ព្រាប សុវត្ថិ កំពូល​តារា​ចម្រៀង​រូបរាង​ស្រស់​សង្ហា

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​ធ្វើ​ឱ្យ​កេរ្ដិ៍ឈ្មោះ​របស់ខ្លួន​មាន​ភាព​ល្បីល្បាញ​ជាង​មួយ​ទសវត្សរ៍​មកហើយ ដោយ លោក​មាន​បច្ចេកទេស​ជាច្រើន​ក្នុងការ​បញ្ចេញ​ទេពកោសល្យ​ប្លែកៗ ស្ទីលថ្មីៗ​ក្នុងការ​ច្រៀង និង​សម្ដែង។ សព្វ​ថ្ងៃ​តារារះ​ចែងចាំង ដ៏​ត្រដែត​រូបនេះ​នៅតែ​មមាញឹក​ជាមួយ​នឹងការ​ថតបទ​ថ្មីៗ​ជាច្រើន​ទៀត ដើម្បី​កំដរ​អារម្មណ៍​ប្រិយមិត្ដ​ជា​បន្ដបន្ទាប់។ ក្រៅពី​មាន​ទឹក ដម​សម្លេង​ដ៏​ក្រអួន​ក្រអៅ​ហើយ​នោះ កំពូល​តារា​ចម្រៀង​រូបនេះ​បាន​ធ្វើឱ្យ​សុភាព​នារី​មួយ​ចំនួន​មាន​ការ​ចាប់​អារម្មណ៍​នឹង​រូបរាង​ស្រស់ សង្ហា​របស់​លោក​ផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេលនេះ លោកព្រាប សុវត្ថិ បាន​ចូលខ្លួន​មក​បកស្រាយ​ពី​ការ​ថែរ​ក្សាសុខភាព និង​សម្រស់​របស់​លោកផ្ទាល់ ដើម្បី​ឱ្យប្រិយ មិត្ដ​អ្នកអាន​ទាំងអស់ ជា​ពិសេស​ប្រិយមិត្ដ​ដែលគាំទ្រ​ចំពោះ​រូបលោក​ទទួល​ជ្រាបតាម​រយៈកិច្ចសម្ភាសន៍ជាមួយ​ទស្សនាវដ្ដី សុខភាព យើង។

ប្រវត្ដិ​មុនឈាន​ចូលសិល្បៈ

ព្រាប សុវត្ថិ បាន​ចូលប្រឡូក​ក្នុងវិស័យ​សិល្បៈតាំងពី​ឆ្នាំ១៩៩៧។ លោកបាន​បញ្ចប់​បាក់ឌុប​នៅ​ក្នុងឆ្នាំ១៩៩១នៅសាលាទួល គោក។ នៅក្នុង​ឆ្នាំ១៩៨៤ លោកបាន​ប្រឡង​ទៅ​សិក្សា​នៅ​វៀតណាម​រយៈពេល​៧ឆ្នាំ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ តែលោក​មិន បាន​ទៅ​សិក្សា​ទេ ដោយ​មិនមាន​ការ​អនុញ្ញាត​ពី​ក្រុមគ្រួសារ។ មកដល់​ក្នុង​អំឡុង​ឆ្នាំ១៩៩២ រយៈពេល​ដែល​លោក​បាន​ធ្វើ​ជា​ទាហាន លោក​ក៏បាន​ឆ្លៀតពេល​ទៅ​ច្រៀង​តាម​រង្គសាល​នានា។ លុះ​រហូត​ដល់​ឆ្នាំ១៩៩៧ លោក​បាន​ជួប​ជា​មួយ​លោក​គ្រូ ម៉ម សុគន្ធា ហើយ​ក៏មាន​ការ​ណែនាំ​ឱ្យលោក​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​រស្មីហង្សមាស។ ចាប់ពី​ពេល​ដែល​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​ចូល​ច្រៀង​ឱ្យ​ផលិតកម្ម​រស្មីហង្សមាស លោកបាន​ខិតខំ​សាង​កេរ្ដិ៍​ឈ្មោះ​ឱ្យមាន​ភាព​ល្បីល្បាញ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ បទ ចម្រៀង​ដំបូង​ដែល​លោក​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​នោះ គឺបទ អូន​ជា​បេះដូង​បង រហូត​មក​ដល់​រយៈពេល​ប៉ុន្មាន​ឆ្នាំ នេះទៀត​មាន​ដូចជា​បទ ស្រក់ទឹកភ្នែក​មិនមែន​គ្មាន​បញ្ហា មេ​អំបៅ​លោម​ស្នេហ៍ ដំរី​ថ្នម​ស្នេហ៍ គ្រាន់តែ​ស្រឡាញ់​ហេតុអ្វី​ពិបាកម្ល៉េះ ដឹក​ឆ្កែតាម​រកប្រពន្ធ បើ​សិនជា និង​មាន​បទ​ដែល​ទើបតែ​ចេញថ្មីនេះ​ទៀតដូច​ជាបទ ញញឹម​លួចស្នេហ៍ ហេតុ​អ្វីស្គាល់ រនោច ខ្លាច​ចិត្ដ​ជាដើម។

ការថែ​រក្សា​សម្រស់

សុខភាព និង​សម្រស់​សម្រាប់​តារា​ចម្រៀង​គឺជា​កត្ដា​សំខាន់​ណាស់។ ខាង​ក្រោម​នេះ​គឺជា​វិធី​នៃការ​ថែទាំ​សុខភាព និង សម្រស់​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដែលលោក​បាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សា​ស្បែកមុខ ៖ លោក​មិន​ទម្លាប់​ប្រើ​ផលិតផល​ជំនួយ​ស្បែក ឬ​ការពារ​ស្បែក​ជាប្រចាំ​នោះទេ គឺ​សម្រាប់​តែការ ថត​សម្ដែង​ណា​ដែល​តម្រូវ​ឱ្យថត​នៅ​កណ្ដាល​ថ្ងៃខ្លាំង ទើប​លោក​ប្រើ​ជា​ប្រភេទ​ឡេការពារ​កម្ដៅថ្ងៃ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ក្នុងការ​ការពារ​ចំពោះ​ស្បែក​ដង​ខ្លួន​ក៏​ដូចគ្នា​នឹង​ស្បែកមុខ​ដែរ គឺ​ឱ្យតែ​នៅ​ពេល​ណា​ដែល​មាន ការ​ថត​សម្ដែង​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង លោក​តែងតែ​ប្រើ​ប្រភេទ​ឡូសិន​ការពារ​កម្ដៅថ្ងៃ។ បើ​មិន​ដូច្នោះ​ទេស្បែក​នឹង​អាច​មាន​បញ្ហា ដោយ​សារ​ត្រូវ​កម្ដៅ​ថ្ងៃខ្លាំង។ ជា​អ្នកសិល្បៈ​គឺចៀស​មិន​ផុត​ពី​ការ​ដើរ​ថត​សម្ដែង​ទាំង​ពេលព្រឹក ថ្ងៃ និង​យប់​នោះ​ទេ។
  • ការ​ថែរក្សា​សក់ ៖ បញ្ហា​សក់​ជារឿង​ធម្មតា​មួយ​សម្រាប់​លោក លោក​មិន​សូវ​ជា​យក​ចិត្ដ​ទុកដាក់ទៅ​លើ​បញ្ហា​សរសៃ​សក់ ឱ្យបាន​ល្អនោះ​ទេ លោក​គ្រាន់តែ​ចាប់អារម្មណ៍​ទៅ​លើក្លិន​ល្អ ឬ​មិនល្អ​តែប៉ុណ្ណោះ។ លោក​កក់សក់​ជារៀង​រាល់ថ្ងៃ ក្នុង​មួយ​ថ្ងៃ​លោក​កក់ ចំនួន​ពីរដង។
  • ការ​ថែរក្សា​ភ្នែក ៖ សុខភាព​ភ្នែក​ជា​បញ្ហា​ដែល​ត្រូវការ​ការពារ និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​នៅពេល​មាន​បញ្ហា។ រាល់ ពេល​ដែល​ថត​សម្ដែង​ឬ​ពេល​ចេញ​ទៅក្រៅ​ម្ដងៗ លោកតែង​តែពាក់​វ៉ែនតា​ដើម្បី​ការពារ​កម្ដៅ​ថ្ងៃ និង​ធូលីដី។ បើមិន​ដូច្នេះ​ទេវា​អាច បង្ក​ឱ្យទៅ​ជាស្រវាំង​ភ្នែក។
  • ការ​ថែរក្សា​សុខភាព​មាត់ធ្មេញ ៖ លោក​មិន​ឱ្យថ្លោះធ្លោយ​កើត​ជាបញ្ហា​មាត់ធ្មេញ​នោះទេ គឺ​ជារៀងរាល់​បីខែ​ម្ដង លោក​តែង​ទៅ​ពិនិត្យ និង​សម្អាតធ្មេញ​ជាមួយ​ទន្ដពេទ្យ​ដែលមាន​ឯកទេស។ ទោះ​ជាយ៉ាង​ណា​លោក​ក៏មិន​បោះបង់​ទម្លាប់​ដ៏ល្អ​ដែរ គឺ សម្អាត​ធ្មេញ​ក្នុង​មួយ​ថ្ងៃបីដង​ជាប្រចាំ។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

    ការ​ថែទាំសុខ​ភាពរាង​កាយ

  • ការ​ទទួលទាន​ដំណេក ៖ សម្រាប់​លោក​ការ​ទទួលទាន​ដំណេក​គឺមិន​សូវជា​បានគ្រប់គ្រាន់​នោះទេ ដោយសារ​តែមាន ភាព​មមាញឹក​នឹងការងារ។ ទោះ​ជាយ៉ាង​ណា​លោក​នៅតែ​ព្យាយាមរ​កពេល​ទំនេរ​សម្រាក​ថែទាំសុខភាពឱ្យបាន​ល្អ ដើម្បី​ចៀស​ផុតពី បញ្ហា​ទាំងឡាយ។ បើគេង​មិនបាន​ច្រើន​ក៏មិន​អាច​ធ្វើឱ្យ​សុខភាព​មិនល្អដែរ អាច​ធ្វើឱ្យ​ស្បែក​មិនល្អ ខ្វះជាតិ​សំណើម និង​អារម្មណ៍​មិន ល្អផងដែរ។
  • ការ​ទទួលទាន​អាហារ ៖ ក្នុង​មួយថ្ងៃ​លោកទទួលទាន​អាហារ​បីពេល​ជាទៀងទាត់ ប៉ុន្ដែ​រាល់ពេល​សម្រាក​ពីការងារ​នៅផ្ទះ ពេល​ខ្លះលោក​មិន​ទទួលទាន​អាហារ​ពេលព្រឹក​នោះទេ ដោយ​គិត​ថា​លោកមិន​សូវ​បញ្ចេញ​កម្លាំង​ធ្វើការ។ តែទោះ​ជាយ៉ាង​ណា​សម្រាប់ លោក ការ​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ជាបញ្ហា​សំខាន់ណាស់​សម្រាប់​សុខភាព។ លោក សុវត្ថិ ចូលចិត្ដ​ទទួលទាន​មុខម្ហូប​អាហារ ខ្មែរ។
  • លំហាត់ប្រាណ ៖ ជារៀងរាល់​ពេល​ទំនេរ​លោក​ក៏ចូលចិត្ដ​ហាត់ប្រាណ និង​លេង​កីឡា​ផងដែរ។ កីឡា​ដែល​លោក​ចូលចិត្ដ មាន​ដូចជា​ហែលទឹក វាយ​ប៉េងប៉ុង និង​ធ្វើការ​ហាត់ប្រាណ​ដូចជា​ដើរ ឬ​រត់ជា​ដើម។
  • បំណង​ទៅថ្ងៃ​អនាគត

    ក្រៅពី​​អាជីព​​ជាអ្នក​​សិល្បៈ​​ហើយនោះ លោក​​មិន​ទាន់​​បាន​​គិតគូរ​​នោះទេ គ្រាន់តែ​​បាន​​ដឹងថា​​ចាំនៅ​ពេល​​ដែល​​គិត​រួចរាល់ នឹង​បង្កើត​​ឡើង​តែ​ម្ដង។

    បណ្ដាំ​ផ្ញើរបស់ ព្រាប សុវត្ថិ

    សុខភាព​ជារឿង​សំខាន់​ណាស់ សូម​ផ្ដាំ​ផ្ញើ​ទៅ​ប្រិយមិត្ដ​ទាំងអស់​ថា គប្បី​នៅ​ពេល​ទំនេរ​ឆ្លៀត​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់ គ្រាន់ និង​ការទទួល​ទាន​អាហារ គប្បី​មើលថា​អាហារ​ប្រភេទ​ណា​គួរ​ទទួលទាន និង​អាហារ​ណា​ដែល​មិន​គួរ​ទទួលទាន។ បើការ​ថែទាំ សុខភាព​មិនបាន​ល្អនោះ​ទេ វា​នឹង​ស្ដែង​ចេញ​បញ្ហា​ណា​មួយ​ទៅថ្ងៃ​មុខ​ជាមិន​ខាន។

    ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ព្រាប សុវត្ថិ
  • អាយុ ៖ ៣៤ឆ្នាំ
  • ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ២២ ឧសភា ១៩៧៦
  • ទីកន្លែង​កំណើត ៖ កោះធំ ខេត្ដកណ្ដាល
  • កម្ពស់ ៖ ១.៧៥ម៉ែត្រ
  • ទម្ងន់ ៖ ៧០គីឡូក្រាម
  • បងប្អូន ៖ កូនទោល
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ តារាចម្រៀង
  • ស្ថានភាព​គ្រួសារ ៖ រៀបការរួច មានកូន​៣នាក់
  • ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

    Google Analytics Alternative