របៀប​លុបលាង​មុខ

ការ​លុបលាង​ផ្ទៃមុខ​បានផ្ដល់​សារៈ​ប្រយោជន៍​ជាច្រើន​ចំពោះ​ស្បែកមុខ ជាពិសេស​អាចជួយ​ការពារ​នូវបញ្ហា​កើតមុន និង ការពារ​ប្រតិកម្ម​នានាបាន។ ផ្ទុយ​ទៅវិញ​បើសិនជា​លោកអ្នក​មិនបាន​សម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាតល្អ​នោះ ពិតជា​ធ្វើឱ្យ​មានផល​ប៉ះពាល់ ចំពោះ​សុខភាព​ស្បែកមុខ​យ៉ាង​ធ្ងន់ធ្ងរ ធ្វើឱ្យ​ផ្ទៃមុខ​ងាយនឹង​បាត់បង់​នូវ​សោភ័ណភាព ហើយ​ធ្វើឱ្យ​ឆាប់​ជ្រីវជ្រួញ​ថែមទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា​សម្ផស្ស​នៃ​សម្អាង​ការលុច្ស ពន្យល់​អំពី​សារៈ​ប្រយោជន៍​នៃការ​លុបលាង​ផ្ទៃមុខ។

អ្វីទៅ​គឺជាការ​លុបលាង​មុខ?

ការ​លុបលាង​មុខ​គឺជា​ការលាង​ជម្រះ​នូវ​មេរោគ ធូលី ឬក៏​ជាតិខ្លាញ់​ដែលកក​នៅលើ​ផ្ទៃមុខ ដែល​ត្រូវបាន​គេ​បែងចែក​ជា២ គឺការ​លុបលាង​មុខ ដោយ​ទឹកធម្មតា និងការ​ប្រើ​ផលិតផល​លុបលាង​មុខ​សម្រាប់​ជម្រះ​ក្អែល​មេរោគ​នៅលើ​ផ្ទៃមុខ និង​ជម្រះ​នូវ​ជាតិខ្លាញ់​ដែលកក​នៅលើ​ផ្ទៃមុខ។

វិធី​លុបលាង​មុខ

ជាទូទៅ​ដើម្បី​ឱ្យ​ស្បែកមុ​ខ​ស្អាត​ក្នុងមួយ​ថ្ងៃ គប្បី​សម្អាត​ផ្ទៃមុខ​ឱ្យបាន​ពីពីរ​ទៅបីដង​ក្នុង១​ថ្ងៃ គឺពេល​ព្រឹក ពេល​ថ្ងៃត្រង់ និង​មុនពេល​ទទួលទាន​ដំណេក។

  • ការ​លុបលាង​មុខ​នៅពេល​ព្រឹក ៖ ការ​លុបលាង​មុខ​នៅពេល​ព្រឹកព្រលឹម​គឺមាន​សារៈ​ប្រយោជន៍​បំផុត​សម្រាប់​ស្បែកមុខ អាចធ្វើ​ឱ្យមុខ​មានភាព​ស្រស់ថ្លា​នៅពេល​ព្រឹក​ព្រលឹម។ ជាដំបូង​ត្រូវ​លុបលាង​មុខ​ដោយប្រើ​ផលិតផល​លាងមុខ ដែលមាន​លក្ខណៈ សមស្រប​ទៅនឹង​ស្បែកមុខ​របស់​លោកអ្នក។ ត្រូវប្រើ​ដៃស្រាលៗ​ញី​នៅលើ​ផ្ទៃមុខ តែ​មិនត្រូវ​ឱ្យចូល​ភ្នែក​នោះទេ នៅពេល​ដែល​លាង សម្អាត​ហើយ​ត្រូវយក​កូនកន្សែង​ទន់ហើយ​ស្អាត​មកជូត​មុខចេញ ដោយជូត​ថ្នមៗ​ជាការ​ស្រេច។
  • ការ​លុបលាង​មុខ​នៅពេល​ថ្ងៃត្រង់ ៖ ការ​លុបលាង​មុខ​នៅពេល​ថ្ងៃក៏​មិនខុស​ពីការ​លុបលាង​នៅពេល​ព្រឹក​ព្រលឹម​ទេ។ ដោយ​បន្ទាប់ពី​លុបលាង​មុខហើយ លោកអ្នក​គួរតែ​មាន​ផលិតផល​សម្រាប់​ប្រើ ដើម្បី​ការពារ​ពន្លឺ​ព្រះអាទិត្យ​មកលាប​នៅលើ​ផ្ទៃមុខ ជាការ​ស្រេច។
  • ការ​លុបលាង​មុខ​នៅមុន​ពេល​ទទួលទាន​ដំណេក ៖ នៅមុន​ពេល​ទទួលទាន​ដំណេក​លោកអ្នក​ត្រូវតែ​សម្អាត​ខ្លួនប្រាណ​ឱ្យបាន​ស្អាត ជាពិសេស​គឺ​ផ្ទៃមុខ​តែម្ដង​ដោយ​គ្រាន់តែ​ប្រើ​ផលិតផល​ដែល​សមស្រប​ទៅនឹង​ស្បែកមុខ ដើម្បី​លាង​ជម្រះនូវ​មេរោគ​នៅលើ​ផ្ទៃមុខ និង​ជាតិខ្លាញ់ ជាពិសេស​នៅពេល​ដែលលាង​សម្អាត​ផ្ទៃមុខ​ហើយ​លោកអ្នក​គួរតែ​មាន​ផលិតផល​សម្រាប់​លាបលើ​ផ្ទៃមុខ ដើម្បី​ឱ្យមុខ​រឹតតែ​មានភាព​ស្រស់ស្អាត​ហើយ​មាន​សំណើម​ថែមទៀត​ផង។

សារៈ​ប្រយោជន៍​នៃការ​លុប​លាងមុខ

ការ​លុបលាង​ផ្ទៃមុខ​មានសារៈ​ប្រយោជន៍​ណាស់ ព្រោះ​អាចលាង​ជម្រះនូវ​ភាពកខ្វក់ សារជាតិ​ខ្លាញ់ និង​មេរោគ​ផ្សេងៗ ដែលកក​នៅលើ​ផ្ទៃមុខ ដែល​ធ្វើឱ្យ​ផ្ទៃមុខ​មានភាព​ស្រស់ថ្លា អាច​ការពារ​កុំឱ្យ​កើតមុន ឬកន្ទួល​រមាស់​នៅលើ​ផ្ទៃមុខ រួមទាំង​ការពារ ភាព​ជ្រីវជ្រួញ​ទៀតផង។

ផល​ប៉ះពាល់​ចំពោះ​អ្នកដែល​មិនបាន​លុប​លាងមុខ

បើ​លោកអ្នក​មិនបាន​យកចិត្ដ​ទុកដាក់​នៅក្នុង​ការលាង​សម្អាត​ផ្ទៃមុខ ធ្វើឱ្យ​មានផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ធ្វើឱ្យ​ផ្ទៃមុខ​កើតមុន បណ្ដាល​ឱ្យស្បែកមុខ​ឆាប់ជាំ​ស្រអាប់ ងាយនឹង​ប្រតិកម្ម ឡើងនូវ​កន្ទួល​រមាស់ ជាពិសេស​ធ្វើឱ្យ​ផ្ទៃមុខ​ពុំមាន​ភាព​ស្រស់ថ្លា ស្ងួតខ្លាំង​ធ្វើឱ្យ​ឆាប់ជ្រួញ ឬក៏​ធ្វើឱ្យមាន​សារជាតិ​ខ្លាញ់​ច្រើនងាយ​និងកើត​មុន​ថែមទៀត​ផង។

ដំបូន្មានអ្នកជំនាញ

លោកអ្នក​គួរតែ​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការ​ថែរក្សា​ផ្ទៃមុខ។ ជាពិសេស​ត្រូវ​ជ្រើសរើស​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ហើយ​ប្រើឱ្យ​សមស្រប​ជាមួយ​នឹង​ផ្ទៃមុខ​របស់​លោកអ្នក​ផងដែរ។ កាលណា​លោកអ្នក​ធ្វេស​ប្រហែស​នៅក្នុង​ការសម្អាត​ផ្ទៃមុខ ងាយ​នឹងធ្វើ​ឱ្យផ្ទៃមុខ​របស់​លោកអ្នក​បាត់បង់​នូវភាព​ស្រស់ស្អាត​បាន​យ៉ាងងាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative