លុយកាក់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ​(តចប់)

លុយ​គ្រាន់តែ​ជាក្រដាស​ដែលមាន​លេខប៉ុណ្ណោះ។ ប៉ុន្ដែ​លោកអ្នក​មួយចំនួន​បាន​ចាត់ទុក​ថាលុយ​ជាព្រះ​ជាម្ចាស់​របស់​ពួក គេ​ទៅវិញ។ តាមពិត​លុយ​មិនសំខាន់​ប៉ុន្មាន​ទេ តែលុយ​ពិតជា​ចាំបាច់​ណាស់​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ ព្រោះបើ​មិនត្រូវ​ការលុយ មនុស្ស​ក៏​មិនមាន​ទំនាក់​ទំនង​ជាមួយ​គ្នាទេ។ ក្នុងជីវិត​របស់​មនុស្ស​ម្នាក់​គោលដៅ​សំខាន់​ជាងគេ​ដែល​ត្រូវតែ​បំពេញ​ឱ្យបាន​មុន​ធ្វើអ្វី ផ្សេងទៀត​នោះ គឺត្រូវ​រកលុយ​ឱ្យបាន​ច្រើន​ជាមុនសិន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពីលេខ​លោកអ្នក​ក៏ដូចជា​គូស្វាមី​ភរិយា​ទាំងអស់​បាន​ជ្រាបខ្លះ​ហើយ​អំពី​ដើមចម​ទាំងឡាយ​ដែលជា​ឫសគល់​នៃបញ្ហា លុយកាក់​នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ នៅលេខ​នេះ​លោកអ្នក​នឹងបាន​ជ្រាបជា​បន្ដទៀត អំពី​ចំណុច​មួយចំនួន​ដែលត្រូវ​ដោះស្រាយ​ឱ្យបាន​ដាច់​ស្រឡះ យល់ច្បាស់​ទាំងអស់​គ្នាក្នុង​គោលដៅ​រកឱ្យ​បាននូវ​ចំណុច​កណ្ដាល ចៀសវាង​បង្កឱ្យ​មានការ​ប្រេះឆា​ដោយសារ​តែបញ្ហា​លុយកាក់ ឬរបស់​ក្រៅខ្លួន។
ចំណុច​កណ្ដាល​នៃបញ្ហា​លុយកាក់​នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍

មានចំណុច​កណ្ដាល​មួយចំនួន​ដែលប្ដី​ប្រពន្ធ​ទាំងឡាយ​ត្រូវតែ​រកឱ្យ​ឃើញ ដើម្បី​ការពារ​សុភមង្គល​កុំឱ្យ​ប្រេះឆា។ ខាង ក្រោម​នេះជា​យោបល់​មួយចំនួន​ដែលអាច​ចាត់ជា​ចំណុច​កណ្ដាល​រវាង​លុយកាក់ និង​ស្នេហា។

  • ប្ដីឬ​ប្រពន្ធ​ដែលមាន​ចំណូល​ខ្ពស់​សុទ្ធតែ​ចង់ដណ្ដើម​សិទ្ធិ​សម្រេច​នៅក្នុង​គ្រួសារ ប៉ុន្ដែ​គប្បី​ត្រូវគិត​ថាជាប្ដី​ប្រពន្ធ​នឹង​គ្នាទៅ ហើយ​គួរតែ​រក្សានូវ​សមភាព មិនត្រូវ​ចំណុះ​លើការ​រកលុយ​បានតិច​ឬច្រើន​នោះទេ។ លោកអ្នក​ចាំបាច់​គិតថា មិនអាច​យក​ប្រៀប​ជាមួយ​មនោ​សញ្ចេតនា​បានទេ ហេតុនេះ​ត្រូវ​បែងចែក​ឱ្យបាន​ច្បាស់លាស់។
  • ប្ដីប្រពន្ធ​គួរ​ចៀសវាង​ការ​បកស្រាយ​អំពីមុខ​ចំណាយ​ដែល​មិនចាំបាច់​មួយចំនួន។ ដូច្នេះ​គួររក្សា​លុយកាក់​មួយចំនួន សម្រាប់​សេចក្ដី​ត្រូវការ​ផ្ទាល់ខ្លួន។
  • ការ​លាក់លៀម​លុយកាក់​នឹង​បង្កនូវ​ការ​ខណ្ឌផ្ដាច់​រវាង​ប្ដីប្រពន្ធ។ ប្ដីប្រពន្ធ​មិនគួរ​ឱ្យមាន​បេឡា​សម្ងាត់​ផ្ទាល់ខ្លួន​ឡើយ ទោះបីជា​ចំនួន​លុយកាក់​នោះទុក​សម្រាប់​ចាយវាយ​តាម​ចំណង់​ចិត្ដខ្លួន​ក៏ដោយ។ ប្ដីប្រពន្ធ​អាចយក​លុយកាក់​ខ្លះ​សម្រាប់​ចាយវាយ​ផ្ទាល់ខ្លួន តែត្រូវ​មានការ​ទទួល​ខុសត្រូវ​អំពី​អនាគត​ទាំងគ្នា។
  • ប្ដីប្រពន្ធ​មានសិទ្ធិ​ដូចគ្នា​ក្នុងការ​ប្រើប្រាស់​លុយកាក់​ខ្លះ តាម​ចំណង់ចិត្ដ​រៀងៗ​ខ្លួន។ អាពាហ៍ពិពាហ៍​សម័យ​បច្ចុប្បន្ន​នេះ មាន​និន្នាការ​ថវិកាបី​គឺ របស់​ប្ដី របស់​ប្រពន្ធ និង​របស់រួម។
  • អាជីវកម្ម​ជាវិស័យ​ដែលភាព​ខុសគ្នា​នៃចរិត​រវាងប្ដី និង​ប្រពន្ធ​អាចជួយ​បំពេញ​ឱ្យគ្នា​បាន។ ប្ដីត្រូវ​ពន្យល់ឱ្យ​ប្រពន្ធ​ដឹងថា ចំណែក​លុយណា​ត្រូវ​រក្សាទុក លុយណា​សម្រាប់​ធ្វើ​អាជីវកម្ម។
  • ប្រពន្ធ​ឬប្ដី​គួរតែ​ពិនិត្យ​ពីទម្លាប់​ចាយវាយ​របស់ខ្លួន​មុនពេល​ខ្ចីបុល​គេ។ មុនពេល​រៀបការ​គួរតែ​ប្រកាស​ជាចំហ​អំពី​បំណុល របស់​ខ្លួន។ ប្ដីឬ​ប្រពន្ធ​ដែលមាន​បំណុល​អាច​និយាយគ្នា​ឱ្យបាន​ច្បាស់លាស់ អំពី​គោលការណ៍​នៃការ​សងបំណុល​ចាស់។

បណ្ដាំ​ផ្ញើ

ទំនាស់​រវាង​ប្ដីប្រពន្ធ​មិនមែន​បង្កឡើង​ដោយសារ​តែបញ្ហា​លុយកាក់​ប៉ុណ្ណោះ​ទេ ជួនកាល​គេ​នៅមាន​បញ្ហា​អំពីឋានៈ តួនាទី ទស្សនៈ​ក្នុងជីវិត និងចិត្ដ​ភក្ដីភាព។ ប្ដីប្រពន្ធ​ត្រូវតែ​សាកសួរ​យោបល់​គ្នាអំពី​រឿង​លុយកាក់​ដោយ​ពុំចាំបាច់​មាន​អាថ៌កំបាំង​ចំពោះ​គ្នា នោះទេ ព្រោះបើ​រៀបការ​ហើយ​ភាគី​ទាំងសងខាង​សុទ្ធតែ​មាន​បំណង​ចង់ឱ្យ​គ្រួសារ​រីកចម្រើន និងមាន​សុភមង្គល​ដូចគ្នា។ ហេតុ​បើមាន​រឿងត្រូវ​ជជែក សូម​ជជែក​ដោយ​សន្ដិវិធី បង្ការ​រាល់ទំនាស់​ទាំងឡាយ​ដែលកើត​ពី​លុយកាក់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative