ការថែរក្សា​​​សួន​​​​ក្នុង​​​​បរិវេណ​ផ្ទះ

ការថែរក្សាសួនក្នុងបរិវេណផ្ទះគឺ​ជាវិធី​មួយដ៏​ល្អដែល​ធ្វើឱ្យផ្ទះ ឬលំនៅដ្ឋាន​របស់លោក​អ្នក​មាន​សោភ័ណភាព​គួរឱ្យ​ ទាក់ទាញ។ ប៉ុន្ដែប្រសិន​បើលោក​អ្នកមិន​បានធ្វើ​ការ​ថែរក្សា​សួនមិន​បានដិត​ដល់នោះទេ​ វានឹង​បណ្ដាលឱ្យ​លោកអ្នក​ជួបនូវ​បញ្ហា ជា​ច្រើន​ដែល​លោកអ្នក​ស្មាន​មិនដល់។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ​ជួបជា​មួយ​អ្នកនាង​ ហុក សុខគា អ្នក​គ្រប់គ្រង​នៅសួន​សួគ៌ា នឹងធ្វើ​ការបកស្រាយ​ អំពី​វិធី​ថែរក្សា​សួនក្នុង​បរិវេណផ្ទះ ដើម្បីឱ្យ​លោកអ្នក​បានជ្រាប​កាន់តែច្បាស់​អំពី​បញ្ហា​នេះ។​

ការថែរក្សាសួនក្នុងបរិវេណផ្ទះ  

ការថែរក្សាសួនក្នុងបរិវេណផ្ទះគឺ​ជាសកម្មភាព​ទាំងឡាយ​ណាដែល​ធ្វើឡើង​ដោយការ​ថែរក្សា និងការ​អភិវឌ្ឍន៍​នូវសួន​ឡើង​​ដើម្បី​ឱ្យ​មាន​សោភ័ណភាព​ និងមាន​ទេសភាពល្អៗ។ សួនផ្សារ​ភ្ជាប់រវាង​ជីវិតរបស់​មនុស្ស​រស់នៅ​សព្វថ្ងៃ​ទៅនឹង​ធម្មជាតិ។​

លោកអ្នកធ្វើការបង្កើតសួនច្បារនេះឡើង គឺក្នុង​គោល​បំណង​ចង់ឱ្យ​អារម្មណ៍ និងខ្លួន​របស់យើង​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​ និង​ទេសភាព​ពិតៗ។ នៅពេល​ដែលលោកអ្នក​មើលឃើញ​សួនផ្កា អារម្មណ៍ដែល​មានបញ្ហា​ស្មុគស្មាញ និងភាពតប់​ប្រមល់​ត្រូវបាន​កាត់ បន្ថយ​បន្ដិចម្ដងៗ។ ​ព្រោះថា​សួនជាផ្នែក​មួយដែល​លម្អ​ទៅដោយ​ក្បូរក្បាច់​រចនា មានលក្ខណៈ​ជាផ្កា ដុំថ្ម ដើមឈើ ទឹកជ្រោះ រុក្ខជាតិ​តូចធំ ​ដែលជា​ជម្រក​ដល់សត្វ​ផ្សេងៗ​(បក្សាបក្សី មេអំបៅ ត្រី…) និងទេសភាព​ជាចំណី​ចក្ខុ​និងអារម្មណ៍។ ម្យ៉ាងទៀត​សួនច្បារ វាជា​ផ្នែកមួយ​ដ៏សំខាន់​ជួយឱ្យ​ផ្ទះសម្បែង​ ឬ​លំនៅស្ថាន​មានភាព​គួរឱ្យ​ទាក់ទាញ និងជា​ចំណាប់​អារម្មណ៍។

វិធីថែទាំសួនច្បារក្នុងបរិវេណផ្ទះ

វិធីថែទាំដែលនាំមានឱ្យប្រសិទ្ធភាពជាងគេគឺ​ចិត្ដរបស់​មនុស្ស មានន័យថា​ការដាក់ចិត្ដ​ទៅលើ​ការងារ ទោះបី​ជា​ការងារ​នោះ លំបាក​យ៉ាងណា​ក៏អាច​ធ្វើទៅ​បានដែរ។ នៅពេល​ដែលធ្វើ​ការ​ដាំផ្កា​ត្រូវដាំ​នៅកន្លែង​ដីសម្បូរ​ទៅដោយ​ជីវជាតិ ហើយមិន​ពិបាក​ក្នុង​ កា​រ​ថែទាំ បន្ទាប់មក​ត្រូវស្រោច​ទឹកឱ្យ​បាន​គ្រប់គ្រាន់ ដាក់ជី​ទៅតាម​រដូវកាល​នីមួយៗ កាត់នូវ​អ្វីដែល​ខូចចេញ។ ត្រូវជ្រួយ​ដី​ដាក់ជី​ ផ្កាប្រភេទ​ខ្លះក៏​ពិបាក​ក្នុងការ​ថែទាំ​ដែរ ប៉ុន្ដែ​ភាគច្រើន​សួនផ្កា​ត្រូវការ​ពន្លឺថ្ងៃ។ គប្បីកុំ​ប្រើប្រាស់​ជីគីមី​ច្រើនពេក ដើម្បីកុំ​ឱ្យមាន​ផល ​ប៉ះពាល់​ដល់បញ្ហា​សុខភាព​របស់មនុស្ស។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ពាក្យចាស់បានពោលថា វ៉ៃបន្ទាយមួយស្រួល ប៉ុន្ដែក្នុង​ការថែរក្សា​បន្ទាយមួយ​ឱ្យបាន​គង់វង្ស​វាជា​ការ​លំបាក។ ហើយ សេចក្ដី​ស្រឡាញ់​ក៏ដូចគ្នា​ដែរ នៅពេល​ដែល​បែកបាក់ ឬ​បាត់បង់​នូវសេចក្ដី​ស្រឡាញ់នឹង​កើតទុក្ខ​ព្រួយ​ជា​មិនខាន។ ប្រសិន​ណាបើ​លោក អ្នក​បង្កើត​បានជាសួន​ហើយត្រូវ​ការថែរក្សា ​ក៏ប៉ុន្ដែ​ប្រសិន​ណាបើ​មិនបាន​ធ្វើការ​ថែរក្សា និងការពារ វានឹង​បណ្ដាលឱ្យ​មានការ​ខូចខាត នៅបញ្ហា​ជាច្រើន​ដូចជា ៖

– ធ្វើឱ្យមានភាពចាស់ទ្រុឌទ្រោម លែងមាន​សោភ័ណភាព​គួរឱ្យ​ទាក់ទាញ

– ត្រូវការចំណាយពេលវេលាយូរក្នុង​ការស្ថាបនា និងថែរក្សា​ឡើងវិញ

– ចំណាយថវិកាច្រើនក្នុង​ការ​ស្ថាបនា និង​កែលម្អ។

ដំបូន្មានអ្នកជំនាញ

លោកអ្នកមិនគួរប្រើប្រាស់នូវជីគីមីច្រើនពេក ឬ​គួរចៀស​វាងតែម្ដង ព្រោះបណ្ដាល​ឱ្យប៉ះពាល់​ដល់​សុខភាព​របស់មនុស្ស។​ ព្រោះអ្វី​ដែលយើង​ធ្វើឡើង ​ដើម្បីចង់​បាននូវ​ការរស់​នៅដែល​ពោរពេញ​ទៅដោយ​ផាសុកភាព និង​សុភមង្គល។ សូមលោក​ស្រីអ្នកនាង​ កញ្ញា​ដែលមាន​បំណងចង់​រចនា ឬ​ស្ថាបនា​សួនច្បារ ឬសួនទឹក គួរ​ជ្រើសរើស​នូវអ្នក​រចនាសួន​ដែលមានឯកទេស និងជំនាញ​ច្បាស់លាស់​ ចៀសវាង​ជ្រើសរើស​អ្នកដែល​មិនមាន​ជំនាញ​ច្បាស់លាស់​ ដែលនាំ​ឱ្យខាត​ពេលវេលា និងខាត​ទាំងថវិកា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative