ញាំត្រយូងចេក

រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណមនុស្សទទួលទាន ៖ ២នាក់
  • រយៈពេលចម្អិន ៖ ៤នាទី
  • រយៈពេលរៀបចំគ្រឿងផ្សំ ៖ ៥០នាទី

គ្រឿងផ្សំ

  • សាច់ជ្រូកសាច់លាយខ្លាញ់ ១២០ក្រាម
  • ខ្ទឹមស ៤កំពឹស
  • ស្ករត្នោត ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាកាហ្វេ
  • អំបិល ១ចឹប
  • ម្រេច ១ចឹប
  • ត្រយូងចេក ១កំណាត់
  • សណ្ដែកកួរ ៨០ក្រាម
  • ខ្ទឹមក្រហម ៤០ក្រាម
  • សណ្ដែកដី ២០ក្រាម
  • សណ្ដែកបណ្ដុះ ៤០ក្រាម
  • ជីគ្រប់មុខ តាមចំណូលចិត្ដ
  • ផ្កាកំប្លោក តាមចំណូលចិត្ដ
  • បង្គាក្រៀម ៣០ក្រាម
  • ទឹកខ្មេះ ២ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ម្ទេស ២គ្រាប់
  • ក្រូចឆ្មារ ២ចំណិត

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបរៀបចំគ្រឿងផ្សំ

  • ខ្ទឹមក្រហមចែកជាពីរ យកពាក់កណ្ដាល​ទៅចិញ្ច្រាំ និងពាក់កណ្ដាល​ទៀតហាន់​ស្ដើងល្មម
  • ខ្ទឹមសចិញ្ច្រាំឱ្យម៉ដ្ឋ
  • ខ្ទឹមក្រហមដែលចិញ្ច្រាំម៉ដ្ឋនោះយក​មកលាយ​ជាមួយ​ស្ករត្នោត ទឹកត្រី និងក្រូចឆ្មារ​(នេះជាទឹកជ្រលក់)​
  • សាច់ជ្រូកលាងទឹកឱ្យស្អាត យកទៅប្រឡាក់​ជាមួយ​ខ្ទឹមស​ដែល​ចិញ្ច្រាំរួច ហើយត្រូវ​លាយជាមួយ​ស្ករត្នោត និងទឹកត្រី ទុក​ដោយឡែក។ បន្ទាប់មក​គឺត្រូវយក​ទៅចៀន រួចហាន់​តូចៗល្មម​ទុកដោយ​ឡែក។
  • ត្រយូងចេកបកសម្បកចេញយកតែ​បណ្ដូល​កណ្ដាល ហើយយក​ទៅត្រាំ​ជាមួយ​ទឹកខ្មេះ ឬក៏​ទឹកក្រូចឆ្មារ​ប្រហែល​ជាពី​ ៥ទៅ​១០នាទី​ បន្ទាប់មក​សូមយក​ត្រយូងចេក​ហាន់ស្ដើង​ទុកដោយ​ឡែក។
  • ជីគ្រប់មុខបេះយកតែស្លឹក ហើយ​លាងទឹក​ឱ្យស្អាត
  • សណ្ដែកកួរលាងទឹកឱ្យ​ស្អាតហើយ​កាត់ខ្លី​ល្មម
  • សណ្ដែកបណ្ដុះលាង​ទឹកឱ្យ​ស្អាត
  • បង្គាក្រៀមលាង​ទឹកឱ្យ​ស្អាត
  • ម្ទេសក្រហម ហាន់ជា​សរសៃ​សម្រាប់​លម្អ។

របៀបធ្វើ

ដំបូងយកបន្លែមកលាយចូលគ្នា ដែល​រួមមាន ត្រយូងចេក សណ្ដែកបណ្ដុះ ជីគ្រប់មុខ សណ្ដែកកួរ បង្គាក្រៀម ខ្ទឹមក្រហម សាច់ជ្រូក​ដែលហាន់​រួចដាក់​ស្ករស ទឹកខ្មេះ សណ្ដែកដី ម្រេច អំបិល ទឹកត្រី លាយចូលគ្នាឱ្យ​ចូលជាតិ ហើយដាក់​ម្ទេស​លម្អ​ជាការ​ ​ស្រេច។ ចំណែក​ឯទឹក​ជ្រលក់​ដាក់លាយ​បន្ថែម​ពីលើ បើសិន​ជាគិត​ថាមិន​ទាន់​មាន​រសជាតិ​ល្អ។

បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបាន​ជាមួយ​បាយស ឬក៏​ជាមួយ​គ្រឿងក្លែម​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative