រាក​មួល

រាកមួល​គឺជា​ជម្ងឺម្យ៉ាង​ដែល​បណ្ដាល​មកពី​មេរោគ​ជាច្រើន​យ៉ាង ដែល​ហៅថា“អាមីប”។ ជម្ងឺនេះ​បណ្ដាល​មកពី​លាមក​មានឈាម​ឬមាន​សម្បោរ ហើយ​បន្ទោរបង់​ញឹកញាប់​ពី៤ទៅ​៦ដង ធ្វើឱ្យ​អ្នកជម្ងឺ​មាន​សភាព​ហេវហត់ អស់កម្លាំង​ជាខ្លាំង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យជ្រាប​ច្បាស់​អំពី​ជម្ងឺ​រាកមួល​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ គ្រូពេទ្យ​ឯកទេស​ជម្ងឺ​ក្រពះ ពោះវៀន ថ្លើម នៃ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា។

ជម្ងឺ​រាកមួល​ជាអ្វី?

ជម្ងឺ​រាកមួល​បណ្ដាល​មកពី​មេរោគ​ឈ្មោះ​អាមីប ធ្វើឱ្យ​អ្នកជម្ងឺ​បន្ទោរ​បង់​ញឹកញាប់​ពី៤ដង​ទៅ៦ដង​ក្នុងមួយ​ថ្ងៃ ហើយ លាមក​ពោរពេញ​ទៅដោយ​ឈាម និង​សម្បោរ។

មូលហេតុ​បង្កជម្ងឺ​រាកមួល

ជម្ងឺ​រាកមួល​បណ្ដាល​មកពី​ការ​ទទួលទាន​អាហារ​មិនមាន​អនាម័យ ដូចជា​ទឹក ចំណី​អាហារ​មិនស្អាត​ជាដើម។ ចំណី​អាហារ​ខ្វះអនាម័យ​មានវត្ដមាន​អាមីប ហើយ​អាមីប​ជាដើម​ហេតុបង្ក​ឱ្យមាន​ជម្ងឺ​រាកមួល ដោយ​សារតែ​លោកអ្នក​បរិភោគ​ចូលទៅ​នូវ​មេរោគ​នេះ ដោយ​ឆ្លងកាត់​តាម​ពោះវៀន ជាពិសេស​ពោះវៀន​ធំ ហើយក៏​សម្ងំ​នៅទី​នោះ​រយៈពេល​ពី២ទៅ​៣សប្ដាហ៍ ទើប​បង្ហាញនូវ​រោគ សញ្ញា។ ប្រសិនបើ​មេរោគ​នេះមាន​ច្រើន​មិនអាច​សម្ងំបាន​យូរនោះ​ទេ ក៏បង្ហាញ​ជាសញ្ញា​ឱ្យ​លោកអ្នក​ដឹងតែ​ម្ដង។ មិនតែ​ប៉ុណ្ណោះ ខណៈពេល​ដែល​មេរោគនេះ​ជ្រៀត​ចូលដល់​ស្រទាប់​ពោះវៀន​ធំ​កាន់តែ​ច្រើន អាច​រាតត្បាត​ទៅលើ​ស្រទាប់​ពោះវៀន​ខាងក្នុង ដែល មាន​ស្រទាប់​ជាតិ​រំអិល​ហៅថា“មុយគឺ”។ ពេល​មេរោគ​ដដែល​នេះយាយី​ដល់“មុយគឺ” ធ្វើឱ្យ​ពោះវៀន​មានដំបៅ ហើយ​ក៏ដាច់​រំអិល ពោះវៀន​ចេញ នាំឱ្យ​លោកអ្នក​បន្ទោរបង់​លាមក​មាន​សម្បោរ។ មេរោគនេះ​អាចតាម​យាយី ធ្វើឱ្យ​ពោះវៀន​មាន​ដំបៅ​កាន់តែ​ធំ បន្ទោរបង់​មាន​ឈាម។ ក៏ប៉ុន្ដែ​មេរោគ​អាមីប​នេះចែក​ចេញជាពីរ​គឺ​គុណសម្បត្ដិ និង​គុណវិបត្ដិ​ផងដែរ។ ទីមួយ​គុណ​សម្បត្ដិ​របស់វា អាច​ជាភ្នាក់ងារ​ទ្រទ្រង់​ពោះវៀន​លោកអ្នក​ទៅវិញ ព្រោះ​មេរោគ​នេះអាច​ជួយ​ការពារ​សត្វល្អិត​ក្នុង​ក្រពះ​យ៉ាង​អង់អាច។ ទីពីរ​គុណ វិបត្ដិ គឺជា​មេរោគ​ដែល​បំផ្លាញ​ពោះវៀន បង្ក​ឱ្យមាន​ដំបៅ។

រោគសញ្ញា​ជម្ងឺ​រាកមួល

មុនដំបូង​អ្នកជម្ងឺ​មាន​អាការ​រាកជា​ញឹកញាប់ មានជាតិ​រំអិល ហើយ​លាយឡំ​នឹងឈាម​ផងដែរ ព្រោះថា​ស្រទាប់​ពោះវៀន​ខាងក្នុង​របេះ​ធ្លាក់មក ដោយ​សារតែ​ចលនា​ញាប់ៗ​នៅពេល​ដែល​មេរោគ​ចូលទៅ​យាយី ហើយការ​បឺតទឹក​របស់​ពោះវៀន​ធំមាន​បញ្ហា លែងធ្វើ​ចលនា​ក៏បណ្ដាល​ឱ្យរាក។ ជម្ងឺនេះ​មិនមាន​អាការ​ក្ដៅខ្លួន​នោះទេ តែអាច​ចុកពោះ ឬ​ហើមពោះ​ម្ដងម្កាល។ ម្យ៉ាង​ទៀត ប្រសិនបើ​មេរោគនេះ​មានក្នុង​ពោះវៀន អាច​រាលដាល​ដល់ថ្លើម នាំឱ្យ​លោកអ្នក​ប្រឈម​មុខនឹង​ជម្ងឺ​បូសថ្លើម​តែម្ដង បន្ទាប់​ពីមាន​ជម្ងឺ​រាកមួល​រយៈមួយ​សប្ដាហ៍​ឬ១០​ថ្ងៃក្រោយ​មក។ ការធ្វើ​រោគវិនិច្ឆ័យ​មួយទៀត គឺអាច​យកលាមក​ទៅពិនិត្យ វិភាគ​ឈាម ឬក៏ថត​សួត​ជាដើម ក៏អាច​បានដឹង​ពីរោគ​សញ្ញា​ផងដែរ។ ម្យ៉ាងទៀត​អាមីប​មិន​ត្រឹមតែ​ចូលទៅ​ក្នុងថ្លើម ឬក៏​សួតនោះ​ទេ វាក៏​អាចចូល​ទៅក្នុង​ខួរក្បាល​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​រាកមួល

ដើម្បី​ព្យាបាល​ជម្ងឺ​រាកមួល លោកអ្នក​អាចទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​យកថ្នាំ​មក​ព្យាបាល។ ប៉ុន្ដែ​ជាទូទៅ ពពួក​មេរោគ​អាមីបនេះ​ធ្វើឱ្យ​រាកមួល ហើយអាច​ប៉ះពាល់​ដល់​ពោះវៀន​បង្កជា​ជម្ងឺ​គ្រុនពោះវៀន​ផងដែរ។ ដូច្នេះ​នៅពេល​ដែល​ប្រើ ប្រាស់​ថ្នាំ គួរតែ​ប្រើថ្នាំ​គ្រុន​ពោះវៀន​ថែមទៀត។ ជាពិសេស​ត្រូវ​លេបថ្នាំ​បំបាត់​អាការ​ចុកពោះ និងប្រើ​ឱសថ​មួយចំនួន​ផ្សេងទៀត​តាម​លោកគ្រូពេទ្យ​ព្យាបាល។ ប្រសិនបើ​មិនធ្វើ​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេ លោកអ្នក​អាចកើត​ជម្ងឺ​មហារីក​ពោះវៀន​បានយ៉ាងងាយ។

វិធី​ការពារ​ជម្ងឺ​រាកមួល

ដើម្បី​ការពារ​ជម្ងឺ​រាកមួល​នេះ បញ្ហា​ចម្បង​លោកអ្នក​ទាំងអស់​ត្រូវតែ​អនាម័យ​ឱ្យបាន​គ្រប់ពេលវេលា ជាពិសេស​ចំពោះ​ការ ទទួលទាន​ផ្សេងៗ​ត្រូវ​ប្រុងប្រយ័ត្ន។ តែ​ប្រសិនបើ​លោកអ្នក​មានជម្ងឺ​រាកភ្លាម គួរគប្បី​មក​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ដើម្បី​ព្យាបាល ជម្ងឺ​រាកនេះ​ឱ្យទាន់ពេល ចៀសវាង​ជម្ងឺ​រាករីក​ដុះដាល​ក្លាយ​ទៅជា​រាកមួល ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​សុខភាព ជាពិសេស​ពោះវៀន និង​ថ្លើម ព្រោះ​ជម្ងឺ​រាកមួល​នេះអាច​ម្រឈម​មុខបង្ក​ឱ្យកើត​មានជម្ងឺ​ផ្សេងៗ​ទៀតបាន ដូចជា​ជម្ងឺ​បូសថ្លើម ជម្ងឺ​ធ្លាយ​ពោះវៀន​ធំ ជម្ងឺ​ទឹកចូល​សួត។ ល។

ផល​ប៉ះពាល់​នៃជម្ងឺ​រាកមួល

ប្រសិនបើ​លោកអ្នក​មិនធ្វើ​ការព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ លោកអ្នក​អាចមាន​បញ្ហា ដូចជា​ធ្លាយ​ពោះវៀន រលាក ពោះវៀន​ខ្នែង បូសថ្លើម​ជាដើម។ ប្រសិន​បើវា​រលាក​ពោះវៀន​ខ្នែង​ហើយនោះ វាងាយ​នឹងធ្លាយ​ពោះវៀន​ខ្នែងណាស់ ហើយ​អ្នក​ជម្ងឺ ត្រូវការ​ការ​វះកាត់​ជាបន្ទាន់។ ក្រៅពី​នេះវា​អាច​ប៉ះពាល់​ដល់ថ្លើម តាមរយៈ​សរសៃ​ឈាម​ពីពោះវៀន​ចូលទៅ​ក្នុងថ្លើម បំផ្លាញ​ជាលិកាថ្លើម និង​កោសិកា​ថ្លើមឱ្យ​រលួយ បណ្ដាល​ឱ្យបូស​ថ្លើមតែ​ម្ដង។ មិនតែ​ប៉ុណ្ណោះ​វាអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ស្រទាប់សួត និង​ស្រោមសួត​បង្កឱ្យ​រលាក។ បន្ទាប់ពី​រលាក​ស្រោមសួត ហើយ​ធ្វើឱ្យ​ទឹកជ្រាប​ចូល​ស្រោមសួត គេហៅថា​ទឹកចូល​សួត។ បញ្ហា​ទាំងនេះ​ហើយ​ដែលមាន​ផល​ប៉ះពាល់​កើតចេញ​មកពី​ជម្ងឺ​រាកមួល។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ចៀសវាង​ជម្ងឺ​រាកមួល លោកអ្នក​ត្រូវតែ​អនាម័យ​ដៃជើង​ឱ្យបាន​ស្អាតនឹង​សាប៊ូ និង​សារជាតិ​ផ្សេងៗ ដែលអាច​ជូត ជម្រះ​បានស្អាត ហើយការ​ទទួលទាន​ចំណី​អាហារ ទឹក ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។ ព្រោះ​មេរោគ​ទាំងអស់​ចាប់ផ្ដើម​កើតមាន​នៅក្នុង​ខ្លួន​របស់យើង​ទាំងអស់​គ្នាផ្ដើម​ពីចំណី​អាហារ និង​ទឹក។ ម្យ៉ាងទៀត ប្រសិនបើ​ចំណី​អាហារ​ណាមើល​មិនគួរ​គប្បី​ទទួលទាន​កុំ​ទទួលទាន ជាពិសេស​ចំណី​អាហាដែ​លដាក់​តាំងលក់​តាមផ្លូវ​សាធារណៈ​ផ្សេងៗ ដែល​ពុំមាន​អនាម័យ​គ្រប់គ្រាន់ ព្រោះ​អាចមាន​មេរោគ ធូលី ហុយ​ជាប់ទៅ​នឹង​ចំណី​អាហារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative