សញ្ញា​គ្រោះថ្នាក់​ចំពោះស្ដ្រី​នៅពេល​មាន​ផ្ទៃពោះ

ជាម្ដាយ​មួយរូប ពិតជា​ចង់ឱ្យ​កូនមាន​សុខភាព​ល្អ រឹងមាំ និង​ស្រស់ស្អាត​នៅពេល​ដែលកូន​ខ្លួន​បានចេញ​មក​រស់នៅ​ពិភព​ខាងក្រៅ។ ទន្ទឹមនឹង​បំណង​ប្រាថ្នា​នេះ ក្នុងនាម​ជាស្ដ្រី និងជា​ម្ដាយ​មួយរូប គប្បី​ថែរក្សា​សុខភាព​ខ្លួន​ឱ្យបាន​ល្អ។ ក្នុង​អំឡុង​ពេល​មានផ្ទៃ ស្ដ្រី​គ្រប់រូប​នឹងត្រូវ​ប្រឈម​មុខ​ជាមួយ​បញ្ហា​ដែលកើត​ឡើង​ដោយ​មិនអាច​ដឹងមុន ដែលជា​សញ្ញា​គ្រោះថ្នាក់ចំពោះ​ម្ដាយ និងកូន​ក្នុងផ្ទៃ។ តើ​អ្នកម្ដាយ​គ្រប់រូប​បាន​ត្រៀមខ្លួន​ក្នុងការ​ថែរក្សា​សុខភាព​ហើយ​ឬនៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​ច្បាស់ថា​ស្ដ្រី​នៅពេល​មាន​ផ្ទៃពោះ​មាន​សញ្ញា​គ្រោះថ្នាក់​អ្វីខ្លះ​នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​សាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។

អ្វីទៅជា​សញ្ញា​គ្រោះថ្នាក់​ចំពោះ​ស្ដ្រី​ពេលមាន​ផ្ទៃពោះ?

សុខភាព​ជាបញ្ហា​មួយដែល​យើង​ម្នាក់ៗ​កំពុង​យកចិត្ដ​ទុកដាក់ ពិសេស​ចំពោះ​ស្ដ្រី​ដែល​កំពុង​មាន​ផ្ទៃពោះ។ ការមាន​ផ្ទៃពោះ នៅមុន​អាយុ​១៨ឆ្នាំ ឬ​ក្រោយ​អាយុ​៣៥ឆ្នាំ​នឹងអាច​បង្កើន​គ្រោះថ្នាក់​ដល់​សុខភាព​ម្ដាយ និង​ទារក។ សញ្ញា​គ្រោះថ្នាក់​ទាំងអស់​ប្រៀប ដូចជា​មុខព្រួញ​ដ៏មុខ​ស្រួច​ដែល អាច​ចូលទៅ​សម្លាប់​អាយុ​ជីវិតម្ដាយ និង​ទារក។ ស្ដ្រី​គ្រប់រូប​គប្បី​កំណត់​ពេលមាន​ផ្ទៃពោះ​យ៉ាងហោច​ណាស់​នៅអាយុ​២០ឆ្នាំ​យ៉ាងតិច​ដែរ ព្រោះ​អាចជួយ​ឱ្យមាន​សុវត្ថិភាព​បំផុត​ទាំងម្ដាយ​ទាំងកូន​នៅពេល​សម្រាល ជាពិសេស​ជួយកាត់​បន្ថយ​គ្រោះថ្នាក់​ចំពោះ​ទារក​ដែលកើត​មកមិន​គ្រប់​ទម្ងន់។ មានបញ្ហា​ជាច្រើន​ដែលស្ដ្រី​ត្រូវដឹង​ដើម្បី​ការពារ​ខ្លួន និង​កូនក្នុង​ផ្ទៃឱ្យ​មាន​សុវត្ថិភាព។

សញ្ញា​គ្រោះថ្នាក់​ចំពោះ​ស្ដ្រី​ពេលមាន​ផ្ទៃពោះ

សញ្ញា​គ្រោះថ្នាក់​ចំពោះ​ស្ដ្រី​ពេលមាន​ផ្ទៃពោះ​អាចកើត​មានឡើង​ដោយ​មិនបាន​ដឹង​ជាមុន ក្នុងពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល។ ដូចនេះ​ទាមទារ​ឱ្យ​ក្រុមគ្រួសារ​ទាំងអស់ ពិសេស​ស្ដ្រី​ខ្លួនឯង​ផ្ទាល់​ចាំបាច់​ត្រូវដឹង​អំពី​កត្ដា​ដែល​នាំឱ្យ​គ្រោះថ្នាក់ និងឱ្យ​ស្គាល់ពី​សញ្ញា​គ្រោះថ្នាក់​ទាំងឡាយ​ដែលអាច​កើតមាន​ដូចខាង​ក្រោម​នេះ ៖

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ធ្លាក់ឈាម នៅពេល​ដែល​ទារក​មានអាយុ​តិច​ចាប់ពី​១ខែទៅ​៥ខែ នេះគឺ​ជាមុខ​សញ្ញា​មួយដែល​ស្ដ្រី​ប្រឈម​មុខនឹង​គ្រោះថ្នាក់ ហើយ​វាជាការ​គំរាម​នៃការ​រលូត។ បើសិន​ជានៅពេល​ជិត​គ្រប់ខែ​ហើយ​នៅតែ​មានការ​ធ្លាក់ឈាម​ទៀតនោះ នេះក៏​ជាសញ្ញា​គ្រោះថ្នាក់​ដែរ។
  • ស្ដ្រី​ដែលមាន​ផ្ទៃពោះ​នៅអាយុ​ច្រើន​ចាប់ពី​៣៥ឆ្នាំ​ឡើង អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយ​សារ​ជម្ងឺ​មួយចំនួន ដូចជា​ជម្ងឺ​ទឹកនោម​ផ្អែម លើស​ឈាម រលាក​តម្រង់​នោម​ជាដើម នេះជា​មូលហេតុ​នៃ​គ្រោះថ្នាក់​នៅពេល​មាន​ផ្ទៃពោះ។
  • ស្ដ្រី​ដែលមាន​ការ​កើនឡើង​ទម្ងន់​ហួស​កំណត់​(ធាត់ពេក) អាច​បង្កឱ្យ​មាន​គ្រោះថ្នាក់នៅពេល​សម្រាល ប្រការ​ដែល​ល្អ​បំផុត គឺទម្ងន់​អាច​កើនត្រឹម​១០​គីឡូក្រាម​ក្នុង​អំឡុង​ពេលមាន​ផ្ទៃពោះ
  • ជម្ងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម ឬមាន​ភាព​ស្លេកស្លាំង​នៅផ្នែក​ខាងក្នុង​នៃ​ត្របក​ភ្នែក អស់​កម្លាំង​ខ្លាំង ឬ​ដង្ហក់ បើមាន​បញ្ហានេះ​គប្បី​នាំស្ដ្រី​ទៅ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បីទទួល​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ ឬ​អ្នក​ជំនាញ ដើម្បី​ជួយ​សង្គ្រោះ ព្យាបាល​ម្ដាយ និង​កូនឱ្យ​បានទាន់​ពេលវេលា។
  • អាការ​ហើមជើង ហើម​ដៃ ហើម​មុខខុស​ធម្មតា បញ្ហា​ទាំងនេះ​សុទ្ធសឹង​ជា​សញ្ញាគ្រោះថ្នាក់​ចំពោះ​ស្ដ្រី​នៅពេល​មាន​ផ្ទៃពោះ
  • ទារក​នៅក្នុង​ផ្ទៃមាន​ចលនា​ខ្សោយ ឬគ្មាន​ចលនា​សោះតែ​ម្ដង នេះជា​គ្រោះថ្នាក់​ចម្បង​បំផុត​សម្រាប់​អាយុ​ជីវិត​របស់​ទារក។
  • កម្ពស់​ស្បូន ឬពោះ​ដែលមាន​គភ៌​មិនធំ​លូតលាស់​សមនឹង​អាយុ​របស់​គភ៌ នេះជា​បញ្អា​ត្រូវយក​ចិត្តទុក​ដាក់មួយ​ដែល​តម្រូវឱ្យ​រកនូវ​មូលហេតុ​នៃ​បញ្អា។
  • ការប្រើ​ថ្នាំ​ផ្ដេសផ្ដាស​របស់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពីអ្នក​ជំនាញ ឬ​គ្រូពេទ្យ ជាការ​បង្ក​គ្រោះថ្នាក់​ខ្លាំងក្លា​បំផុត​ចំពោះ​ទារក​នៅក្នុង​ផ្ទៃព្រោះ​ឱសថ​មួយចំនួន​នឹងធ្វើ​ឱ្យទារក​ក្នុង​ផ្ទៃមាន​ភាពមិន​ប្រក្រតី​ពេល​សម្រាល​មក។
  • ការ​ធ្លាក់ឈាម​តិច ឬច្រើន​តាម​ទ្វារមាស ឬឈឺ​ពោះខ្លាំង ក្អួត​មិនឈប់ គ្រុនក្ដៅ​ខ្លាំង មាន​ប្រកាច់ មានការ​ឈឺពោះ​យូរ និងស្រ្តី​​មាន​​បែក​ទឹកភ្លោះ​មុនថ្ងៃ​សម្រាល ទាំងនេះ​ជា​សញ្ញាគ្រោះថ្នាក់​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ​ដែល​ទាមទារ​ឱ្យមាន​ការ​ពិគ្រោះ​ព្យាបាល​តាមរោគ​វិនិច្ឆ័យ​ជម្ងឺ​ត្រឹមត្រូវ។ បញ្ហា​ទាំងអស់​នេះជា​ការយល់​ដឹងដ៏​សំខាន់​បំផុត​ចំពោះ​ស្ដ្រី​គ្រប់រូប ក៏​ដូចជា​ក្រុម​គ្រួសារ​ទាំងអស់​ផងដែរ។

ប្រការ​គួរ​ចៀសវាង​នៅពេល​មាន​ផ្ទៃពោះ

ដើម្បី​ឱ្យមាន​សុខភាព​មាំមួន​ល្អ អ្នកម្ដាយ​គប្បី​ថែរក្សា និង​យកចិត្ដ​ទុកដាក់​ចំពោះ​សុខភាព។ ស្ដ្រីអាច​បំផ្លាញ​សុខភាព​របស់ខ្លួន និងកូន​ដោយសារ​ការ​ពិសាស្រា បារី ឬក៏​ការស្រូប​ផ្សែងបារី​ចូលទៅ​ក្នុងខ្លួន។ នេះជា​ប្រការ​គួរ​ចៀសវាង​ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ ព្រោះ​អាច​ធ្វើឱ្យ​កូនកើត​មិន​គ្រប់​ទម្ងន់ កូនអាប់​បញ្ញា ថែមទាំង​អាចមាន​ជម្ងឺ​ក្អក ផ្ដាសាយ រោគ​រលាក​សួត រោគ​រលាក​បំពង់ក ឬក៏​បញ្ហា​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត ហើយ​ទារក​អាចមាន​មុខមិន​ស្អាត​នៅពេល​ដែលកើត​មក។ មួយ​វិញទៀត សូម​ចៀសវាង ការ​ប្រើប្រាស់​ថ្នាំ​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​នៅពេល​មាន​ផ្ទៃពោះ។

ដំបូន្នាន​អ្នក​ជំនាញ

ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវទៅ​ពិនិត្យ និង​ដានតាម​សុខភាព​របស់ខ្លួន​ឱ្យបាន​ញឹកញាប់និង​ទៀងទាត់។ បើដឹង​ថាខ្លួន​មាន​ជម្ងឺ ឬមាន​បញ្ហា​អ្វីមួយ​ហើយ គប្បី​ប្រញាប់​ទៅជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ឬ​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ផ្ដល់ថ្នាំ​ត្រឹមត្រូវ។ សូម​ព្យាយាម បរិភោគ​អាហារ​ដែលមាន​ថាមពល និងជីវ​ជាតិ​ច្រើន ដើម្បី​កូនមាន​សុខភាព​ល្អ និងទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ជា​ប្រចាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative