រ៉ែខនិជ ៖ ជាតិ​​​អ៊ីយ៉ូដ

កាលពីលេខមុន លោកអ្នកបានជ្រាប​ហើយអំពី​ជាតិ​កាល់ស្យូម។ នៅលេខនេះ​ ទស្សនាវដ្ដី សុខភាពយើង សូមបន្ដ​​លើក​យក​​អត្ថប្រយោជន៍​នៃ​ជាតិអ៊ីយ៉ូដ ដែលជា​រ៉ែខនិជ​សំខាន់​សម្រាប់​សុខភាព​មនុស្ស។ ថ្មីៗនេះ ជាតិអ៊ីយ៉ូដ​ត្រូវបាន​យកទៅ​ ​ប្រើប្រាស់​សម្រាប់​បង្ការ​សុខភាព​ពេលមាន​ការ​ផ្ទុះនុយក្លេអ៊ែរ និងការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទីជាតិអ៊ីយ៉ូដ

សារធាតុឬរ៉ែខនិជអ៊ីយ៉ូដ ដែលចាត់​ចូលទៅ​ក្នុង​ចំណាត់​ថ្នាក់​សារធាតុ​រ៉ែខនិជ ឬសារធាតុ​អាហារបំប៉ន គេស្គាល់​ថា​ជា សារធាតុ​រ៉ែខនិជ​ទប់ស្កាត់​ការអស់​កម្លាំង មានតួនាទី​ពិសេសៗ​ដូចតទៅ។

– ផលិតអ័រម៉ូនទីរ៉ូអ៊ីដ ៖ សារធាតុអ៊ីយ៉ូដ ចូលរួម​នៅក្នុងការ​បង្កើត​អ័រម៉ូនទីរ៉ូអ៊ីដ ដែលដើរ​តួនាទី​សំខាន់​នៅក្នុង​ការវិវឌ្ឍន៍​ លូតលាស់​នៃខួរក្បាល និង​រូបរាងកាយ។ ក្រពេញទីរ៉ូអ៊ីដ​ជះឥទ្ធិពល​ទៅលើ​មុខងារ​សរីរាង្គកាយ​ជាច្រើន ជាអាទិការ​សម្រប​តម្រូវ​ សីតុណ្ហភាព ប្រព័ន្ធបេះដូង​សរសៃឈាម​ ប្រព័ន្ធប្រសាទ ព្រមទាំង​មុខងារ​ផ្លូវដង្ហើម និង​ផ្លូវទឹកនោម។

– ប្រឆាំងការអស់កម្លាំង អ៊ីយ៉ូដមាន​តួនាទី​ប្រឆាំង​តបត​នឹងការ​អស់​កម្លាំង​កំហែង។

– បង្កើតវីតាមីនអា អ៊ីយ៉ូដក៏ចូលរួមផងដែរ ក្នុងការ​ធ្វើឱ្យ​ផ្លាស់ប្ដូរ​នៃ​ការ៉ូទែន​(ប្រូវីតាមីនអា)​ឱ្យប្រែ​ក្លាយ​ទៅជា ​វីតាមីន​អា ​គឺជាសារធាតុ​ដែលធ្វើឱ្យ​មាន​សុខភាព​ស្បែក​ ក្រចក និងសក់ល្អ នាំឱ្យ​អារម្មណ៍​ស្ងប់ស្ងាត់ និងស្រក​ទម្ងន់​ជាដើម។

របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិអ៊ីយ៉ូដ

ខ្លួនប្រាណមនុស្សត្រូវការទទួលទានចូលជា​ប្រចាំ​នូវសារ​ធាតុ​អ៊ីយ៉ូដ​ក្នុង​បរិមាណ​ចំនួន​១៥០មីក្រូ​ក្រាម។​ ​ប៉ុន្ដែ​តួលេខ​នេះ អាច​កើនឡើង​ដល់ទៅ​២០០មីក្រូក្រាម​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ និងសម្រាប់​ស្ដ្រី​បំបៅ​ដោះកូន។

កង្វះជាតិអ៊ីយ៉ូដ នាំឱ្យប៉ះពាល់ដល់សុខភាព

ប្រសិនបើយើងទទួលទានសារជាតិ​អ៊ីយ៉ូដ​មិនបាន​គ្រប់គ្រាន់​នោះទេ អាចនាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​គួរ​ឱ្យ​កត់​សម្គាល់។ ផល ប៉ះពាល់​ទាំងនោះ ដែលចម្បង​ជាងគេ គឺជម្ងឺពកក ការអា​ឬគ្មានកូន ការរលូត​កូនដោយ​ឯកឯង សតិស្មារតី​លូតលាស់​យឺតយ៉ាវ មិនសូវ សម្បូរ​រោមលើខ្លួន ឧស្សាហ៍​ទល់លាមក ភាំងៗ ឡើងទម្ងន់ និង​ថមថយ​កាមតណ្ហា។

ចំណីអាហារដែលមានជាតិអ៊ីយ៉ូដ

ជាតិអ៊ីយ៉ូដមាននៅលើចំណីអាហារមួយចំនួន ​ជាពិសេស​នៅក្នុង​ចំណី​អាហារ ដូចជា​អំបិល​សមុទ្រ ត្រីសមុទ្រ ខ្យងខ្ចៅ ខ្ទឹមបារាំង សណ្ដែកដី ម្នាស់ជាដើម។

ប្រការគួរយល់ដឹងផ្សេងទៀតអំពីជាតិអ៊ីយ៉ូដ

ជាទូទៅ យើងមានកង្វះជាតិអ៊ីយ៉ូដ។ ការលើសក៏​​ដូចជា​ការខ្វះ​អ៊ីយ៉ូដ​ដែរ អាចបណ្ដាល​ឱ្យមាន​ជម្ងឺពកក។ បែបនេះ​មិន មែន​ជារឿង​ដែល​កម្រ​នោះទេ ហើយឱសថ​មួយចំនួន​ក៏អាច​ជាអ្នក​បង្ក​ផងដែរ ដូចជាថ្នាំ​បេះដូង ថ្នាំរម្ងាប់​មេរោគ​(បេតាឌីន)​ និងឱសថ​ដែលចាក់​សម្រាប់​ការថត​ឆ្លុះ។ ជាលទ្ធផល គឺអាចនាំ​ឱ្យ​ក្រពេញ​ទីរ៉ូអ៊ីដ​លែង​ដំណើរ​ការ និង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative