មូល​និធិអង្គការ​បារាំង​មានគម្រោង​ផ្ដល់​មជ្ឈមណ្ឌល​សរសៃ​ប្រសាទ​មួយដល់​មន្ទីរពេទ្យ​កាល់ម៉ែត

លោក​សាស្ដ្រាចារ្យ ហ្វ្រង់ស័រ សាវីយេ រូស (Francois Xavier Roux) ប្រធាន​ផ្នែក​ប្រព័ន្ធ​សរសៃប្រសាទ​នៃ មន្ទីរពេទ្យ​សាំងអាន​(Sainte Anne) និងជា​ប្រធាន​មូលនិធិ​នៃអង្គការ​ La Chaine de l’Espoir ប្រទេស​បារាំង​បានឱ្យ​ដឹងថា បច្ចុប្បន្ននេះ​មូលនិធិ​មាន​គម្រោង​សង់​មជ្ឈមណ្ឌល​សរសៃ​ប្រសាទ​មួយនៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុងពេល​ដែល​លោក​សាស្ដ្រាចារ្យ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា គម្រោង​សាងសង់​មជ្ឈមណ្ឌល​នេះ បានសិក្សា​ឡើងវិញ​យ៉ាង​ល្អិតល្អន់។ តាមការ​សិក្សា គម្រោង​សាងសង់​មជ្ឈមណ្ឌល​សរសៃ​ប្រសាទ​ដែលមាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ នេះ​ត្រូវការ​ថវិកា​ពី៥លានដុល្លារ​ទៅ១០លានដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឈាង រ៉ា នាយក​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ពាក់កណ្ដាល​ខែមករា​កន្លងទៅ​នេះ បានផ្ដោត​សំខាន់​លើការ​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​រវាងផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​របស់ La Chaine de l’Espoir និង​មន្ទីរពេទ្យ កាល់ម៉ែត​ឱ្យ​កាន់តែ​មាន​កម្រិត​ខ្ពស់ថែមទៀត ដោយ​ពិនិត្យ​ឡើងវិញ​គម្រោង​អភិវឌ្ឍន៍​វះកាត់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឱ្យ​កាន់តែ​ល្អ ប្រសើរ​ជាងមុន។ កិច្ច​ពិភាក្សា​នេះក៏បាន​ឯកភាព​ជាគោល​ការណ៍​ផងដែរ​លើការ​ចុះហត្ថលេ​ខាសហប្រតិបត្ដិ​ការ​មួយចំនួន​ដូចជា ៖

1 . កិច្ច​សហប្រតិបត្ដិការ​រវាង​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​សាំងអាន

2 . កិច្ច​សហប្រតិបត្ដិការ​រវាង​មន្ទីរពេទ្យ​កាល់ម៉ែត​និងមន្ទីរពេទ្យ​សាំងអេទីយ៉ែន (Saint Etienne)

3 . កិច្ច​សហប្រតិបត្ដិការ​រវាង​ក្រុម​វះកាត់​សរសៃ​ប្រសាទ​របស់ La Chaine de L´Espoir និង​មន្ទីរពេទ្យ​សាំងអាន។

លោក​សាស្ដ្រាចារ្យ ហ្វ្រង់ស័រ សាវីយេ រូស ក៏បាន​លើកឡើង​ឱ្យដឹង​ថា លោក​មក​កម្ពុជា​ពេលនេះ​សំខាន់​បំផុត​ក្នុង​បេសកកម្ម​មនុស្ស​ធម៌ គឺ​ដើម្បី​ជួយ​ព្យាបាល និង​ជួយ​បណ្ដុះ​បណ្ដាល​ដល់​គ្រូពេទ្យ អ្នក​វះកាត់ និង​បុគ្គលិក​ពេទ្យ​ទាំងអស់។  លោក​សាស្ដ្រាចារ្យ​ក៏បាន​ឱ្យដឹង​ផងដែរ​ថា លោក​ធ្លាប់មក​ធ្វើការ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត​រយៈពេល​ជាង១២ឆ្នាំ​មកហើយ តាមរយៈ La chaine de L´Espoir ដើម្បី​ជួយ​វះកាត់​ដល់ជន​ក្រីក្រ មនុស្ស​ចាស់​ជរា ជាពិសេស​កុមារ និង​ធ្វើការ​ជាមួយ​ក្រុម​គ្រូពេទ្យ សរសៃ​ប្រសាទ។

ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​លោក​សាស្ដ្រាចារ្យ ហ្វ្រង់ស័រ សាវីយេ រូស មាន​បំណង​ធំ​ដូចជា​ការ​សាងសង់​អគារ​សរសៃ​ប្រសាទ ដែលមាន​ស្ដង់ដារ​អន្ដរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​នេះតាម​រយៈកិច្ច​សហប្រតិបត្ដិ​ការ La Chaine del L´Espoir នឹងជួយ​ទាំង​សម្ភារៈ​និងការ​បណ្ដុះបណ្ដាល​ផ្នែក​ឯកទេស​សរសៃ​ប្រសាទ និង​សង្គ្រោះ​បន្ទាន់​ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា​លើផ្នែកវះកាត់ សរសៃ​ប្រសាទទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative