ជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ

បេះដូង​មាន​តួនាទី​សំខាន់ណាស់​សម្រាប់​មនុស្ស​គ្រប់វ័យ ព្រោះ​វាជា​សរីរៈ​មួយជួយ​បញ្ជូន​ឈាម​ទៅ​គ្រប់ប្រព័ន្ធ​នៃ​សារពាង្គ កាយ​នៅក្នុង​ខ្លួនយើង តាម​ចរន្ដ​សរសៃឈាម។ ដោយឡែក​សាច់ដុំ​បេះដូង​ក៏មាន​តួនាទី​សំខាន់​ផងដែរ ក្នុងការ​ច្របាច់​ខ្យល់​អុកស៊ីសែន ដើម្បី​ចែក​រំលែក​ឱ្យប្រព័ន្ធ​បេះដូង​ដើរស្រួល​គ្មានការ​រាំងស្ទះ។ ប៉ុន្ដែ​ប្រសិនបើ​សាច់ដុំ​បេះដូង​រលាក​ហើយ​នោះ វានឹង​ធ្វើឱ្យមាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ក្នុងពេល​ធ្វើ​ប្រតិបត្ដិការ​នៅក្នុង​រាងកាយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជូនជ្រាប​អំពី​ផលប៉ះពាល់​ចំពោះជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ​បង្កដោយ​វីរុស ទស្សនាវដ្ដី សុខភាពយើង បាន​ជួប​សម្ភាសន៍​ជាមួយ លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺកុមារ​ទូទៅ​នៃមន្ទីរពេទ្យ​កុមារជាតិ។

ជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ​បង្កដោយ​វីរុស ជាអ្វី?

ជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ​បង្កឡើង​ដោយ​វីរុស គឺជាការ​រលាក​សាច់ដុំ​បេះដូង​ដោយសារ​មេរោគ​ឆ្លងចូល​ទៅតាម​មាត់ តាម​ច្រមុះ ឬតាម​ឈាម។ ក្រោយពេល​មេរោគ​ឆ្លង​ចូលក្នុង​ឈាម វាធ្វើ​ដំណើរ​តាម​សរសៃ​ឈាម​រហូត​ដល់​បេះដូង បណ្ដាល​ឱ្យ​ប៉ះពាល់​បេះដូង អាចបង្ក​ឱ្យ​រលាក​សាច់​បេះដូង បេះដូង​ហើម ឬ​បង្កឱ្យ​បេះដូង​រីក ហើយ​សកម្មភាព​នៃការ​កន្ដ្រាក់​របស់​បេះដូង កុមារ​នោះមាន​សភាព​ខ្សោយ​ជាងមុន។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ

ជម្ងឺ​រលាក​បេះដូង​កុមារ​បង្កឡើង​ដោយសារ​ជម្ងឺ​ផ្ដាសាយ​ធំ និង​បង្កឡើង​ពីការ​រលាក​បំពង់ក រលាក​ច្រមុះ រលាក​ទងសួត មេរោគ​ព្រមទាំង​ដោយសារ​ស្រឡាទែន ឬ​វីរុស​បង្កឱ្យ​កុមារ​រាករូស​ផងដែរ។

រោគ​សញ្ញា​ជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ

កុមារ​ដែលមាន​ជម្ងឺនេះ​បាន​បង្ហាញ​រោគសញ្ញា​ដំបូង​មាន​អាការ​ខ្សោយ​បេះដូង ក្ដៅដង្ហក់ បេះដូង​លោតញាប់ សម្បុរ​ឡើង ពណ៌​ប្រផេះ​ខុស​ប្រក្រតី ស្លេកស្លាំង​ជាដើម។

វិធី​ព្យាបាល​ជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ

ប្រសិនបើ​រកឃើញ​ថាកុមារ​មានជម្ងឺ​រលាក​សាច់ដុំ​ដែល​បង្កឱ្យ​មាន​អាការ​ខ្សោយ​បេះដូង​នោះ ត្រូវ​ព្យាបាល​ជម្ងឺ​ខ្សោយ​បេះ ដូង​ឱ្យជា​សះស្បើយ។ ប្រសិនបើ​វាបង្ក​ឡើងដោយ​មេរោគ​នៃការ​រលាក​ផ្សេងៗ គឺត្រូវ​ព្យាបាល​ជម្ងឺ​រលាកនេះ​ឱ្យជា​ទើបមិន​អាចរីក រាលដាល​ដល់​ប្រព័ន្ធ​បេះដូង។

វិធី​ការពារ​ជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ

ដើម្បី​ការពារ​ជម្ងឺនេះ​កុមារ​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​ការពារ​កុំឱ្យ​មាន​មេរោគ​ឆ្លង​ចូលតាម​ប្រព័ន្ធ​ផ្សេងៗ ដូចជា​ប្រព័ន្ធ​ផ្លូវ ដង្ហើម​ឬតាម​មាត់។ ត្រូវចេះ​ធ្វើ​អនាម័យ ជាពិសេស​ពេលក្អក ឬ​កណ្ដាស់​ត្រូវមាន​ក្រណាត់​ខ្ទប់មាត់​ឱ្យបាន​ត្រឹមត្រូវ។ ត្រូវ​លាងដៃ មុនពេល​ទទួលទាន​អាហារ ឬ​មុនពេល​ចូលគេង។ ចំពោះ​មាតាបិតា​វិញក៏​ត្រូវលាង​ដៃឱ្យ​ស្អាតដែរ មុនពេល​ប៉ះពាល់​កូន​របស់ខ្លួន។

ផល​ប៉ះពាល់​ចំពោះ​ជម្ងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ

ប្រសិនបើ​មិនធ្វើ​ការ​ព្យាបាល​កុមារ​ឱ្យទាន់​ពេលវេលា​ទេនោះ អាចនឹង​ធ្វើឱ្យ​កុមារ​ទទួលការ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ថែម ទៀត រហូតដល់​បាត់បង់​ជីវិត​ផងដែរ។ ព្រោះ​បេះដូង​គឺជា​សរីរៈ​សំខាន់​បំផុត បើ​ចលនា​បេះដូង​លែងដើរ ឬ​មិនអាច​ច្របាច់ បញ្ជូន​ឈាម​ឬខ្យល់​អុកស៊ីសែន​បាន នឹង​ឱ្យកុមារ​មាន​គ្រោះថ្នាក់។

ដំបូន្មាន​អ្នក​ជំនាញ

មាតាបិតា​គ្រប់រូប​ប្រសិនបើ​ឃើញកូន​មាន​អាការ​ប្លែក ឬ​បង្ហាញ​ជារោគសញ្ញា​ផ្សេងៗ ដែលខ្លួន​សង្ស័យថា​មានជម្ងឺ​នោះត្រូវ យក​ទៅកាន់​មន្ទីរពេទ្យ​ឱ្យឆាប់​រហ័ស ដើម្បីឱ្យ​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​ធ្វើការ​ព្យាបាល ព្រោះ​កុមារ​បច្ចុប្បន្ន​នេះងាយ​នឹង រងគ្រោះ​ដោយសារ​ជម្ងឺផ្សេងៗ​ជាច្រើន ហើយ​ឆាប់​គ្រោះថ្នាក់​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative