ការបកស្រាយ​​​បំភ្លឺពី​​​បញ្ហា​​​​ខ្វះ​អនាម័យ​​​​របស់​​​​ប្រធាន​​​​មន្ទីរពេទ្យ​កុមារជាតិ​

មន្ដ្រីជាន់ខ្ពស់នៃមន្ទីរពេទ្យកុមារជាតិបាន​ទទួល​ស្គាល់​ថាពិតជា​មានការ​យកលុយ​លើសថ្លៃ​សេវា​ព្យាបាល និង​ខ្វះអនាម័យ​ក្នុង​មន្ទីរពេទ្យ​មែន ប៉ុន្ដែ​វាមិន​ធ្ងន់ធ្ងរ​ដូចការ​ចោទ​ប្រកាន់​ទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការស្រាយបំភ្លឺនេះត្រូវបានធ្វើឡើងបន្ទាប់ពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បានផ្ញើ​លិខិត​មួយច្បាប់​ទៅកាន់​ថ្នាក់​ដឹកនាំ​ នៃ​ក្រសួង​សុខាភិបាល​កាលពីថ្ងៃទី១៤ ​ខែកុម្ភៈ ដើម្បីស្នើ​ក្រសួង​មានកិច្ច​អន្ដរាគមន៍​ភ្លាមៗ​លើ​ករណីការ​ខ្វះអនាម័យ​ក្នុង​បន្ទប់ទឹក និង ការទារ​លុយលើ​ថ្លៃ​សេវា​ព្យាបាល​ហួស​កំណត់។

លោក ឈួ អ៊ីម៉េង ប្រធានមន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​មាន​ប្រសាសន៍ថា កាលពី​ចុងខែកុម្ភៈ​លោកបាន​ទទួល​លិខិត​ចោទ ​ប្រកាន់​ដ៏ធ្ងន់ធ្ងរ​មួយច្បាប់​ពីថ្នាក់​ដឹកនាំ​នៃ​ក្រសួង​សុខាភិបាល ដោយក្នុង​លិខិតនោះ​បានធ្វើ​ការ​រិះគន់​ហួសពី​ការពិត​មកលើ​មន្ទីរពេទ្យ​ កុមារជាតិ​ពីសំណាក់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោកបន្ដថា លោកសុំ​ធ្វើការ​បដិសេធ​ចំពោះ​ការលើក​ឡើងថា ករណីក្លិន​ ស្អុយឆ្អេះឆ្អាប​បានបណ្ដាល​ឱ្យប៉ះពាល់​ដល់​សុខភាព​កុមារ ព្រោះក្លិន​នេះវា​បានជះ​ចេញមក​ពីបង្គន់​អនាម័យ ដោយសារ​តែការ​ប្រើប្រាស់​ ​វាមាន​ចំនួនច្រើន​ពេករហូត​ដល់​ទៅ២០០-​៣០០នាក់​ក្នុង១ថ្ងៃ ដូច្នេះ​មន្ដ្រីខាង​ផ្នែកសម្អាត​មិនអាច​ធ្វើការងារ​នេះឱ្យ​បាន​ទាន់ពេល​វេលាទេ។ លោកថ្លែងថា ៖ “ភាគច្រើន​ប្រជាពលរដ្ឋ​មកពីតាម​ជនបទ មិនសូវ​ចេះប្រើប្រាស់​បង្គន់​ទំនើបទេ ម្ល៉ោះហើយ​ពួកគេ​តែងយក​ក្រដាស​ និងវត្ថុផ្សេងៗ​ទៅបោះចោល​ក្នុងបង្គន់ ដោយមិន​បានស្ដាប់​ទៅតាម​ការណែនាំ​របស់ម​ន្ដ្រីយើង ដូច្នេះទើប​វាបណ្ដាល​ឱ្យ​កកស្ទះ​ នាំឱ្យមាន​ក្លិនស្អុយ​ភាយចេញ​មកក្រៅ។ លោកបញ្ជាក់ថា ក្លិនស្អុយ​អាចកើត​មានយ៉ាង​យូរ​បំផុត​ត្រឹមរយៈ​ពេល១ម៉ោង​ប៉ុណ្ណោះ។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែ​មិនទាន់​គាំទ្រ​ចំពោះការ​បកស្រាយ​នេះទេ

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ​បានមាន​ប្រសាសន៍ថា លោកបាន​សាទរ​ចំពោះថ្នាក់​ដឹកនាំ​នៃ មន្ទីរពេទ្យ​កុមារជាតិ​ដែលបាន​ទទួលស្គាល់​កំហុស ប៉ុន្ដែអ្វី​ដែលលោក ឈួ អ៊ីម៉េង អះអាង​បន្ដទៀត​នោះ វាគ្រាន់​តែជាការ​លាក់បាំង​ មួយតែ​ប៉ុណ្ណោះ។ លោកថ្លែងថា ៖ “យើងមិន​ត្រូវស្ដី​បន្ទោសឱ្យ​ប្រជាពលរដ្ឋ​ទេ ប៉ុន្ដែយើង​គួរតែ​ធ្វើវាឱ្យ​មានតុល្យភាព​ជាមួយ​នឹងបន្ទប់​ អនាម័យ​ធៀបទៅនឹង​ចំនួនមនុស្ស រីឯបុគ្គលិក​សម្អាត​ត្រូវតែ​ឱ្យមាន​ជា​អចិន្ដ្រៃយ៍”។ លោកបញ្ជាក់ថា ដោយឡែក​ករណីមួយ​ទៀតគឺ​ ​ការ​យកលុយ​ថ្លៃសេវា​ហួសកំណត់ និងការ​យកចិត្ដ​ទុកដាក់​ព្យាបាល​លើអ្នក​ជម្ងឺណា​ដែល​មានលុយ។ តើចំណុច​នេះខាង​មន្ទីរពេទ្យ​ដោះ ​ស្រាយយ៉ាង​ដូចម្ដេចទៅ?​

ដំណោះស្រាយរបស់ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ជុំវិញ​បញ្ហា​នេះ

លោក ឈួ អ៊ីម៉េង បានគូសបញ្ជាក់ថា ពាក់ព័ន្ធ​នឹងបង្គន់​អនាម័យនេះ លោកមាន​ផែនការ​សាងសង់​បង្គន់ឱ្យ​ដាច់ចេញ​ទៅ ក្រៅ​ពីបន្ទប់​ព្យាបាល។ រីឯករណី​គ្រូពេទ្យ​យកលុយ​ថ្លៃសេវា​ហួស​កំណត់នេះ លោកបាន​ស្រាវជ្រាវ​រកឃើញ​បុគ្គលិក​ដែល​ប្រព្រឹត្ដខុស​ ទៅនឹង​ច្បាប់កំណត់​ ដូច្នេះ​មន្ទីរពេទ្យ​បានដក​បុគ្គលិក​នោះចេញ​ពីស្ថាប័ន ព្រមទាំង​ធ្វើការ​ណែនាំ និងព្រមាន​ដល់មន្ដ្រី​ផ្សេងទៀត​កុំឱ្យ ​ធ្វើផ្ទុយ​ពីអ្វី​ដែលជា​លក្ខខណ្ឌ​បានកំណត់។ លោកថ្លែងថា ៖ ​“ខ្ញុំគិតថា មន្ទីរពេទ្យ​មួយដែល​អាចវាយ​តម្លៃថា មានប្រសិទ្ធ​ភាពបាន​លុះ ត្រា​តែអត្រា​ស្លាប់មាន​ចំនួន​តិចតួច ដូច្នេះ​មន្ទីរពេទ្យ​កុមារ​ជាតិមាន​ត្រឹមតែ​១ភាគរយ​ប៉ុណ្ណោះ នៃអត្រា​ស្លាប់របស់​កុមារ​ក្នុងចំណោម​ ១០០នាក់។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative