ផល​ប៉ះពាល់​នៃការ​ប្រែប្រួល​អាកាសធាតុ

ការ​ប្រែប្រួល​អាកាសធាតុ​បានធ្វើ​ឱ្យមាន​ការ​ប៉ះពាល់​ជាច្រើន​ដល់ការ​រស់នៅ​របស់មនុស្ស​យើង។ សកម្មភាព​របស់​មនុស្ស បាន​នឹង​កំពុងតែ​បង្កឱ្យ​ការ​ប្រែប្រួល​កាន់តែ​ខ្លាំងឡើង។ សូម​លោកអ្នក​ស្វែងយល់​អំពីផល​ប៉ះពាល់​ទាំងឡាយ​ដែល​កើតឡើង​ដោយ សារការ​ប្រែប្រួល​អាកាសធាតុ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​បណ្ឌិត ទិន ពន្លក អ្នក​សម្របសម្រួល​គម្រោង​នៃ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពីការ​ប្រែប្រួល​អាកាស ធាតុ បកស្រាយ​ជូន​លោកអ្នក​អំពីការ​ប្រែប្រួល​អាកាសធាតុ​នេះ​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ផលប៉ះពាល់​នៃការ​ប្រែប្រួល​អាកាសធាតុ

ផល​ប៉ះពាល់​នៃការ​ប្រែប្រួល​អាកាសធាតុ​មិន​បញ្ឈប់​ត្រឹម​ព្រំដែន​ប្រទេស​ទេ ពោលគឺ​ទាំង​ប្រទេស​ជឿនលឿន និង​ប្រទេស កំពុង​អភិវឌ្ឍន៍​សុទ្ធតែ​រងគ្រោះ​ដូចគ្នា។ ប៉ុន្ដែ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹងត្រូវ​រ៉ាប់រង​បន្ទុកយ៉ាង​ធ្ងន់ធ្ងរ​នៃផល​ប៉ះពាល់​ពីការ​ប្រែប្រួល​អាកាស។ នេះក៏​ព្រោះតែ​ភាពក្រីក្រ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដោយសារ​ផលប៉ះពាល់​នៃការ​ប្រែប្រួល​អាកាសធាតុ។ អ្នកក្រ​មិនមាន​សមត្ថភាព និង​ធនធាន​សមស្រប​សម្រាប់​ដោះស្រាយ និង​បន្សាំ​ទៅលើ​ការ​ប្រែប្រួល​អាកាសធាតុ​ឡើយ។

ឧទាហរណ៍ ៖ កំណើន​កម្ពស់​ទឹកសមុទ្រ​នឹង​បង្កការ​គំរាម​កំហែង​ដល់​ប្រជាជន​នៅបណ្ដា​ប្រទេស​កោះ និង​ប្រទេស​ដែនដី សណ្ដទាបៗ ដូចជា​បង់ក្លាដែស អេហ្ស៊ីប និងចិន​ជាដើម។ ភាគច្រើន​នៃតំបន់​ដែល​ប្រឈមនឹង​គ្រោះថ្នាក់​ស្ថិតនៅ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ដែលនៅ​ទីនោះមាន​ក្រុងធំៗ​នៅក្នុង​ពិភពលោក​ប្រមាណ​៣០តាំងនៅ។ កំណើន​កម្ដៅ​ពិភពលោក​នឹង​ប៉ះពាល់​ដល់ ការ​ផ្គត់ផ្គង់​ទឹក ហើយ​ធ្វើឱ្យ​ផលិតកម្ម​ស្បៀង​ក្នុងតំបន់​ត្រូពិច និងក្បែរ​ត្រូពិច​កាន់តែ​ថយចុះ ជាទី​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍ ភាគច្រើន​ស្ថិតនៅ ដែល​ប្រការនេះ​នឹងនាំ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​រយលាននាក់​ប្រឈម​នឹង​គ្រោះទុរភិក្ស​ទៅ​អនាគត។ កំណើន​កម្ដៅ នេះ​ក៏ធ្វើឱ្យ​ខូចខាត​ព្រៃក្រៅ​តំបន់​ត្រូពិច នាំឱ្យ​បាត់បង់​ប្រភេទ​នានា ព្រមទាំង​ធ្វើឱ្យ​ជម្ងឺតំបន់​ត្រូពិច​រាតត្បាត​ទៅតំបន់​ត្រជាក់​បង្គួរ។

ភស្ដុតាង​ខ្លះៗ​ស្ដីពីការ​ប្រែប្រួល​អាកាសធាតុ

  • ភពផែនដី​កំពុង​កើនកម្តៅ​យ៉ាងឆាប់​រហ័ស។ សីតុណ្អភាព​កំពុង​កើនឡើង​រហ័ស​ជាង​កំណើន​ដែល​ធ្លាប់មាន​ក្នុង​អំឡុងពេល​១០.០០០​ឆ្នាំកន្លង​ទៅ។
  • យោងតាម​កំណតត្រា​ទសវត្សរ៍​ឆ្នាំទី​១៩៩០ ជាទសវត្សរ៍​ដែលក្ដៅ​ជាងគេ ហើយឆ្នាំ​១៩៩៨ គឺជាឆ្នាំ​ដែលក្ដៅ​ជាងគេ។
  • សីតុណ្ហភាព​ធម្យម​នៃផ្ទៃ​ផែនដី​បានកើន​ឡើងរវាង​ពី០.៣ទៅ​០.៦%ជ នៅក្នុង​អំឡុងពេល​១០០ឆ្នាំ​ចុងក្រោយ។ សីតុណ្ហភាព​នេះអាច​នឹងកើនឡើង​២%ជ បន្ថែមទៀត​នៅក្នុង​អំឡុងពេល​១០០ឆ្នាំ​ខាងមុខ ប្រសិនបើ​យើង​នៅតែ​បន្ដបញ្ចេញ​ឧស្ម័ន​ផ្ទះ កញ្ចក់​តាមកម្រិត​ដូច​បច្ចុប្បន្ន។
  • នីវ៉ូ​ទឹកសមុទ្រ​បាន​កើនឡើង​ប្រមាណ​ពី១០ទៅ​២៥​សង់ទីម៉ែត្រ ក្នុង​អំឡុងពេល​១០០ឆ្នាំ​ចុងក្រោយ ដោយសារ​ការ រលាយ​ទឹកកក​នៅតំបន់​ប៉ូល។ គេបាន​ព្យាករណ៍​ថា នឹងមាន​កំណើន​ប្រមាណ​៥០សង់ទីម៉ែត្រ​បន្ថែមទៀត​ត្រឹមឆ្នាំ​២១០០។
  • ស្ថានភាព​អាកាស​ធាតុមិន​អាច​ព្យាករណ៍​បាន និងមិន​ប្រក្រតី​តែងតែ​កើតមាន​ជា​ញឹកញាប់ ដូចជា​ព្យុះសង្ឃរា ព្យុះភ្លៀង និង​ទឹកជំនន់​ជាដើម។ នៅការ​ចេញ​ផ្សាយលេខ​ក្រោយ​របស់​ទស្ថនាវដ្តី សុខភាពយើង លោកអ្នក​នឹងទទួល​ជ្រាប​កាន់តែ​លម្អិត​ជាបន្តទៀត​អំពី​ផល​ប៉ះពាល់​នៃការ​ប្រែប្រួល​អាកាស​ធាតុ។

(សូមបន្ត​អាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative