ផ្ដា​សាយ​ទារក

ទារក​ទើបតែ​កើត​ងាយនឹង​ទទួល​រងផល​ប៉ះពាល់​នៃការ​ប្រែប្រួល​របស់​អាកាស​ធាតុ។ បើសិន​លោកអ្នក​មិនមាន​អនាម័យ​គ្រប់គ្រាន់ ទារក​ងាយនឹង​ឆ្លង​ជម្ងឺ ជាពិសេស​គឺជម្ងឺ​ផ្ដាសាយ។ ជម្ងឺផ្ដាសាយ​ធ្វើឱ្យ​ទារក​ពិបាក​ដក​ដង្ហើម និង​ហៀរ​សម្បោរ​ជាប្រចាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហូរ គឹមហ៊ាង គ្រូពេទ្យ​ផ្នែក​ជម្ងឺ​សួត​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ដើម្បី​ធ្វើការ​ពន្យល់​អំពី​ជម្ងឺ​ផ្ដាសាយ​ទារក។

ជម្ងឺ​ផ្ដាសាយ​ទារក​គឺជា​អ្វី?

ជម្ងឺ​ផ្ដាសាយ​ទារក​គឺ​សំដៅ​ដល់ជម្ងឺ​ឆ្លង​ហើយ​រីកសាយ​ភាយ​នៅក្នុង​សហគមន៍​ដែល​បង្កឡើង​ដោយ​វីរុស ហើយ​ជម្ងឺនេះ​អាចឆ្លង​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់ទៀត​តាមរយៈ​ការក្អក​ឬក៏កណ្ដាស់​ដាក់គ្នា​ជាដើម។

រោគ​សញ្ញា​ជម្ងឺ​ផ្ដាសាយ​ទារក

ករណី​ទារក​មាន​ផ្ដាសាយ លោកអ្នក​អាច​សម្គាល់​បាននូវ​អាការ​មួយចំនួន ដូចជា​ទារក​ក្អក​ស្ងួត មាន​ហៀរ​សម្បោរ តឹង​ច្រមុះ ក្ដៅខ្លួន ដកដង្ហើម​ញាប់ និង​ពិបាក​ដកដង្ហើម​ជាដើម។

វិធី​ព្យាបាល​ទារក​ដែលមាន​ជម្ងឺ​ផ្ដាសាយ

ជម្ងឺ​ផ្ដាសាយ​គឺបង្ក​ឡើង​ដោយ​ពួក​វីរុស ដូចនេះ​ការ​ព្យាបាល​ពុំតម្រូវ​ឱ្យមាន​ការ​ប្រើប្រាស់​ថ្នាំផ្សះ​នោះទេ។ ក្នុង​ករណី​ដែល ទារក​ក្ដៅខ្លួន​ខ្លាំង​លោកអ្នក​គួរប្រើ​ថ្នាំបញ្ចុះ​កម្ដៅ ហើយ​ជាពិសេស​លោកអ្នក​ត្រូវប្រើ​កន្សែង និង​ទឹកក្ដៅ​ឧណ្ហៗ​ដាក់​នៅលើ​ថ្ងាស​របស់​ទារក។ អ្វី​ដែល​ជាការ​ចាំបាច់​នោះមាន ៖

  • ត្រូវមាន​អនាម័យ​ចំពោះ​ទារក​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ ដូចជា​មុជទឹក​ក្ដៅ​ឧណ្ហៗ​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ពីពីរទៅ​បីដង។
  • ត្រូវលាង​សម្អាត​សម្បោរ​ដោយ​ប្រើក្រដាស​សើម​ហើយ​ជូតដោយ​ថ្នមៗ ចៀសវាង​មាន​ការរលាក​ច្រមុះ​របស់​ទារក។
  • ត្រូវ​តាមដាន​កម្ដៅ ចង្វាក់​ដង្ហើម ក្នុង​ករណី​ចាំបាច់​ត្រូវនាំ​ទារកមក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ផល​ប៉ះពាល់​ចំពោះ​ទារក​ដែលមាន​ជម្ងឺ​ផ្ដាសាយ

ទារក​ដែលមាន​ជម្ងឺ​ផ្ដាសាយ​ងាយនឹង​ជម្ងឺឆ្លង​ផ្សេងៗ ដូចជា​ជម្ងឺ​ផ្លូវ​ដង្ហើម ប្រកាច់​ក្នុង​ករណី​កម្ដៅ​ឡើងខ្លាំង​ពី៣៩​ទៅ៤០​អង្សាសេ។ ជាពិសេស​វាអាច​បណ្ដាល​ឱ្យទារក​រលាក​ស្រោម​ខួរក្បាល​ថែម​ទៀតផង។

វិធី​ការពារ​កុំឱ្យ​ទារកមាន​ជម្ងឺ​ផ្ដាសាយ

លោកអ្នក​ជាឪពុក​ម្ដាយ ត្រូវតែ​មាន​វិធានការ​ការពារ​ដើម្បី​កុំឱ្យ​កូនមាន​ជម្ងឺ​ផ្ដាសាយ។

  • ត្រូវមើល​ថែរក្សា​ទារក​កុំឱ្យ​សើម នៅក្នុង​បន្ទប់​ត្រូវមាន​កម្ដៅ​ក្ដៅល្មម ទារក​ត្រូវនៅ​ឆ្ងាយពី​ចរន្ដ​ខ្យល់ និង​ស្លៀក​សម្លៀក​បំពាក់​ឱ្យទារក​ឱ្យជិត ជាពិសេស​ត្រូវទុក​ទារក​ឱ្យ​នៅក្នុង​បន្ទប់​ជាមួយ​ម្ដាយ។
  • ត្រូវ​ងូតទឹក​ក្ដៅឧណ្ហៗ​ឱ្យទារក​ជាប់​ជាប្រចាំ។
  • ចំពោះ​ឪពុកម្ដាយ និង​ក្រុម​គ្រួសារ​មុននឹង​ទៅប៉ះពាល់​ជាមួយ​ទារក ត្រូវលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ស្អាត។
  • បន្ទប់ និង​សម្ភារៈ​ផ្សេងៗទៀត​របស់​ទារក​ត្រូវសម្អាត​ឱ្យស្អាត ហើយ​ហាលឱ្យ​ស្ងួត​ដោយ​ពន្លឺថ្ងៃ។
  • អ្នកជម្ងឺ​ផ្ដាសាយ​ពុំត្រូវ​ទៅ​ប៉ះពាល់​ជាមួយ​ទារក​នោះទេ។
  • ម្ដាយ​ត្រូវលាង​សម្អាត​ដោះឱ្យ​បាន​ស្អាត មុននឹង​ធ្វើការ​បំបៅ​ទារក។

ដំបូន្មាន​របស់​អ្នក​ជំនាញ

អ្នកម្ដាយ​ត្រូវតែ​បំបៅដោះ​កូនឱ្យ​បាន​ញឹកញាប់ នៅពេល​កូនមាន​ជម្ងឺ​ផ្ដាសាយ ព្រោះ​នៅពេល​ផ្ដាសាយ​ទារក​ក្ដៅខ្លួន ជាហេតុ​ធ្វើឱ្យ​បាត់បង់​នូវ​ជាតិទឹក ដូចនេះ​កត្ដា​ដែលល្អ​បំផុត​គឺ​ឱ្យទារក​បៅដោះ​ឱ្យច្រើន។ នៅ​មុនពេល​ដែលទៅ​ប៉ះពាល់​ទារក លោកអ្នក​ត្រូវតែ​សម្អាតដៃ​ឱ្យបាន​ស្អាត​ជាមុន​សិន និង​ត្រូវមាន​អនាម័យ​ជានិច្ច​ចំពោះ​ទារក។ អ្វីដែល​ល្អបំផុត បើសិន​ជាកូន​លោកអ្នក​មានជម្ងឺ​ផ្ដាសាយ ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចៀសវាង​ទុកទាល់​តែដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative