា រហូត​មានការ​បញ្ជូន ទៅ​សង្គ្រោះ​បន្ទាន់ មាន​ន័យថា​អ្នកជម្ងឺ​មិន​ត្រឹមតែ​ឈឺលើ​ផ្ទៃមុខ​នោះទេ គឺឈឺ​ក្នុងខ្លួន​ប្រាណ ព្រោះវា​ដល់​កម្រិត​ចុងក្រោយ​ដែលត្រូវ​ប្រតិកម្ម។

វិធី​ការពារ​ចំពោះ​ការ​ប្រើប្រាស់​ម្សៅ​បន្ដឹង​ស្បែកមុខ

វិធី​សាស្ដ្រ​ការពារ​មិនមែន​ជារឿង​លំបាក​នោះទេ មុននឹង​ប្រើប្រាស់​លោកអ្នក ជាពិសេស​សុភាព​នារី​ទាំងអស់​ត្រូវមក​ពិនិត្យ ស្បែក​ជាមួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក​ជាមុនសិន ដើម្បី​ឱ្យគាត់​បញ្ជាក់ថា ស្បែក​យើងត្រូវ​ប្រើប្រាស់​ថ្នាំឬ​ឡេ ម្សៅ​ប្រភេទណា​ឱ្យ​សក្ដិសម ធានា​មិនមាន​អាឡែកស៊ី រលាក ឬក៏​ប្រតិកម្ម។ មិនតែ​ប៉ុណ្ណោះ​ប្រសិន​បើគ្រូពេទ្យ​ពន្យល់​ប្រាប់អំពី​ការ​ប្រើប្រាស់ ផលិតផល​នេះ​ទទួលបាន​ផ្លែផ្កា​ហើយ ទោះបីជា​វាយឺត​ក៏ដោយ​តែវា​មាន​សុវត្ថិភាព​ក្នុងពេល​ប្រើប្រាស់។ សុភាពនារី​ទូទៅ​ត្រូវចាំ​ថា ម្សៅអ្វី​ក៏ដោយ​តែងតែ​មាន​អាឡែកស៊ី មាន​ន័យថា​មិនអាច​សម្រាប់​ស្បែក​គ្រប់រូប​ប្រើបាន​ដូចគ្នា​នោះទេ។ ឧទាហរណ៍ មានអ្នក​ប្រើប្រាស់​ផលិតផល​មួយរយ​នាក់ មានម្នាក់​ឬពីរនាក់​ក្រហម ក្រហាយ រមាស់​ជាដើម។ ដូច្នេះ​ប្រសិនបើ​ផលិតផល​ល្អ​ត្រឹមត្រូវ ត្រូវ​ឆ្លងកាត់​ក្រសួង​ជំនាញ​នោះ ប្រាកដ​ជាសរសេរ​ថា“បើ​លោកអ្នក​ប្រើទៅ​មាន​ក្រហម កន្ទួល រមាស់ ត្រូវទៅ​ជួប​គ្រូពេទ្យ”។ ដោយឡែក​អ្នក​ប្រើប្រាស់​ទូទៅ​មិនបាន​ចាប់​អារម្មណ៍​ស្លាក​យីហោ ឬពាក្យ​ទូន្មាន​ទាំងនេះ​នោះទេ សំខាន់​ច្រើនតែ​ប្រើ​ផលិតផល​តាមការ​និយាយ ប្រាប់គ្នា​តែ​ប៉ុណ្ណោះ។

ដំបូន្មាន​អ្នក​ជំនាញ

សុភាពនារី​ទាំងអស់ មុននឹង​ប្រើប្រាស់​ថ្នាំលាប​បន្ដឹង​ស្បែកមុខ ឡេ ម្សៅ ឬ​ផលិតផល​ជាដើម ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សើស្បែក​ជាមុន ព្រោះ​ដើម្បី​ឱ្យគាត់​ពិនិត្យ ឬ​ផ្ដល់​យោបល់​ផ្សេងៗ​ដែល​ទាក់ទិន​ទៅនឹង​ផលិតផល ឬ​ទាក់ទិន​ទៅស្បែក​របស់យើង​ដោយផ្ទាល់​តែម្ដង។ ក្រោយពេល​ដែល​វេជ្ជបណ្ឌិត​ឱ្យ​ដំបូន្មាន​ហើយ ការ​ប្រើប្រាស់​នឹង​ទទួលបាន​នូវ​លទ្ធផល​ខ្ពស់​គ្រាន់​បើជាង​ទៅប្រើប្រាស់​ដោយមិន​មានការ​ឆ្លងកាត់​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative