ផលវិបាក​លើ​សរសៃ​ឈាម​នៃជម្ងឺ​ទឹកនោម​ផ្អែម

បញ្ហា​បេះដូង​ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​គឺដោយ​សារតែ​កម្រិត​ជាតិស្ករ​ឡើង​ខ្ពស់ ហើយ​បំផ្លាញ​សរសៃ​ឈាម ធ្វើឱ្យ​សរសៃ​ឈាម​ទាំងនោះ​កាន់តែ​ឡើង​ក្រាស់រឹង​ហើយ​រួញ។ ហេតុនេះ​ទើប​បណ្ដាល​ឱ្យមាន​ការ​លំបាក​ក្នុង​លំហូរ​នៃចរន្ដ​ឈាម។ ដោយ​សារតែ​បញ្ហានេះ​ហើយ​ទើបអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវ​ប្រឈម​មុខ​ជាមួយ​ជម្ងឺ​បេះដូង​ជាច្រើន​ប្រភេទ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខនេះ លោក​វេជ្ជបណ្ឌិត សុខ ប៊ុណ្ណា អ្នក​ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រចាំ​គ្លីនិក​ទឹកនោម​ផ្អែម អាយ អ៊ីម អាយ បរិយាយ​ជូន​លោកអ្នក​អំពី​ផលវិបាក​នៃជម្ងឺ​ទឹកនោម​ផ្អែម​លើសរសៃ​ឈាម តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

អ្វីទៅ​ជារោគ​សញ្ញា​នៃជម្ងឺ​គាំង​បេះដូង?

រោគ​សញ្ញា​គ្រោះថ្នាក់​នៃជម្ងឺ​គាំង​បេះដូង មាន​ដូចជា​ការ​ឈឺចាប់​ដើមទ្រូង សម្ពាធ​ឈាម​មិន​ធម្មតា មាន​អារម្មណ៍​ថារមូលៗ រក​កលក្អួត​ចង្អោរ​ជាដើម។ ការ​ឈឺចាប់​នោះ​រីកសាយ​ភាយ​រហូត​ដល់ស្មា ក ឬ​ដៃ ជាពិសេស​នៅដៃ​ផ្នែកខាង​ឆ្វេង។ ការ​មាន​អារម្មណ៍​ថាមិន​មាន​ផាសុកភាព​នៅលើ​ទ្រូង ខ្សោយ បែកញើស ចង់ក្អួត ដកដង្ហើម​ដាច់ៗ គឺជា​រោគសញ្ញា​ដែលគួរ​ឱ្យកត់សម្គាល់។ បន្ថែម​លើសពី​នេះទៀត រោគ​សញ្ញា​មួយចំនួន​នៃជម្ងឺ​គាំង​បេះដូង មាន​ដូចជា​វិលមុខ ធីងធោង ឈឺពោះ ឬ​ក្រពះ ពិបាក​ក្នុងការ​ដកដង្ហើម ស្លេក​ស្លាំង ត្រជាក់​បែកញើស​ជាដើម។ អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​រយៈពេល​យូរគឺ​ប្រហែល​ជាមិន​មានការ​ឈឺចាប់​នៅលើ​ទ្រូង ទេ។ ប្រសិនបើ​លោកអ្នក​មាន​អាការ​ដូច​ខាងលើ លោកអ្នក​គួរតែ​ទៅរក​ការ​ព្យាបាល​ជាបន្ទាន់។

មូលហេតុ​ដែលអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវ​ប្រឈម​ជាមួយ​ជម្ងឺ​បេះដូង

បញ្ហា​បេះដូង​ចំពោះអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​គឺដោយ​សារតែ​កម្រិត​ជាតិស្ករ​ឡើង​ខ្ពស់ ហើយ​បំផ្លាញ​សរសៃ​ឈាម ធ្វើឱ្យ​សរសៃ​ឈាម​ទាំងនោះ​កាន់តែ​ឡើងក្រាស់​រឹងហើយ​រួញ។ ហេតុនេះ​ទើប​បណ្ដាល​ឱ្យមាន​ការ​លំបាក​ក្នុង​លំហូរ​នៃចរន្ដ​ឈាម។ អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​មាន​កម្រិត​ជាតិខ្លាញ់​ខ្ពស់​នៅក្នុង​សរសៃ​ឈាម ដោយសារ​តែ​អសកម្មភាព​នៃ​អាំងស៊ុយលីន និង​កម្រិត​ជាតិស្ករ​ខ្ពស់​នៅក្នុង​ឈាម។ ជាតិខ្លាញ់​ដែល​នៅក្នុង​សរសៃ​ឈាម​រារាំង និង​បន្ទុច​បង្អាក់​នូវ​ចរន្ដឈាម។ ជាតិស្ករ​ខ្ពស់​នៅក្នុង​ឈាម​រយៈពេល​យូរ បំផ្លាញ​នូវ​ប្រូតេអ៊ីន​ដែល​នៅក្នុង​សាច់ដុំ​បេះដូង ដែលវា​ជះឥទ្ធិពល​ជាអវិជ្ជមាន​ដល់​សមត្ថភាព​របស់​បេះដូង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កត្ដា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នៃជម្ងឺ​គាំង​បេះដូង​ចំពោះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម

កត្ដា​ប្រឈម​នឹង​គ្រោះថ្នាក់​ចម្បង​នៃជម្ងឺ​គាំង​បេះដូង​គឺ​កើនឡើង​តាម​អាយុ​ភេទ កត្ដា​តំណ​ពូជ ការ​ប្រើប្រាស់​ថ្នាំជក់ ការ​កើនឡើង​នូវ​ជាតិខ្លាញ់​ខ្ពស់ក្នុង​ឈាម សម្ពាធ​ឈាម​ខ្ពស់ អសកម្មភាព​នៃ​រាងកាយ ភាពធាត់​ហួស និងការ​លើស​ទម្ងន់ ជម្ងឺ​ទឹកនោម​ផ្អែម និងការ​តប់​ប្រមល់​ផ្លូវចិត្ដ។

ផលវិបាក​លើ​សរសៃ​ឈាម​ធំៗ

ផលវិបាក​នៃ​សរសៃ​ឈាមធំៗ​គឺជា​ផលវិបាក​ដែល​បណ្ដាល​ឡើង​ដោយការ​បំផ្លាញ​សរសៃឈាម​ធំៗ ជាពិសេ​សសរសៃ ឈាម​បេះដូង ខួរក្បាល និង​សរសៃ​ឈាម​តភ្ជាប់​ទៅនឹង​អវយវៈ ដោយ​សារតែ​មិនមាន​ការ​គ្រប់គ្រង​ជម្ងឺ​ទឹកនោម​ផ្អែមឱ្យ​បានល្អ។ ផលវិបាក​ទាំងនេះ​កើត​ឡើង​ដោយសារ​ការកើត​ជម្ងឺ​ទឹកនោម​ផ្អែម​រយៈពេល​យូរ។ សារធាតុ​ខ្លាញ់​ខាប់កក​រឹង ហើយ​ឈាម​កក​នៅក្នុង​សរសៃ​ឈាម ឬ​កាត់បន្ថយ​នូវ​លំហូរ​នៃចរន្ដ​ឈាម។ ប្រសិន​បើឈាម​ដែល​ផ្គត់ផ្គង់ទៅឱ្យ​សាច់ដុំ​បេះដូង​ត្រូវបាន​កាត់​បន្ថយ ដោយ​សារតែ​សន្ទះ​មួយនោះ ជម្ងឺ​គាំង​បេះដូង​នឹងអាច​កើត​ឡើង។ ប្រសិន​បើការ​ផ្គត់ផ្គង់​ឈាម​ទៅកាន់​ខួរក្បាល​ត្រូវបាន​កាត់​បន្ថយ នោះជម្ងឺ​ដាច់ សរសៃ​ឈាម​ក្នុង​ខួរក្បាល​អាច​កើតឡើង។ ប្រសិន​បើការ​ផ្គត់ផ្គង់​ឈាម​ទៅកាន់​អវយវៈ​ត្រូវបាន​កាត់​បន្ថយ ឬ​ស្ទះ អាច​បណ្ដាល​ឱ្យមាន​ដំបៅ​រលួយ​បាន។

វិធី​ដែលអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​អាច​ការពារ​ជម្ងឺ​បេះដូង

ជាការពិត​វាមិន​មានវិធី​សាស្ដ្រ​ណាឱ្យ​ច្បាស់​លាស់ ដើម្បី​ការពារ​កុំឱ្យ​កើតជម្ងឺ​បេះដូង​នោះទេ ប៉ុន្ដែ​មាន​វិធីសាស្ដ្រ​មួយចំនួន ដែលអាច​កាត់​បន្ថយនូវ​គ្រោះថ្នាក់​នៃជម្ងឺ​បេះដូង។ វិធី​សាស្ដ្រ​ទាំងនោះ​រួមមាន ៖

  • ឈប់​ពិសាបារី ឬ​ស្រា និង​គប្បីធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​ទៀងទាត់
  • បរិភោគ​អាហារ​ដែលមិន​ប្រៃ ផ្អែម ឬ​ខ្លាញ់ពេក
  • ត្រួតពិនិត្យ​សុខភាព​ជាប្រចាំ ដើម្បី​រក្សានូវ​សម្ពាធ​ឈាម និង​ជាតិស្ករ​ឱ្យនៅ​កម្រិត​ធម្មតា
  • បញ្ចុះ​ទម្ងន់ ប្រសិន​បើលើស​ទម្ងន់ និង​រក្សាទម្ងន់​ឱ្យស្ថិត​នៅ​កម្រិត​ធម្មតា។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម​គប្បី​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ប្រសើរ ព្រោះ​ផល​វិបាក​នៃជម្ងឺ​នេះមាន​ច្រើន​ប្រការ។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ច្បាស់​លាស់ នៅពេល​ដែលមាន​បញ្ហា​មិន​ក្រក្រតី។ សម្រាប់​លោកអ្នក​ដែល​មាន​ក្រុម គ្រួសារ​មាន​ជម្ងឺ​នេះ គប្បី​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​លោកអ្នក​មាន​អត្រា​ប្រឈម​មុខនឹង​ជម្ងឺ​ខ្ពស់ជាង​អ្នក​ធម្មតា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative