បទពិសោធន៍​អ្នកជម្ងឺ ៖ ស្ដាប់អ្នក​ជម្ងឺ​លើស​ឈាម និង​ទឹកនោម​ផ្អែម​រៀបរាប់

បច្ចុប្បន្ន​ជម្ងឺ​លើស​ឈាម និង​ជម្ងឺ​ទឹកនោម​ផ្អែម​មានការ​រីក​រាលដាល​យ៉ាង​គំហុក។ កម្ពុជា​មានការ​កើនឡើង​ជាលំដាប់​នៃអ្នក​កើតជម្ងឺ​ទឹកនោម​ផ្អែម និងជម្ងឺ​លើស​ឈាម​ផងដែរ។ អ្នក​ដែលកើត​ជម្ងឺ​ទឹកនោម​ផ្អែម​តែងតែ​ពិបាក​ចិត្ដ និង​រិះរក​វិធី​គ្រប់យ៉ាង ដើម្បី​ថែទាំ​សុខភាព​របស់ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​មួយចំនួន​ពុំបាន​ដឹងថា​ខ្លួន​កំពុងតែ​ប្រឈម​មុខឬ​ក៏មាន​ជម្ងឺ​ទឹកនោម​ផ្អែម​ឡើយ ហើយ​ថែមទាំង​កំពុង​រស់នៅ ដោយ​ភាពសុខ​ស្រួល​ទៀតផង។ ដើម្បី​ជាការ​ពញ្ញាក់​ស្មារតី​ដល់លោកអ្នក​ទាំងនេះ ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​អ្នកស្រី ចាន់នី រស់នៅ​ទីក្រុង​ភ្នំពេញ​មានអាយុ​៥០ឆ្នាំ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ជូន​លោកអ្នក។

អ្នកស្រី ចាន់នី បាន​រៀបរាប់​ដឹងថា អ្នកស្រី​បាន​កើតជម្ងឺ​ទឹកនោម​ផ្អែម និងជម្ងឺ​លើសឈាម​ជាង១០​ឆ្នាំមក​ហើយ ពេលនេះ​អ្នកស្រី​កំពុងតែ​ទទួលការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ព្រះកុសុមៈ។ អ្នកស្រី ចាន់នី បាន​រំលឹកថា​មុនដំបូង​អ្នកស្រី​មិននឹក​ស្មាន​ថា​ខ្លួនមាន​ជម្ងឺ​លើស​ឈាម និង​ជម្ងឺ​ទឹកនោមផ្អែម​នោះទេ ប៉ុន្ដែ​អ្នកស្រី​មាន​អាការ​ខុសប្លែក​ពី​ធម្មតា ដោយ​ឧស្សាហ៍​ឈឺ​ក្បាល​នៅ ពេល​យប់ ឬពេល​ភ្ញាក់ពី​ដំណេក​នាពេល​ព្រលឹម។ នៅពេល​ខ្លះក៏​ហ៊ឹង​ត្រចៀក​ហើយ​អស់​កម្លាំង​ដោយគ្មាន​មូលហេតុ ពេលខ្លះ​ក៏​វិលមុខ​ជាដើម។ ទោះបី​ជាមាន​អាការ​ទាំងនេះ​ក៏ដោយ អ្នកស្រី​មិនបាន​ទៅរក​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ដែរ។ ឆ្លងកាត់​អាការ​បែបនេះ​រយៈពេល​៥ឆ្នាំ​ទើបអ្នក​ស្រី​បាន​សម្រេច​ចិត្ដ​ទៅជួប​គ្រូពេទ្យ លទ្ធផល​នៃការ​ពិនិត្យ​របស់​គ្រូពេទ្យ​គឺអ្នក​ស្រីមាន​ជម្ងឺ​លើស​ឈាម​ពិតប្រាកដ​មែន។

អ្នកស្រី​បាន​ព្យាបាល​អស់​មួយរយៈ​ទើប​អ្នកស្រី​នៅមាន​អារម្មណ៍​ដូចជា​តែ​នៅអស់​កម្លាំង និង​ទន់ដៃ​ទន់ជើង​ដដែល។ គ្រូពេទ្យ​ក៏​ពិនិត្យ​មើលពី​ជម្ងឺ​ទឹកនោម​ផ្អែម​វិញម្ដង លទ្ធផល​នៃការ​ពិនិត្យ​ឈាម​គឺ​អ្នកស្រី​មាន​ជាតិស្ករ​ក្នុង​ឈាម​កម្រិត​២០០ មីលីម៉ែត្រ​បារត ពោល​គឺ​អ្នកស្រី​មាន​ជម្ងឺទឹកនោម​ផ្អែម​មួយទៀត​បន្ថែម​ទៅលើ​ជម្ងឺ​លើស​ឈាម​ដែលមាន​ស្រាប់។ អ្នកស្រី​បាន​ព្យាបាល​ជម្ងឺ​ទឹកនោម​ផ្អែម​អស់​រយៈពេល​៥ឆ្នាំ ជាតិស្ករ​ក្នុងឈាម​ក៏ថយ​ចុះត្រឹម​១១០​មីលីម៉ែត្រ​បារត។

ដោយ​ពិនិត្យ​ឃើញថា​ជាតិស្ករ​នៅក្នុង​ឈាម​អ្នកស្រី​ស្ថិត​នៅក្នុង​កម្រិតល្អ​ប្រសើរ​ហើយ​នោះ គ្រូពេទ្យ​បាន​ផ្អាក​ធ្វើការ ព្យាបាល​ដល់​អ្នកស្រី ប៉ុន្ដែ​អ្នកស្រី​ក៏នៅ​បន្ដលេប​ថ្នាំ​ទឹកនោម​ផ្អែម និងថ្នាំ​លើស​ឈាម រួមទាំង​ធ្វើការ​ថែរក្សា​ខ្លួន​ប្រាណ និង​តម​ចំណី​អាហារ​ដែលមាន​ជាតិផ្អែម​ជារៀង​រហូតមក​មិនដែល​ធ្វេស​ប្រហែស​ឡើយ។ ប៉ុន្ដែ​រយៈពេល​១ឆ្នាំក្រោយ​មក​អ្នកស្រី​មិនបាន ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ទេ ហើយ​អ្នកស្រី​ក៏បាន​ជួបនឹង​អាការ​មិន​ប្រក្រតី​ដូចមុន ដូចនេះ​អ្នកស្រី​ក៏មក​ជួប​ជាមួយ​គ្រូពេទ្យ​ម្ដងទៀត។ ក្រោយការ​ពិនិត្យ​ឃើញថា​ជាតិស្ករ​កើនឡើង​ដល់២១៨​មីលីម៉ែត្រ​បារត​ហើយក៏​ត្រូវ​ព្យាបាល​បន្ដទៀត។

អ្នកស្រី ចាន់នី បាន​រៀបរាប់​បន្ដថា នៅពេល​ដែល​អ្នកស្រី​កើតជម្ងឺ​លើសឈាម និង​ជម្ងឺ​ទឹកនោមផ្អែម អ្នកស្រី​ពិបាក ទប់ទល់​អាការ​ប្រចាំ​កាយ ដូចជា​ឧស្សាហ៍​អស់កម្លាំង ហើយ​ចុះទម្ងន់​ជាលំដាប់ បន្ទោរ​បង់​ជាញឹក​ញាប់​ទាំងថ្ងៃ​ទាំងយប់ ឈឺ​ចង្កេះ ជាពិសេស​គឺពេល​យប់​ឈឺ​កាន់តែខ្លាំង ជាហេតុ​ធ្វើឱ្យ​អ្នកស្រី​ទទួលទាន​ដំណេក​មិនសូវ​បាន ជាពិសេស​គឺខែ​ត្រជាក់​អ្នកស្រី​ពិបាកទ្រាំ​ណាស់។

អ្នកស្រី​បាន​និយាយ​បន្ថែម​ទៀតថា អ្នកស្រី​មាន​ម្ដាយមីង និង​បងប្អូន​អ្នកស្រី​មួយចំនួន​សុទ្ធតែបាត់បង់​ជីវិត​ដោយសារ​តែ ជម្ងឺ​លើស​ឈាម និង​ជម្ងឺ​ទឹកនោម​ផ្អែមនេះ។ ជាង​១០ឆ្នាំ​មកនេះ អ្នកស្រី​បាន​ចំណាយ​ប្រាក់អស់​ជាច្រើន​នៅក្នុង​ការ​ព្យាបាល អ្នកស្រី​តែងតែ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ជម្ងឺ​ប្រចាំ​ខ្លួននេះ ជាពិសេស​នៅពេល​ដែល​ជាតិស្ករ​កើនឡើង​ម្ដងៗ។

យោបល់​របស់អ្នក​ជំនាញ

លោក​វេជ្ជបណ្ឌិត ទូច ឃុន ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​ទូទៅ​នៃមន្ទីរ​ពេទ្យ​ព្រះកុសុមៈបានមាន​ប្រសាសន៍​ថា ជាការ​ពិតជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវការ​ព្យាបាល​អស់មួយ​ជីវិត។ ប្រសិន​បើអ្នក​ជម្ងឺ​ធ្វេស​ប្រហែស ឬ​ព្យាបាល​មិនបាន​ដិតដល់ អាចឱ្យ​ជម្ងឺ​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ពិបាក​នៅក្នុង​ការ​ព្យាបាល​នៅពេល​ក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative