វិធី​តុបតែង​មុខ​បែបចិន

កាលពី​លេខមុន សុភាព​នារី​បាន​ជ្រាប​រួចមក​ហើយ​អំពីការ​តុបតែង​មុខ​បែបកូរ៉េ នៅលេខ​នេះ​មិត្ដនារី​នឹងបាន​ជ្រាប​បន្ថែមទៀត​អំពី​ការ​តុបតែង​មុខ​បែប​ជនជាតិ​ចិន។ ព្រោះការ​តុបតែង​មុខ​បែបចិន​នេះក៏​កំពុង​តែ​ពេញនិយម​ផងដែរ​សម្រាប់​យុវវ័យ និង​ស្ដ្រីវ័យ​កណ្ដាល។ ចំពោះ​ការ​ផាត់មុខ​បែបចិន​នេះក៏​មិនមែន​ជារឿង​មួយ​ដែល​លំបាក​នោះដែរ បើសិន​ជាមិត្ដ​នារី​យកចិត្ដ​ទុកដាក់ និង​ធ្វើទៅ​តាមការ​ណែនាំ​របស់អ្នក​ជំនាញ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​កញ្ញា បេអង មេជាង​ប្រចាំ​ហាង​ស៊ីនឌី ដើម្បី​ពន្យល់​អំពី​វិធី​នៅក្នុង​ការ​តុបតែង​មុខ​បែបចិន។

ប្រការ​ល្អ​គួរយល់​ដឹង​នៅពេល​តុបតែង​មុខ

មុនពេល​ចាប់ផ្ដើម​តុបតែង​មុខ គួរតែ​រៀបចំ​ឧបករណ៍​សម្រាប់​តុបតែង​ឱ្យបាន​សព្វគ្រប់​ទាំងអស់។ ការ​តុបតែង​មុខក៏​តម្រូវ ទៅ​លើពន្លឺ​ផងដែរ ដូច្នេះ​ស្ដ្រី​ទាំងឡាយ​គួរ​ជ្រើសរើស​កន្លែង​តុបតែង​ណាដែល​មានពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ មិន​ងងឹត​ពេក ដើម្បី​ងាយ​ស្រួល​ក្នុងការ​តុបតែង ចៀសវាង​លាប​ទៅមើល​ឃើញ​ស ឬ​ក្រាស់​មិនស្មើ​សាច់។

វិធី​តុបតែង​មុខ​បែបចិន

ការ​តុបតែង​មុខ​បែបចិន​ជាដំបូង​ត្រូវ​ចាប់ផ្ដើម​ប្រើម្សៅ​ទ្រនាប់​លាប​ផ្ទៃមុខ មិន​ស្ដើងពេក​មិន​ក្រាស់ពេក លាបឱ្យ​សព្វ​ពេញ ផ្ទៃមុខ។ បន្ទាប់​មកទៀត​ត្រូវប្រើ​ម្សៅ​ហុយលាប ដើម្បី​ឱ្យស្បែក​មុខម៉ដ្ឋ​រលោង​ហើយ​ជាប់បាន​យូរ។ ចិញ្ចើម​អាស្រ័យ​ទៅលើ​មុខ បើ សិនជា​ទម្រង់​មុខធំ​ត្រូវ​គូសធំ តែបើ​ទម្រង់​មុខតូច​ត្រូវគូស​ឱ្យតូច ដើម្បី​ឱ្យ​ស៊ីគ្នា​ជាមួយ​ផ្ទៃមុខ ដោយ​ប្រើខ្មៅ​ដៃគូស​ចិញ្ចើម​ពណ៌​សូកូ ឡា។ បន្ទាប់មក​ត្រូវប្រើ​ម្សៅផាត់​ភ្នែក​ដោយប្រើ​ពណ៌ស ត្រូវលាប​មិនឱ្យ​ក្រាស់ពេក និងមិន​ស្រាលពេក​ទេ។ ចំណែក​ឯត្របក​ភ្នែក​វិញ​ត្រូវតែ​មានភាព​ភ្លឺរលោង ដោយ​ប្រើពណ៌​ផ្កាឈូក​ឬពណ៌​ទឹកក្រូច​ជាដើម។ លោកស្រី​អ្នកនាង​កញ្ញា​គប្បី​ប្រើខ្មៅដៃ​គូសខ្សែ​ភ្នែក ខាងក្រោម​ឱ្យដិត​ខ្លាំង​បន្ដិច ដោយ​ប្រើពណ៌​ខ្មៅ​អូសឱ្យ​វែងហួស​កន្ទុយ​ភ្នែក​បន្ដិច។ រីឯម្សៅ​ពណ៌​ដែលត្រូវ​ផាត់ថ្ពាល់​វិញ សុភាពនារី​គួរ តែ​ប្រើពណ៌​ផ្កាឈូក​ឬពណ៌​ទឹកមាស​ផាត់​ស្រាលៗ។ បន្ទាប់​មកប្រើ​ក្រែមពណ៌​ទឹកក្រូច​ឬពណ៌​ផ្កាឈូក​លាបលើ​បបូរមាត់ ហើយ​ត្រូវ​លាបក្រែម​រលោង​ពីលើ​បបូរមាត់។ ជាចុងក្រោយ​សុភាពនារី​ត្រូវប្រើ​ម៉ាស្ការ៉ា​លាប​នៅលើ​រោមភ្នែក ដើម្បី​ជួយបន្ថែម​សោភ័ណ​ភាព រោមភ្នែក​ឱ្យមើល​ទៅឃើញ​ក្រាស់​ជាការ​ស្រេច។ ចំពោះ​ការ​តុបតែង​មុខបែប​ចិននេះ​អាច​ចូលរួម​បាន​គ្រប់កម្ម​វិធី ជាពិសេស​ពិធី​មង្គលការ និង​ពិធី​ជប់លៀង​ផ្សេងៗ ហើយ​អាច​ប្រើបាន​សម្រាប់​យុវវ័យ និង​ស្ដ្រីវ័យ​កណ្ដាល។

ដំបូន្មាន​អ្នក​ជំនាញ

សុភាពនារី​នៅពេល​ផាត់មុខ​ហើយ គួរតែ​ត្រួត​ពិនិត្យ​ឱ្យបាន​ម៉ត់ចត់។ ប្រសិនបើ​មើលទៅ​មិនបាន​ល្អ​គ្រប់​កន្លែង ទោះ​តិចតួច ក្ដី គួរតែ​កែលម្អ​ឱ្យបាន​ប្រសើរ​ឡើងវិញ។ តែ​បើសិនជា​មើលទៅ​ខុសច្រើន​ពេក ហើយ​មានការ​លំបាក​នៅក្នុង​ការកែ​លម្អ គួរតែ​លុប ចោល​ទាំងអស់​រួច​ចាប់ផ្ដើម​តុបតែង​សាជាថ្មី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative