កុមារច្រើនជាង​​​៥សែននាក់​​​បានទទួល​​​​វ៉ាក់សាំង​​​​បន្ថែម​​​ថ្នាំ​បង្ការ​​​ជម្ងឺ​កញ្ជ្រឹល​​​​លើកទី១​

ក្រសួងសុខាភិបាលបានចាប់ផ្ដើមយុទ្ធនាការផ្ដល់​បន្ថែម​ថ្នាំ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​ជំហានទី២ ដែលមាន​រយៈពេល​១២ថ្ងៃ​សម្រាប់ខេត្ដ​ចំនួន៩​នៅ​ទូទាំង​ប្រទេស ដោយរំពឹង​ថានឹងមាន​កុមារច្រើន​ជាង​៥សែននាក់​បន្ថែម​ទៀត​ត្រូវបាន​គ្របដណ្ដប់។​

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក សាន់ ច័ន្ទសឿន អគ្គនាយក​រង​បច្ចេក​ទេស​ក្រសួង​សុខាភិបាល និង​ជា​នាយក​កម្មវិធី​ជាតិផ្ដល់​ថ្នាំ​បង្ការ​បានប្រាប់​ ទស្សនាវដ្ដី សុខភាពយើង ថាយុទ្ធនាការ​ផ្ដល់​បន្ថែមថ្នាំ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​ជំហានទី២​ត្រូវបាន​ចាប់ផ្ដើម​ធ្វើ​ក្នុងខេត្ដ​ទាំង៩​នៅទូទាំង​​ប្រទេស​ ដែលខេត្ដ​ទាំងនោះ មានខេត្ដ​កណ្ដាល ព្រៃវែង កំពង់ចាម សៀមរាប ក្រចេះ និងខេត្ដមួយ​ចំនួនទៀត​ជាដើម។ លោកបន្ដថា បើតាម​ផែនការ​យុទ្ធនាការ​លើកទី២​នេះ នឹងត្រូវ​​ធ្វើការ​គ្រប​ដណ្ដប់​ក្មេងអាយុ​ក្រោម៥ឆ្នាំ​ចំនួន៥សែននាក់​ សម្រាប់ក្មេង​ដែលធ្លាប់​បាន ទទួល​វ៉ាក់សាំង​ម្ដងហើយ និងក្មេង​ដែលមិន​ធ្លាប់ទទួល​សោះ។ លោកថ្លែងថា ៖ ​“យុទ្ធនាការនេះ​ត្រូវចាប់​ផ្ដើមធ្វើ​នៅថ្ងៃ​ទី២ ខែកុម្ភៈ ដល់​ថ្ងៃទី១៣ ដោយការ​អនុវត្ដគឺ​ត្រូវតែ​ស្ថិតនៅ​ក្រោមការ​ត្រួតពិនិត្យ​របស់មន្ដ្រី​ស្រុក​ប្រតិបត្ដិ និងក្រសួង​សុខាភិបាល​ផងដែរ”។

កុមារច្រើនជាង៥សែននាក់បានទទួល​វ៉ាក់សាំង​បន្ថែមថ្នាំ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​ជំហានទី១​

នៅក្នុងឆ្នាំ២០១០ មានកុមារឆ្លងជម្ងឺ​កញ្ជ្រឹល​ចំនួន៤០០នាក់ ក្នុងនោះ​ករណី​ស្លាប់បាន​កើតឡើង​តិចតួច​ទេ។ លោក សាន់ ច័ន្ទសឿន និយាយថា ៖ ​“យុទ្ធនាការ​លើកទី១​បានធ្វើការ​គ្របដណ្ដប់​ក្មេងលើស​ពី៩៥ភាគរយ ដែលអាច​ស្នើនឹង​កុមារ​ច្រើនជាង​៥សែន នាក់ ដោយឡែក​ករណីស្លាប់​មានចំនួន​តិចតួច​អាច​បញ្ជាក់បាន​ថា កម្ពុជាជិត​អស់ជម្ងឺ​កញ្ជ្រឹល​ហើយ”។ លោកថា កម្ពុជានឹង​អាចចាប់​ ផ្ដើមយុទ្ធនា​ការជាលើក​ទី៣​បន្ថែម​ទៀត នៅពេល​ដែលយុទ្ធនាការ​លើកទី២​ត្រូវបាន​បញ្ចប់។

លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាល​រាជធានី​បានថ្លែង​ប្រាប់អំពី​ផលប៉ះ​ពាល់នៃការ​ឆ្លងជម្ងឺ​កញ្ជ្រឹល​ថា ប្រសិនបើ​ករណី​កុមារ​ដែលឆ្លង​ជម្ងឺកញ្ជ្រឹល​មាន​សុខភាព​ខ្សោយ វានឹង​បណ្ដាលឱ្យ​កុមារ​នេះកើត​មាននូវ​ជម្ងឺ​ផ្សេងៗទៀត ដូចជា​ជម្ងឺ​រលាកសួត​ រលាកខួរក្បាល ខ្វាក់ភ្នែក និងអាចវិវឌ្ឍន៍​ធ្វើឱ្យ​កុមារ​ស្លាប់ក៏​មានដែរ។ លោកថ្លែងថា ៖ ​“តាមរយៈ​លទ្ធផល​នៃ​យុទ្ធនាការ​នេះ​កម្ពុជា​ អាចនឹង​សម្រេច​គោលដៅ​បំបាត់​ជម្ងឺ​កញ្ជ្រឹល​នៅឆ្នាំ២០១២”។​

ខេត្ដសៀមរាបបានចាប់ផ្ដើមយុទ្ធនាការ​បន្ថែម​ជម្ងឺ​កញ្ជ្រឹល​លើកទី២​

លោក ឌី ប៊ុនឆែម ប្រធានមន្ទីរសុខាភិបាល​ខេត្ដ​សៀមរាប​បានមាន​ប្រសាសន៍ថា ឥឡូវនេះ​ខេត្ដរបស់​លោកកំពុង​ចាប់ផ្ដើម​ យុទ្ធនាការ​ផ្ដល់បន្ថែម​ថ្នាំបង្ការ​ជម្ងឺ​កញ្ជ្រឹល​តាំងពី​ថ្ងៃទី២ ខែមីនាម្ល៉េះ។ លោកបន្ដថា យុទ្ធនាការ​នេះត្រូវ​បានធ្វើ​ឡើងដោយ​សហការ ជាមួយ​នឹងអាជ្ញាធរ​មូលដ្ឋាន ដើម្បីចុះ​ផ្សពផ្សាយ​ដល់​អាណាព្យាបាល​គ្រប់ស្រុក ភូមិ ឃុំ ឱ្យយក​កូនរបស់​ពួកគេ​មកទទួល​ថ្នាំបង្ការ​នៅ ប៉ុស្ដិ៍​ទីតាំង​ដែលបាន​កំណត់។ លោកថ្លែងថា ៖ “យើងមាន​ផែនការ​គ្របដណ្ដប់​កុមារឱ្យ​បានចំនួន​១០ម៉ឺននាក់​ក្នុង​យុទ្ធនាការ​លើកទី២​នេះ”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative