វិធី​កម្ចាត់​សម្លាក

សម្លាក​គឺជា​បញ្ហា​សម្រាប់​មនុស្ស​គ្រប់រូប។ សម្លាក​មិនអាច​កើតឡើង​ដោយ​ឯងៗ​នោះទេ គឺកើត​ឡើង​ដោយ​សារមាន​របួស ឬ​ប៉ះពាល់​នឹងវត្ថុ​អ្វីមួយ​ដែលធ្វើ​ឱ្យមុត​មាន​ឈាម ហើយ​ក៏បង្ក​ឱ្យមាន​សម្លាក។ សម្លាក​មិនអាច​ព្យាបាល​ឱ្យបាត់​ទាំងស្រុង​បាននោះ​ទេ តែ​សម្លាក​អាច​សម្រួល​សង្រួម​ពីធំ​ឱ្យទៅជា​តូចបាន ដោយ​វិធី​សាស្ដ្រ​ផ្សេងៗ ដូចជា​ការបាញ់​ឡេសឺ និង​ការវះ​កាត់​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ជំនាញ​សើស្បែក​នៅមជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស មេហ្គាប៊ែល ដើម្បី​ពន្យល់​អំពី​វិធី​កម្ចាត់​សម្លាក។

ប្រភេទ​នៃ​សម្លាក

សម្លាក​គឺជា​ស្លាកស្នាម​មួយដែល​កើតឡើង​ដោយ​សារស្បែក​របស់​លោកអ្នក​មាន​របួស ហើយ​បង្ក​ទៅជា​សម្លាក។ សម្លាក ត្រូវបាន​គេ​បែងចែក​ខុសគ្នា​គឺ សម្លាក​ធម្មតា សម្លាក​ខ្លាំង និង​សម្លាក​មានផ្លែ។

1 . សម្លាក​ធម្មតា ៖ គឺជា​សម្លាក​ដែល​រាបស្មើ ហើយ​មានពណ៌​ស្រដៀង​នឹង​ស្បែក។

2 . សម្លាក​ខ្លាំង ៖ មាន​លក្ខណៈ​ប៉ោងឡើង មើលឃើញ​យ៉ាងច្បាស់​ជាង​សម្លាក​ធម្មតា។

3 . សម្លាកផ្លែ ៖ ជា​សម្លាក​ដែល​ប៉ោងឡើង​ខ្លាំង និង​រាលដាល​ធំជាង​ស្នាម​របួស។ សម្លាក​ប្រភេទ​នេះច្រើន​កើត​នៅលើ បុគ្គល​មួយចំនួន​ដែលមាន​ហ្សែន​កំណត់ ភាគច្រើន​គឺជា​ជនជាតិស្បែក​ខ្មៅ ដូចជា​អាព្រិក ឬ​អាស៊ី​ដែលមាន​សម្បុរ​ស្រអែម។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​សម្លាក

សម្លាកគឺ​កើតឡើង​ដោយ​សារតែ​មាន​របួស ការមុត​ទៅលើ​ស្បែក ឬ​ក៏មាន​បញ្ហា​ជម្ងឺសើស្បែក អាប់សែ​ឬបូស ឬការ​រលាក ជម្ងឺ​ត្រអក​ជាដើម។ និយាយ​រួមសម្លាក​គឺ​កើតឡើង​ដោយ​សារតែ​មានការ​ប៉ះពាល់​ជ្រៅដល់​ស្រទាប់​ទីពីរ​របស់​ស្បែក ដែលបង្ក​ឱ្យមាន​ឈាម ឬ​ក៏របួស ទើប​ក្លាយ​ទៅជា​សម្លាក។

វិធី​ព្យាបាល​សម្លាក

តាម​ធម្មតា​សម្លាក​មិនអាច​ធ្វើការ​ព្យាបាល​ឱ្យបាត់​ទាំងស្រុង​បាន​នោះទេ តែអាច​ធ្វើការ​ព្យាបាល​ដោយ​សម្រួល​សម្លាក ដើម្បី​ឱ្យមើល​ទៅមាន​រាងតូច ឬ​ស្រាល​ជាងមុន។ សម្លាក​អាច​សម្រួល​បានតាម​វិធី​សាស្ដ្រ​ផ្សេងៗ ដូច​តទៅ។

  • ការ​វះកាត់ ៖ គឺ​វះកាត់​ដើម្បី​សម្រួល​សម្លាក​ដែលធំ​ឱ្យទៅ​ជាខ្សែ។
  • ការខាត់​ស្បែក ៖ គឺ​ដើម្បី​ឱ្យ​សម្លាក​មាន​សភាព​រាបស្មើ​ប្រហាក់​ប្រហែល​នឹង​ស្បែក​ធម្មតា
  • ការប្រើ​ឡេសឺ ៖ ការប្រើ​ឡេសឺ​សម្រាប់​បាញ់​ដើម្បី​សម្រួល​ដល់​សម្លាក​ឱ្យមាន​សភាព​ធម្មតា មិន​ប៉ោង។
  • ការ​ចាក់ថ្នាំ ៖ ដើម្បី​ឱ្យសម្លាក​ស្វិត​រួមទៅជា​តូច។
  • ការប្រើ​ម្ជុល​តូចៗ ៖ គេប្រើ​ម្ជុលតូច​យកទៅ​ចាក់​នៅលើ​ស្បែក​ដែលមាន​ស្នាម ដើម្បី​ឱ្យ​ស្នាម​ចែកគ្នា​ទៅជា​បំណែក​តូចៗ។

វិធី​ការពារ​កុំឱ្យ​កើតមាន​សម្លាក

វិធី​ការពារ​កុំឱ្យ​មាន​សម្លាក​គឺ​ការពារ​កុំឱ្យមាន​របួស ព្រោះ​របួស​កាន់តែ​ធំ ឬ​កាន់តែជ្រៅ អាច​ធ្វើឱ្យ​ស្នាម​សម្លាក​កាន់តែ​ធំដែរ។ លោកអ្នក​ត្រូវ​ការពារ​មេរោគ​ឆ្លង​នៅលើ​របួស ព្រោះ​អាចឱ្យ​មានស្នាម​របួស​កាន់តែ​ធំ ហើយ​ជ្រៅ​ដែល​បន្សល់​នូវ​ស្នាម សម្លាក​ធំដែរ។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែល​លោកអ្នក​ចង់​បំបាត់​ស្លាកស្នាម​ទាំងនោះ លោកអ្នក​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ដែលមាន​ជំនាញ​ច្បាស់​លាស់ ដើម្បី​រកវិ​ធី​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។ ដូចនេះ​វិធី​ដែលល្អ​គឺការពារ​កុំឱ្យ​មានស្នាម​សម្លាក​ធំ នៅពេល​ដែលមាន​របួស ឬជម្ងឺ​អ្វីមួយ​ដែលកើត​នៅលើ​ស្បែក​លោកអ្នក។ ត្រូវរក​វិធី​ព្យាបាល​ឱ្យបាន​សមស្រប ដើម្បី​កាត់​បន្ថយ​នូវស្នាម​សម្លាក​ដែល​មិនល្អចំពោះ​ស្បែក​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative