ម៉ូត​ក្រចក១០យ៉ាង(ត)

កាលពី​លេខមុន​សុភាពនារី​បានជ្រាប​រួចមក​ហើយ អំពីការ​រចនាម៉ូត​ក្រចក​មួយចំនួន។ នៅលេខ​នេះ​លោកស្រី​អ្នកនាង​កញ្ញា នឹងបាន​ជ្រាបបន្ថែម​ជាមួយ​នឹងការ​រចនាម៉ូត​ក្រចក​ដ៏គួរឱ្យ​ទាក់ទាញ​ជាបន្ដ​ទៅទៀត។ ជាការ​ពិតណាស់​ការ​រចនាម៉ូត​ក្រចក​គឺជា​បញ្ហាមួយ​ដ៏សំខាន់​ក្នុងការ​ជួយ​បន្ថែមនូវ​សោភ័ណភាព​នៃ​សម្រស់​ម្រាមដៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​អ្នកនាង បូភ័ណ ម្ចាស់ហាង​កែសម្ផស្ស​បូភ័ណ ដើម្បី​រៀបរាប់​អំពីការ​រចនាម៉ូត​ក្រចក។

ម៉ូត​ក្រចក​ពេញ​និយម

ម៉ូត​ក្រចក​សម្រាប់​រចនា​មានច្រើន​ម៉ូតណាស់​ទៅតាម​ការច្នៃ​ប្រឌិត ទស្សនាវដ្ដី សុខភាពយើង សូមបន្ដ​លើកយក​មកបង្ហាញ​នូវម៉ូត​ក្រចក​បន្ថែមទៀត បន្ទាប់ពី​លេខមុន​ដូចតទៅ។

4 . ម៉ូត​ក្រចក​សំណាញ់​បញ្ឆិត ៖ ជាដំបូង​សុភាព​នារី​គួរតែ​សម្អាត និង​កាត់សាច់​ក្រចក​ឱ្យបាន​ស្អាត​ជាមុនសិន ដើម្បី​ការពារ​ការឆ្លង​មេរោគ ជាពិសេស​អាចធ្វើ​ឱ្យក្រចក​ស្រស់ស្អាត​នៅពេល​រចនាម៉ូត។ បន្ទាប់មក​ត្រូវ​លាបពណ៌​ដែល​ចូលចិត្ដ ហើយ​ត្រូវគូស​ក្រឡា​បញ្ឆិត​ពីលើ​ចុះក្រោម​ដោយប្រើ​ពណ៌​ឱ្យលេច​ធ្លោ ជាពិសេស​គឺពណ៌​ក្រមៅ។ បន្ទាប់​មកទៀត​ត្រូវគូស​ក្រឡា​ទទឹង​ឱ្យស្មើៗ​គ្នា រួចទុក​ឱ្យស្ងួត​ហើយត្រូវ​លាបថ្នាំ​ទឹក​រលោង​ជាការ​ស្រេច។ ចំពោះ​ម៉ូតក្រចក​ប្រភេទនេះ​អាច​ចូលរួម​បានគ្រប់​កម្មវិធី ហើយ​អាច​ប្រើបាន​សម្រាប់​យុវវ័យ និង​ស្ដ្រីវ័យ​កណ្ដាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

5 . ម៉ូតក្រចក​មេអំបៅ ៖ ម៉ូតក្រចក​មេអំបៅ​នេះ​ទាមទារ​ការយក​ចិត្ដទុក​ដាក់​បន្ដិច​សម្រាប់​អ្នក​រចនា​ម៉ូត។ ជាដំបូង សុភាពនារី​ត្រូវ​សម្អាត​ក្រចក ហើយ​កាត់​ក្រចក​ជារាង​ជ្រុងបន្ដិច បន្ទាប់ត្រូវ​លាបពណ៌​ក្រចក​ទៅតាម​ចំណង់​ចំណូល​ចិត្ដ។ បន្ទាប់មក​ទៀតត្រូវ​ប្រើ​ថ្នាំ​គូស​ក្រចកពណ៌​ខ្មៅ ដោយគូស​ជារូប​មេអំបៅ​រួចហើយ​ត្រូវ​ហាយឡាយ​ស្លាប​មេអំបៅ ដោយ​ប្រើថ្នាំ​ក្រចក​ពណ៌ស្រាលៗ ដូចជា​ពណ៌​ផ្ទៃមេឃ​ជាដើម។ ហើយ​ត្រូវយក​ថ្នាំក្រចក​ពណ៌ខ្មៅ​មកគូស​ព្រុយពីរ​របស់សត្វ​មេអំបៅ រីឯ​នៅខាង​ចុងក្រចក​ត្រូវ គូស​ស្មៅ ឬ​វល្លិ ដោយ​ប្រើពណ៌​ត្រួយ​ចេក​ខ្ចី​រួចទុក​ឱ្យស្ងួត​ហើយ​លាបទឹក​រលោង​ជាការ​ស្រេច។ ម៉ូតក្រចក​សក្ដិសម​ប្រើ​សម្រាប់យុវវ័យ និងអាច​ចូលរួម​បាន​គ្រប់ពិធី ជាពិសេស​ពិធី​រាត្រី​ស្រមោលស។

6 . ម៉ូត​ក្រចក​បេះដូង ៖ ចំណែក​ឯម៉ូត​ក្រចក​បេះដូង​នេះវិញ​ជាដំបូង​ត្រូវធ្វើ​ការសម្អាត​ក្រចក​ឱ្យបាន​ស្អាត រួចត្រូវ​លាបថ្នាំ ក្រចក​ទឹករលោង បន្ទាប់មក​ត្រូវដាក់​បារ៉ត​ប្រដេញ​ពណ៌គ្នា ដោយប្រើ​ពណ៌​ទៅតាម​ចំណង់​ចំណូល​ចិត្ដ។ បន្ទាប់មក​ទៀត​ត្រូវយក​ម្សៅ ថ្នាំ​ផ្កាផុស​គូសរូប​បេះដូង​នៅលើ​ក្រចក​ដោយប្រើ​ពណ៌ផ្សេងៗ​ពីគ្នា​ទៅតាម​ពណ៌ដែល​ចូលចិត្ដ ហើយ​ត្រូវដាំ​ត្បូងតាម​កៀនៗ​នៃ​បេះដូង ដើម្បី​ឱ្យមើល​ទៅ មាន​ភាព​ស្រស់ស្អាត​រួចទុក​ឱ្យស្ងួត ហើយ​លាបទឹក​រលោង​ជាការ​ស្រេច។ ម៉ូត​ក្រចក​ប្រភេទនេះ​អាចប្រើ​សម្រាប់​យុវវ័យ និងអាច​ចូលរួម​បាន​គ្រប់កម្មវិធី។

ដំបូន្មាន​អ្នក​ជំនាញ

សម្រស់​ក្រចក​ជា​ផ្នែកមួយ​ដែលជួយ​បង្កើន​សោភ័ណ​ភាព​ម្រាមដៃ ដូចនេះ​សុភាពនារី​គ្រប់រូប​មិនត្រូវ​ភ្លេចការ​រចនាម៉ូត ក្រចក​រាល់ពេល​ចូលរួម​កម្មវិធី​សំខាន់ៗ​នោះទេ។ ការ​សម្អាត​ក្រចក​ក៏ដូចគ្នា​ដែរ មិត្ដនារី​ទាំងអស់​គួរតែ​ធ្វើការ​សម្អាតឱ្យ​ស្អាត ដើម្បី​ឱ្យ ក្រចក​មានភាព​ស្រស់ស្អាត និង​អនាម័យ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative