ខ្ញុំ​ហើមពោះ

លោកអ្នក​មួយចំនួន​តែងតែ​គិតថា អាការ​ហើមពោះ​អាច​បណ្ដាល​មកពី​ការ​ទទួលទាន​ចំណីខុស ឬ​ចំណី​អាហារ​ណាដែល មិន​ល្អបង្ក​ឱ្យមាន​ជម្ងឺ ដូចជា​រាករូស ទល់ខ្យល់​ជាដើម។ អាការ​ទល់ខ្យល់​នេះបើ​បាន​បន្សាំ​ទុក​រយៈពេល​ពីរទៅ​បីថ្ងៃ​មិនព្រម បញ្ចេញ​ខ្យល់នោះ អាច​ក្លាយ​ទៅជា​អាការ​ហើមពោះ។ ប៉ុន្ដែ​បើតាម​វេជ្ជសាស្ដ្រ​វិញ អាការ​ហើមពោះ​គឺអាច​បណ្ដាល​មកពី​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ដំណើរ​ការល្អ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេស​ជម្ងឺសួត​និងហឺត នៃ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ដើម្បី​បកស្រាយ​ពីអាការ​ហើមពោះ។

អាការ​ហើមពោះ គឺ​ជាអ្វី?

អាការ​ហើមពោះ​បង្កឡើង​ដោយ​សារតែ​ប្រដាប់​រំលាយ​អាហារ​មិន​ដំណើរ​ការល្អ និង​ក្រពះ​កិន​អាហារ​មិនម៉ដ្ឋ​ល្អ មិន​អាច ចែក​រំលែក​ទៅឱ្យ​សរីរាង្គ​ផ្សេងៗ​បាន។ ម្យ៉ាងទៀត​អាការ​ហើមពោះ​នេះអាច​បណ្ដាល​មកពី​ការ​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ ឬ អាហារ​ខូច​គុណភាព អាហារ​សល់ និង​ពោរពេញ​ទៅដោយ​មេរោគ។

មូលហេតុ​បណ្ដាល​ឱ្យមាន​អាការ​ហើមពោះ

មាន​ហេតុផល​ច្រើនយ៉ាង​ដែលបង្ក​ឱ្យ​លោកអ្នក​មាន​អាការ​ហើមពោះ ដូចជា​ការ​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ណាដែល មាន​ជាតិហ្គាស​ឬអាស៊ីត​ច្រើន។ មួយ​វិញទៀត​ការ​ទទួលទាន​សាច់ច្រើន​ក៏អាច​បង្កឱ្យ​មាន​អាការ​ហើមពោះ​ដែរ ព្រោះ​នៅពេល​ដែល អាហារ​ធ្វើដំណើរ​មកដល់​ក្រពះ ក្រពះ​ពិបាកកិន​ហើយ​ជាតិសាច់​នៅដុំៗ ដល់ពេល​ក្លាយជា​លាមក បញ្ចេញ​ចោល​ធ្វើឱ្យ​ពិបាក​បន្ទោរបង់ ក៏​ចាប់ផ្ដើម​មាន​អាការ​ចុកពោះ​ហើយ​ក្លាយ​មានអាការ​ហើមពោះ​តែម្ដង។ ម្យ៉ាងទៀត​លោកអ្នក​ដែល​អង្គុយ​ធ្វើ​ការងារ​ច្រើន ពោះវៀន​មិនអាច​ធ្វើ​ចលនា​បត់បែន​បានល្អ បណ្ដាល​ឱ្យស្ទះ​ខ្យល់ក៏​អាចធ្វើ​ឱ្យហើម​ពោះបាន​ផងដែរ។ លោកអ្នក​មួយចំនួន​ទៀត​មាន ជម្ងឺ​រាករូស​ហើយ​នៅពេល​ដែល​ប្រើប្រាស់​ថ្នាំដើម្បី​ទប់ស្កាត់​ជម្ងឺរាក​មិនបាន​ត្រឹមត្រូវ បែរជា​ទល់ខ្យល់​វិញ បញ្ហានេះ​ក្លាយទៅជា​អាការ ហើម​ពោះ។ មូលហេតុ​មួយផ្សេង​ទៀតក៏​អាច​បណ្ដាល​មកពី​ការស្ទះ​ពោះវៀន ឬអាច​មកពី​ការ​រលាក​ស្រោមពោះ​ដែលទុក​យូរក៏​បង្កឱ្យ​មានអាការ​ហើមពោះ​ផងដែរ។

រោគសញ្ញា​នៃអាការ​ហើមពោះ

មុនដំបូង​អាការ​ហើមពោះ​ធ្វើឱ្យ​លោកអ្នក​តឹងពោះ ឆ្អល់ពោះ ចុក​ពេញពោះ ហើយ​នៅពេល​ដែល​លោកអ្នក​គោះឮ​សម្លេង ដូចវាយ​ស្គរ។ រោគសញ្ញា​បែបនេះ​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះអាច​បណ្ដាល​មកពី​លោកអ្នក​មានជម្ងឺ​ផ្សេងៗ​ទៀត ដូចជា ជម្ងឺ​ក្រពះ ជម្ងឺ​ពោះវៀន​ធំ ដែលឈឺ​រ៉ាំរ៉ៃ​ទើបតែ​ចាប់ផ្ដើម​រើ​ឡើងវិញ បន្ទាប់ពី​លោកអ្នក​ទទួលទាន​ចំណី​ដែលមាន​ជាតិហ្គាស និង​អាស៊ីត​ច្រើន ព្រោះថា​អាហារ​ទាំងនេះ​បានជំរុញ​ឱ្យមាន​អាការ​ហើមពោះ ដោយបង្ក​ក្លាយទៅ​ជាជម្ងឺ​ផ្សេងៗ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​អាការ​ហើមពោះ

វិធីព្យាបាល​អាការ​ហើមពោះ​នេះត្រូវ​ព្យាបាល​តាម​រោគសញ្ញា ប្រសិនបើ​វាមាន​អាការ​ហើមពោះ​ដោយទល់​ខ្យល់ខ្លាំង ត្រូវ ជ្រើសរើស​វិធី​យ៉ាងណា​បំបាត់​ការ​ទល់ខ្យល់​តាម​រយៈការ​ប្រើប្រាស់​ថ្នាំសុង​ឱ្យខ្យល់​ចេញតាម​មាត់ ឬតាម​រន្ធគូទ។ វិធី​ព្យាបាល​មួយ ទៀត​ត្រូវរក​មូលហេតុ​ដែលបង្ក​ឱ្យមាន​អាការ​ហើមពោះ​ជាមុនសិន។ ព្រោះ​អាការ​ប្រភេទនេះ​អាច​បណ្ដាល​មកពី​ការ​រលាកក្រពះ ឈឺ ពោះវៀន ឬ​បញ្ហា​ផ្សេងៗទៀត។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​មាន​អាការ​ហើមពោះ​ត្រូវ​រួសរាន់​ទៅកាន់​មន្ទីរពេទ្យ ដើម្បីឱ្យ​គ្រូពេទ្យ ជំនាញ​ពិនិត្យ​រក​មូលហេតុ ទើបការ​ព្យាបាល​មាន​ប្រសិទ្ធភាព។ មិនត្រូវ​លេបថ្នាំ​បំបាត់​អាការ​ហើមពោះ​មុនពេល​វេជ្ជបណ្ឌិត​ណែនាំ​ឡើយ ព្រោះ​លោកអ្នក​អាច​ទទួល​គ្រោះថ្នាក់​ដល់​ជីវិតបាន​ដោយសារ​តែមាន​ប្រតិកម្ម​ថ្នាំ ដោយការ​ប្រើប្រាស់​ថ្នាំ​អត់ចំ​ទិសដៅ​នៃមុខ សញ្ញា​ជម្ងឺ។ ម្យ៉ាងទៀត ប្រសិនបើ​ហើមពោះ​ដោយសារ​ការស្ទះ​ពោះវៀន គឺ​ត្រូវការ​ការ​វះកាត់​ជាបន្ទាន់ ព្រោះ​ទុកយូរ​អ្នកជម្ងឺ​អាច ថប់ដង្ហើម​ស្លាប់មួយ​រំពេច។

វិធី​ការពារ​អាការ​ហើមពោះ

ដើម្បី​ការពារ​កុំឱ្យ​មានអាការ​បែបនេះ​កើតឡើង លោកអ្នក​ត្រូវ​ចៀសវាង​ទទួលទាន​អាហារ​ណាដែល​មាន​សារជាតិ​ហ្គាស ឬ​អាចបង្កើត​ជាសារជាតិ​ហ្គាស​ច្រើន​នៅក្នុង​ពោះ។ មិនគួរ​បរិភោគ​អាហារ​ដែលនៅ​សេសសល់​ហើយ​ជូរផ្អូម​ខូច​គុណភាព​នោះទេ ព្រោះ អាហារ​ទាំងនេះ​អាចបង្ក​ឱ្យមាន​អាការ​ក្អួតចង្អោរ រាករូស និង​ឈានដល់​ទល់ខ្យល់ ហើមពោះ​តែម្ដង។ គប្បី​ទទួលទាន​បន្លែ ឱ្យបាន​ច្រើន មិនត្រូវ​បរិភោគ​សាច់សត្វ​ច្រើនពេក​ទេព្រោះ​អាចបង្ក​ឱ្យមាន​អាការ​ហើមពោះ ហើយ​ពិបាក​បន្ទោរបង់​លាមក​ផងដែរ។

ផល​ប៉ះពាល់​នៃអាការ​ហើមពោះ

ប្រសិនបើ​មាន​អាការ​ហើមពោះ លោកអ្នក​គួរតែ​ទៅរក​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ឆាប់បំផុត ព្រោះ​បើទុកយូរ​អាច​រីករាលដាល​បង្កឱ្យ​មានជម្ងឺ​ពោះវៀន ឬ​ក្រពះ ជាពិសេស​អាច​រលាក​ស្រោមពោះ​ទៀតផង។ លើសពីនេះ​បើទុក​យូរអាច​បង្កផល​ប៉ះពាល់​ដល់ សរីរាង្គ​ផ្សេងៗ ដូចជា​ជម្ងឺស្អិត​ពោះវៀន ឬជម្ងឺ​ក្រពះ​រ៉ាំរ៉ៃ។ ក្នុង​ករណី​ព្យាបាល​បានជា​សះស្បើយ​ហើយ​មិនអនុវត្ដ​តាមការ​ណែនាំរបស់​គ្រូពេទ្យ នោះជម្ងឺ​អាចរើនូវ​រោគសញ្ញា​នេះឡើង​វិញ ហើយ​មិនអាច​ព្យាបាល​ជារហូត​តែម្ដង។

ដំបូន្មាន​អ្នក​ជំនាញ

អាការ​ហើម​ពោះងាយ​នឹងកើត ប្រសិនបើ​លោកអ្នក​មិន​ប្រុងប្រយ័ត្ន​ក្នុងការ​ទទួលទាន​ចំណីអាហារ។ លោកអ្នក​ត្រូវចៀសវាង​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ណាដែល​ផ្ដល់នូវ​ថាមពល​បង្កើត​ជាតិហ្គាស និង​អាស៊ីត ព្រោះមាន​ផល​ប៉ះពាល់​ដល់​ក្រពះ​និង​ពោះវៀន​លំបាក​ក្នុងការ​កិន​បំបែក និង​ទទួលយក​សារជាតិ​ទាំងនេះ​ទៅ​បំលែង​សម្រាប់​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។ ម្យ៉ាងទៀត​បើ​លោកអ្នក​ជួប​ប្រទះ​នូវ​អាការ​ហើមពោះ ត្រូវ​រួសរាន់​ទៅមន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ឱ្យទាន់​ពេលវេលា​ដើម្បី​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative