របៀប​ថែរក្សា​ផ្ទៃមុខ​នៅ​រដូវរងា

រដូវរងា​ដែលមាន​អំឡុងពេល​១ខែកន្លះ​ទៅ២​ខែក្នុង​ប្រទេស​កម្ពុជា បានធ្វើ​ឱ្យសុភាព​បុរស និង​សុភាព​នារី​មួយចំនួន ប្រឈម​ជាមួយ​ការ​បាត់បង់​សំណើម​នៃ​ផ្ទៃមុខ ដែលជា​មូលហេតុ​ធ្វើឱ្យសាច់​មុខមាន​សភាព​ស្ងួត ងាយបែក​ស្រកា បបូរមាត់​ប្រេះ ដែល​បង្ក​មកពី​ការ​ប៉ះពាល់​នៃខ្យល់ស្ងួត និង​កម្ដៅ។ ការ​ថែរក្សា​ផ្ទៃមុខ​ឱ្យស្រស់​ផូរផង់ និងមាន​សំណើម​ក្នុង​រដូវ​រងានេះ ជា​បញ្ហា ដែល​ស្ដ្រី និង​បុរស​គ្រប់រូប​គួរយក​ចិត្ដទុក​ដាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះជា​អនុសាសន៍​របស់​អ្នកស្រី សិទ្ធ ច័ន្ទហេង ជានាយិកា​នៅមជ្ឈ​មណ្ឌល​ថែរក្សាសម្ផស្ស​ថបស្ដៃយ៏ បាន​ផ្ដល់មក​ឱ្យ​ទស្សនាវដ្ដី សុខភាពយើង ដែលអាច​ឱ្យ​ប្រិយមិត្ដ​ទាំងអស់យកទៅ​ប្រើប្រាស់​ក្នុងការ​សាកល្បង ដើម្បី​ជាប្រយោជន៍​ដល់​ស្បែក មុខ​លោកអ្នក។

វិធី​ការពារ​ស្បែកមុខ​នៅ​រដូវរងា

ជាទូទៅ​នៅក្នុង​រដូវ​រងាធ្លាក់​ខ្យល់ ស្ដ្រី​ភាគច្រើន​តែងជួប​ប្រទះ​ជាមួយ​បញ្ហា​ខ្យល់ និង​កម្ដៅ ដែល​បង្កើតនូវ​បញ្ហា​ដល់​ស្បែកមុខ និង​បបូរ​មាត់ ជាហេតុ​អាចធ្វើ​ឱ្យ​បាត់បង់​ជាតិ​សំណើម​ប្រែជា​ស្ងួត មិនថា​អ្នក​ដែលមាន​ស្បែកមុខ​សម្បូរ​ជាតិខ្លាញ់ ឬ​ស្បែកស្ងួត​ក៏ដោយ។ ការបាត់បង់​ជាតិសំណើម​នៃស្បែកមុខ​ធ្វើឱ្យ​ប្រឈម​មុខ​ជាមួយ​នឹង​ភាព​ជ្រីញជ្រួញ​យ៉ាង​ឆាប់​រហ័ស ដោយសារ​ភាព​ត្រជាក់​នៃ​សីតុណ្អភាព និង​កង្វះខាត​នៃការ​យកចិត្ត​ទុកដាក់​ឱ្យ​បានល្អ​ចំពោះ​វិធី​សាស្ត្រ​នៃការ​ថែរក្សា​សម្ផស្ស។ ខាងក្រោម​នេះ​ជាវិធី​សាស្ត្រ ខ្លះតាម​បែបបុរាណ បែប​ទំនើប​និងបែប​សាមញ្ញ​ធម្មតា ដែលអាច​យកទៅ​អនុវត្តន៍​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

  • វិធី​សាស្ដ្រ​ប្រើ​ផលិតផល ៖ លោកអ្នក​អាច​ទប់ស្កាត់​នូវការ​បាត់បង់​សំណើម​នៅលើ​ផ្ទៃមុខ​បាន ដោយ​គ្រាន់តែ​ជ្រើសរើស យក​ផលិតផល​ថែរក្សា​ស្បែក​ដែល​សម្បូរ​ទៅដោយ​ជាតិ​សំណើម​ច្រើន ប្រកប​ទៅដោយ​សារធាតុ​ចិញ្ចឹម​ដល់​កោសិកា​ស្បែកមុខ​ក្នុងការ​ទប់ទល់​នូវភាព​ត្រជាក់ និង​ការពារ​ភាព​ជ្រួញ។ លោកអ្នក​គ្រាន់តែ​យក​ផលិតផល​ទាំងនោះ​មកលាប​លើ​ផ្ទៃមុខ​២ឬ​៣ដង​ក្នុងមួយ​ថ្ងៃ ដើម្បី​ការពារ​ការ​ប៉ះពាល់​នៃ​ខ្យល់់ និង​បន្ថែម​នូវ​សារជាតិខ្លាញ់​នៃ​ស្បែក។
  • វិធី​សាស្ដ្រ​បែប​ធម្មជាតិ ៖ ចំពោះ​សុភាព​នារី​ដែល​ពុំមាន​ពេល​គ្រប់គ្រាន់ ឬក៏​ពុំចង់​ចំណាយ​ថវិកា​ច្រើន​ទៅលើ​ផលិតផល តុបតែង​ខ្លួន។ លោកអ្នក​អាច​ជ្រើសរើស​ធ្វើតាម​នូវ​វិធី​សាស្ដ្រ​បែប​ធម្មតាៗ ដែល​គ្រាន់តែ​អនុវត្ដ​នូវទម្លាប់​ល្អ​រៀងរាល់​ថ្ងៃ។ សូម​សាកល្បង​លុបលាង​មុខ​របស់លោកអ្នក​ជាមួយ​នឹង​ទឹកត្រជាក់​ដែលអាច​ជួយ​រំញោច​កោសិកា​ផ្ទៃមុខ​របស់​អ្នក​មិនឱ្យ​ឆាប់ជ្រួញ និង​ផ្ដល់​សំណើម​ស្បែក​មិនឱ្យ​ឆាប់​ស្ងួត​ពេក ឬអាច​ប្រើ​ជាមួយ​នឹងទឹក​កម្ចាត់​មេរោគ​ក៏បាន​(ឡូហ្សិន)។ សូម​អនុវត្ដន៍​ជាប្រចាំ​ដោយ​មួយថ្ងៃ​ឱ្យបាន​ពីពីរ​ទៅបី​ដង នោះ​លោកអ្នក​នឹង​ទទួលបាន​នូវ​លទ្ធផល​គួរ​ជាទី​គាប់ចិត្ដ ដោយ​ព្យាយាម​ប្រតិបត្ដិ​នូវវិធី​ងាយៗ​និងស្រួលៗ​ប៉ុណ្ណោះ។ លើស​ពីនេះ បើសិន​ជាសុភាព​នារី​ចង់​ទទួល​បាន​លទ្ធផល​ឆាប់​រហ័ស សូម​ប្រើប្រាស់​ទឹកឃ្មុំលាយ​ជាមួយ​ពងមាន់​លាបទុក​លើ​ផ្ទៃមុខ​ជារៀង​រាល់​សប្ដាហ៍​ឱ្យបាន​មួយដង​នោះ​ជាការ​ប្រសើរ។ ដោយ​ឡែក​ចំពោះ​បបូរមាត់​ស្ងួត លោកអ្នក​អាច​ប្រើក្រេម ឬ​ប្រេង​ដែល​អាចជួយ​ផ្ដល់ជាតិ​សំណើម​មកលាប​នៅលើ​បបូរមាត់​ជាការ​ស្រេច។

ដំបូន្មាន​អ្នក​ឯកទេស

សម្ផស្ស​គឺជា​រឿងសំខាន់​ដែល​លោកអ្នក​ត្រូវតែ​យកចិត្ដ​ទុកដាក់។ សម្ផស្ស​អាចផ្ដល់​នូវភាព​ងាយស្រួល​ក្នុង​ការងារ និង​កិច្ច ទំនាក់​ទំនង​ផ្សេងៗ​ក៏ដូចជា​សុភមង្គល​ក្នុងក្រុម​គ្រួសារ​ផងដែរ។ សុភាព​នារី​សុភាព​បុរស​ទាំងឡាយ គួរគប្បី​ជ្រើសយក​នូវវិធី​ដែល​ល្អ មក​ប្រើ​ប្រាស់ក្នុង​ការ​ថែរក្សា​ផ្ទៃមុខ។ សូម​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ បើសិន​ជាមា​នបញ្ហា ឬ​ប្រតិកម្ម​លើស្បែក​មុខឱ្យ​បានទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative