ពល​រដ្ឋ​កម្ពុជា​ពី​១០%​ទៅ​១៧%​កើត​ជម្ងឺ​លើស​ឈាម​

ជម្ងឺ​លើស​ឈាម គឺ​ជា​ប្រភេទ​ជម្ងឺ​មិន​ឆ្លង ប៉ុន្តែ​ជម្ងឺ​នេះ បាន​យាយី​អាយុ​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា​អស់​ជា​ច្រើន​នាក់​ក្នុង​មួយ​ឆ្នាំៗ។​ជម្ងឺ​ដ៏​ពិបាក​ព្យាបាល​ឲ្យ​ជា​ដាច់​មួយ​នេះ ​ត្រូវ​បាន​ក្លាយ​ជា​បន្ទុក​មួយ​សម្រាប់​អ្នក​ជម្ងឺ និង​គ្រួសារ​អ្នក​ជម្ងឺ​ក្នុង​ការ​មើល​ថែ​ទាំ​យ៉ាង​ដិត​ដល់។​តើ​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​នៅ​តាម​ទី​ជន​បទ​ មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប៉ុន្មាន​នាក់​ដែល​កើត​មាន​ជម្ងឺ​លើស​ឈាម​នេះ?​

រូបភាពគេហទំព័រសុខភាពកម្ពុជា

កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​​នេះ ក្រុម​វេជ្ជ​បណ្ឌិត បាន​អះ​អាង​ថា បច្ចុប្បន្ន​ជម្ងឺ​លើស​ឈាម បាន​ឆក់​យក​ជីវិត​មនុស្ស ដោយ​ស្ងៀម​ស្ងាត់​បំផុត​ បើ​ទោះ​បី​ជម្ងឺ​នេះ មិន​មែន​ជា​ជម្ងឺ​ឆ្លង​ក៏​ដោយ។ ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ អត្រា​អ្នក​កើត​ជម្ងឺ​លើស​ឈាម បាន​កើត​ឡើង​ចំនួន​១៧​ភាគ​រយ​ នៅ​ទីក្រុង​ ឬ​ទី​ប្រជុំ​ជន និង​១០​ភាគ​រយ​កើត​ទៅ​លើ ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត។​

លោក​ វេជ្ជ​បណ្ឌិត ថេង​ យូដា​លីន​ ឯក​ទេស​ផ្នែក​ជម្ងឺ​លើស​ឈាម និង​ជម្ងឺ​បេះ​ដូង​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បាន​មាន​ប្រសាសន៍ ​នៅ​ក្នុង​សិក្ខា​សាលា​វេជ្ជ​សាស្រ្ត​ស្តី​ពី ផល​វិបាក​នៃ​ជម្ងឺ​លើស​ឈាម និង​ការ​ព្យាបាល​ជម្ងឺ​មហា​រីក​ពកក​ នៅ​សណ្ឋាគារ​ណាហ្គា​វើល ថ្ងៃ​ទី២៩​ ខែកក្កដា​ ឆ្នាំ​២០១២​នេះ​ថា នៅ​ឆ្នាំ២០១១​កន្លង​ទៅ អត្រា​អ្នក កើត​ជម្ងឺ​លើស​ឈាម​ច្រើន​ជាង​គេ គឺ​មាន​នៅ​ទី​ប្រជុំ​ជន​ ដែល​មាន​រហូត​ដល់ ១៧​ភាគ​រយ និង​១០​ភាគ​រយ​នៅ​ទី​ជន​បទ ហើយក​ម្ពុជា​មាន​អត្រា​ អ្នក​កើត​ជម្ងឺ​លើស​ឈាម​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ី ដែល​ទាម​ទារ​ឲ្យ​យើង​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជម្ងឺ​នេះ ព្រោះ​ជម្ងឺ​លើស​ឈាម​ បាន​សម្លាប់​ជីវិត​មនុស្ស​ដោយ​សម្ងាត់​បំផុត​។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សារ​ព័ត៌​មាន​ដើម​អំពិល។​

លោក​វេជ្ជ​បណ្ឌិត​ ជា​ សំអាន​ តំណាង​មន្ទីរ​ពហុ​ព្យាបាល​ និង​សម្ភព​វិសាល​សុខ បាន​មាន​ប្រសាសន៍​ដែរ​ថា ជា​ទូទៅ​ជម្ងឺ​លើស​ឈាម​ គឺជា​ប្រភេទ​ជម្ងឺ​ដែល​មិន​មាន​ការ​ឆ្លង ប៉ុន្តែ​ជម្ងឺ​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ស្ងាត់​ស្ងៀម​បំផុត​។ ប្រជា​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​ ៤០​ឆ្នាំ​ឡើង​ទៅ គួរ​ទៅ​ពិនិត្យ​ ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ដឹង​ពី​កម្រិត​ឈាម ជៀស​វាង​នៅ​ពេល​​ ឈឺ​ធ្ងន់​ធ្ងរ​ទើប​រត់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​

សូម​ជម្រាប​ថា មនុស្ស​ដែល​មាន​វ័យ​ចាប់​ពី៤​០ឆ្នាំ ដល់​៥៥​ឆ្នាំ​ឡើង​ទៅ និង​អ្នក​ដែល​ធ្វើ​ការ ដោយ​ប្រើខួរ​ក្បាល​ច្រើន​ និង​អ្នក​ដែល​មាន​រូប​រាង​ធាត់ គឺ​ប្រឈម​មុខខ្ពស់​ទៅ​នឹង​ជម្ងឺ​លើស​ឈាម​ ដែល​ទាម​ទារ​ឲ្យ​ពួក​គាត់​ មាន​ការ​ធ្វើ​លំហាត់​ប្រាណ​ ឲ្យ​បាន​ច្រើន​ តម​ការ​បរិភោគ​ប្រៃ និង​ខ្លាញ់​។ នៅ​ពេល​ដែល​អ្នក​ជម្ងឺព្យា​យាម​ ធ្វើ​លំហាត់​ប្រាណបាន​ជា​រៀងរាល់​ថ្ងៃ​នោះ នឹង​ធ្វើ​ឲ្យ​សម្ពាធ​​ឈាម​ របស់​អ្នក​ជម្ងឺ​ចុះ​ថយ។ ចំពោះ​អ្នក​កើត​មាន​ជម្ងឺ​លើស​ឈាម អាច​បណ្តាល​ឲ្យ​កើត​មាន​ជម្ងឺ​បេះ​ដូង ដា​ច់​សរសៃ​ឈាម ងងឹត​ភ្នែក​ ចុះ​ខ្យោយ​តម្រង​នោម និង​ចុង​ក្រោយ​ស្ទះស​រសៃ​ឈាម​បាត​ជើង។​

លោក​ វេជ្ជ​បណ្ឌិត ថេង​ យូដា​លីន ឯក​ទេស​ផ្នែក​ជម្ងឺ​លើស​ឈាម​ បាន​បន្ត​ឲ្យ​ដឹង​ថា “ជម្ងឺ​លើស​ឈាម​ នៅ​លើ​ពិភព​លោក​ទាំង​មូល​ មាន​ចំនួន​១​ពាន់​លាន​នាក់ ហើយ​នៅ​ក្នុង​នោះ ១៣,៥​ភាគ​រយ បាន​ស្លាប់​បាត់​បង់​ជីវិត។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ចំណោម​អ្នក​កើត​ជម្ងឺ​លើស​ឈាម​១សែន​នាក់ មាន​ស្លាប់​ជាង​១២០​នាក់ ដោយ​សារ​គាំង​បេះ​ដូង និង​ជាង​១១០​នាក់​ស្លាប់​ ដោយ​សារ​សរសៃ​ឈាម​ខួរ​ក្បាល (ដាច់​សរសៃ​ឈាម និង​ស្ទះស​រសៃ​ឈាម)​”។ លោក​វេជ្ជ​បណ្ឌិត​ ក៏​បាន​អំពាវ​នាវ​ ដល់​ប្រជាពល​រដ្ឋ​ទូទៅ​សូម​កុំ​ធ្វេស​ប្រហែល​ នៅ​ពេល​ដឹង​ថា ខ្លួន​មាន​ជម្ងឺ​លើស​ឈាម​ហើយ​នោះត្រូ​វ​មក​ពិនិត្យ​តាម​ដាន​ជម្ងឺ​ឲ្យ​ បាន​ត្រឹម​ត្រូវ​និង​ប្រើ​ថ្នាំ​ឲ្យ​ជាប់​ជា​ប្រចាំ​ ដោយ​មិន​ត្រូវ​ផ្អាក​លេប​ថ្នាំនៅ​ពេល​ណាដែល​សម្ពាធ​ឈាម​របស់​យើង​ចុះ​ទាប​នោះ​ទេ​ ព្រោះ​​នៅពេ​ល​ណាដែ​ល​កើត​មាន​ជម្ងឺ​លើស​ឈាម​ហើយ​នោះ គឺ​មិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​នោះឡើ​យ​ គឺ​យើង​ត្រូវ​បន្ត​ព្យាបាល​អស់​មួយ​ជីវិត។​

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative