ជម្ងឺ​មិនឆ្លង​មាន​កំណើន​កើន​ឡើង​ខ្ពស់

បើយោង​តាមការ​ឱ្យដឹង​ពីមន្ដ្រី​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ប្រទេស​កម្ពុជា​មានការ​កើនឡើង​យ៉ាង​លឿន​នូវជម្ងឺ​មិនឆ្លង​លើស​ពីការ​រំពឹង​ទុក។ ជម្ងឺ​មិនឆ្លង​នេះបាន​ធ្វើឱ្យ​សុខភាព​ប្រជាពលរដ្ឋ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ។ យោងតាម​ស្ថានភាព​នៃការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន​ដែល​ទាក់ទង​នឹង​របប​នៃការ​រស់នៅ ការ​ហាត់ប្រាណ ការ​ត្រួត​ពិនិត្យ សុខភាព​ជាប្រចាំ​ជាដើម​នោះ គេអាច​រំពឹង​បានថា​នឹងអាច​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ដោយ​ជម្ងឺ​មិនឆ្លង​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​សាស្ដ្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ឱ្យដឹង​កាលពីពេល​ថ្មីនេះ​នៅក្នុង​សន្និសីទ ថ្នាក់ជាតិ​លើកទី១​ស្ដីពី​ការ​បង្ការ និង​ទប់ស្កាត់​ថាជម្ងឺ​មិនឆ្លង​មានការ​កើនឡើង​លើសពី​ការ​រំពឹង​ទុក។ តាមការ​ស្រាវជ្រាវ​នៅពេល​ថ្មីនេះ​បានឱ្យ​ដឹងថា អ្នក​រស់នៅ​ទីប្រ​ជុំជន ដូចជា​ខេត្ដ​កំពង់ចាម បាត់ដំបង និង​រាជធានី​ភ្នំពេញ ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​១០នាក់ មានម្នាក់​មាន​ជម្ងឺ​ទឹកនោម​ផ្អែម និងក្នុង​ចំណោម​មនុស្ស​ពេញវ័យ​៤នាក់​មានម្នាក់កើត​ជម្ងឺ​លើស​ឈាម។

នៅតាម​ជនបទ​តាមការ​សិក្សា​បានឱ្យ​ដឹងថា នៅខេត្ដ​សៀមរាប​៥ភាគរយ​នៃមនុស្ស​ពេញវ័យ​មានជម្ងឺ​ទឹកនោម​ផ្អែម និង ១២​ភាគរយ​មានជម្ងឺ​លើស​ឈាម។ ទាក់ទង​នឹងបញ្ហា​ជម្ងឺ​មិនឆ្លង​ខាងលើ​នេះ លោក ហេង តៃគ្រី បានឱ្យ​ដឹងថា ជម្ងឺ​ទឹកនោម​ផ្អែម និងជម្ងឺ​លើសឈាម​ជាកត្ដា គ្រោះថ្នាក់​យ៉ាង​ចម្បង​របស់​ជម្ងឺស្ទះ​សរសៃ​ឈាម​បេះដូង និង​ស្ទះសរសៃ​ឈាម​ខួរក្បាល។ ជម្ងឺ​ទឹកនោម ផ្អែម​បណ្ដាល​ឱ្យចុះ​ខ្សោយ ខូច​តម្រង​នោម ពិការ​ភ្នែក និង​ដំបៅ​រ៉ាំរ៉ៃ។ ជម្ងឺ​មិនឆ្លង​កើតឡើង​ដោយការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ការ​ជក់បារី ការ​មិនធ្វើ​កាយ​វប្បកម្ម និង​ការហូប​ចុក​មិនបាន​ត្រឹមត្រូវ ការ​កើនឡើង​យ៉ាងខ្លាំង​នៃកត្ដា​គ្រោះថ្នាក់​ទាំងនោះ ក្នុង​អំឡុង​ពេល​ពី១០​ទៅ១៥ឆ្នាំ​កន្លងទៅ ដែលឆ្លុះ​បញ្ចាំង​អំពី​ការ​កើនឡើង​នៃជម្ងឺ​មិនឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ឱម គីមស៊ា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើកឡើង “ប្រទេស​ជាច្រើន​កំពុង​ជួបប្រទះ បញ្ហា​ជម្ងឺ​មិនឆ្លង​ដែល​បណ្ដាលមក​ពីកត្ដា​ចំណី​អាហារ គ្រឿង​ស្រវឹង ថ្នាំជក់ និងការ​មិនបាន​ធ្វើ​លំហាត់​ប្រាណ”។ លោកបាន​បន្ថែម​ថា បន្លែ និង​ផ្លែឈើ​ជាផ្នែក​មួយនៃ​ចំណី​អាហារ​ដ៏មាន​សារៈសំខាន់​ចំពោះ​សុខភាព។ លោកបាន​បន្ដថា តាមការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ថ្នាំគីមី​ដែលបាន​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង៣​លានលីត្រ ស្មើនឹង​ទឹកប្រាក់​២០លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំៗ និង​៥៧ភាគរយ​នៃថ្នាំ​កសិកម្មប្រើ​លើដំណាំ​បន្លែ។ គួរ​បញ្ជាក់​ឱ្យដឹង​ទៀតថា កត្ដា​ហានិភ័យ​ទូទៅ​បាន​ស្ថិតនៅ​ពីក្រោយ​ជម្ងឺមិន​ឆ្លង។ ប្រមាណ ៨០​ភាគរយ​នៃជម្ងឺ​បេះដូង​កើតឡើង​មុន​អាយុ​កាល ការដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ប្រភេទ​ទី២ និង​៤០ភាគរយ​នៃជម្ងឺ​មហារីក។ ជម្ងឺ​មិនឆ្លង​គឺមាន​ដូចជា​ជម្ងឺ​បេះដូង ជម្ងឺ​មហារីក ជម្ងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ជម្ងឺ​ទឹកនោម​ផ្អែម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative