ជម្ងឺ​ឈាម​ហូរតាម​ផ្លូវ​រំលាយ​អាហារ

ឈាម​ហូរ​តាមផ្លូវ​ឬ​ប្រព័ន្ធ​រំលាយ​អាហារ​គឺជា​ជម្ងឺម្យ៉ាង​ដែល​កើតឡើង​ដោយ​សារ​ជម្ងឺ​ក្រពះ ដោយ​គេ​ចែកចេញ​ជាពីរ​ប្រភេទ គឺការ​ហូរ​ឈាម​តាមផ្លូវ​រំលាយ​អាហារ​ផ្នែក​ខាងលើ“តាម​មាត់” និងផ្លូវ​រំលាយ​អាហារ​ផ្នែក​ខាង​ក្រោម គឺ​ហូរ​ឈាម​តាម​ផ្លូវក្រោម“ទ្វារ​លាមក”។ ជម្ងឺនេះ​អាចបង្ក​ការ​លំបាក​យ៉ាងខ្លាំង​ដល់​សុខភាព​លោកអ្នក​ថែមទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេស​ជម្ងឺ​ពោះវៀន ក្រពះ និង​ថ្លើម នៃមន្ទីរ​ពេទ្យ​ព្រះកេតុមាលា ដើម្បី​បកស្រាយ​អំពីការ​ហូរឈាម​នេះ។

ជម្ងឺ​ឈាម​ហូរ​តាមផ្លូវ​រំលាយ​អាហារ​គឺជា​អ្វី?

ជម្ងឺ​ឈាមហូរ​តាមផ្លូវ​រំលាយ​អាហារ​គឺជា​ជម្ងឺ​ដែលមាន​ឈាមហូរ​តាម​មាត់ ឬ​តាមទ្វារ​លាមក ខណៈពេល​ដែលអ្នក​ជម្ងឺ​បត់ ជើង​ធំ ឬក្អួត​ចេញមក​ក្រៅ​មាន​ឈាម​មក​ជាមួយ។ ជម្ងឺនេះ​មានពីរ​ប្រភេទ​ផ្សេងគ្នា គឺការ​ហូរឈាម​តាមផ្លូវ​លើ“តាមមាត់” និង ឈាមហូរ​តាមផ្លូវ​ក្រោម“តាមទ្វារ​លាមក”។ ហូរឈាម​តាមផ្លូវ​លើគឺ​ជាការ​ចេញ​ឈាម​តាមមាត់​លាយ​ជាមួយ​ចំណីអាហារ​ពេល​មាន​ក្អួត។ ចំពោះ​ឈាម​ហូរតាម​ផ្លូវ​ក្រោម គឺ​ហូរតាម​ទ្វារ​លាមក ហើយ​លាមក​នោះមាន​ពណ៌​ខ្មៅ ឬមាន​ពណ៌​ក្រហម​ស្រស់​ទៀតផង។

រោគ​សញ្ញា​ជម្ងឺ​ហូរឈាម​តាមផ្លូវ​រំលាយ​អាហារ

ជម្ងឺនេះ​ធ្វើឱ្យ​លោកអ្នក​មាន​រោគ​សញ្ញា​ចុកចុង​ដង្ហើម ជួន​រាលមក​ផ្នែក​ខាងស្ដាំ ឬ​ខាងឆ្វេង​ចាក់​ដោត​ទៅឆ្អឹង​ខ្នង មាន​អាការ ក្អួត​ចង្អោរ ភើ​ជាដើម។ ក្រោយពេល​លោកអ្នក​ទទួល​ទាន​អាហារ​ចូលទៅ​មួយ​ម៉ោង ឬពីរ​ម៉ោង ក៏បង្ហាញ​អាការ​ចុកសៀត។ ប្រសិន​បើក្នុង​រយៈពេល​ពី៤ម៉ោង​ឬ៦ម៉ោង​ក្រោយ​មកទើប​មាន​អាការ​ឈឺចាប់​ប្រាកដ​មាន​ជម្ងឺ​រលាក​ប្រព័ន្ធ​ផ្លូវ​រំលាយ​អាហារ​ក្រោម ក្រពះ ជិត​ពោះវៀន​តូច ពេលនោះ​អ្នក​ជម្ងឺ​ចាប់ផ្ដើម​ក្អួត​ធ្លាក់​ឈាម​តាមមាត់ និង​ហូរឈាម​តាមការ​បត់​បន្ទោរ​បង់ធំ។

មូលហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​ឈាមហូរ​តាមផ្លូវ​រំលាយ​អាហារ

មូលហេតុ​នៃជម្ងឺ​នេះមាន​ច្រើន​យ៉ាង ដូចជា​លោកអ្នក​មាន​ជម្ងឺ​ក្រពះ​ដំបៅ​រយៈពេល​យូរ​មិន​ព្យាបាល ឬក៏​ព្យាបាល មិនបាន​ជា​ត្រឹមត្រូវ នាំឱ្យ​ជម្ងឺ​ដំបៅ​ក្រពះ​នេះកើត​ឡើង​ជាថ្មី ហើយ​ប៉ះនឹង​ស្លាកស្នាម​ចាស់ក៏​បណ្ដាល​ឱ្យមាន​ឈាម​ហូរ។ ក្រពះ​មាន ៤​ស្រទាប់ នៅពេល​ដែល​មានដំបៅ​នៅ​ស្រទាប់​ទី១ និងទី២​ជាលក្ខណៈ​ធម្មតា។ លុះដំបៅ​ដល់​ស្រទាប់ទី៣ នឹង​ក្លាយទៅជា​ជម្ងឺ​ធ្ងន់ធ្ងរ ព្រោះ​ស្រទាប់​នេះ​សម្បូរ​ទៅដោយ​សរសៃ​ឈាម នាំឱ្យ​ស៊ី​សរសៃ​ឈាមដាច់ ឈាម​ហូរ​មកមាន​ចំនួន​ច្រើន​ធ្វើឱ្យ​អ្នកជម្ងឺ​ក្អួតធ្លាក់​ឈាម។ ប៉ុន្ដែ​បើសាច់​ត្រង់​សរសៃឈាម​នោះតិច ឈាម​នឹងហូរ​ចុះក្រោម​តាមផ្លូវ​លាមក លាមក​នឹងមាន​ពណ៌​ខ្មៅ និង​លាយ​ទៅដោយ​ឈាម ស្រស់​ទៀតផង។ ម្យ៉ាងទៀត​ជម្ងឺ​ដំបៅ​ក្រពះ ដែល​បណ្ដាល​ឱ្យមាន​ឈាម​ហូរក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ក៏អាច​មកពី​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីត​លើស​លប់ ដោយសារ​លោកអ្នក​គិតច្រើន ប្រើប្រាស់​ខួរក្បាល​គ្មានពេល​សម្រាក ឬក៏​ដេកមិន​លក់ កត្ដា​ទាំងនេះ​ហើយ​ដែលបាន​ជំរុញ​ឱ្យក្រពះ​រលាក។ ក្រៅ​ពីនោះ​ក៏មាន​ថ្នាំមួយ​ចំនួន​អាច​បណ្ដាល​ឱ្យរលាក​ក្រពះ​ផងដែរ ដូចជា​ពពួកថ្នាំ​សរសៃ​ជាដើម ធ្វើឱ្យ​អ្នកជម្ងឺ​ធ្លាយ​ក្រពះ​ដោយគ្មាន​ការ​ឈឺចាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​ហូរ​ឈាមតាម​ផ្លូវ​រំលាយ​អាហារ

ការ​ព្យាបាល​ជម្ងឺនេះ​គឺ​ប្រើប្រាស់​ថ្នាំ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​អាស៊ីត​បញ្ចេញ​ទឹកច្រើន។ ព្រោះ​បើមិន​ប្រើប្រាស់​ថ្នាំដើម្បី​ទប់ជាតិ អាស៊ីត​ដែល​បញ្ចេញ​នោះទេ ធ្វើឱ្យ​ក្រពះ​កាន់តែ​ងាយនឹង​រងគ្រោះ​យ៉ាង​ខ្លាំង។ ជម្ងឺនេះ​ច្រើន​កើតមាន​ទៅលើ​បុរស​ប្រហែល ៨០​ភាគរយ។ ចំពោះ​ស្ដ្រីវិញ​មាន​ត្រឹមតែ​២០​ភាគរយ​តែ​ប៉ុណ្ណោះ។ ប្រសិនបើ​ជម្ងឺនេះ​បង្កឡើង​ដោយសារ​មេរោគ​នោះ គ្រូពេទ្យ​ច្រើនផ្ដល់​ឱ្យ​ពពួក​ថ្នាំ“ផ្សះ”ឬថ្នាំ​សម្លាប់​មេរោគ ហើយ​ការ​ព្យាបាល​នេះត្រូវ​ប្រើពេល​វេលា​រយៈពេល​ជាងមួយ​ខែ ឬ៤២​ថ្ងៃទើប​ជា​សះស្បើយ។

វិធី​ការពារ​ជម្ងឺ​ឈាម​ហូរតាម​ផ្លូវ​រំលាយ​អាហារ

ប្រសិនបើ​លោកអ្នក​មាន​អាការ​ដូច​ខាងលើ​នេះ ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ទទួល​ការ​ព្យាបាល​ឱ្យបាន​ទៀងទាត់ និង​កាត់​បន្ថយការ​គិតច្រើន ហើយ​ទទួលទាន​អាហារ​ឱ្យបាន​ទៀងទាត់ និង​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់។ ព្រោះ​សកម្មភាព នេះអាច​ជួយ​ការពារ​ដល់ការ​បញ្ចេញ​ជាតិ​អាស៊ីត​ក្រពះ​ច្រើន និងមិ​ន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងៗ។

ផល​ប៉ះពាល់​នៃជម្ងឺ​ឈាម​ហូរតាម​ផ្លូវ​រំលាយ​អាហារ

ការ​បណ្ដែត​បណ្ដោយ ឬ​មិនធ្វើ​ការ​ព្យាបាល​ជម្ងឺ បណ្ដាល​ឱ្យធ្លាយ​ក្រពះ​ទៅតាម​វិសាលភាព​នៃការ​រលាក ឬ​ដំបៅ។ ក្រោយពេល​ធ្លាយ អ្នកជម្ងឺ​អាចមាន​រលាក​ដល់​ស្រោមពោះ​ថែម​ទៀតផង។ ប៉ុន្ដែ​ប្រសិន​បើជម្ងឺ​កើតឡើង​ដោយសារ​មេរោគ​វិញនោះ មេរោគ​នឹងជ្រាប​ចូលក្នុង​ឈាម​ធ្វើឱ្យ​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ។ ក្រោយពេល​ធ្លាយ​ក្រពះ ជម្ងឺនឹង​រីករាល​ដាលដល់​លំពែង ក្រពះ ថ្លើម ពោះវៀន​តូច ធំ និង​ប្រមាត់ ដោយសារ​តែ​ទឹកក្រពះ​ដែល​ពោរពេញ​ទៅដោយ​ជាតិ​អាស៊ីត ហៀរ​ចេញ​ទៅប៉ះ​ធ្វើឱ្យ​រលាក​សរីរាង្គ​ទាំងនេះ។

ដំបូន្មាន​អ្នក​ជំនាញ

ជម្ងឺ​ហូរឈាម​តាមផ្លូវ​រំលាយ​អាហារ ភាគច្រើន​កើតឡើង​បណ្ដាល​មកពី​អ្នកជម្ងឺ​គិតច្រើន ដេកមិន​លក់ ទទួលទាន​អាហារ មិនទៀង​ពេលវេលា ដែល​ជំរុញ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ជួប​ប្រទះ​នូវ​បញ្ហា​ផ្សេងៗ ដែល​មាន​តួនាទី​បញ្ជូន​ទៅ​ក្រពះ​មានការ​រអាក់​រអួល ហើយ​ក៏បង្ក​ឱ្យមាន​ជម្ងឺ។ ដើម្បី​ចៀសវាង និង​ទប់ស្កាត់​នោះ លោកអ្នក​គួរ​កាត់បន្ថយ​បញ្ហា​ខាងលើ​ឱ្យបាន​ច្រើន និង​ស្វែងរក​ថ្នាំ មក​ព្យាបាល​ឱ្យទាន់​ពេលវេលា បើមិន​ដូច្នោះ​ទេវា​អាច​បណ្ដាល​ឱ្យធ្លាយ​ក្រពះពិបាក​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative