វិធានការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល(តចប់)

កាលពី​លេខមុន​លោកអ្នក​ជ្រាប​រួចមក​ហើយ​អំពី​របៀប​នៃការ​ប្រើ​សម្ភារៈ​អគ្គិសនី​មួយចំនួន​ឱ្យអស់​ថវិកាតិច។ នៅលេខ​នេះ​ទស្សនាវដ្ដី សុខភាពយើង សូមបន្ដ​លើកមក​ជម្រាប​ជូន​លោកអ្នក​អំពី​ឧបករណ៍​មួយចំនួន​ទៀត​ដែល​លោកអ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

8 . ប្រដាប់​ផ្លុំសក់ ៖ បើ​ប្រើប្រដាប់​ផ្លុំសក់​ខ្នាត​អានុភាព​៧០០វ៉ាត់​ក្នុង​១ថ្ងៃ​១ម៉ោង នឹង​ស៊ីភ្លើង​២១គីឡូវ៉ាត់​ក្នុង១​ខែ គិតជា​ថ្លៃភ្លើង​១៥.១២០​រៀល​ក្នុង១ខែ ឬ​ក្នុង១ឆ្នាំ​១៨១.៤៤​​០រៀល។ ដោយ​ហេតុនេះ​លោកអ្នក​មិនត្រូវ​ប្រើ​ប្រដាប់​ផ្លុំសក់​នេះ​នៅពេល ដែល​មិន​ចាំបាច់​នោះទេ។

  • កុំ​ប្រើប្រដាប់​ផ្លុំសក់​ខុសពី​មុខងារ​របស់វា ដូចជា​ប្រើ​សម្រាប់​ផ្លុំ​សម្លៀក​បំពាក់​ឱ្យស្ងួត
  • បិទ​កុងតាក់​ប្រដាប់​ផ្លុំសក់ ក្នុងពេល​ដែល​យើង​កំពុង​លាប​ចាហ៊ួយ ឬ​ក្រែម​សរសៃសក់
  • បើ​គ្រាន់តែ​ប្រើ​សម្រាប់​ផ្លុំសក់​នៅស្ងួត​ដោយ​គ្មានការ​កាត់ ឬ​តុបតែង​សក់ទេ ត្រូវប្រើ​កុងតាក់ខ្យល់​ត្រជាក់ វានឹង​ជួយ​សន្សំ​សំចៃ​ជាង
  • ជូតសក់​ឱ្យស្ងួត​បន្ដិច​មុននឹង​ប្រើប្រាស់​ប្រដាប់​ផ្លុំសក់ ដើម្បី​តុបតែង​ម៉ូដសក់
  • ជ្រើសរើស​ទិញ​ប្រភេទ និង​ទំហំ​ឱ្យ​សមស្រប​ទៅនឹង​តម្រូវការ​ប្រើប្រាស់
  • ត្រូវទិញ​ប្រដាប់​ផ្លុំសក់​ខ្នាតតូច​ដែល​ស៊ីភ្លើង​តិច អានុភាព​តូច​ដូចជា​៤០០​ទៅ៧០០​វ៉ាត់ សន្សំសំចៃ​ជាងការ​ប្រើប្រាស់ ប្រដាប់​ផ្លុំសក់​អានុភាព​ធំ១០០០​ទៅ១៥០០​វ៉ាត់។

9 . ឆ្នាំង​ដាំបាយ​អគ្គិសនី ៖ សូម​សន្សំ​សំចៃភ្លើង​ជាមួយ​ឆ្នាំង​ដាំបាយ​នេះដោយ​ប្រើ​វិធី ៖

  • កុំបើក​គម្របឆ្នាំង​ក្នុងពេល​ដែលបាយ​មិនទាន់​ឆ្អិន
  • ចៀសវាង​ការដាំ​បាយ​ក្នុងបន្ទប់​ម៉ាស៊ីន​ត្រជាក់ ព្រោះវា​ធ្វើឱ្យ​ម៉ាស៊ីន​ត្រជាក់​ធ្វើការ​កាន់តែ​ខ្លាំងឡើង​(ស៊ីភ្លើង)
  • ដកឌុយ​ចេញភ្លាម​បន្ទាប់ពី​ឈប់ប្រើ​ការ
  • បើនៅ​ដោតឌុយ កុំចុច​កុងតាក់ បើ​ខណៈពេល​ដែលគ្មាន​ឆ្នាំង​នៅខាង​ក្នុង
  • មុននឹង​ដាក់ឆ្នាំង​ជាន់​ចូលក្នុង ត្រូវ​ត្រួតពិនិត្យ​មើលថា​នៅខាង​ក្នុងនោះ​វាគ្មាន​របស់​អ្វីផ្សេង ឬមាន​កម្ទេចអ្វី​ជាប់​នៅបាតឆ្នាំង​នោះ ព្រោះវា​អាចធ្វើ​ឱ្យឆេះ នឹងការ​ចម្លង​កម្ដៅ​មិនសូវល្អ
  • ដាំបាយ​ឱ្យល្មម​ទៅនឹង​ចំនួន​មនុស្ស
  • ជ្រើសរើស​ខ្នាតឆ្នាំង​ដាំបាយ​ឱ្យ​សមស្រប​ទៅនឹង​ចំនួន​សមាជិក​ក្នុង​គ្រួសារ។

សមាជិក១-២នាក់ ប្រើខ្នាត ០.៣-១​លីត្រ
សមាជិក​៣-៦នាក់ ប្រើខ្នាត​១-១.៥​លីត្រ
សមាជិក​៥-៨​នាក់ ប្រើខ្នាត​១.៦-២​លីត្រ

10 . ឡម៉ៃក្រូវេហ្វ ៖ ការ​ប្រើប្រាស់​ឡម៉ៃក្រូវេហ្វ​ដែលមាន​កម្រិត​អានុភាព​៧០០វ៉ាត់ រយៈពេល​១ម៉ោង​ក្នុង១​ថ្ងៃ ស៊ីភ្លើង អស់​២១គីឡូវ៉ាត់​គិតជា​ប្រាក់អស់​១៥.១២០​រៀលក្នុង​១ខែ ឬ​១៨១.៤៤០​រៀលក្នុង​១ឆ្នាំ។

  • បញ្ឈប់ការ​ប្រើប្រាស់​ឡម៉ៃក្រូវេហ្វ​ក្នុងបន្ទប់​ម៉ាស៊ីន​ត្រជាក់ បញ្ឈប់​ការដាក់​ឡម៉ៃក្រូវេហ្វ​នៅជិត​ឧបករណ៍​អគ្គិសនី​ផ្សេងៗ ដូចជា​ទូរទស្សន៍ ឬ​វិទ្យុ ម៉ាញ៉េ ព្រោះ​វាអាច​រំខាន​ដល់​ប្រព័ន្ធ​តួនាទី​នៃ​ឧបករណ៍​ទាំងនោះ។ ប្រសិនបើ​ចំណុះ​ប្រហាក់​ប្រហែល​គ្នា ត្រូវ​ជ្រើសរើស​ស៊េរី​ដែល​ស៊ីភ្លើង​តិចជាង(អានុភាព​ទាបជាង)
  • ជ្រើសរើស​ទំហំ​ឡម៉ៃក្រូវេហ្វ​ឱ្យ​សមស្រប​ទៅនឹង​បរិមាណ​ការ​ប្រើប្រាស់
  • សម្អាត​ផ្នែក​ខាងក្នុង​ឡម៉ៃក្រូវេហ្វ​គ្រប់ពេល​ដែល​ប្រើការ ព្រោះ​កម្ទេច​អាហារ​ដែលជាប់​តាមជញ្ជាំង​ឡវា​នឹងកាត់​បន្ថយ ប្រសិទ្ធ​ភាពឡ និងអាច​បង្កឱ្យ​កើតមាន​នូវ​អណ្ដាត​ភ្លើង​បាន
  • ត្រូវ​កំណត់​ពេល​វេលា​ឱ្យ​សមស្រប​ទៅនឹង​ប្រភេទ និង​បរិមាណ​អាហារ
  • ត្រូវប្រើ​ឡម៉ៃក្រូវេហ្វ​សម្រាប់​ការ​កម្ដៅ​ម្ហូប​អាហារ ដាំទឹក​ដែលមាន​បរិមាណ​តិច រំលាយ​អាហារ​ក្លាស្សេ​ដែល​រឹង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

11 . ឡអគ្គិសនី ៖ ការ​ប្រើប្រាស់​ឡអគ្គិសនី​ដែលមាន​កម្រិត​អានុភាព​១.២០០​វ៉ាត់រយៈពេល​១ម៉ោង​ក្នុង១ថ្ងៃ វាស៊ី​ភ្លើងអស់​៣៦​គីឡូវ៉ាត់​គិតជា​ប្រាក់​២៥.៩២០​រៀលក្នុង​១ខែ ឬ​៣១១.០៤០​រៀលក្នុង​១ឆ្នាំ។

  • បញ្ឈប់​ការបើក​ឡមុនក្នុង​រយៈពេល​យូរ ដើម្បី​រង់ចាំ​ផ្សំគ្រឿង ឬ​ចម្អិន​អាហារ
  • បញ្ឈប់​ការ​កំណត់​សីតុណ្ហភាព​ខ្ពស់​ពេក ព្រោះ​ម្ហូប​អាហារ​អាចនឹង​ខ្លោច និង​ស៊ីភ្លើង​ច្រើន
  • បញ្ឈប់​ការ​ប្រើប្រាស់​ឡ​នៅក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់
  • ដកឌុយ​ចេញភ្លាម​នៅពេល​ឈប់ប្រើ
  • គ្រប់ពេល​ដែលយើង​បើកមើល​ម្ហូប ក្នុងឡ​នឹង​បាត់បង់​ថាមពល​២០%
  • ជ្រើសរើស​យកភាជន៍​(ចាន)​ដាក់ម្ហូប​ដែលមាន​ផ្ទៃរាប ដើម្បី​អាច​ទទួល​កម្ដៅ​បានល្អ និង​ដោយ​ផ្ទាល់ពី​ឡបាន
  • បិទ​កុងតាក់​ឡមុន​ម៉ោងដែល​យើងបាន​កំណត់​២-៣នាទី ព្រោះវា​នៅមាន​កម្ដៅ​ដែល​អាច​ប្រើប្រាស់​បាន​នៅឡើយ ហើយ​ដកឌុយ​ចេញភ្លាម​បន្ទាប់ពី​ឈប់​ប្រើវា
  • កំណត់​ពេលវេលា​ឱ្យ​សមស្រប​ទៅនឹង​ការធ្វើ​ម្ហូប
  • ដាក់ឡ​នៅកន្លែង​ដែលមាន​ខ្យល់​ចេញចូល​ស្រួល
  • ជ្រើសរើស​ទិញ​ទំហំឡ​ឱ្យ​សមស្រប​ទៅនឹង​បរិមាណ​ម្ហូប​អាហារ ដែលនឹង​ចម្អិន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ កុំទិញ​ទំហំ​ធំទុក បម្រុង​ដោយមិន​ចាំបាច់
  • ប្រើ​ចង្ក្រាន​ហ្គាស​ក្នុងការ​ដាំស្ល សន្សំ​សំចៃ​ជាងការ​ប្រើចង្ក្រាន​ដាំបាយ​អគ្គិសនី ឡម៉ៃក្រូវេហ្វ និង​ឡអគ្គិសនី។

12 . ជណ្ដើរ​យន្ដ ៖ បើ​ចាំបាច់​ត្រូវ​ប្រើ​ជណ្ដើរ​យន្ដ​លោកអ្នក​គួរតែ ៖

  • ត្រូវប្រើ​ជណ្ដើរ​ជើងក្នុង​ករណី​ឡើងចុះ​សម្រាប់​ជាន់ទី១
  • កាត់​បន្ថយ​ការឡើង​ជណ្ដើរ​យន្ដ​តែ​ម្នាក់ឯង គួរតែ​រង់ចាំ​អ្នកដទៃ​ដើម្បី​ប្រើ​រួមគ្នា។
  • កំណត់​កម្មវិធី​ឱ្យជណ្ដើរ​យន្ដ​ឈប់​នៅចំពោះ​តែជាន់​សេស ឬ​ជាន់គូ។ ប្រើ​ជណ្ដើរយន្ដ​ប្រើភ្លើង ច្រើន​នៅពេល​វាចេញ​ដំណើរ។

បណ្ដាំ​ផ្ញើ

លោកអ្នក​ទាំងអស់​គ្នាមាន​តួនាទី​ជួយ​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ថាមពល ព្រោះ​វាមិន​ត្រឹមតែ​អាចឱ្យ​លោកអ្នក​សន្សំ​សំចៃ​ប្រាក់​នោះទេ លោកអ្នក​ក៏មាន​ចំណែក​ជួយដល់​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ផង។ ប្រសិនបើ​លោកអ្នក​ប្រើអស់​ថាមពល​តិច អគ្គិសនី កម្ពុជា​មាន​ថាមពល​គ្រប់គ្រាន់​ក្នុងការ​ផ្ដល់តាម​តម្រូវការ ពេលនោះ​ថ្លៃភ្លើង​មិនថ្លៃ​ទៀតទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative