របៀប​ថែទាំ​ក្រោយពេល​​វះកាត់​ភ្នែក​ឡើងបាយ

ជម្ងឺ​ភ្នែកឡើង​បាយ​ជាជម្ងឺ​ដែលអាច​ព្យាបាល​បាន​តាមរយៈ​ការ​វះកាត់។ នៅពេល​ដែល​លោកអ្នក​បានបញ្ចប់​ការ​វះកាត់ ភ្នែក​ឡើងបាយ​ហើយ ដើម្បី​ឱ្យការ​ថែទាំ​បានយ៉ាង​ល្អនោះ លោកអ្នក​ពិតជា​ត្រូវការ​ចំណុច​ប្រឹក្សា​បន្ថែម​ពីការ​ថែទាំ និង​វិធី​ការពារ ចំពោះការ​វះកាត់​នេះ។ លោកអ្នក​ប្រាកដជា​ទទួលបាន​នូវអ្វី​ដែលចង់​បាន ដោយ​ទស្សនាវដ្ដី សុខភាពយើង នឹងលើក​យក​បញ្ហា​ទាំងនេះ​មកបង្ហាញ​ជូន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ងី ម៉េង អនុ​ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ភ្នែក បានផ្ដល់​បទសម្ភាសន៍​ទាក់ទង​នឹង​របៀប​ថែទាំ ក្រោយ​ការវះកាត់​នេះជូន​មិត្ដអ្នក​អាន​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

កិច្ច​ការពារ​ក្រោយពេល​វះកាត់

ក្នុង​រយៈពេល​មួយថ្ងៃ​ក្រោយ​ពីការ​វះកាត់​លោកអ្នក​ត្រូវ​ចៀសវាង​ការញី​ភ្នែក ការពារ​រាល់ការ​ប៉ះទង្គិច​ដល់ភ្នែក ត្រូវ​ពាក់ វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ និង​ត្រូវបិទ​ប្រដាប់​បាំង​ការពារ​ភ្នែក​នៅពេល​យប់។ ត្រូវ​ចៀសវាង មិនត្រូវ​ឱ្យ​ទឹកចូល​ភ្នែកដែល​វះទេ ប្រើ កន្សែង​សើមស្អាត​ជូតមុខ​ជំនួស​ការ​លុបមុខ ចៀសវាង​ការកក់​សក់ដោយ​ខ្លួនឯង ដែលអាច​នាំឱ្យ​ទឹកចូល​ភ្នែក​ដែល​ទទួលការ​វះកាត់ នោះ តែ​លោកអ្នក​អាចធ្វើ​ការកក់​សក់​នៅតាម​ហាងអ៊ុត​សក់នានា។ ប្រការ​គួរ​ចងចាំ​ផងដែរ​ថា នៅពេល​ដែលមាន​ភ្នែក​ក្រហម ឈឺភ្នែក គំហើញ​ថយចុះ ឬ​ត្របកភ្នែក​ហើម លោកអ្នក​ចាំបាច់​ត្រូវតែ​ទៅជួប​គ្រូពេទ្យ​ជាបន្ទាន់។

វិធី​សម្អាតភ្នែក​ក្រោយការ​វះកាត់

វិធីដ៏​ត្រឹមត្រូវ​ក្នុងការ​សម្អាត​ភ្នែក គឺត្រូវ​ដោះប្រដាប់​បាំង​ការពារ​ភ្នែក​ដាក់នៅលើ​ក្រណាត់​ស្អាត។ សូម​លាង​នឹងទឹក​សាប៊ូ យ៉ាង​តិច១៥​វិនាទី បន្ទាប់មក​យក​កន្សែង ឬក៏​ក្រណាត់​ជូតដៃ​ឱ្យស្អាត។ នៅពេល​សម្លឹង​ចុះក្រោម ត្រូវសម្អាត​ត្របកភ្នែក​ផ្នែក​ខាងលើ ដោយ​ប្រើសំឡី​ជូតសម្អាត​កន្លែង​ក្បែរ​រោមភ្នែក គឺ​ចាប់ពី​កៀនច្រមុះ​ទៅដល់​កន្ទុយ​ភ្នែក។ គប្បី​ចំណាំ​ថា គឺជូត​ពីកន្លែង​ក្បែររោម​ភ្នែក ចេញ​មកក្រៅ មិនត្រូវ​ជូតពី​ក្រៅចូល​ភ្នែកទេ។ ត្រូវធ្វើ​ការសម្អាត​ភ្នែក​ឱ្យបាន​យ៉ាងតិច១​ដងក្នុង​មួយថ្ងៃ។

វិធី​បន្ដក់​ថ្នាំដាក់​ភ្នែក

របៀប​ដែលបន្ដក់​ថ្នាំដែល​ត្រឹមត្រូវ គឺ ៖

1 . ត្រូវលាង​ដៃឱ្យ​បានស្អាត​មុនយក​ថ្នាំមក​បន្ដក់

2 . ប្រើប្រាស់​ថ្នាំ​ដាក់ភ្នែក និង​ទុកដាក់​នៅកន្លែង​ដែល​ស្អាត

3 . អ្នកជម្ងឺ​ត្រូវ​អង្គុយ​ឱ្យស្រួល ហើយ​ទាញ​ត្របកភ្នែក​ផ្នែក​ខាងក្រោម​ឱ្យលៀន​ចេញដោយ​ទាញស្បែក​នៅលើ​ឆ្អឹងថ្ពាល់ចុះមក​ក្រោម ហើយ​មិនត្រូវ​សង្កត់​លើគ្រាប់​ភ្នែកទេ។

4 . ត្រូវ​បន្ដក់ថ្នាំ​ម្ដងមួយ​ដំណក់ ត្រូវ​ចៀសវាង​កុំឱ្យ​ដបថ្នាំ​ប៉ះនឹង​ភ្នែក ព្រោះអាច​បណ្ដាលឱ្យ​ឆ្លង​មេរោគ។

5 . បន្ទាប់មក​អ្នកជម្ងឺ​ត្រូវ​បិទភ្នែក​រយៈពេល​១នាទី ដើម្បី​ឱ្យជ្រាប​ថ្នាំសព្វ​ជាមួយ​ភ្នែក។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​អាចមើល​ទូរទស្សន៍ ឬ​អក្សរបាន ប្រសិនបើ​ភ្នែក​លោកអ្នក​មិនមាន​ឈឺ។ ត្រូវធ្វើ​លំហាត់​ប្រាណ​ស្រាលៗ ដែល អាចធ្វើ​ទៅបាន។ លោកអ្នក​អាច​ទទួលទាន​អាហារ​បានធម្មតា ប៉ុន្ដែបើ​លោកអ្នក​មានជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវតមនូវ​ប្រភេទ​អាហារ ដែល​គ្រូពេទ្យ​បាន​ណែនាំ និង​គប្បី​ចៀសវាង​ការក្អក​ខ្លាំង ឬ​កណ្ដាស់​ខ្លាំង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative