ខ្ញុំចង់ស្គម

ជា​ការ​ពិត​ណាស់​អ្នកណា​ក៏​មិនចង់​បាន​រូបរាង​ធាត់​កន្ទ្រល​នោះទេ។ បញ្ហា​ធាត់​អាច​កើត​បាន​លើ​មនុស្ស​គ្រប់វ័យ មិន​ថា ក្មេង​ឬចាស់​នោះ​ទេ ហើយ​អាច​បង្ក​ឱ្យ​មាន​ជម្ងឺ​ផ្សេងៗ​ជាច្រើន​ដែល​ស្មាន​មិន​ដល់។ នេះ​ជា​ហេតុ​ដែល​ធ្វើឱ្យ​លោក​អ្នក​តែងតែ​មានការ ព្រួយ​បារម្ភ និង​បាន​រិះរក​គ្រប់​វិធី​ដើម្បី​ធ្វើ​ការ​សម្រក​រាង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​ជា​មួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា សម្ផស្ស​នៃ​សម្អាង​ការ​លុច្ស ដើម្បី​ពន្យល់​អំពី​បញ្ហា​នេះ។

មូលហេតុ​ដែល​ធ្វើឱ្យ​ឡើងទម្ងន់

មុន​នឹង​លោកអ្នក​ចង់ដឹង​ពី​មូលហេតុ​ដែល​លោកអ្នក​សម្រក​ទម្ងន់​ហើយ​នៅតែ​មិន​ស្រក លោកអ្នក​គួរ​ស្វែង​យល់​អំពី មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់​ជាមុន​សិន។ មូលហេតុ​ច្រើន​យ៉ាង​ដែល​ធ្វើឱ្យ​លោក​អ្នក​ឡើង​ទម្ងន់ មាន​ដូចជា​ការ​ទទួល​ទាន​អាហារ ដែលមាន​សារ​ជាតិ​បំប៉ន​ខ្លាំង​ពេក កត្ដា​តំណ​ពូជ (ពូជធាត់) មាន​ជម្ងឺ​ធាត់ ឬ​ក៏​ការ​ទទួលទាន​ចំណី​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ឬ​ប៊ឺរ ច្រើន​ហួស​ហេតុ ធ្វើឱ្យ​លោកអ្នក​ឡើង​ទម្ងន់ ក៏​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​រួមទាំង​សម្រស់​របស់​លោកអ្នក​ផង​ដែរ។ លោក​អ្នក មួយ​ចំនួន​ដែល​សម្រក​រាង​មិន​បាន​ជោគជ័យ អាច​បណ្ដាល​មក​ពី​កត្ដា​ច្រើន​យ៉ាង ដូច​ជា​មិន​បាន​តម​ឬ​ក៏មិន​បាន​អនុវត្ដ​ទៅ​តាម​ការ ណែ​នាំ​របស់​អ្នក​ជំនាញ គិត​ថា​មាន​ថ្នាំ​សម្រក​មិន​បាច់​តម​អាហារ ហើយ​ក៏​ទទួលទាន​អាហារ​តាម​ចិត្ដ​ចង់ មិន​កំណត់​ពេល​វេលាឱ្យ បាន​ច្បាស់​លាស់។

សារៈ​ប្រយោជន៍​នៃការ​សម្រក​រាង

ការ​សម្រក​រាង​គឺ​មាន​សារៈ​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា អ្នក​ធាត់​ភាគ​ច្រើន ប្រឈម​មុខ​នឹង​ជម្ងឺ​ច្រើន​ជាង​អ្នក​ស្គម រួម​មាន​ជម្ងឺ​លើស​ឈាម ទឹក​នោម​ផ្អែម ខ្សោយ​បេះដូង រលាក​សន្លាក់​ជា​ដើម និង​ជម្ងឺ ជា​ច្រើន​ទៀត​ដែល​បង្ក​មក​ជម្ងឺធាត់​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​សម្រក​រាង​គឺបាន​ផ្ដល់​ឱ្យ​លោកអ្នក​មាន​សម្ផស្ស​កាន់​តែ​ស្អាត​មួយ កម្រិត​ទៀត ព្រោះ​លោកអ្នក​នឹង​មាន​រូបរាង​ស្រឡូន​ស្អាត​ទៀត​ផង។

ប្រការ​គួរ​ធ្វើ​សម្រាប់​អ្នក​សម្រក​ទម្ងន់

ចំពោះ​លោកអ្នក​ចង់​សម្រក​ទម្ងន់ លោក​អ្នក​គួរ​តែ​គោរព​ទៅតាម​ការណែនាំ​របស់​អ្នក​ជំនាញ ដូចជា​ការ​ទទួល​ទាន​ចំណី អាហារ​ឱ្យមាន​ពេល​វេលា​ច្បាស់លាស់ មិន​គួរ​ទទួលទាន​ទៅតាម​ចិត្ដចង់​នោះទេ គួរ​ចៀសវាង​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ ជាតិ​ខ្លាញ់ សារ​ជាតិ​បំប៉ន និង​ប៊ឺរ​ខ្លាំងពេក ត្រូវ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់។ ជា​ពិសេស​ត្រូវ​ស្វែងរក​សេវា​ដើម្បី​សម្រក​ទម្ងន់ ឱ្យបាន​ត្រឹមត្រូវ។ ការ​ធ្វើ​បែប​នេះ​គឺអាច​រក្សា​ទម្ងន់​ខ្លួន​ឯង​បាន រួម​ទាំង​សម្រក​បាន​ថែម​ទៀត​ផង។

ដំបូន្មាន​អ្នក​ជំនាញ

បើ​លោកអ្នក​ចង់​បាន​រូបរាង​ស្អាត លោក​អ្នក​គួរ​តែ​ជ្រើសរើស​នូវ​ចំណី​អាហារ​ណា​ដែល​មិន​បង្ក​ឱ្យ​ឡើង​ទម្ងន់។ លោក​អ្នក ត្រូវតែ​ឆ្លៀត​ពេល​ហាត់​ប្រាណ ដើម្បី​រក្សា​ទម្ងន់​បាន​ល្អ និង​មាន​សុខភាព​ល្អថែម​ទៀត​ផង។ បើ​លោកអ្នក​មាន​បញ្ហា​ឡើង​ទម្ងន់ គួរ​តែ ទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ និង​ជ្រើសរើស​ផលិត​ផល​ដែល​មាន​គុណភាព​ខ្ពស់​ដើម្បី​សម្រក​ទម្ងន់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០

Google Analytics Alternative