កុមារ​កម្ពុជា​បី​នាក់​បាន​ជា​សះ​ស្បើយ​ពី​ជម្ងឺ​អ៊ីវី​៧១​

ជម្ងឺ​អ៊ីវី​៧១​ នៅ​តែ​ជា​ព័ត៌​មាន​ដ៏​ក្តៅ​គគុក​មួយ​សម្រាប់​ដំណោះស្រា​យ​របស់​ក្រសួង​សុខា​ភិបាល​ រួ​ម​ជា​មួយ​អង្គការ​សុខ​ភាព​ពិភព​លោក​ ធ្វើការ​អប់​រំ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​ស្ថាន​ភាព​ជម្ងឺ​របស់​ការ​ស្លាប់​នៃ​កុមារ​កម្ពុជាទាំ​ង​ឡាយ។ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​ អង្គការ​សុខ​ភាព​ពិភព​លោក​ក៏​ត្រូវ​ខាង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផារិះ​គន់​យ៉ាង​ចាស់​ដៃ​ផង​ដែរ ចំពោះកា​រ​សន្និ​ដ្ឋាន​ និង​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​ដែល​មក​ដល់​ពេល​នេះ ខាង​អង្គការ​សុខ​ភាព​ពិភព​នៅ​មិន​ទាន់​មាន​ប្រតិ​កម្ម​តប​វិញ​នៅ​ឡើយ។ ប៉ុន្តែ​ថ្មីៗ​នេះ ​ក្រសួង​សុខា​ភិបាល​និង​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ចេញ​របាយ​ការណ៍​ថ្មី​ស្តី​អំពី​ជម្ងឺ​អ៊ីវី​៧១​នេះ ​ហើយ​ក្នុង​នោះក៏​មាន​អ្នក​ជម្ងឺ​ជា​កុមារ​ចំនួន​បី​នាក់​បាន​ជាសះ​ស្បើយ​ពី​ជម្ងឺ​នេះផ​ងដែរ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​រវាង​ក្រសួង​សុខាភិ​បាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក កាល​ពី​ថ្ងៃ​ទី​២៧​ កក្កដា ​បាន​ឱ្យ​ដឹង​ថា ​ក្រសួង​សុខាភិបាល​នឹង​ចាប់​ផ្តើម​យុទ្ធ​នាការ​អប់រំ​សុខភាព​ និង​បង្កើន​ការ​តាម​ដាន​លើ​ជម្ងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់​កុមារ​ ដោយ​តម្រូវ​ឱ្យ​មន្ទីរ​ពេទ្យ​នានា​រាយ​ការណ៍​ពីករណី​ជម្ងឺ​នេះ​ទាំង​ស្រាល និង​ធ្ងន់ក្នុង​ចំណោម​កុមារ ជា​ពិសេស​ ទម្រង់​ធ្ងន់​ធ្ងរ​នៃ​ជម្ងឺ​ពង​បែក​ដៃ ជើង ​និងក្នុ​ងមា​ត់ ដែល​បង្ក​ដោយ​មេរោគ​អ៊ីវី​៧១។​

សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើ​បាន​ឲ្យដឹង​បន្ត​ថា មាន​ការ​រក​ឃើញ​ករណី​សរុប​ចំនួន​៧៨​ករណី ដែល​ក្នុង​នោះ​៦២​ករណី ​បានរា​យការណ៍​ពី​មន្ទីរ​ពេទ្យគ​ន្ធ​បុប្ផា​ និង​ករណី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រាយ​ការណ៍​ពីម​ន្ទីរ​ពេទ្យ​ដទៃផ្សេ​ងទៀ​ត ។​ ក្នុង​ចំណោមក​រណី​ទាំង​អស់​នោះ ការ​អង្កេត​ស្រាវ​ជ្រាវ​បាន​សង្កត់​ធ្ងន់​តែ​លើ​៦១​ករណី ដែល​មាន​រោគ​សញ្ញា​នៃ​ជម្ងឺ​អ៊ីវី​៧១​តែប៉ុ​ណ្ណោះ ។​ ការ​តាម​ដាន​ចុង​ក្រោយ​ទៅ​លើ​ករណី​ទាំង​៦១ បាន​បង្ហាញ​ថា ៥៦​ករណី​បាន​ស្លាប់ និង​៣​ករណី​ជា​សះស្បើ​យ។​ ក្នុងរ​យៈពេ​លមួយស​ប្តាហ៍​ចុង​ក្រោយ​នេះ មាន​៥៣៣​ករណី​នៃ​ជម្ងឺ​ពង​បែក​ដៃ ជើង​ និង​ក្នុង​មាត់​ស្រាល​ត្រូវ​បាន​រាយ​ការណ៍​មក​ក្រសួង​សុខា​ភិបាល​ពី ១៧​ខេត្ត​ក្រុង ក្នុង​ចំណោម​ ២៤​ រាជ​ធានី-​ខេត្ត​ និង​មាន​៩ក​រណី​ស្លាប់​ ១ករ​ណីជា​សះស្បើ​យ និង​៥ករណី​កំពុង​សម្រាកព្យា​បាល។​

ជម្ងឺ​ពង​បែក​ដៃ ជើង​ និង​ក្នុងមា​ត់ស្រាល ភាគ​ច្រើន​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ។ ករណីទាំ​ងនេះ​អាច​ព្យាបាល​នៅផ្ទះ​ ឬ​នៅ​មណ្ឌល​សុខ​ភាព។ ភាគ​ច្រើន​នៃ​ករណី​ស្រាលទាំ​ងនេះ​ ជា​សះស្បើយក្នុ​ងរយៈ​ពេល​ពី៧​ទៅ១០​ថ្ងៃ​ ប៉ុន្តែ​មាន​កុមារ​មួយ​ចំនួន​អាច​វិវត្ត​ទៅជា​ធ្ងន់​ធ្ងរ ដោយ​មាន​រោគ​សញ្ញាគ្រុ​ន​ក្តៅ និង​សញ្ញាប្រ​ព័ន្ធ​ប្រសាទ​ ដូច​ជា ក្អួត​ ប្រកាច់​ ឬរឹង​ដៃរឹ​ងជើង​ ឬ​មាន​សញ្ញា​ផ្លូវ​ដង្ហើម​ដូច​ជា ដង្ហើម​ញាប់ ឬ​ពិបាក​ដក​ដង្ហើម ។ កុមារ​ទាំង​នេះ​ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ។​

ឯក​ឧត្តម ម៉ម​ ប៊ុន​ហេង រដ្ឋ​មន្ត្រីក្រសួង​សុខាភិ​បាល មាន​ប្រសាសន៍​ថា «ឪពុក​ម្តាយទាំ​ងឡាយ​ដែល​មាន​រោគ​សញ្ញា ​គ្រុនក្តៅ​ខ្លាំង​ ក្អួត​ រឹង​ដៃជើង​ ឬ​ពិបាក​ដក​ដង្ហើម ត្រូវ​នាំ​យក​ទៅ​មន្ទីរ​ពេទ្យឱ្យ​បាន​ឆាប់ ដើម្បី​ធ្វើរោ​គ​វិនិ​ច្ឆ័យ​ និង​ទទួល​ការ​ព្យាបាល»។​ ចូរ​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ ​និង​ទឹក។ ជា​ពិសេស​បន្ទាប់​ពី​ប៉ះ​ពង​បែក​ ឬដំ​បៅ ​មុន​រៀប​ចំ​អាហារ​បរិភោគ​ មុន​បញ្ចុក​អាហារ​ដល់​កុមារ​ បន្ទាប់​ពីបន្ទោប​ង់រួ​ច និង​បន្ទាប់​ពី​លាង​សម្អាត​ ឬ​ងូត​ទឹក​ឱ្យ​កុមារ​ដែល​មាន​ជម្ងឺនោះ​រួច។​

បច្ចុប្បន្ន​ក្រសួង​សុខាភិ​បាល សហការ​ជាមួយ​អង្គការយូ​នីសេហ្វ ​និង​អង្គការសុ​ខភាព​ពិភពលោក​ បាន​និង​កំពុង​បង្កើត​សម្ភារ​អប់​រំ និង​ផ្តល់​ព័ត៌មាន​ដល់​សាធារណ​ជន​អំពី​ជម្ងឺ​នេះ។ ព័ត៌​មានផ្សេងៗ​ស្តី​ពី​ជម្ងឺ​ពង​បែក​ដៃ​ជើង​ និង​ក្នុង​មាត់ លោក​អ្នក​អាច​ចូល​មើល​នៅគេហ​ទំព័រ​ សុខ​ភាព​កម្ពុជា​ www.HealthCambodia.com ។

អត្ថ​បទដោយ ៖​ សៀង វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative