តួនាទីរបស់បុត្រាបុត្រី​នៅក្នុង​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ​

ប្រជាពលរដ្ឋមួយចំនួន​ដែលបាន​បែកចេញ​ពី​ឪពុកម្ដាយ បងប្អូន​ញាតិសន្ដាន ដើម្បី​បំពេញ​ការងារ របររកស៊ី រកប្រាក់​កម្រៃចិញ្ចឹម​គ្រួសារ ឱ្យតែ​នឹកដល់​ពិធីបុណ្យ​​ចូលឆ្នាំខ្មែរ​ក៏កើត​មានចិត្ដ​រំភើប​សប្បាយ​រីករាយ​ជាខ្លាំង ព្រោះថា​អាចនឹង​វិលទៅ​ស្រុក​កំណើត​ ទៅជួប​ជុំគ្រួសារ ញាតិសន្ដាន មិត្ដភក្ដិ ដែលបាន​បែកមួយ​រយៈធំ​មកហើយ ជាពិសេស​មាតាបិតា​តែម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួបជា​មួយ​​ព្រះមហា ឡុង សុភាព ជាព្រះ​ធម្មាចារ្យ​គង់នៅ​វត្ដសំពៅមាស ព្រះអង្គ ​នឹងពន្យល់​អំពីការ​បំពេញ​តួនាទី​របស់​បុត្រាបុត្រី​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ។

តួនាទីរបស់បុត្រាបុត្រី

កូនប្រុសស្រីត្រូវដឹងថា មាតាបិតា​ជាអ្នក​មានគុណ ជាអ្នកផ្ដល់​កំណើត ជាអ្នក​ចិញ្ចឹមកូនៗ​គ្រប់គ្នា​ឱ្យធំពេញ​វ័យរហូត ដល់កូន​ប្រុសស្រី​មានគូ​ស្វាមីភរិយា​ហើយក្ដី ក៏នៅតែ​បារម្ភពី​កូនគ្រប់​ពេលវេលា មិនថាកូន​នៅឆ្ងាយ​ឬក៏​ជិតនោះទេ។ បុត្រាបុត្រី​ គ្រប់រូប​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ជាកូនដ៏ល្អ​សម្រាប់​មាតាបិតា​វិញ ដូចជា​មាតាបិតា​ចិញ្ចឹម​កូនប្រុស​ស្រីឱ្យ​ធំដឹងក្ដី​នេះឡើង។ ដូចនេះ​ បុត្រាបុត្រី​ត្រូវតែ​ធ្វើធម៌​តបចំពោះ​មាតាបិតា​វិញដូចជា ៖

១ – បុត្រាបុត្រីគប្បីសិក្សាថា អាត្មាអញ មាតាបិតា​បានចិញ្ចឹម​រក្សាមកហើយ និងត្រូវចិញ្ចឹម​មាតាបិតា​វិញ។ កើតមក​ ជាមនុស្ស​បើគ្រាន់តែ​នឹករលឹកដល់​អំពើល្អ​ដែលអ្នក​ដទៃ​បានធ្វើមក​លើខ្លួន​មិនឃើញ​ហើយនោះ ចាំបាច់​និយាយ​ដើម្បី​សន្សំ​កពូន​ក្នុង​ សន្ដាន​ទៅបាន។ បក្សី​ស៊ី​ផ្លែពោធិ៍​ជ្រៃ​អស់ហើយ ហើរចេញ​មិនបែរ​ក្រោយ រឿងនេះ​មិនគួរតិះ​ដៀលទេ ព្រោះវា​​​​​​​​​​​​​​​​​​​​​ជាធម្មតា​របស់សត្វ​ តិរច្ឆាន។ ប៉ុន្ដែមនុស្ស​យើងវិញ បើធ្វើ​របៀបនេះ ពោលគឺ​មិនបែរ​ក្រោយដោយ​ការនឹក​រលឹកដឹង​គុណដល់​អ្នកដទៃ មាន​មាតាបិតា ជាដើម បានធ្វើ​ហើយនូវ​ប្រយោជន៍សុខ​ចម្រើនកើត​កើនដល់​ខ្លួននោះ វាគួរ​ឱ្យ​តិះដៀល​ខ្លាំងណាស់ ព្រោះមនុស្ស​យើង​មិនមែន​ជាសត្វ តិរច្ឆាន​ឯណា។ ធ្វើបុណ្យ​ដាក់បាត្រ​ក្រាបសំពះ​ព្រះនៅវត្ដ​គឺពិតជាល្អ មានចិត្ដ​ស្មោះសរ សន្សំគុណធម៌​ក្នុងសន្ដាន ប៉ុន្ដែសូម​កុំភ្លេច ព្រះនៅ​ផ្ទះព្រះ​ដ៏មានគុណធ្ងន់ ជាព្រះ​អរហន្ដ​គឺជា​មាតាបិតា។ សូមកូន​ប្រុសស្រី​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្រាបសំពះ​មាតាបិតា​កុំគប្បី​អៀនអន់​ កុំឱ្យ​ក្ដៅ​ក្រហាយ​ស្ដាយក្នុង​កាលជា​ខាងក្រោយ។ មនុស្សយើង​ម្នាក់មាន​កម្លាំងទៅ​បានក៏​អាស្រ័យ​ដោយការ​បរិភោគបាយទឹក នំចំណី។ មាតាបិតា​ចិញ្ចឹម​កូនប្រុស​ស្រីឱ្យ​រស់ដល់​ឥឡូវ ក៏អាស្រ័យ​ទៅលើបាយ​ទឹក​នំ​ចំណីដែរ ដូច្នេះ​បុត្រាបុត្រី​គួរតែ​តបស្នង​ ទៅលោក​វិញនូវ​ការផ្ដល់​នំចំណី សម្លៀកបំពាក់ កន្ទេល ខ្នើយ ពូក ផ្ទះជាដើម។

២ – បុត្រាបុត្រីគប្បីសិក្សាថា អាត្មាអញនឹងជួយ​ធ្វើ​ការងារ​ឱ្យ​មាតាបិតា ដោយសេចក្ដី​មិនខ្ជិល​ច្រអូសឡើយ។ សេចក្ដី​ ខ្ជិលជា​អបាយមុខ​ប្រការមួយ គឺជាប្រធាន​នៃសេចក្ដី​វិនាស​ប្រយោជន៍​គ្រប់យ៉ាង។ យើងខ្ជិល​ធ្វើការ​ឱ្យអ្នកដទៃ ប៉ុន្ដែមិន​គួរខ្ជិល ធ្វើសេចក្ដី​ល្អឱ្យដល់​ខ្លួនឯង​ឡើយ។ មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​សេចក្ដីល្អ​អំពីអ្នក​ដទៃ ប៉ុន្ដែសូម​កុំភ្លេច​ថាមិនមាន​អ្នកណា​ស្រឡាញ់ ​យើងជួយ​យើងជាង​ខ្លួនយើង​ឡើយ ​ដូច្នេះយើង​ត្រូវប្រាថ្នា​សេចក្ដីល្អ​គ្រប់យ៉ាង​អំពី​ខ្លួនឯង។ ការបម្រើ​អ្នកមាន​គុណគឺ​ជាសម្បត្ដិ​ដ៏ប្រពៃ ជាសេចក្ដី​ល្អមួយ​ដែលអ្នក​ធ្វើត្រូវ​បានទទួល​ដោយខ្លួន​ឯងយ៉ាង​ពិតប្រាកដ។ ការងារ​ប្រពៃគឺ​ជា​ព្រះស្ថិត​ក្នុង​សន្ដានចិត្ដ ពិតជា​ជួយសត្វ ​លោកឱ្យ​រួចផុត​ចាកកម្ម និងពៀរវេរា មានផលផុត​ចាកទុក្ខ​ភ័យ។ សូមកូន​ប្រុសស្រី​រក្សា​ព្រះក្នុងផ្ទះ និងព្រះក្នុង​សន្ដានចិត្ដ កុំគប្បី​ធ្វេសប្រហែស​ឡើយ។

៣ – បុត្រាបុត្រីគប្បីសិក្សាថា អាត្មាអញ​នឹងតម្កើង​នូវវង្ស​ត្រកូល​ឱ្យបានល្អ។ ចរិយា​មារយាទ​ជារឿង​សំខាន់​ណាស់ បុត្រ ធីតា​គប្បី​រក្សាខ្លួន​ដោយ​សីលធម៌ ការរក្សាសីល​ជាការធ្វើ​សេចក្ដីល្អ​ឱ្យដល់​ខ្លួនឯង ដោយមិន​ចាំបាច់​អស់ទុន​ឡើយ គ្រាន់តែ​អាស្រ័យ ​លើស្មារតី​ថែទាំខ្លួន​ សិក្សាស្វែង​យល់​អំពី​សុជីវធម៌ សណ្ដាប់ធ្នាប់ល្អ ព្រមដោយ​ការ​បដិបត្ដិ​ដោយប្រពៃ​ក៏បាន​សម្រេច​ផលកម្រៃ ដ៏ប្រសើរ​ គឺបានធ្វើ​ជាមនុស្ស​ល្អម្នាក់​ លើកស្ទួយ​វង្សត្រកូល​ផង ប្រទេសជាតិ​របស់ខ្លួនផង សង្គមមនុស្ស​ទាំងមូល​ផង។ ការតម្ដល់​ តម្កើង​នូវវង្ស​ត្រកូល​ក៏​គឺជា​ការដែល​កូនប្រុសស្រី​តម្កល់ខ្លួន​ឯងឱ្យ​ប្រពៃ ខ្មីឃ្មាត​សិក្សារៀនសូត្រ​ផ្លូវលោក​ផ្លូវធម៌ ចេះជួយ​សង្គ្រោះ អ្នក​ដទៃសាង​ស្នាដៃ​ប្រកប​ដោយ​សីលធម៌។​

៤ – បុត្រាបុត្រីគប្បីសិក្សាថា អាត្មាអញ​នឹង​បដិបត្ដិ​ឱ្យបាន​សមគួរ​ជាអ្នក​ទទួលនូវ​ទ្រព្យមរតក។ មាតាបិតា​ទោះបីជា​ ទ្រព្យតិច​ច្រើនប៉ុន​ណាក្ដី​គ្មានអ្វី​ដែលគួរ​ឱ្យសង្ស័យ​ឡើយ បើថា​គាត់កំណាញ់​ក៏តែ​ជាមួយ​នឹងអ្នក​ដទៃប៉ុណ្ណោះ ឯចំណែក​ខាងកូន​របស់ គាត់​វិញនោះ មានប៉ុន្មាន​ទុកឱ្យ​ទាំងអស់ ទុកឱ្យ​ដោយចិត្ដ​រីករាយ​កក់ក្ដៅ​ជាទីបំផុត។ ដូច្នេះ​ចូរកូន​ប្រុសស្រី​កុំគប្បី​ធ្វើក្ដី​អស់សង្ឃឹម​ឱ្យ ដល់​មាតាបិតា ត្រូវខំ​បដិបត្ដិ​ខ្លួនឱ្យ​រឹងប៉ឹង មាននូវ​មារយាទល្អ សម្ដែងនូវ​ការសម​គួរឱ្យ​ជាទីទុក​ចិត្ដដល់​មាតាបិតា ដាច់ខាត​កុំមើល ងាយទ្រព្យ​មរតក​ឱ្យសោះ ទោះបី​តិចតួច​ឬមិន​ប្រណិតយ៉ាង​ណាក្ដី ព្រោះក្នុង​មរតក​នោះបាន​បង្កប់ទៅ​ដោយ​មនោសញ្ចេតនា​ដ៏ ជ្រាលជ្រៅ ​ប្រកបដោយ​ព្រហ្មវិហារធម៌ អាណិត​ស្រឡាញ់ និងមេត្ដា​ដ៏ខ្លាំងក្លា កាយវិការ​រឹងប៉ឹង តែចិត្ដ​ទន់ភ្លន់​ស្រទន់​ដូចមេឃស្រទំ​ចំពោះបុត្រ​ភ្ងា​ស្ងួនពិសី។ សូមកូន​ប្រុសស្រី​គប្បី​ទទួលឱ្យ​បាននូវ​មរតកពិសេស គឺជា​ព្រហ្មវិហារធម៌​របស់មាតាបិតា ហើយគប្បី​ ពង្រីក​ចែកឱ្យ​ដល់ជន​ដទៃដោយ​ក្ដីមេត្ដា​ករុណា​ធំទូលាយ​បន្ដិចម្ដងៗ។​

៥ – បុត្រាបុត្រីគប្បីសិក្សាថា អាត្មាអញ​ត្រូវធ្វើបុណ្យ​ឧទ្ទិសទក្ខិណាទាន​ដល់​មាតាបិតា​ដែលធ្វើ​កល​កិរិយា​ទៅកាន់​បរលោក​​​​​​​​​​​​​​​​​​​​​​​ហើយ។ ទក្ខិណាទាន​គឺជា​ទានដែល​អ្នកធ្វើ​ជឿកម្ម​ជឿផល ហើយបាន​ធ្វើដល់​ទក្ខិណេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល គឺបុគ្គល​មានគុណ​ ធម៌ខ្ពង់ខ្ពស់​ដូចជា​សីលគុណ​ជាដើម ជាបុគ្គល​សមគួរ​នឹងទទួល​នូវ​ទក្ខិណាទាន។ ចំណែកពាក្យថា​ទក្ខិណានុប្បទាន​គឺឱ្យដល់​អ្នកដែលទៅ ​កាន់បរលោក។ ការធ្វើបុណ្យ​ឧទ្ទិសឱ្យ​អ្នកដទៃ​ជាសេចក្ដី​ល្អពីរយ៉ាង ម្យ៉ាងគឺបុណ្យ​ថ្នាក់ទាន​មានភាព​ជាឥស្សរៈ​លើ​កិលេស ម្យ៉ាងទៀត​ គឺជាបុណ្យ​បត្ដិទាន​មានចិត្ដល្អ​ប្រកបដោយ​មេត្ដាឬ​​ការដឹងគុណ​ចែកបុណ្យ​ឧទ្ទិសកុសល​អំពើល្អ​ទាំងពីរ​យ៉ាងនេះ គឺជាអ្នក​ធ្វើបាន​ឧទ្ទិស​ ឱ្យខ្លួន​ឯងទាំងស្រុង ​សម្រាប់ជួយ​ខ្លួនឱ្យរួច​អំពីភាព​ជាមនុស្ស​អាក្រក់។ បើកូនចៅ​ប្រាថ្នាពរ​គឺរបស់​ដែលប្រសើរ សូមកូន​ចៅបំពេញ​ ហេតុបាន​ដល់កុសល​ឱ្យសមគួរ​ដល់ផល​ទើបអាច​ទទួលពរ​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទីរបស់​​​បុត្រាបុត្រី​​​នៅក្នុង​​​ពិធីបុណ្យ​​​ចូលឆ្នាំខ្មែរ

តួនាទីនិងជាកិច្ចមួយចំនួនដ៏សំខាន់​មិនអាច​កាត់ផ្ដាច់​បានទាក់​ទិននឹង​ទំនៀម​ទម្លាប់ ​បុណ្យចូល​ឆ្នាំខ្មែរ​ដែលបាន​ផ្សារភ្ជាប់​ជា មួយ​ប្រពៃណី​ទំនៀម​ទម្លាប់​អ្នកកាន់​ព្រះពុទ្ធ​សាសនា។ តាមពិត​នៅក្នុង​ព្រះពុទ្ធសាសនា ព្រះមិន​ដែលសម្ដែង​នូវបុណ្យ​ចូលឆ្នាំ​នោះទេ ដោយ​អ្នកប្រាជ្ញ​ក្រោយៗ​បានបង្កើត​នូវពិធី​​​​​​​បុណ្យចូលឆ្នាំខ្មែរ​នេះឡើង ដើម្បីជា​ប្រយោជន៍​ដល់កូន​ប្រុសស្រី​ក្នុងមួយឆ្នាំ​បានជួប​ជុំមាតា​ បិតា​ញាតិសន្ដាន។ នៅក្នុង​ព្រះពុទ្ធសាសនា​ទេវតា​ដែលសំខាន់​ជាងគេ​គឺ​មាតាបិតា ជាទេវតា​ចិញ្ចឹម​ថែរក្សា​បុត្រាបុត្រី​តាំងពីតូច​ ក្រូចឆ្មារ​រហូតដល់​ធំ​បច្ចុប្បន្ន​នេះ។ នៅក្នុងរយៈ​កាលបីថ្ងៃ​ជាថ្ងៃ​ចូលឆ្នាំខ្មែរ ក្នុងនាម​ជា​បុត្រាបុត្រី​ត្រូវតែ​ចេះជួយ​រម្លែក​រាល់ការ​ងារ​ ជាច្រើន​ជំនួស​មាតាបិតា ដូចជា​ជួយធ្វើ​បាយសម្ល​រៀបចំ​នំចំណី​ផ្សេងៗ​ជូនលោក​ទាំងពីរ និងរៀបចំ​ឱ្យលោក​ទាំងពីរ​បានទៅវត្ដ​ ដើម្បី យក​ចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ និងបានស្ដាប់​ព្រះធម៌ទេសនា​ជាដើម។ លើសពី​នេះ​បុត្រាបុត្រី​គួរតែ​គិតទៅ​ដល់​ថ្ងៃទី៣​ដែលជាថ្ងៃ​ ស្រង់ព្រះ​ ដោយមាន​ប្រជាជនខ្មែរ​យើងទាំង​ប្រុសស្រី មិនថា​ព្រះសង្ឃ ទាំង​គណៈកម្មាធិការវត្ដ ទាំង​ពុទ្ធបរិស័ទ តាមកុដិ តាមភូមិ​ តែងតែ​ស្រង់ទឹក​ថ្វាយព្រះពុទ្ធ​រូប ដើម្បីប្រមូល​បាននូវ​ផលបុណ្យ​កុសល​ដែលកើត​ឡើងពី​ការលាង​មន្ទិល​ព្រះពុទ្ធរូប​គឺគោរព​អំពីគុណ ព្រះសម្មាសម្ពុទ្ធ​ មិនមែន​ជាការ​លាងដុំថ្ម​ធម្មតា​នោះទេ គឺទុកស្មើ​នឹងយើង​ស្រង់ទឹក​ផ្ទាល់ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ក្នុងថ្ងៃ​ចុងក្រោយ។​ ក្រោយពី​ស្រោចទឹក​ព្រះពុទ្ធ​ហើយ ត្រូវនិមន្ដ​ព្រះសង្ឃ​ដែលគង់ក្នុង​វត្ដស្រោចទឹក​ឱ្យព្រះសង្ឃ នេះជា​ទំនៀម​ទម្លាប់​នៅថ្ងៃទីបី​នៃបុណ្យ​ចូលឆ្មាំខ្មែរ។​ ក្រៅពីស្រង់​ព្រះពុទ្ធរូប​ និងស្រោចទឹក​ឱ្យព្រះសង្ឃ​ហើយ ក៏គួរតែគិត​ទៅដល់​មាតាបិតា​ផងដែរ ព្រោះ​មាតាបិតា​ ជាព្រះរបស់​កូនប្រុសស្រី។ កាលណា​យើងធ្វើបុណ្យ​ចំពោះលោក​ទាំងពីរ រមែង​បានបុណ្យ ហើយពាក្យ​ថាបុណ្យនេះ​គឺជា​ឈ្មោះនៃ​ សេចក្ដីសុខ​របស់មនុស្ស​គ្រប់រូប។​

បណ្ដាំផ្ញើ​​​របស់​​​ព្រះមហា ឡុង សុភាព

សូមឱ្យបុត្រាបុត្រីទាំងឡាយផ្ដល់​នូវសេក្ដីសុខ​ដល់​មាតាបិតា ព្រោះយើង​ដឹងហើយ​ថា​មាតាបិតា​ជាអ្នក​បង្កើត​កូន​ប្រុសស្រី ​មកមាន​សេចក្ដី​លំបាក​ក្រៃលែង គ្រាន់តែ​ប្រសូត​បុត្រមិនរួច ប្រសូតបុត្រ​មិនបាន​ជោគជ័យ​បាត់បង់​ជីវិតទៅ។ ដូច្នេះ​យើងជាកូន​ ប្រុសស្រី​ទាំងឡាយ​គ្រប់រូប​ទាំងអស់ គប្បីនឹក​ដល់​មាតាបិតា ធ្វើសេចក្ដី​ល្អ​ជាមួយ​មាតាបិតា ចិញ្ចឹម​មាតាបិតា បើយើង​មិនមាន​ទ្រព្យ សម្បត្ដិ​ដើម្បីចិញ្ចឹម​ឬតបស្នង​ចំពោះ​មាតាបិតា​ទេ យើងជាកូន​ប្រុសស្រី​ទាំងឡាយ​គប្បីកុំ​ធ្វើឱ្យ​មាតាបិតា​ពិបាកចិត្ដ។ សូមឱ្យ​កូនប្រុស ស្រី​ទាំងឡាយ​អាណិត​អាសូរ​ដល់​មាតាបិតា ព្រោះ​មាតាបិតា​នៅជាមួយ​កូនប្រុសស្រី​មិនបាន​១០០ឆ្នាំ​នោះទេ។ ដូច្នេះ​ចាប់ពី​ពេលនេះ​តទៅ បុត្រាបុត្រី​ត្រូវតែ​ធ្វើបុណ្យ​ជាមួយ​មាតាបិតា​ឱ្យបានច្រើន​ ដូចពាក្យ​ចាស់លោក​ថា ​“ធ្វើបុណ្យឱ្យទាន់ខែភ្លឺ”។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative