ថ្ងៃបុណ្យសង្សារ នារី​​​គឺជា​​​ផ្ទាំង​ស៊ីប​​​របស់បុរស

ជាទូទៅគេបានចាត់ទុកថ្ងៃទី១៤កុម្ភៈជាថ្ងៃនៃក្ដីស្រឡាញ់។ ភាគច្រើន​ក្រុមយុវវ័យ​ជានិស្សិត​ឬជាសិស្សសាលា​តែងតែបង្កើត​កម្មវិធីអ្វីមួយ​ដើម្បី​ធ្វើការ​ជួបជុំ​គ្នាបង្កលក្ខណៈ​សប្បាយលាយឡំ​ទៅនឹង​សំណើចសើច​យ៉ាងកងរំពង ពោរពេញ​ទៅដោយ​សេចក្ដីសុខ​​សុភមង្គល…

រូបភាពទស្សនាវដ្តីសុខភាពយើង

ជួបអ្នករងគ្រោះដោយ​សារថ្ងៃ​បុណ្យសង្សារ

ថ្ងៃបុណ្យនៃក្ដីស្រឡាញ់​​​ឬថ្ងៃបុណ្យសង្សារ​​​បានដក់ជាប់​​​​ក្នុងបេះដូង​​​​យុវវ័យ​​​​ស្ទើរគ្រប់រូប និងជាថ្ងៃដែលបុរស និងនារីបង្ហាញ​ ពីភក្ដីភាព​ឱ្យគ្នា​ទៅវិញទៅមក ហើយក៏ជា​ចំណុចផ្ដើម​នៃទំនាក់ទំនង​ស្នេហាដ៏មុតស្រួច​រវាងយុវវ័យ​សម័យថ្មីផងដែរ។ យុវតីមួយចំនួន​ បានក្លាយជា​ជនរងគ្រោះ​ដោយសារ​ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ឬបុណ្យសង្សារនេះ។ ទស្សនាវដ្ដី សុខភាពយើង បានជួបនារី​រងគ្រោះម្នាក់​ ដោយនាងបាន​រម្លឹកពី​ព្រឹត្ដិការណ៍​នៅក្នុងឆ្នាំ២០០៩​ជុំវិញទង្វើ​របស់ប្រុសព្រាន​មួយរូបបានឆក់យក​ព្រហ្មចារី​របស់នាង​ជាថ្នូរ​នឹងកាដូ​ផ្កាកុលាប​មួយទង។

កញ្ញា ស. ច. ថ បានរៀបរាប់ប្រាប់ថា មានបុណ្យបញ្ចុះសីមា​នៅក្នុងវត្ដមួយ​នៅក្បែរផ្ទះ​របស់នាង។ កាលនោះនាងបាន​ជួប នឹងបុរស​ម្នាក់រូបរាងសង្ហា​គ្រាន់បើ ដែលបានដើរ​មកប៉ះនាង​ពីក្រោយ បុរសនោះបាន​លេបខាយសម្ដី​ជាច្រើន ហើយបាន​សុំលេខទូរស័ព្ទ​ របស់នាង​​ទៀតផង។ ក្រោយមកគេតែងតែ​ទូរស័ព្ទមកលេង​នាងស្ទើររាល់ថ្ងៃ ដើម្បីសាសងគ្នា​ឱ្យយល់​ចិត្ដយល់ថ្លើម។ បន្ទាប់ពីយល់​ ចិត្ដគ្នាជា​បណ្ដើរៗហើយ នាងនិងបុរសនោះ​រាប់អាន​គ្នាកាន់តែ​ស្និទ្ធស្នាល​រហូតបង្កាត់​ភ្លើងស្នេហ៍​ធ្វើជាសង្សារ​នឹងគ្នាបាត់មុខ​មិនបាន​ ទៀតផង។ នៅថ្ងៃ​នៃក្ដីស្រឡាញ់​ឬថ្ងៃបុណ្យសង្សារនោះ បុរសនោះបាន​ទូរស័ព្ទហៅ​នាងដូចសព្វដង ហើយបានឌុបនាង​ទៅចូលរួមក្នុង​ពិធីជប់លៀង​ផ្ទះមិត្ដភក្ដិ​យ៉ាងរីករាយបំផុត លាយឡំទៅនឹងសម្លេង​ជល់កែវយ៉ាងខ្លាំង ដោយបន្លឺពាក្យ​ដាច់មួយៗ ពេលនោះ នាងត្រូវបានមិត្ដនារី​ដែលចូលរួមនោះចាក់​ស្រាបៀរឱ្យផឹក​ចំនួន៣កែវ ធ្វើឱ្យអារម្មណ៍នាង​បាត់បង់ភាពម្ចាស់​ការលើខ្លួនឯង ហើយធីង ធោង​យ៉ាងខ្លាំង។ លុះដល់​ម៉ោង១០និង៣០នាទីយប់ កម្មវិធីនោះត្រូវបានបញ្ចប់ ហើយក្រុមយុវវ័យ​ដែលបាន​ចូលរួមក៏​បាននាំគ្នា​ ទៅផ្ទះរៀងៗខ្លួន។ ដោយឡែកសម្រាប់នាងវិញ​ត្រូវប្រុសព្រានរូបនេះ​បានឆ្លៀតឱកាស​ដឹកចូលផ្ទះសំណាក់ ខណៈពេលដែលនាង​ កំពុងស្រវឹងស្រា​ដោយមិនអាចគ្រប់គ្រង​ស្ថានការណ៍បាន។ នៅម៉ោង៤និង៣០នាទី​ទៀបភ្លឺនាង​បានដឹងខ្លួនវិញ តែអ្វីៗបានហួសពេល​ អស់ទៅហើយ ត្រូវបានសង្សារ​ឆ្មក់វាយលុក​យកព្រហ្មចារី​ទៅបាត់ហើយ។ ចាប់តាំងពីពេលនោះ​មកលេខទូរស័ព្ទរបស់គេ នាងមិនដែល ហៅចូលឡើយ ធ្វើឱ្យនាងមាន​វិប្បដិសារី​មកដល់សព្វថ្ងៃនេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចំណែកឯកញ្ញា ព. ដ. រ ក៏ជាស្ដ្រីរងគ្រោះក្នុង​ថ្ងៃបុណ្យសង្សារ​ផងដែរ នាងបានប្រាប់​ទស្សនាវដ្ដី សុខភាពយើង ថា “នាងនិងបុរសម្នាក់ស្គាល់គ្នា​តាមរយៈលេខទូរស័ព្ទ​ច្រឡំលេខ ហើយសុំរាប់អានដូចបងដូចប្អូន​បង្កប់ទៅដោយ​ពាក្យពេចន៍​ផ្អែមល្ហែម ​រហូតមានថ្ងៃខ្លះ​បុរសនោះបានសាកចិត្ដ​បបួលនាងដើរលេងផងដែរ តែនាងបានបដិសេធ​មិនទទួលយកការស្នើសុំ​នេះឡើយ។ រយៈ ពេលជិតមួយខែ ដោយសារតែបុរសនោះ​មានសម្ដីផ្អែមល្ហែមពេក នាងក៏សម្រេចចិត្ដណាត់ជួបគ្នា​នៅមុខព្រះបរមរាជវាំង នៅពេល បានជួបគ្នាបុរស​នោះពិតជាសង្ហាមែន សក្ដិសមទៅនឹង​សម្ដីផ្អែមរបស់គេ។ ទំនាក់ទំនង​យើងទាំងពីរកាន់​តែស្អិតរមួត រហូតដល់ ថ្ងៃទី១៤ខែកុម្ភៈ នាងនិងបុរសនោះបានណាត់គ្នា​ទៅដើរលេងនៅបាក់ខែង​តែពីរនាក់ ទទួលទានអាហារឆ្ងាញ់ៗ ហើយថែមទាំងទទួល ទាន​ស្រាបៀរកំដរផងដែរ។ ក្រោយពេលទទួលទានស្រាបៀរហើយ​ហាក់បីដូចជាមាន​អារម្មណ៍រវើរវាយ ដូចត្រូវ​ថ្នាំសម្រើប។ ពេលនោះហើយ​គឺជាថ្ងៃដែលនាងត្រូវអស់ព្រហ្មចារី​ដោយសារសង្សារទើបស្គាល់គ្នា​ត្រឹមមួយខែប៉ុណ្ណោះ។ ដូច្នេះហើយនារី​គ្រប់រូប មិនត្រូវ​បណ្ដែតបណ្ដោយ​ខ្លួនឯងឱ្យលង់ក្នុងសម្ដីផ្អែមល្ហែម​របស់បុរសនោះទេ ហើយត្រូវគិតថា​អ្វីៗដែលបុរសឱ្យជាកាដូនោះ ប្រាកដជា គេសម្លឹងចង់បាន​អ្វីពីយើងជាមិនខានឡើយ។ លើសពី​នេះ​ស្ដ្រីគ្រប់រូបត្រូវតែ​មានការប្រុងប្រយ័ត្ន​ឱ្យបានគ្រប់ជ្រុងជ្រោយ​ចំពោះព្រាន បុរស​មួយចំនួនបោកប្រាស់ខ្លួនប្រាណ​ហើយកន្ដើយដោះដៃ សល់ត្រឹមតែដំណក់ទឹកភ្នែក​ជូតក្បាលជង្គង់តែប៉ុណ្ណោះ។

ចំពោះបញ្ហានេះកញ្ញា ម៉ៅ ពុទ្ធីរ័ត្ន អ្នកសម្របសម្រួល​ក្រុមប្រឹក្សា​យុវជនកម្ពុជា​បានមានចំណាប់អារម្មណ៍​ចំពោះថ្ងៃបុណ្យ សង្សារ​ឬថ្ងៃទិវានៃក្ដីស្រឡាញ់នេះថា បុណ្យនៃក្ដីស្រឡាញ់នេះ​បានរីកសាយភាយចេញ​មកពីបរទេស មិនមែនយើង​ជាអ្នកបង្កើត នោះទេ។ បុណ្យនៃក្ដីស្រឡាញ់នេះ​បានជំរុញឱ្យយុវវ័យមួយចំនួន​ដើរផ្លូវខុស រហូតធ្វើឱ្យបាត់បង់​សេចក្ដីថ្លៃថ្នូរ និងកិត្ដិយស ដោយសារ តែពួកគាត់​មិនបានយល់ច្បាស់​អំពីបុណ្យនេះ រហូតដល់មានពេលខ្លះបុណ្យ​នៃក្ដីស្រឡាញ់នេះធ្វើឱ្យពួកគាត់​ក្លាយជាជនរងគ្រោះ​ដោយ មិនដឹង​ខ្លួនទៀតផង។ ប៉ុន្ដែការរងគ្រោះរបស់យុវវ័យ​មួយចំនួននោះ​ភាគច្រើនទៅលើនារីៗ ដែលពេលខ្លះគេលង់នឹងសម្ដី​​មនុស្សដែល ខ្លួនស្រឡាញ់​បោកប្រាស់​រហូតប្រើប្រាស់ល្បិចកល​គ្រប់មធ្យោបាយ ដើម្បីឈានដល់ការរួមភេទ​ដោយមិនប្រើ​ស្រោមអនាម័យ ក៏អាច ឆ្លងរោគ​ទៅមកគួរឱ្យព្រួយបារម្ភ​បំផុតសម្រាប់​សង្គមខ្មែរ។

បណ្ដាំផ្ញើ

យុវវ័យទាំងឡាយគួរយល់ច្បាស់អំពីថ្ងៃ១៤កុម្ភៈ ឬទិវាក្ដីស្រឡាញ់​នោះមិនមែន​សំដៅលើគូស្នេហ៍​ឬសង្សារនោះទេ គឺជា ថ្ងៃដែលបង្ហាញ​ពីការស្រឡាញ់​សម្រាប់ទាំងអស់គ្នា។ លើសពីនេះ​ថ្ងៃនៃទិវាក្ដីស្រឡាញ់​នេះត្រូវមានការ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់បំផុត​ សម្រាប់នារីខ្មែរ​គ្រប់រូបមិនត្រូវចាញ់បោកល្បិចកល​របស់ប្រុសព្រាននោះទេ។ ជាពិសេស​យុវវ័យទាំងឡាយ​មិនត្រូវ​សម្រេចចិត្ដ​រួមភេទ​ ដើម្បីជាការតបស្នង​នៃកាដូផ្កាមួយទង​នោះឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative