អត្រា​ឆ្លង​មេរោគអេដ៍​នឹង​ថយចុះ​ជាលំដាប់​ត្រឹម​០,៧%​

ថ្មីៗនេះ​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើ​ការ​ផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​ស្ដីអំពីមេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍ ដើម្បី​បញ្ជ្រាប​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យមាន​ការ​យល់ដឹង​កាន់តែ​ច្បាស់​ថែមទៀត​ទៅលើ​ការ​រីករាល​ដោយ​សារ​ជម្ងឺ​អេដស៍ និង​មេរោគ​អេដស៍ ដែល​ខ្លឹមសារ​ផ្សព្វផ្សាយ​សៀវភៅ​នេះបាន​ជំរុញ​យ៉ាង​សំខាន់​មួយ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគអេដស៍ ជម្ងឺ​អេដស៍។ លើសពីនេះ​ថែមទាំង​រួម​ចំណែក​ដល់ការ​លើក​កម្ពស់​ការ​យល់ដឹង​របស់​សាធារណៈជន​ឱ្យយល់​កាន់តែ​ច្បាស់​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ថ្លែង​នៅក្នុង​សន្ទរកថា លោកជំទាវ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​ជាឥស្សរៈជន​ដ៏ឆ្នើម​ថ្នាក់ជាតិ​នៃ វេទិកាភាព​ជាអ្នក​ដឹកនាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍​ជម្ងឺ​អេដស៍​នៃ​កម្ពុជា បានឱ្យ​ដឹងថា​សៀវភៅ​នេះ​គឺជា​សមិទ្ធិផល ថ្មីមួយ​ទៀត​សម្រាប់ធ្វើ​ការ​ណែនាំ​ដល់​សាធារណៈជន​ទាំងអស់​ឱ្យមាន​ការ​យល់ដឹង​ខ្ពស់​លើការ​រីក​រាលដាល​ជម្ងឺអេដស៍ និង​មេរោគ​អេដស៍ និង​វិធីសាស្ដ្រ​ថែរក្សា​ខ្លួន​សម្រាប់​អ្នក​ដែលមាន​មេរោគ​អេដស៍​ទៀតផង។ លោកជំទាវ​បណ្ឌិត​បាន​បន្ដ​ថា ពិត​មែនតែ​ប្រទេស​កម្ពុជា​សម្រេច​បាន​ជោគជ័យ​គួរជាទី​មោទនៈ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ការឆ្លង​មេរោគ​អេដស៍ ជម្ងឺ​អេដស៍ ដោយ​បាន​ជាប់ ចំណាត់​ថ្នាក់​ជាប្រទេស​មួយដែល​ទទួល​បាន​ជោគជ័យ​នៃការ​កាត់បន្ថយ​ការរីក​រាលដាល​នៃមេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ក្នុង​ចំណោម​ប្រទេស​៦​នៅលើសកល​លោកក៏​ដោយ ក៏​នៅតែ​មានក្ដី​បារម្ភ និងមាន​លក្ខណៈ​ស្មុគស្មាញ។ ព្រោះ​បញ្ហា​ប្រឈម​មុខមិន​អាច​ដោះស្រាយ​ដោយ​បុគ្គល​ណាម្នាក់ ដោយ​សហគមន៍​ណាមួយ ដោយ​តួអង្គ ឬ​ស្ថាប័ន​មនុស្ស​ធម៌​ណាមួយ តែឯង​នោះបាន​ឡើយ។ ដូច្នេះ​ហើយ​រដ្ឋាភិបាល​ចាត់ទុក​ថា ការប្រយុទ្ធ​ជម្ងឺ​អេដស៍​ជាពហុ​វិស័យ។

ចំណែក​លោកជំទាវ ហូ ណូន ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គម​កិច្ច អតីត​យុទ្ធជន យុវនិតិ​សម្បទា ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារីនៃ​រដ្ឋសភា​បាន​ថ្លែងថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​៦ ដែល​អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍បាន​ធ្លាក់ចុះ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​៨០​ភាគរយ​ក្នុង​ចន្លោះ​អាយុ​ពី១៥ឆ្នាំ​ដល់៤៩ឆ្នាំ​បាន​យល់ដឹង​ពីវិធី​បង្ការ ការឆ្លង​មេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍។ ជោគជ័យ​ដែល​សម្រេច​បាន​មានការ​ទទួល​ស្គាល់​ជាអន្ដរជាតិ​នេះ បានមក​ពីការ​យកចិត្ដ​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា កម្ពុជា​បាន​រកឃើញ​ការឆ្លង​មេរោគ​អេដស៍​ដំបូង​នៅឆ្នាំ​១៩៩១ ហើយ​អ្នកមាន​ជម្ងឺ​អេដស៍​នៅឆ្នាំ​១៩៩៣។ ការ​ឆ្លង​មេរោគ​អេដស៍​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​រាលដាល​ពី​ទីក្រុង​ទៅ​ជនបទ និងក្រុម​ប្រឈម​មុខខ្ពស់​ទៅ​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ក្នុងសង្គម​គ្រួសារ​ចាប់ពី​ឆ្នាំ១៩៩១​ដល់ឆ្នាំ​១៩៩៨ ដែលជា​ចំណុច​ឆ្លង​មេរោគ​អេដស៍​ខ្ពស់​បំផុត។ លោក​បន្ដថា លទ្ធផល​នៃការ​សិក្សា​តាមរយៈ​ម៉ូដែល​អេមិក​ជម្ងឺ​អេដស៍​នៅ​អាស៊ី​បាន​បង្ហាញ​ថា អត្រា​ប្រេវ៉ាឡង់​នៃការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​១៥ដល់​៤៩ឆ្នាំ បាន​ថយចុះ​ជាលំដាប់​ពី២ភាគរយ​នៅឆ្នាំ​១៩៩៨មក​០.៩ភាគរយ​នៅឆ្នាំ​២០០៦ និង​មក០.៧​នៅឆ្នាំ​២០០៩។

នៅឆ្នាំ​២០០៦មាន​អ្នកផ្ទុក​មេរោគ​អេដស៍​ប្រមាណ​៦៧.០០០​នាក់ ក្នុងនោះ​ស្ដ្រីមាន​៥១​ភាគរយ។ តាម​រយៈនៃការ​សិក្សា​យើងបាន​ប៉ាន់ស្មាន​ថា មានការ​ឆ្លង​មេរោគអេដស៍​ក្នុងមួយ​ថ្ងៃបាន​ថយចុះ ពី១០០​នាក់​នៅឆ្នាំ​១៩៩៨​មកត្រឹម​៣នាក់​នៅឆ្នាំ​២០០៦។ ទន្ទឹម​នឹងការ​ប្រឹងប្រែង​ទប់ស្កាត់​នេះ ក៏​មានការ​ខិតខំ​ទប់ស្កាត់​និង​អនុវត្ដន៍ គ្រប់វិធី​សាស្ដ្រ​ក្នុងការ​កាត់​បន្ថយ​មេរោគ​អេដស៍​ពី​ឪពុកម្ដាយ​មកកូន​ឱ្យមាន​កម្រិត​ទាប​បំផុត​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative