អត្ថប្រយោជន៍​នៃការ​ងូតទឹក​ត្រាំផ្កា

ជារៀង​រាល់ពេល​ទំនេរ​ពី​ការងារ​លោកអ្នក​មួយចំនួន​តែង​សម្រាក​កាយ​សប្បាយ​ជាមួយ​នឹងការ​ម៉ាស្សាខ្លួន បាតជើង ស្ប៉ា ស្ទីម ឬ​ត្រាំទឹកផ្កា​ជាដើម ដើម្បី​ឱ្យខ្លួន​ប្រាណ​មានសភាព​ស្រស់ថ្លា និងមាន​អារម្មណ៍​ស្រស់ស្រាយ។ សុភាពនារី​គឺបាន​ទទួលស្គាល់​ពី អត្ថប្រយោជន៍​ពីការ​ស្ប៉ា ជាពិសេស​គឺការ​ងូតទឹក​ត្រាំផ្កា​ដែលបាន​ផ្ដល់នូវ​អារម្មណ៍​ដ៏ស្រស់ស្រាយ​បន្ទាប់​ពីបាន​ត្រាំរួច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី ជា ពុទ្ធាសត្យា អ្នក​គ្រប់គ្រង​នៃ​ឡាបែលឡាស្ប៉ា និង​សាឡន បានជួប​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ធ្វើការ​បកស្រាយ​ពីផល​ប្រយោជន៍​នៃការ​ត្រាំទឹកផ្កា​នេះ ជូន​សុភាពនារី​ទាំងឡាយ​ដែល​មិនទាន់​បាន​សាកល្បង។

ងូតទឹក​បន្ថែម​ភាពក្រអូប

ដើម្បី​បន្ថែម​សោភ័ណភាព​ចំពោះ​សម្រស់​ស្បែក លោកអ្នក​អាចធ្វើ​ការ​សាកល្បង​ជាមួយ​ការ​ងូតទឹក​ត្រាំផ្កា ពេលនោះ​លោក អ្នក​នឹង​ទទួលបាន​នូវ​លទ្ធផល​គួរជាទី​ពេញចិត្ដ។ ការ​ងូតទឹក​ត្រាំផ្កា​លោកអ្នក​អាច​ជ្រើសរើស​ក្លិន ដូចជា​ក្លិន​ទឹកដោះគោ ឬ​ក្លិនជាតិ​រ៉ែធម្មជាតិ ដោយមាន​លាយអំបិល ផ្កា និង​ក្រូចសើច​ផងដែរ។ ការ​ត្រាំទឹកផ្កា​នេះ​លោកអ្នក​អាច​ធ្វើបាន​នៅតាម​បណ្ដា​ហាងស្ប៉ាមួយចំនួន តែបើ​លោកអ្នក​ចង់ធ្វើ​ការ​សាកល្បង​ដោយ​ខ្លួនឯង​នៅផ្ទះ គឺមិន​មានការ​ពិបាក​សាកល្បង​នោះទេ។ ក្នុងការ​ត្រាំទឹកផ្កា​នេះវត្ថុ រួមផ្សំ​មាន​ដូចជា​ទឹកមួយ​អាងល្មម ទឹកដោះគោ​មួយកែវ​ទឹកធម្មតា អំបិល​មួយក្ដាប់ និងមាន​ផ្កាក្រអូបៗ ដូចជា​ផ្កាម្លិះ ឬ​ផ្កាកូលាប​ជាដើម។ តែត្រូវ​ចៀសវាង​ជ្រើសរើស​ផ្កាណា​ដែលមាន​លម្អង ព្រោះវា​អាចមាន​កម្ទេច​លម្អង​ចូលក្នុង​ទឹក​ធ្វើឱ្យ​ស្បែករោល ឬ​រមាស់ជាដើម។ ត្រាំទឹកផ្កា​អាច​ប្រព្រឹត្ដ​ទៅយ៉ាង​យូរគឺ​រយៈពេល​៣០នាទី​ប៉ុណ្ណោះ បើ​ត្រាំយូរ​ពេកក៏​អាច​បណ្ដាល​ឱ្យយើង​អស់កម្លាំង និងស្បែក​ប្រែជា​ស្រពោន​ស្ងួត​ទៅវិញ។

សារៈប្រយោជន៍​នៃការ​ងូតទឹក​ត្រាំផ្កា

ការ​ងូតទឹក​ត្រាំផ្កា​គឺជួយ​សម្រស់ស្បែក​ឱ្យកាន់តែ​ស្អាត​តាមលក្ខណៈ​ធម្មជាតិ និងបាន​ទទួល​អារម្មណ៍​ធូរស្រាល ស្រស់ស្រាយ ព្រមទាំង​ជួយបំបាត់​ការ​នឿយហត់​ពីការងារ​ទាំងឡាយ​ទៀតផង។ ការ​ត្រាំទឹកផ្កា​ប្រៀប​ដូចជា​ឱសថ​មួយដែល​ជួយ​រាល់ពេល​ដែលលោកអ្នក​មាន​អារម្មណ៍​អស់កម្លាំង ស្ដ្រេស​នឹង​ការងារ​ច្រើន ឬ​ឈឺក្បាល​ជាដើម គឺ​នៅពេល​បាន​ងូតទឹក​ក្ដៅឧណ្ហៗ​ប្រែជា​ត្រជាក់បន្ដិចម្ដង​ជាមួយ​ផ្កាដ៏​ក្រអូប លោកអ្នក​នឹង​ទទួលបាន​អារម្មណ៍ថ្មី​ស្រឡាង​ស្រស់ស្រាយ និងមាន​អារម្មណ៍​ស្រួលខ្លួន។

ដំបូន្នាន​អ្នក​ជំនាញ

បើសិនជា​លោកអ្នក​ដែលមាន​អាងត្រាំទឹក​ប្រចាំ​ខ្លួន រៀងរាល់​ពេលទំនេរ​អាច​សាកល្បង​ងូតទឹក​ត្រាំផ្កានេះ​បាន ពេលនោះ លោកអ្នក​នឹងបាន​ជ្រាបពី​សារៈប្រយោជន៍​ដែលជួយ​ទៅ​សម្រស់ស្បែក និងមាន​អារម្មណ៍​ស្រស់ថ្លា​ជាក់ជា​មិនខាន។ ការ​ថែរក្សា​សម្រស់ស្បែក​តាមលក្ខណៈ​ធម្មជាតិ​ដែល​ទទួលបាន​នូវលទ្ធផល​គួរជាទី​ពេញចិត្ដ គឺជាក្ដី​បំណង​ប្រាថ្នា​ចំពោះ​សុភាព​នារី​គ្រប់ៗរូប។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative