របៀប​រៀប​តុអាហារ

ការ​ទទួលទាន​អាហារ​ដែលមាន​រសជាតិ ជាមួយ​បរិយាកាស​ល្អ​គួបផ្សំ​នឹងតុ​អាហារ​និងម្ហូប​អាហារ​មាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ ជាហេតុ​ផលមួយ​ដែលស្ដ្រី​មេផ្ទះ​គួរតែ​យល់ដឹង។ ការរៀប​ម្ហូប​ដាក់លើ​តុអាហារ​ជារឿង​បែបងាយៗ ដែល​សុភាពនារី​អាច​ធ្វើបាន​គ្រប់គ្នា ប៉ុន្ដែមិន​ប្រាកដថា​តុអាហារ​របស់​លោកអ្នក​មាន​សភាព​ត្រឹមត្រូវ​ល្អនោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​អ្នកស្រី សាពណ៌ ម្ចាស់ហាង​សាពណ៌​ម៉ូដែល ដែល​បកស្រាយ​អំពី​របៀប​រៀបចំ​តុអាហារ​ឱ្យមាន​របៀប​រៀបរយ។

តុអាហារ​ជាអ្វី?

មិនមែន​ត្រឹមតែ​សម្រាប់​ដាក់ម្ហូប​អាហារ​ប៉ុណ្ណោះទេ តុអាហារ​ជាកន្លែង​សម្រាប់​ដាក់អាហារ ជាមួយ​សម្ភារៈ​ប្រើប្រាស់ សម្រាប់​ទទួលទាន​ផ្សេងៗ​ទៀត ដូចជា​កាំបិត សម ស្លាបព្រា កន្សែងដៃ ចាន និងកែវ​ជាដើម។ តុ​ដែលមាន​ពេញដោយ​វត្ថុទាំងនេះ ទើបអាច​ហៅឈ្មោះ​ថា​តុអាហារ​បានយ៉ាង​ពិតប្រាកដ។

របៀប​រៀបចំ​តុអាហារ

សុភាពនារី​មួយចំនួន​ប្រហែលជា​មិនចង់​ចំណាយ​ពេលវេលា​ច្រើនពេក​ទេ ក្នុងការ​រៀបចំ​តុអាហារ​ឱ្យមាន​សណ្ដាប់ធ្នាប់ និង ស្រស់ស្អាត។ ប៉ុន្ដែ​លោកស្រី​អ្នកនាង​កញ្ញា​នៅតែ​មិន​ចៀសផុត​ពីបញ្ហា​អស់​ទាំងនេះ​បានទេ ព្រោះជា​ស្ដ្រីមេផ្ទះ​ត្រូវតែ​ចេះ ខាងក្រោម នេះ​ជាវិធី​ងាយៗ​សម្រាប់​សុភាពនារី​ជា​មេផ្ទះ អាចយក​ទៅប្រើប្រាស់​ក្នុងការ​រៀបចំ​តុអាហារ​ប្រចាំថ្ងៃ ក៏ដូចជា​សម្រាប់​ពិធីការ​ផងដែរ ៖

1 . ការរៀប​សម្ភារៈ​ទទួលទាន​នៅលើ​តុអាហារ ៖ សុភាពនារី​ដែលជា​មេផ្ទះ​ទាំងឡាយ​ត្រូវ​ចងចាំ​ថា សម្ភារៈ​ដែលអ្នក ប្រើប្រាស់​ក្នុងការ​ទទួលទាន​ទាំងអស់​សុទ្ធសឹង​តែមាន​របៀប និង​កន្លែង​របស់វា ដូចជា ៖

  • កែវ និង​ស្លាបព្រា​ត្រូវ​រៀបចំ​ដាក់​នៅខាង​ស្ដាំដៃ
  • សម និងកូន​កន្សែងដាក់​នៅខាង​ឆ្វេងដៃ
  • ចានប៊ឺរ ឬក៏​ចានដាក់ឆ្អឹង​ត្រូវ​រៀបចំ​ដាក់​នៅខាងឆ្វេង​ដៃទើប​ជាការ​ប្រសើរ។

2 . កូនកន្សែង​ជូត ៖ អ្នកត្រូវ​រៀបចំ​កូនកន្សែង​ឱ្យបាន​ល្អ និង​រួចរាល់​សម្រាប់​ភ្ញៀវ​ដាក់លើ​ភ្លៅក្នុង​ពេល​ទទួលទាន​អាហារ។ បើសិនជា​កូនកន្សែង​នេះ​ធំពេក សូមបត់​វាពាក់​កណ្ដាល​ហើយ​ដាក់វា​ទទឹង​លើភ្លៅ​របស់ភ្ញៀវ ដោយ​ដាក់មុខ​បត់បែរមក​រកចង្កឹះ។

3 . ការ​រៀបចំ​កៅអី​អង្គុយ និង​កែវ ៖ ពេលដែល​ពុំទាន់​មាន​សមាជិក​ក្រុមគ្រួសារ ឬភ្ញៀវ​អញ្ជើញ​មកដល់ សុភាព​នារី​ទាំងឡាយ​គួរតែ​រៀបកន្លែង​អង្គុយ​ឱ្យបាន​ល្អ។ ដោយ​រៀប​កៅអី​ដាក់ជុំវិញ​តុឱ្យ​ត្រូវតាម​លំដាប់ និង​ឋានៈ​របស់​សមាជិក​ដែល​ទទួលទាន​អាហារ​ជាមួយ។ សូមដាក់​កៅអី​នៅក្រោម​តុដើម្បី​ចៀសវាង​ការដើរ​ចេញចូល​ទើស។ ចំពោះ​កែវ​គប្បី​រៀបចំ​ឱ្យមាន​កែវ​ពិសាទឹក​ផង និង​កែវពិសា​ស្រាផង​ដែរ។

ដំបូន្មាន​អ្នក​ឯកទេស

ការយកចិត្ដ​ទុកដាក់​ចំពោះ​របៀប​រៀបចំ​ផ្សេងៗ​នៅក្នុងផ្ទះ​សម្បែង​ជាផ្នែក​មួយនៃ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ។ ដូចនេះ​ស្ដ្រី មេផ្ទះ​ទាំងឡាយ គួរតែ​យកចិត្ដ​ទុកដាក់​ក្នុងការ​រៀបចំ​ផ្សេងៗ មិនមែន​ត្រឹមតែ​ការ​រៀបចំ​តុអាហារ​នោះទេ។ ការមាន​សណ្ដាប់​ធ្នាប់ល្អ ជា​គំរូដែល​បង្ហាញពី​ភាពថ្លៃថ្នូរ​នៃគ្រួសារ​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative