ឈិត សុវណ្ណបញ្ញា សម្រស់​ជា​មន្ដស្នេហ៍

ឈិត សុវណ្ណបញ្ញា ជាតារា​ចម្រៀង​យុវវ័យ​មួយរូប​ដែល​តែងតែ​ស្ថិត​នៅក្នុង​ដួងចិត្ដ​របស់​យុវវ័យ និង​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មហាជន។ កញ្ញា ឈិត សុវណ្ណបញ្ញា ជាតារា​ប្រចាំផលិតកម្ម​រស្មី​ហង្សមាស​ជាង៤ឆ្នាំ​មកហើយ នាង​មានការ​មមាញឹក នឹង​ការងារ​ជាច្រើន ដូចជាការ​ច្រៀង និងការ​សម្ដែង​ជាខារ៉ាអូខេ​ថ្មីៗ​ជាច្រើន​បទ ប៉ុន្ដែ​បញ្ញា​ក៏មិន​ដែលភ្លេច​ឡើយ​នូវការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់នាង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កញ្ញា ឈិត សុវណ្ណបញ្ញា បានចូល​មក​បកស្រាយ​អំពី​ការ​ថែរក្សា​សម្រស់​ជាមួយ​នឹង​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ប្រាប់​ពីវិធី​សាស្ដ្រ​ថែរក្សា​សម្រស់ និងការ​ថែរក្សា​សុខភាព​រាងកាយ​របស់​ខ្លួន ជូន​ប្រិយមិត្ដ​ទាំងអស់ ពិសេស​គឺ​មិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​មុនចូល​សិល្បៈ

មុនពេល​ឈានចូល​សិល្បៈ បញ្ញា​ធ្លាប់បាន​សិក្សា​នៅ​វិទ្យាល័យ​យុគន្ធរ។ នៅឆ្នាំ​២០០៥ បញ្ញាបាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​យុគន្ធរ ហើយ​ក៏បាន​បន្ដការ​សិក្សា​នៅសកល​វិទ្យាល័យ​ន័រតុន។ ដោយ​សារតែ​បញ្ញា​មាន​សម្លេង​ពីរោះ បញ្ញា​ត្រូវបាន​មិត្ដភក្ដិ ហៅឱ្យ​ទៅច្រៀង​នៅ​ប៉ុស្ដិ៍ទូរទស្សន៍។ ហើយ​បន្ទាប់មក​បញ្ញា​ក៏ត្រូវ​បានម្ចាស់​ផលិកម្ម​រស្មី​ហង្សមាស​ទាក់ទង​ឱ្យ​ទៅចូល​ច្រៀង​នៅចុង​ឆ្នាំ ២០០៥ ដោយ​បាន​ឆ្លងកាត់​ការធ្វើ​តេស្ដ​សម្លេង​ជាច្រើន​លើក​និង​ជាច្រើន​បទ។ ដោយសារ​បញ្ញា​មាន​ទឹកដម​សម្លេង​ពីរោះ ទើប​ម្ចាស់​ផលិតកម្ម​សម្រេច​ឱ្យបញ្ញា​ចូល​ច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្សមាស​តែម្ដង។ ចំពោះ​បទចម្រៀង​ដែល​ទទួល​បានការ​គាំទ្រ​ជាលើក​ដំបូង នោះគឺ Mouse love rice សង្កៀរ​បេះដូង លាក់ចិត្ដ​ខ្សឹកខ្សួល ស្រក់ឈាម​លើសៀវភៅ​ស្នេហ៍ ស្រក់​ទឹកភ្នែក​មិនមែន​គ្មាន​បញ្ហា​ជាដើម។ មកដល់​សព្វថ្ងៃ​នេះបញ្ញា​បាន​ច្រៀង​ចម្រៀង​នៅ​ផលិកម្ម​រស្មី​ហង្សមាស​បាន​ប្រហែល​ជាង១០០បទ​មក​ហើយ ថ្មីៗនេះ​បញ្ញា កំពុងតែ​មានការ​មមាញឹក​នឹង​ការងារ​ជាច្រើន ទាំងការ​ច្រៀង និងការ​សម្ដែង។

វិធី​ថែរក្សា​សម្រស់

ទោះបីជា​មានការ​មមាញឹក​ច្រើនយ៉ាង​ណាក៏​ដោយ ក៏បញ្ញា​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សាសម្រស់ ក៏​ដូចជា​ការ​ថែរក្សា​សុខភាព​របស់​បញ្ញា​ផងដែរ។ ខាងក្រោម​នេះ​គឺជា​វិធី​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​បញ្ញា ដែលបាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សា​សក់ ៖ ជាធម្មតា​សម្រាប់​ស្ដ្រី​គ្រប់រូប​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការថែរក្សា​សរសៃ​សក់។ សម្រាប់​បញ្ញា​ដែលជា​អ្នកសិល្បៈ​មួយរូប ចំពោះ​សរសៃសក់​បញ្ញា​មិនសូវ​ផ្លាស់ប្ដូរ​ពណ៌សក់​ប៉ុន្មាន​នោះទេ ព្រោះ​បញ្ញា​យល់ថា ការ​ផ្លាស់ប្ដូរ​ពណ៌សក់​ច្រើន​ជាហេតុ​ធ្វើឱ្យ​សរសៃសក់​ខូច។ ចំណែក​ម៉ូតសក់​ក៏មិន​សូវជា​ចូលចិត្ដ​ម៉ូតអ្វី​ដែរ លើកលែង​តែពេល​ទៅសម្ដែង និង​ចូលរួម​កម្មវិធី​ប៉ុណ្ណោះ។ បញ្ញា​បាន​ជ្រើសរើស​ផលិតផល​ដែល​សក្ដិសម​នឹង​សរសៃ​សក់ ដែលមាន​សារជាតិ​ចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់​អាចជួយឱ្យ​សរសៃសក់​របស់បញ្ញា​មាន​ភាព​រលោង​ស្រស់ស្អាត និង​រស់​រវើក។
  • ការ​ថែរក្សា​ស្បែកមុខ ៖ សម្រាប់​ការ​ថែរក្សា​ស្បែកមុខ​បញ្ញា​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត។ បញ្ញា​បាន​ជ្រើសរើស​ផលិតផល​ដែលត្រូវ​នឹង​ស្បែកមុខ​របស់​បញ្ញា ហើយ​នៅពេល​យប់​នាង​តែងតែ​លាបឡេ​ជំនួយ​ដល់​ស្បែកមុខ។ ក្រោយពី​តុបតែង​មុខ និង​រាល់ពេល​សម្ដែង​ចប់​បញ្ញាតែងតែ​សម្អាត​មុខ ដោយ​ហ្វូម​លាងមុខ​ដែលមាន​គុណភាព ហើយ​ប្រើ​សំឡី​ទន់ស្អាត​ជូតនៅ លើ​ស្បែកមុខ នៅពេល​ដែលចេញ​ទៅសម្ដែង​នៅតាម​ខេត្ដ​ឆ្ងាយៗ បញ្ញា​តែងតែ​ប្រើឡេ​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​ការពារ​កុំឱ្យ​មុខជាំ និងមាន​កន្ទួល​រមាស់​ជាដើម។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ចិញ្ចើម​បញ្ញា​តែងតែ​ប្រើសាប៊ូ​ដែលអាច​ជួយឱ្យ​ស្បែក​មាន​សំណើម និងមាន​សារជាតិ​ចិញ្ចឹម គ្រប់គ្រាន់​សម្រាប់​ស្បែក។ ជាពិសេស​នៅពេល​ដែល​ចេញទៅ​សម្ដែង​នៅតាម​បណ្ដា​ខេត្ដ​នានា បញ្ញា​តែងតែ​ប្រើឡេ​ការពារ​កម្ដៅ​ថ្ងៃ​ជានិច្ច។ ប៉ុន្ដែ​បើសិន​សម្រាក​ពី​ការងារ បញ្ញា​មិនសូវ​ជាយកចិត្ដ​ទុកដាក់​ប៉ុន្មាន​នោះទេ គ្រាន់តែ​លាបឡេ​ដែល​ធ្វើឱ្យ​ស្បែក​មាន​សំណើម​តែ​ប៉ុណ្ណោះ ព្រោះ​នាងមាន​ស្បែក​សស្រាប់​ទៅ​ហើយ។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​ធ្មេញ ៖ ទោះបីជា​មានការ​មមាញឹក​យ៉ាងណា​ក៏ដោយ ក៏បញ្ញា​នៅតែ​ឆ្លៀតពេល​នៅក្នុង​ការ​ថែរក្សា​សុខភាព​ធ្មេញ ដោយ​ធ្វើការ​សម្អាត​ធ្មេញ​ឱ្យបាន​យ៉ាងតិច​ពីរដង​នៅក្នុង​១ថ្ងៃ នៅពេល​ព្រឹក និង​ពេលយប់។ ជា​ទៀងទាត់​បញ្ញា​តែងតែ សម្អាត​ធ្មេញ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជារៀងរាល់​៣ខែម្ដង តែ​បើសិន​ជាមាន​ការ​មមាញឹក​ច្រើន​គឺ៦ខែ​ទៅសម្អាត​ម្ដង។
  • ការ​ថែរក្សា​ភ្នែក ៖ ភ្នែក​សំខាន់​សម្រាប់​បញ្ញា នាង​មិនដែល​ធ្វើឱ្យ​ភ្នែក​ចុករោយ ឬ​សម្លឹង​យូរពេក​នោះទេ ជាពិសេស​នៅពេល​ដែលធ្វើ​ដំណើរ​ទៅណា​មកណា​ម្ដងៗ នាង​តែងតែ​ពាក់​វ៉ែនតា​ការពារ​ធូលី​ក៏ដូចជា​ពន្លឺ​ព្រះអាទិត្យ​ជាដើម។ នៅពេល​មាន​បញ្ហា មិន​ប្រក្រតី​នៅលើ​ភ្នែក នាង​តែងតែ​ទៅជួប​គ្រូពេទ្យ​ភ្នែក​មិនដែល​ធ្វេស​ប្រហែស​ឡើយ។
  • ការ​ថែរក្សា​ចិញ្ចើម រោមភ្នែក បបូរមាត់ ៖ បញ្ញា​មិនសូវ​ជាយក​ចិត្ដទុក​ដាក់​ចំពោះ​ចិញ្ចើម​នាះទេ ព្រោះ​ចិញ្ចើម​របស់នាង​ក្រាស់​ស្រាប់។ នៅពេល​សម្ដែង​បញ្ញា​គ្រាន់តែ​យកខ្មៅ​ដៃគូស​ចិញ្ចើម​បន្ដិចៗ នៅលើ​ចិញ្ចើម​តែប៉ុណ្ណោះ​ជាការ​ស្រេច។ បញ្ញា​កោរ​ចិញ្ចើម​នៅពេល​ដែល​ចាំបាច់​តែ​ប៉ុណ្ណោះ។ បញ្ញា​មិនសូវ​ប្រើ​ម៉ាស្ការ៉ា​ច្រើន​ពេកនោះ​ទេ ហើយ​នៅពេល​សម្ដែង​ចប់​បញ្ញា សម្អាត​រោមភ្នែក​ចេញ​ភ្លាម ដើម្បី​ការពារ​កុំឱ្យ​រោមភ្នែក​ជ្រុះ។ ចំពោះ​បបូរមាត់ បញ្ញា​មិន​ចូលចិត្ដ្ដ​លាប​ក្រេម​នោះទេ បញ្ញា​ចូលចិត្ដ​លាប​ក្រេម​ពណ៌​ដែល​ស្រាល​បំផុត។
  • ការ​ថែរក្សា​ក្រចក​ដៃជើង ៖ បញ្ញា​មិនសូវ​ជា​ចូលចិត្ដ​លេងម៉ូត​ក្រចក​នោះទេ ប៉ុន្ដែ​បញ្ញា​តែងតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​ក្រចក​ជានិច្ច។ ក្នុងមួយ​សប្ដាហ៍ បញ្ញា​សម្អាត​ពីពីរ​ទៅបីដង​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​ប្រើ​ក្រូចឆ្មារ​ជូត​សម្លាប់​មេរោគ​ចេញ និង​កាត់សាច់​ក្រចក​តែប៉ុណ្ណោះ។

ការ​ថែរក្សា​សុខភាព​រាងកាយ

បញ្ញា​តែងតែ​បរិភោគ​អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន និង​ប្រូតេអ៊ីន ដូចជា​បន្លែ និង​សាច់ត្រីជាដើម។ នាង​មិនសូវ​ជា​ចូលចិត្ដ​អាហារ​ដែល​សម្បូរ​ទៅដោយ​សារ​​ជាតិ​ខ្លាញ់ និង​អាហារ​ផ្អាប់នោះទេ ព្រោះ​អាហារ​ផ្អាប់​ធ្វើឱ្យ​នាងតឹង​ច្រមុះ និង​ពិបាក​ច្រៀង។ បញ្ញា​ទទួលទាន​ដំណេក​មិនសូវ​បាន​ទៀងទាត់​នោះទេ។ ប៉ុន្ដែ​បើសិន​ជាមាន​ពេល​ច្រើន បញ្ញា​ព្យាយាម​គេង​ទៀងទាត់​ពេលវេលា។ ចំពោះ​ការធ្វើ​លំហាត់​ប្រាណ​វិញ បញ្ញាក៏​មិនសូវ​យកចិត្ដ​ទុកដាក់​នោះទេ ពីរ​សប្ដាហ៍​ទើប​ហាត់ម្ដង។

គោល​បំណង​ទៅថ្ងៃ​អនាគត

បញ្ញា​បាន​ប្រាប់ថា បើសិនជា​ទស្សនិកជន​នៅតែ​មានការ​គាំទ្រ​នាងនឹង​នៅតែ​ច្រៀង​បំពេ​អារម្មណ៍​ទស្សនិកជន​រហូត។ ប៉ុន្ដែ​សព្វថ្ងៃ​នេះ បញ្ញា​ក៏មាន​គោល​បំណង​មួយ​បន្ទាប់ពី​អាជីព​ជាអ្នក​សិល្បៈ បញ្ញា​ចង់ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន។

បណ្ដាំ​ផ្ញើ​របស់ ឈិត សុវណ្ណបញ្ញា

សុភាពនារី​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សម្រស់ និង​សុខភាព​ឱ្យបាន​ល្អ។ ចំពោះ​ផ្ទៃមុខ​ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត ដូចជា​នៅពេល​ដែលមក​ពីកម្មវិធី​អ្វីមួយ ត្រូវតែ​ប្រញាប់​ធ្វើការ​លាងសម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាត ដើម្បី​ចៀសវាង​បញ្ហា​ចំពោះ​ស្បែកមុខ ព្រោះ​ផ្ទៃមុខ​គឺជា​ផ្នែកមួយ​ដ៏សំខាន់​បំផុត​សម្រាប់​សុភាព​នារី​គ្រប់រូប អ្វីដែល​ពិសេស​ជាងនេះ​នោះ គឺ​ត្រូ​វ​គិតគូរ​ពីសុខភាព​ឱ្យបាន​ច្រើន​ទើបជា​ការ​ប្រសើរ។
ទាំងនេះ​គឺជាការ​យល់ឃើញ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា ឈិត សុវណ្ណបញ្ញា តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ ឈិត សុវណ្ណបញ្ញា
  • អាយុ ៖ ២៣ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំកំណើត ៖ ០៩. ០១. ១៩៨៦
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • កម្ពស់ ៖ ១,៦០ម៉ែត្រ
  • ទម្ងន់ ៖ ៤៧គីឡូ​ក្រាម
  • ទំហំ​ទាំងបី ៖ ៣២ ២៧ ៣០
  • បងប្អូន ៖ ៥នាក់ ប្រុស​២នាក់ ស្រី៣នាក់​(ជាកូនទី២)
  • កម្រិត​វប្បធម៌ ៖ និស្សិត​នៅសកល​វិទ្យាល័យ​ន័រតុន ផ្នែក​ជំនួញ
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ តារា​ចម្រៀង
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative