ចម្ងល់​៦យ៉ាង​អំពីជម្ងឺ​ទឹកនោម​ផ្អែម

ទស្សនាវដ្ដី សុខភាពយើង បានចេញ​ផ្សាយ​ជាច្រើន​លេខ​រួចមក​ហើយ​ទាក់ទិន​ទៅនឹង​ជម្ងឺ​ទឹកនោម​ផ្អែម​ដែលជា​ប្រភេទ ជម្ងឺ​រ៉ាំរ៉ៃ​មួយ។ អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវតែ​ប្រតិបត្ដិ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវការ​ថែរក្សា​សុខភាព​រាងកាយ ដោយ​ធ្វើយ៉ាង​ណា​សំដៅ​មិន ឱ្យ​មានកើន​ឡើងនូវ​បរិមាណ​ជាតិស្ករ​ជាដាច់​ខាត។ ដោយសារ​ទាមទារ​ការយល់​ដឹងនេះ​ហើយ ទើប​ទស្សនាវដ្ដី សុខភាពយើង បាន​សហការណ៍​ជាមួយ​គ្លីនិក​ទឹកនោម​ផ្អែម អាយ អឹម អាយ ដើម្បី​បកស្រាយ​អំពី​ចម្ងល់​មួយចំនួន​ដែល​លោកអ្នក​មិនទាន់​បាន​ជ្រាបច្បាស់ តាមរយៈ​លោក​វេជ្ជបណ្ឌិត​ឯកទេស​ទឹកនោម​ផ្អែម សុខ ប៊ុណ្ណា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សំណួរទី១ ៖ តើជា​ការពិត​ដែរឬទេ ដែលថា​ជម្ងឺ​ទឹកនោមផ្អែម​កើតមាន​ឡើង​តែនៅ​តាមបណ្ដា​ប្រទេស​ដែល​រីកចម្រើន​នោះ?

ចម្លើយ ៖ ជម្ងឺ​ទឹកនោម​ផ្អែម​បាន​កំពុង​កើតមាន​ឡើងជា​ប្រចាំ​ទៅលើ​មនុស្ស​គ្រប់ស្រទាប់​វណ្ណៈ​ដោយមិន​ប្រកាន់​ពូជសាសន៍ ពណ៌ សម្បុរ​ទេ។ បើយោង​តាម​ឯកសារ​ដែលផ្ដល់​ដោយ​មូលនិធិ​ជម្ងឺ​ទឹកនោម​ផ្អែម​ពិភព​លោក​បានបញ្ជាក់​ថា មនុស្ស​ប្រមាណ​ជាជាង ២៤០លាននាក់​លើ​ពិភពលោក​កើតជម្ងឺ​ទឹកនោម​ផ្អែម។ ចំនួននេះ​នឹង​កើនឡើង​រហូតដល់​៣៨០​លាននាក់​នៅឆ្នាំ​២០២៥។

សំណួរ​ទី២ ៖ តើវ័យ​ណាមួយ​ដែល​ប្រឈមមុខ​ជាមួយ​នឹងជម្ងឺ​ទឹកនោម​ផ្អែមច្រើន​ជាង​គេ?

ចម្លើយ ៖ ជម្ងឺ​ទឹកនោម​ផ្អែម​កើតលើ​មនុស្ស​គ្រប់វ័យ​ទាំងអស់ មិនថា​ក្មេង​ឬចាស់​នោះទេ។ មានការ​សន្និដ្ឋាន​ថាមនុស្ស​ប្រហែល ២៤៦​លាននាក់​ដែលមាន​អាយុ​ចន្លោះពី​២០ទៅ​៧៩ឆ្នាំ​អាចនឹង​កើតជម្ងឺ​ទឹកនោម​ផ្អែម។ ចំណែក​ឯនៅ​បណ្ដាប្រទេស​កំពុង​អភិវឌ្ឍ​វិញ ជម្ងឺ​ទឹកនោម​ផ្អែម​កើតលើ​មនុស្ស​យ៉ាងតិច​ណាស់ក៏​ប្រហែល​៨០លាននាក់​ដែរ ដែល​ស្ថិតនៅ​អាយុ​ចន្លោះពី​៤០ទៅ​៥៩ឆ្នាំ។

សំណួរ​ទី៣ ៖ តើជម្ងឺ​ទឹកនោម​ផ្អែម​កើតលើ​តែអ្នក​ដែលមាន​រាងកាយ​ធាត់មែន​ឬទេ?

ចម្លើយ ៖ ប្រហែល​១៥ភាគរយ​នៃមនុស្ស​ដែលកើត​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ២ គឺជា​ក្មេង​ជំទង់ៗ ដែល​មិនលើស​ទម្ងន់ ឬមិន​ធាត់ ហួស​ទម្ងន់។ ដូចនេះ​គេអាច​និយាយបាន​ថា ជម្ងឺ​ទឹកនោម​ផ្អែម​មិនមែន​កើតលើ​តែអ្នក​ដែលធាត់ៗ​តែប៉ុណ្ណោះ​ទេ គឺអាច​កើតលើ​អ្នក ដែល​មានទម្ងន់​ធម្មតា​ផងដែរ ។

សំណួរ​ទី៤ ៖ តើគេ​អាច​ការពារ​កុំឱ្យ​មានជម្ងឺ​ទឹកនោម​ផ្អែម​បានទេ?

ចម្លើយ ៖ ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ១​គឺមិន​អាច​ការពារ​បានទេ តែជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ២​អាច​ការពារ​បានរហូត​ទៅដល់ ៨០ភាគរយ តាមរយៈ​ការ​បរិភោគ​អាហារ​ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព ការ​បង្កើននូវ​សកម្មភាព​រាងកាយ​(ការធ្វើ​លំហាត់​ប្រាណ) និងការ​ប្ដូរទម្លាប់​នៃការ​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ។

សំណួរ​ទី៥ ៖ តើអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​អាចមាន​គភ៌បាន​ដែរឬទេ?

ចម្លើយ ៖ ការ​មានគភ៌​ទាមទារ​ឱ្យមាន​ការយក​ចិត្ដទុក​ដាក់​ចំពោះ​សុខភាព​ជាខ្លាំង ហេតុនេះ​ស្ដ្រី​គ្រប់រូប​ចាំបាច់​ត្រូវ​ពិនិត្យ​សុខភាព ជា​ប្រចាំ ដើម្បី​តាមដាន​ពីស្ថានភាព​កូនក្នុង​ផ្ទៃក៏​ដូចជា​សុខភាព​របស់​មាតា​ផ្ទាល់។ ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​វិញក៏​ទាមទារ​ឱ្យមាន ការ​តាមដាន​សុខភាព​កាន់តែ​ចាំបាច់​ទៅទៀត។ ក្នុង​ករណី​ដែល​មិនអាច​ចៀសវាង​បានស្ដ្រី​អាចមាន​គភ៌បាន ប៉ុន្ដែ​ត្រូវតែ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ឱ្យបាន​ត្រឹមត្រូវ​ជាមុនសិន ព្រោះ​អាចមាន​គ្រោះថ្នាក់​នៅពេល​សម្រាល។

សំណួរ​ទី៦ ៖ តើជម្ងឺ​ទឹកនោម​ផ្អែម​ជាជម្ងឺ​តំណពូជ​មែនទេ?

ចម្លើយ ៖ ជាការ​ពិត កត្ដា​តំណពូជ​ជាកត្ដា​មួយក្នុង​ចំណោម​កត្ដាផ្សេងៗ​ទៀត ដែលអាច​ឱ្យបុគ្គល​ម្នាក់​កើតជម្ងឺ​ទឹកនោម​ផ្អែមបាន។ ប៉ុន្ដែវា​មិនមែន​ប្រាកដ​មួយរយ​ភាគរយ​ថាឱ្យ​តែនៅក្នុង​គ្រួសារ​មួយមាន​ឪពុក ឬ​ម្ដាយ​កើតជម្ងឺ​ទឹកនោម​ផ្អែម កូនៗ​របស់គាត់​កើត​ជម្ងឺ ទឹកនោម​ផ្អែម​ដែរនោះ​ទេ។ ករណី​ដែលកូនៗ​អាចកើត​ជម្ងឺ​ទឹកនោមេ​ផ្អែម​តាមរយៈ​កត្ដា​សេនេទិច​ពីកំណើត គឺមាន​ប្រហែល​តែពី ២០ទៅ​៣០ភាគរយ​ប៉ុណ្ណោះ។ ប្រសិនបើ​ពួកគេ​ស្ថិត​នៅក្នុង​គ្រួសារ​ដែលឪពុក​ឬម្ដាយ​កើតជម្ងឺ​ទឹកនោម​ផ្អែម​គាត់អាច​ការពារ​ខ្លួន​របស់គាត់កុំ​ឱ្យវិវឌ្ឍន៍​ទៅរក​ជម្ងឺ​ទឹកនោម​ផ្អែម តាមរយៈ​ការប្ដូរ​បែបបទ​នៃការ​រស់នៅ ពីការ​ទម្លាប់​រស់នៅ​ស្រណុក​សុខស្រួល​មិន​ចូលចិត្ដ បញ្ចេញ​កម្លាំងកាយ ទៅទម្លាប់​ធ្វើ​លំហាត់ប្រាណ ការ​ចូលចិត្ដ​បរិភោគ​អាហារ​ដែលមាន​ជាតិខ្លាញ់​ឬស្ករខ្ពស់ ទៅ​បរិភោគ​អាហារ​ណាដែល​ល្អសម្រាប់​សុខភាព​ជាដើម។
 
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative