ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត​បុរស

ក្រពេញ​ប្រូស្ដាត​បុរស​មាន​មុខងារ​យ៉ាង​សំខាន់​បំផុត​សម្រាប់​បញ្ចេញ​ទឹក​រំអិល​នៅពេល​មាន​ចំណង់​ផ្លូវភេទ ឬ​រួមភេទ។ ហើយ​វាក៏មាន​តួនាទី​សំខាន់​ទៀតផង​សម្រាប់​បន្សាប​ជាតិ​អាស៊ីត​នៅក្នុង​បង្ហួរនោម ទប់ស្កាត់​មេជីវិត​ឈ្មោល​កុំឱ្យ​ងាប់។ ក្រពេញ ប្រូស្ដាត​មាន​សាច់ដុំ​ខ្ជឹប​ទប់ទឹកនោម​កុំឱ្យ​ធ្វើដំណើរ​មក​ជាមួយ​ទឹកកាម​នៅពេល​រួមភេទ។ ប៉ុន្ដែ​ប្រសិន​បើបុរស​ជួបប្រទះ​នូវជម្ងឺ​រលាក ក្រពេញ​ប្រូស្ដាត ឬ​មហារីក​ក្រពេញ​ប្រូស្ដាត នោះជារឿង​អកុសល​មួយដែល​គួរឱ្យ​សោកស្ដាយ ព្រោះនាំ​ឱ្យមាន​ផល​ប៉ះពាល់ និង​បាត់បង់​សកម្មភាព​ផ្លូវភេទ​គួរឱ្យ​សង្វេគ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​ច្បាស់​អំពី​បញ្ហានេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យ​ព្យាបាល ជម្ងឺ​ទូទៅ និងផ្នែក​សុខភាព​បន្ដពូជ​បុរសនៃ​សមាគម​ថែទាំ​សុខភាព​កម្ពុជា ហៅ​កាត់ថា“រ៉ាក់”។

ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត​គឺជាអ្វី?

ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត​គឺជាជម្ងឺ​ម្យ៉ាង​ដែលបង្ក​ឡើង​ដោយ​ពួកមេរោគ​ផ្សេងៗ ដូចជា​តាមផ្លូវ​ទឹកនោម រលាក​តម្រង នោម រលាក​បង្ហួរនោម និងតាម​ជម្ងឺ​កាមរោគ​ផ្សេងៗ តួយ៉ាង​ដូចជា​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា ក៏ជា​ពពួក​ជម្ងឺ​ដែលបង្ក​កំណើត​ឱ្យមាន​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត​ដែរ។ ម្យ៉ាងទៀត​អ្នកជម្ងឺ​របេង​មួយចំនួន​ដែលមាន​ជម្ងឺ​របេង​តាមផ្លូវ​បន្ដពូជ​ក៏អាច​ប្រឈម​មុខមាន ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត​នេះដែរ។ ជម្ងឺ​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​បុរស ជាពិសេស​មិនអាច​បន្ដពូជ​បាន។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត

មូលហេតុ​ដែល​បណ្ដាលឱ្យ​រលាក​ក្រពេញ​ប្រូស្ដាត គឺ​កើតចេញ​ដោយសារ​ជម្ងឺ​ដទៃតែ​ប៉ុណ្ណោះ តួយ៉ាង​ដូចជា​ជម្ងឺ​រលាក តម្រង​នោម ជម្ងឺ​រលាក​បង្ហួរ​នោម ជម្ងឺ​កាមរោគ​ផ្សេងៗ ជាពិសេស​ជម្ងឺ​របេងទឹក​នោម​ផងដែរ។ ជម្ងឺ​ទាំងនេះ​ហើយ​ដែលជា​អ្នកបង្កឱ្យមាន​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត។

រោគសញ្ញា​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត

រោគសញ្ញា​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត​ចែកចេញ​ជាពីរ​ទម្រង់ គឺ​ទម្រង់​ស្រួចស្រាវ និង​ទម្រង់​រ៉ាំរ៉ៃ។

1 . ទម្រង់​ស្រួចស្រាវ ៖ បានបង្ហាញ​ឱ្យឃើញ​ថា អ្នកជម្ងឺ​មាន​អាការ​ក្ដៅរងា​ញាក់ភ្លាមៗ មាន​ឈឺចាប់​តាមរន្ធ​គូទនៅ ពេល​បត់ជើង​ធំ នោម​ញឹក ប្រសិនបើ​គេលូករ​ន្ធគូទ​ឃើញហើម​មាន​អារម្មណ៍​ដូចជា​ក្ដៅ និង​មានការ​ឈឺចាប់ ពេល​ខ្លះទៀត​អ្នក​ជម្ងឺ អាច​នោមឈាម​ទៀតផង។

2 . ទម្រង់​រ៉ាំរ៉ៃ ៖ បាន​បង្ហាញថា​អ្នកជម្ងឺ​មានអាការ​ឈឺ​នៅក្រោម​ឆ្អឹងថ្ងាស​នៃ​ពងស្វាស បន្ទាប់មក​រាលដាល​ធ្វើឱ្យ​ហើម លិង្គ នោមញឹក មាន​អាការ​ក្ដៅខ្លួន​តិចៗ​អាចស្ទះ​ទឹកនោម ហើយអ្នក​ជម្ងឺ​មាន​អារម្មណ៍​បាក់​ទឹកចិត្ដ ឬធ្លាក់​ទឹកចិត្ដ និង​បាត់បង់ សមត្ថភាព​ផ្លូវភេទ។ ប្រសិនបើ​គេលូក​រន្ធគូទ​ពុំមាន​អាការ​ហើម​នោះទេ តែមាន​ជាលក្ខណៈ​រឆេចរឆូច និង​ទឹកនោម​ដូច​ធម្មតា​គ្មាន ប្រែប្រួល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត

ប្រសិនបើ​ពិនិត្យ​ទៅលើ​រោគសញ្ញា​ថាអ្នក​ជម្ងឺមាន​ទម្រង់​ស្រួចស្រាវ ឬ​ទម្រង់​រ៉ាំរ៉ៃ​ហើយនោះ គ្រូពេទ្យ​អាចធ្វើ​ការ​ព្យាបាល ដោយ​ប្រើថ្នាំ​ផ្សះ ដោយមិន​ធ្វើការ​វះកាត់​អ្វីឡើយ។ ព្រោះជម្ងឺ​នេះកើត​ចេញមក​ពីជម្ងឺ​ដទៃទៀត ដូច្នេះបើ​គ្រូពេទ្យ​ពិនិត្យ​ឃើញថា បង្កឡើង​ដោយសារ​ជម្ងឺ​រលាក​តម្រងនោម ឬ​ជម្ងឺកាមរោគ​ផ្សេងៗ​នោះ គឺការ​ព្យាបាល​ត្រូវ​ទៅតាម​ជម្ងឺ​នីមួយៗ។ តែ​ប្រសិន​បើវា កើតឡើង​ដោយសារ​តែមាន​ដុំសាច់​ដុះនោះ គឺត្រូវ​ព្យាបាល​ដោយ​វិធី​វះកាត់​យកដុំសាច់​នោះចេញ​ឱ្យខាង​តែបាន ព្រោះបើ​ទុកវា​អាចរីក ធំ​គាបជាប់​សរសៃ​ឈាម​ចេញចូល​របស់​ពងស្វាស វា​រឹតតែ​បង្ក​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ទៅ​ថ្ងៃមុខ។

វិធី​ការពារ​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត

ដើម្បី​ការពារ​ជម្ងឺនេះ អស់​លោក​បុរស​ត្រូវដឹង​ថា រោគសញ្ញា​ដំបូង​ដែលបង្ក​ឡើងឱ្យ​មានការ​រលាក​ក្រពេញ​ប្រូស្ដាត​នេះជា មុនសិន។ បើវា​កើតឡើង​ដោយសារ​ជម្ងឺ​រលាក​តម្រងនោម ឬ​បង្ហួរនោម អ្នកជម្ងឺ​ត្រូវ​ឧស្សាហ៍​ទទួលទាន​ទឹកឱ្យ​ច្រើន ព្រោះវា​អាចជួយ​កាត់បន្ថយ​នូវអាការ​ឈឺចាប់​បាន។ វិធី​ការពារ​អ្នកជម្ងឺ​នេះមាន​ដូចជា ៖

1 . ការបង្ក​រោគ​តាមផ្លូវ​ទឹកនោម​គឺត្រូវ​ការពារ​យ៉ាងណា​កុំឱ្យ​មានការ​បង្ករោគ​តាមផ្លូវ​ទឹកនោម ឬមួយ​ត្រូវឆាប់​ព្យាបាល ជម្ងឺនេះ​ឱ្យជា​សះស្បើយ។

2 . ត្រូវ​ព្យាបាល​ជម្ងឺរលាក​ផ្លូវទឹកនោម​ឱ្យបាន​ជាទាំងស្រុង មិនត្រូវ​ឱ្យមាន​ឆ្លងនូវ​ជម្ងឺ​កាមរោគ​ផ្សេងៗ​នោះឡើយ។ ប្រសិនបើ​ឆ្លងជម្ងឺ​កាមរោគ ត្រូវ​ព្យាបាល​ឱ្យជា​សះស្បើយ​ផងដែរ។

3 . ត្រូវ​ការពារ​កុំឱ្យកើត​មានជម្ងឺ​របេងសួត និង​អាចកើត​លើតំបន់​ផ្សេងទៀត ជាពិសេស​របេង​អាចកើត​លើប្រដាប់ បន្ដពូជ។ បើវា​កើតហើយ​ក៏ត្រូវ​ព្យាបាល​ឱ្យជា​សះស្បើយ​ផងដែរ។

ផល​ប៉ះពាល់​ចំពោះ​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត

ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត​អាចបង្ក​ឱ្យមាន​អាប់សែ​នៅក្នុង​ប្រូស្ដាត ហើយ​បង្កឱ្យ​មានការ​ហូរឈាម និង​ហូរខ្ទុះ​ផងដែរ។ បន្ទាប់មក​ជម្ងឺនេះ​អាច​រីករាលដាល​ដល់​បង្ហួរនោម និងអាច​ទៅ​រលាក​ប្លោកនោម​ទៀតផង ប្រសិនបើ​មិនធ្វើ​ការ​ព្យាបាល​ឱ្យទាន់​វេលាទេនោះ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ការពារ​ជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត បុរស​គប្បី​ថែរក្សាខ្លួន​កុំឱ្យ​មានជម្ងឺ​តាម​ប្រព័ន្ធ​បន្ដពូជ ជាពិសេស​ជម្ងឺ​របេង​លើប្រដាប់​ភេទ។ បើមាន​ជម្ងឺនេះ​ត្រូវ​ព្យាបាល​ឱ្យជា​សះស្បើយ ព្រោះអាច​បង្កឱ្យ​មានជម្ងឺ​រលាក​ក្រពេញ​ប្រូស្ដាត​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative