ស្ដ្រី​រលូត​កូន និង​ផល​ប៉ះពាល់

ការមាន​ធ្លាក់ឈាម​មកនៅ​ក្រោយពេល​រាំងរដូវ​ឬពេល​មាន​ផ្ទៃពោះ គឺជា​រោគ​សញ្ញា​ដែលអាច​បញ្ជាក់ថា​មានការ​គម្រាម រលូត​កូន។ បន្ទាប់​ពីការ​ធ្លាក់ឈាម​ទើប​រលូតកូន​មក​តាម​ក្រោយ។ ជាការ​ពិតណាស់​ការ​រលូត​គឺ​បណ្ដាល​មកពី​កត្ដា​ច្រើន​យ៉ាង ដែល​ជាហេតុ​ធ្វើឱ្យ​ស្ដ្រីតែងតែ​ព្រួយ​បារម្ភ ព្រោះការ​រលូត​កូន​អាចបង្ក​ឱ្យមាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ស្ដ្រី ជួនកាល​បង្កឱ្យ​បាត់បង់​ជីវិត​ថែមទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេស​ផ្នែក​សម្ពព និង​រោគស្ដ្រី​នៅមន្ទីរ​ពេទ្យ កាល់ម៉ែត លោកនឹង​ធ្វើការ​ពន្យល់​អំពី​ស្ដ្រី​រលូតកូន​រួមទាំង​ផល​ប៉ះពាល់។

ការ​រលូតកូន​ជាអ្វី?

ស្ដ្រី​ដែលមាន​គភ៌​ដោយ​រាប់​ចាប់ពី​អាយុ​សូន្យខែ​ទៅប្រាំ​ខែ ហើយមាន​ធ្លាប់មក​ក្រៅនូវ​ដុំឈាម​ឬដុំ​គភ៌​ដែល​នៅក្នុង​ស្បូន​មកក្រៅ​នោះ គេ​ហៅថា​រលូត​កូន។ ការ​រលូតកូន​គឺជា​ការពន្លិច​ចេញ​មកក្រៅ​នូវដុំ​ឈាមឬ​ក៏គភ៌ ដោយ​អចេតនា​ឬដោយ​គ្មាន​បំណង នឹងធ្វើ​(ពន្លូត)។

រោគ​សញ្ញា​ជម្ងឺ​រលូត​កូន

ការ​ធ្លាក់ឈាម​ក្រោយពី​រាំងរដូវ​មិនមាន​ការ​ឈឺចុកចាប់​អ្វីនោះ​ទេ។ ប៉ុន្ដែ​បើសិន​ជាមាន​ការ​ឈឺចាប់​គឺ​ឈឺចាប់​នៅពេល​ដែល​រលូតកូន​តែស្បូន​មិនបើក ដែល​បណ្ដាល​ឱ្យមាន​ការ​ឈឺ​ចុកចាប់យ៉ាង​ខ្លាំង​នៅក្នុង​ពោះ​ខាងលើ​ថ្ងាស ព្រោះនេះ​ជាពេល​ដែលស្បូន​ច្របាច់​ឱ្យកូន​ចេញ​មកក្រៅ។ ដូចនេះ​ស្ដ្រី​គ្រប់រូប​គួរតែ​ប្រញាប់​ទៅជួប​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ ដើម្បី​ចៀសវាង​ឈានដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​រលូត​កូន

ចំពោះ​ការ​រលូតកូន​អាច​បណ្ដាល​មកពី​មូលហេតុ​ច្រើនយ៉ាង​ដូចជា ៖

1 . ការតោង​របស់​គភ៌​មិន​ធម្មតា ៖ គភ៌ទំ​នៅលើ​ភ្នាស​ស្បូន កាលណា​គភ៌​តោងទៅ​លើភ្នាស​ស្បូន​ដែលមិន​ល្អ ជាពិសេស​ភ្នាស​ស្បូន​ដែលធ្លាប់​ធ្វើការ​វះកាត់​ច្រើនដង ដែលអាច​ធ្វើឱ្យ​គភ៌រលូត​បាន។

2 . ស្បូនមាន​រូបរាង​មិន​ធម្មតា ៖ ស្បូនមាន​រូបរាង​ច្រើន​ប្រភេទ ចំពោះ​ស្បូន​ធម្មតា​គឺមាន​រូបរាង​ដូចជា​ឃ្លោក។ រីឯ​ស្បូន​ដែលមាន​រូបរាង​មិន​ធម្មតា​គឺ​សំដៅ​ទៅលើ​ស្បូនពី​កំណើត​មាន​រូបរាង​ខុសពី​ស្បូន​ដទៃទៀត ឬក៏​ស្បូន​មាន​បញ្ហា​ផ្សេងៗ​នៅក្នុង​សាច់ស្បូន​ក៏​បណ្ដាល​ឱ្យ​រលូត​ដែរ។

3 . ម្ដាយ​មាន​ជម្ងឺ ៖ ម្ដាយ​ដែលមាន​ជម្ងឺ​ប្រចាំ​កាយ ដូចជា​មានជម្ងឺ​ពកក ឬក៏​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​ទាំងនេះ​ក៏ជា​មូលហេតុ ដែលអាច​បណ្ដាល​ឱ្យកូន​រលូត​បានដែរ។

4 . ការ​ប្រើប្រាស់​ថ្នាំ ៖ ស្ដ្រីខ្លះ​ប្រើប្រាស់​ថ្នាំតាម​ចិត្ដចង់ មិនបាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែល​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ក៏អាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ចំពោះ​ទារក​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ។

5 . សុកកូន​ខ្សោយ ៖ ជាទូទៅ​សុក​ត្រូវតែ​ទំ​នៅលើ​ភ្នាសស្បូន ដូចនេះ​សុក​ត្រូវតែ​មានការ​មមាញឹក ដើម្បី​តោងភ្នាស​ស្បូន​ឱ្យជាប់។ ដើម្បី​តោង​ភ្នាសស្បូន​ឱ្យជាប់ សុក​ត្រូវតែ​មាន​សុខភាពល្អ ព្រោះ​សុក​មាន​តួនាទី​សំខាន់​សម្រាប់​ចិញ្ចឹម​គភ៌ បើសុក​ខ្សោយ កូនក៏​ខ្សោយដែរ ជាហេតុធ្វើឱ្យ​កូន​រលូត។

6 . មេជីវិត​ឈ្មោល​ខ្សោយ ៖ ជម្ងឺ​ខ្សោយ​ពីធម្មជាតិ​នៃ​មេជីវិត​របស់​បុរស។

7 . ការ​ប៉ះទង្គិច​ពេលមាន​គភ៌ ៖ ការដួល​ប៉ះទង្គិច គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​បណ្ដាល​ឱ្យរលូត​កូន។

8 . ឈាម​ម្ដាយ និងឈាម​កូន​មិនត្រូវ​គ្នា ៖ ក៏ជា​ចំណុច​មួយ​ដែលអាច​ធ្វើឱ្យ​រលូត​កូន​បានដែរ។

9 . ឈាម​ម្ដាយ និង​ឪពុក​មិនត្រូវ​គ្នា ៖ ចំពោះ​ឈាម​ឪពុក និង​ឈាម​ម្ដាយ​មិនត្រូវ​គ្នាក៏​អាច​បណ្ដាល​ឱ្យកូន​រលូត​ឬកូន​កើតមក​អាចស្លាប់​ក៏មាន​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​នៃការ​រលូត​កូន

ផល​ប៉ះពាល់​ក្រោយពេល​រលូត​ត្រូវបាន​ចែកចេញ​ជាពីរ​គឺ ៖

  • ការ​រលូត​មក​ទាំងអស់ ៖ ការ​រលូត​មាន​ទាំងអស់​ដែលមាន​តាំងពី​ឈាម សុក ទឹកភ្លោះ ដែលគេ​ហៅថា​ការ​រលូត​ទាំងដុល ឬ​គ្រប់គ្រាន់។ ដូចនេះ​ផលប៉ះពាល់​គឺមិន​មានអ្វី​ធំដុំ​នោះទេ គ្រាន់តែ​មានការ​ធ្លាក់ឈាម​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ ហើយ​ក៏បាត់​ទៅវិញ។
  • ការ​រលូតកូន​មកមិន​ទាំងដុល ៖ ការ​រលូត​ប្រភេទ​នេះពិត​ជាមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ម្ដាយ​យ៉ាង​ធ្ងន់ធ្ងរ ដែលធ្វើ​ឱ្យមាន​ធ្លាក់ឈាម​ជាខ្លាំង​រហូត​សម្ពាធ​ឈាម​ចុះខ្សោយ​រហូត​ដល់សូន្យ ដែល​ធ្វើឱ្យ​ស្ដ្រីដែល​ជាម្ដាយ​អាចស្លាប់​បាន។

វិធី​ព្យាបាល​ការ​រលូត​កូន

បើមាន​ការ​រលូត​មកទាំង​ដុល​ដូចនេះ ការ​ព្យាបាល​គឺ​មិនមាន​អ្វី​សំខាន់​នោះទេ គ្រាន់តែ​ប្រើថ្នាំឃាត់​ឈាម ឬក៏​ប្រើថ្នាំ សម្រាប់​ឱ្យសាច់​ដុំស្បូន​ប្រឹងតែ​ប៉ុណ្ណោះ ប៉ុន្ដែ​ត្រូវតែ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ។ បើសិន​ជាការ​រលូតកូន​មិនទាំង​ដុល​នោះទេ ដោយ​មាន​ធ្លាក់ឈាម​អូស​បន្លាយ ស្ដ្រី​គ្រប់រូប​ត្រូវតែ​ប្រញាប់​មកជួប​គ្រូពេទ្យ ដើម្បី​ឱ្យ​គ្រូពេទ្យ​សម្អាត​ភ្នាសស្បូន​ឱ្យស្អាត​ទៅតាម បច្ចេកទេស​របស់​គ្រូពេទ្យ និងការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​មេរោគ។

វិធី​ការពារ​ដើម្បី​កុំឱ្យ​រលូត​កូន

ដើម្បី​កុំឱ្យ​មានការ​រលូតកូន ស្ដ្រី​គ្រប់រូប​ដែលជា​ម្ដាយ​ត្រូវតែ​ឧស្សាហ៍​ទៅជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ញឹកញាប់។ ជាពិសេស​មុននឹង​មាន​ផ្ទៃពោះ​ត្រូវមក​ជួប​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​រកជម្ងឺ​ផ្សេងៗ​នៅមុន​ពេលមាន​ផ្ទៃពោះ ដើម្បី​ចៀសវាង​ការ​រលូត​កូន។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រីមាន​ផ្ទៃពោះ​គ្រប់រូប​ត្រូវតែ​ប្រយ័ត្ន​ប្រយែង​ជានិច្ច ដូចជា​ការប៉ះ​ទង្គិច​ឬក៏​ត្រូវចៀស​វាង​ចំពោះ​ការឡើង​ជណ្ដើរ​ច្រើនជាន់​ជាដើម។ ជាពិសេស​នៅពេល​ដែលមាន​អាការ​មិនស្រួល​ចំពោះ​កូនដែល​នៅក្នុង​ផ្ទៃ ត្រូវមក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀសវាង​ការ​កើត​មានបញ្ហា​ចំពោះ​សុខភាព​ម្ដាយ និង​ទារក​ក្នុងផ្ទៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative