វីតាមីន​(ត) ៖ វីតាមីន​បេ៣

ពេលនេះ សូម​លោកអ្នក​បន្ដ​ជ្រាប​អំពី​វីតាមីន​បេ៣​(ព៣) ជាពិសេស​អំពី​តួនាទី និង​អត្ថប្រយោជន៍​របស់​វា នៅលើ​ទំព័រ ទស្សនាវដ្ដី សុខភាពយើង ជាបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​បេ៣

វីតាមីន​បេ៣ ឬ​ហៅជា​ភាសា​គីមីសាស្ដ្រ​ថា នីយ៉ាស៊ីន​(ណិាចិនេ) ឬ​វីតាមីន​ប៉េប៉េ (ភភ) មាន​តួនាទី​ពិសេសៗ​ដូចតទៅ ៖

  • ផ្ដល់​ថាមពល ៖ វីតាមីន​បេ៣​មានតួនាទី​សំខាន់​ក្នុងការ​ផ្ដល់​ថាមពល ពេលមាន​ប្រតិកម្ម​គីមីសាស្ដ្រ​ទាំងឡាយ​របស់​សរីរាង្គកាយ។
  • ចូលរួម​ការ​ផលិត​អ័រម៉ូន ៖ វីតាមីន​បេ៣​អាច​ចូលរួម​ក្នុង​ដំណើរ​ការ​ផលិត​អ័រម៉ូន​របស់​រាងកាយ​មនុស្ស។
  • ជួយ​បំលាស់​ប្ដូរ​ប្រព័ន្ធ​ប្រសាទ ៖ វីតាមីន​នេះដើរ​តួនាទី​ផងដែរ​នៅក្នុង​ការ​បំលាស់​ប្ដូរ​ប្រព័ន្ធប្រសាទ។
  • ការពារ​បេះដូង និង​សរសៃ​ឈាម ៖ វីតាមីន​បេ៣​ជាអ្នក​ការពារ​បេះដូង ដោយ​វាអាច​កាត់​បន្ថយ​កម្រិត​ជាតិខ្លាញ់ កូឡេស្ដេរ៉ុល និង​ជាតិខ្លាញ់​ទ្រីគ្លី​សេរីដ​នៅក្នុង​ឈាម ជួយកាត់​បន្ថយ​សម្ពាធ​ឈាម​អាកទែរ​(ជម្ងឺ​លើស​ឈាម) និងអាច​ទប់ស្កាត់ ជម្ងឺ​សរសៃ​ឈាម​រឹងបាន​ទៀតផង។
  • សម្រួល​ការ​រំលាយ​អាហារ ៖ វីតាមីន​បេ៣​អាចជួយ​ធ្វើឱ្យ​ការ​រំលាយ​អាហារ​រឹតតែ​ប្រសើរ​ឡើង និង​ប្រឆាំង​នឹង​រោគរាក រូស​ផងដែរ។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីន​បេ៣

មនុស្ស​ត្រូវ​ទទួលទាន​ចូលទៅ​ក្នុងខ្លួន​ជាប្រចាំថ្ងៃ​នូវ​ជាតិ​វីតាមីន​បេ៣ ក្នុង​បរិមាណ​ចំនួន​ពី១១ទៅ១៤​មីលីក្រាម សម្រាប់​មនុស្ស​ពេញវ័យ​ទូទៅ។ ដោយ​ឡែក​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ តម្រូវ​ការ​វីតាមីន​បេ៣​អាចកើន​ដល់ទៅ​១៦​មីលីក្រាម រីឯ​អ្នកមាន​ជម្ងឺ ឬ​ស្ដ្រី​បំបៅដោះ​កូនក៏​មាន​តម្រូវការ​ខ្ពស់​ផងដែរ ប្រមាណ​ជា១៥​មីលីក្រាម​ក្នុង១ថ្ងៃ។

កង្វះ​វីតាមីន​បេ៣ នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

បើសិន​ពេលមនុស្ស​យើង​ទទួលទាន​វីតាមីន​បេ៣​នេះមិន​គ្រប់គ្រាន់ អាចនាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនោះ មាន​ដូចជា​របកស្បែក​(ជម្ងឺ​ស្បែក និង​ភ្នាសមុយកឺ) រោគ​តានតឹង​អារម្មណ៍ ជម្ងឺ​ផ្លូវចិត្ដ អស់​កម្លាំង គេង​មិនលក់ លែង​ឃ្លានបាយ រលាក​សន្លាក់ ឬ​វិបត្ដិ​ទឹកចិត្ដ។

ចំណី​អាហារ​ដែលមាន​ជាតិវីតាមីន​បេ៣

វីតាមីន​បេ៣​មាននៅ​លើ​ចំណី​អាហារ​មួយចំនួន​ដូច​តទៅ ៖

  • គ្រាប់​ធញ្ញជាតិ
  • ស៊ុត​ពណ៌លឿង
  • សាច់ត្រី
  • បន្លែ​ក្រៀម
  • មេស្រា​បៀ
  • កាហ្វេ​កែច្នៃ។

ពេល​ដែល​ត្រូវ​ប្រើប្រាស់​គ្រាប់ថ្នាំ​វីតាមីន​បេ៣

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​គ្រាប់ថ្នាំ​វីតាមីន​បេ៣​ជាជំនួយ​បន្ថែម​មាន​ដូចត​ទៅ ៖

  • អ្នក​ដែលអាច​ប្រឈម​នឹងជម្ងឺ​បេះដូង និង​ជម្ងឺ​សរសៃ​ឈាម​រឹង ជាពិសេស​អ្នក​ដែលមាន​ប្រវត្ដិក្រុម​គ្រួសារ​ធ្លាប់កើត ឬ​អ្នក​ដែលមាន​ជាតិ​កូឡេស្ដេរ៉ុល​ឡើងខ្ពស់​ជាដើម
  • ស្ដ្រី​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ (តម្រូវការ​អាច​ឡើងដល់​ទៅ១​ទៅ៣​ក្រាម ដោយ​លេប​ច្រើនដង​ក្នុង​១ថ្ងៃ)
  • អ្នកដែល​ឧស្សាហ៍​មាន​អាការ​វិលមុខ និង​ហ៊ឹង​ត្រចៀក​(ជាពិសេស​ជម្ងឺ​ម៉ានីញ៉ែ)។

តម្រូវការ​ថ្នាំវីតាមីន​បេ៣​ជាប្រចាំ​ថ្ងៃ

ជាប្រចាំ​ថ្ងៃ មនុស្ស​ត្រូវ​ទទួល​ទាន​គ្រាប់ថ្នាំ​វីតាមីន​បេ៣​នេះ ប្រមាណ​ជាពី​១០០ទៅ​១០០០​មីលីក្រាម​នៅក្នុង​ស្ថានភាព​ធម្មតា ជាពិសេស​ទៅតាម​ការ​វិនិច្ឆ័យ​រោគ​របស់​គ្រូពេទ្យ​ព្យាបាល។ រីឯ​ក្នុង​ករណី​បំបៅ​ដោះកូន អាច​តម្រូវ​ឱ្យលេប​គ្រាប់ថ្នាំ​ពី១០០០ ទៅ៣០០០​មីលីក្រាម។

    ករណី​បង្ការ ៖ ប្រើប្រាស់​គ្រាប់ថ្នាំ​ពី៥០ទៅ​១០០​មីលីក្រាម​ក្នុង​១ថ្ងៃ
    ករណី​កង្វះ​ខ្លាំង ៖ តម្រូវការ​អាចមាន​កម្រិតខ្ពស់​ពី៥០០​ទៅ៥០០០​មីលីក្រាម។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative