ថ្ងៃបុណ្យសង្សារ​​​នៅតែ​មិនច្បាស់លាស់

ថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ លោកអ្នកមួយចំនួន ជាពិសេសយុវវ័យ​តែងតែ​បង្ហាញពី​សេចក្ដីស្រឡាញ់​របស់ខ្លួនចំពោះ​នរណាម្នាក់ពិសេស​អ្នកដែលខ្លួន​ស្រឡាញ់ពេញចិត្ដ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពគគ្រឹកគគ្រេង​នៃអំណរសម្រាប់ថ្ងៃនៃ​សេចក្ដីស្រឡាញ់​ ឬថ្ងៃបុណ្យសង្សារ​ដែលជាវប្បធម៌​បែបបស្ចឹមប្រទេសនេះ បានធ្វើឱ្យស្រទាប់យុវវ័យ​មានការរំជើបរំជួលជាខ្លាំង។ ថ្ងៃនេះយុវវ័យភាគ​ច្រើនសុទ្ធតែរីករាយ ក្នុងនោះក៏មានអ្នកខ្លះស្រក់ទឹកភ្នែក​ផងដែរ ដោយសារការភ្លើតភ្លើន​បានបន្សល់ទុក​នូវភាពស្ដាយ ក្រោយ ជាពិសេស​យុវនារីដែលបាន​បាត់បង់ព្រហ្មចារី មានផ្ទៃពោះ ឆ្លងជម្ងឺផ្សេងៗជាដើម ដូចដែលលោកអ្នកបាន​ទទួលជ្រាបតាម រយៈទស្សនាវដ្ដី សុខភាពយើង ក្នុងឆ្នាំ២០០៦កន្លងមក។ សម្រាប់ឆ្នាំនេះ សូមលោកអ្នកជ្រាប​ជាមួយចំណាប់អារម្មណ៍​របស់មជ្ឈដ្ឋាន​ទូទៅអំពីអត្ថន័យ និងការប្រព្រឹត្ដទៅ​នៃថ្ងៃ១៤កុម្ភៈឆ្នាំនេះ។ មានយុវវ័យមួយចំនួន​បានបញ្ចេញទស្សនៈ​របស់ខ្លួនគាំទ្រថ្ងៃ បុណ្យសង្សារ ​មានអ្នកខ្លះមិនគាំទ្រឡើយ ជួនគាំទ្រ​ដើម្បីការធ្វើ​អាជីវកម្មតែប៉ុណ្ណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនៈអបអរសាទរ​ថ្ងៃបុណ្យសង្សារ

– កញ្ញា ស្រីម៉ៅ សិស្សរៀននៅសាលាចិនអ៊ីហួ ៖ វាពិតជាមានន័យ​ពិសេសណាស់​សម្រាប់មនុស្សគ្រប់រូប​ក្នុងការបង្ហាញ​ឱ្យ  អ្នកណាម្នាក់​បានឃើញពី​សេចក្ដីស្រឡាញ់​របស់យើង និងរឹតតែចង់ប្រាប់​ឱ្យមនុស្សម្នាក់នោះ​ដឹងថា​យើងយកចិត្ដទុកដាក់​ចំពោះគេ​ជា ខ្លាំង។ ថ្ងៃបុណ្យសង្សារ ឬថ្ងៃនៃសេចក្ដីស្រឡាញ់​មិនមែនមានន័យត្រឹមតែការស្រឡាញ់​ចំពោះគូសង្សារប៉ុណ្ណោះទេ ប៉ុន្ដែក៏មានន័យ​ជា សេចក្ដីស្រឡាញ់​រវាងឪពុកម្ដាយចំពោះកូន កូនស្រឡាញ់ឪពុកម្ដាយ សេចក្ដីស្រឡាញ់រវាង​មិត្ដភ័ក្ដិជាដើម។ នាងខ្ញុំគិតជាស្រេចហើយថា​ថ្ងៃនោះនាងខ្ញុំនឹងមានកាដូ​ដ៏ពិសេសមួយសម្រាប់​អ្នកដែល​នាងខ្ញុំស្រឡាញ់។

– យុវជន អ៊ុក រ៉ាណេត សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៖ ខ្ញុំមិនដឹងថា​ថ្ងៃបុណ្យសង្សារ​នោះមានន័យ និងខ្លឹមសារយ៉ាងណា​ នោះទេ ប៉ុន្ដែខ្ញុំតែងឃើញគេនាំគ្នា​ទៅទិញផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ​យ៉ាង​គគ្រឹកគគ្រេង។ ថ្វីត្បិតតែខ្ញុំ​មិនដឹងពីឫសគល់វា​ យ៉ាងណា ប៉ុន្ដែខ្ញុំអាចទទួលយកបាន និងផ្ដល់សេចក្ដីស្រឡាញ់​ក្នុងថ្ងៃនោះចំពោះ​មនុស្សគ្រប់គ្នា មិត្ដភ័ក្ដិ និងបងប្អូន ជាពិសេសចំពោះ ​លោកពុកអ្នកម៉ែ។ ព្រោះបើតាមខ្ញុំយល់ថ្ងៃនៃសេចក្ដីស្រឡាញ់ ឬថ្ងៃបុណ្យសង្សារ​មិនមែនធ្វើឡើង​ចំពោះតែគូសង្សារនោះទេ យើងក៏ អាចយកថ្ងៃនេះ​ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់​រាប់អាន​របស់យើង​ចំពោះមិត្ដភ័ក្ដិ បង្ហាញពីភាព​កតញ្ញូរបស់កូន​ចំពោះឪពុកម្ដាយ​បាន ដូចគ្នាផងដែរ។

– កញ្ញា សឿ សុធារ៉ា តារាសម្ដែង ៖ គ្រាន់តែរំលឹកដល់ថ្ងៃបុណ្យសង្សារ​ធ្វើឱ្យនាងខ្ញុំមាន​អារម្មណ៍រំភើប​រួចជាស្រេចទៅ ហើយ។ ថ្វីត្បិតឆ្នាំមុនៗ​អ្នកដែលជូនផ្កាដល់នាងខ្ញុំ​សុទ្ធតែជាអ្នកដែលនាងខ្ញុំ​មិនពេញចិត្ដក៏ដោយ ក៏នាងខ្ញុំតែងសង្ឃឹមទុកជានិច្ចថា​នៅ ថ្ងៃណាមួយនឹងមានមនុស្ស​ជាទីស្រឡាញ់ជូនផ្កាកុលាប​ដ៏ស្រស់ស្អាតដល់នាងខ្ញុំមិនខានឡើយ។ បុណ្យសង្សារជាថ្ងៃ​ដែលមិនអាច​បំភ្លេច បាន​សម្រាប់គូស្នេហ៍ វាពិតជាមានន័យ​ហើយគួរឱ្យ​រំភើបខ្លាំង។

ទស្សនៈប្រឆាំង​ថ្ងៃបុណ្យសង្សារ

– លោក ហ៊ុន ធី រស់នៅខេត្ដកណ្ដាល ៖ ខ្ញុំតែងឃើញក្មេងៗ​ទិញផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ​ជូនគ្នា​ទៅវិញទៅមក​ នៅថ្ងៃ១៤ កុម្ភៈ ប៉ុន្ដែខ្ញុំមិនដឹងថា​ដើម្បី​សេចក្ដីស្រឡាញ់ ឬការរាប់អាននោះទេ។ ខ្ញុំមិនពេញចិត្ដទាល់តែសោះ ដែលឃើញយុវជនខ្មែរ​ប្រព្រឹត្ដខ្លួនបែបនេះ ព្រោះវាឃ្លាតឆ្ងាយពីវប្បធម៌ សីលធម៌ និងទំនៀមទម្លាប់​របស់ខ្មែរយើង។ វប្បធម៌ខ្មែរ​ជាវប្បធម៌ដ៏ទន់ភ្លន់ ​និងសុភាពរាបសារ។

– អ៊ំស្រី ហេង ប៊ុនថា ជាស្ដ្រីមេផ្ទះរស់នៅសង្កាត់អូរឫស្សី ៖ នាងខ្ញុំយល់ថាថ្ងៃ១៤កុម្ភៈគួរតែ​ហៅថាជាថ្ងៃនៃសេចក្ដីស្រឡាញ់​ ហើយជាសេចក្ដី​ស្រឡាញ់ចំពោះអ្នករាល់គ្នា មានដូចជាបងប្អូន ឬឪពុកម្ដាយ មិនមែនត្រឹមតែ​ការស្រឡាញ់រវាងមនុស្សពីរនាក់​ ប៉ុណ្ណោះទេ។ កន្លងមក​នាងខ្ញុំតែងឃើញយុវជន​ធ្វើខ្លួនមិនសមរម្យសោះ​ក្នុងថ្ងៃនោះ ហើយនាងខ្ញុំនឹងមិនអនុញ្ញាត​ឱ្យកូនៗធ្វើខ្លួនបែប​ នេះនោះទេ។ សូមយុវជនខ្មែរ​ទាំងអស់បញ្ឈប់​ការទទួលយក​វប្បធម៌ពាលា​​​​​​​​​​​​​ទាំងអស់នោះ ដើម្បីថែរក្សាវប្បធម៌ប្រពៃណីខ្មែរ​ឱ្យគង់វង្ស​ និងរីកចម្រើន។

– លោកសាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំ​ទំនៀមទម្លាប់ខ្មែរ​នៃពុទ្ធសាសនបណ្ឌិត្យ ៖ ខ្ញុំមិនពេញចិត្ដទាល់តែសោះ​ចំពោះវប្បធម៌បែបនេះ ព្រោះតាមការសង្កេតកន្លងមក​ឃើញថា​វាបានធ្វើឱ្យយុវជនខ្មែរ​មានការភ្លើតភ្លើន បាត់បង់អស់សីលធម៌​ ជាកូនខ្មែរ ពិសេសចំពោះយុវតីតែម្ដង។ តាមពិត នេះមិនមែនជាវប្បធម៌​របស់ខ្មែរយើងនោះទេ តែជាការទទួលយក​នូវវប្បធម៌បរទេស​ទាំងស្រុងដោយមិនបាន​គិតពិចារណា។ ទាំងនេះ​បង្ហាញឱ្យឃើញពីការធ្លាក់ចុះ​នៃតម្លៃយុវជនខ្មែរ ព្រោះពួកគេស្ម័គ្រចិត្ដ​ធ្វើជាឈ្នាន់​សម្រាប់ការសាបព្រោះ​វប្បធម៌បរទេស ពេញចិត្ដទទួលនូវអ្វីដែល​មិនមែនជារបស់ខ្លួន។ ប៉ុន្ដែពួកគេមិនធ្លាប់​ដែលគិតទាល់តែសោះ​ថាពេលនេះ​គេកំពុងទទួលយក​វប្បធម៌នេះ​ទៅ​ផ្សព្វផ្សាយ​ក្នុងផ្ទះគេនោះឡើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ថ្ងៃបុណ្យសង្សារជា​ថ្ងៃពាណិជ្ជកម្ម

– បងស្រី យឹម ហួរ ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍អង្គរ ១៤ កុម្ភៈជាថ្ងៃដ៏ពិសេស​សម្រាប់បង្ហាញពី​សេចក្ដីស្រឡាញ់​ ចំពោះអ្នកណាម្នាក់ ដោយទិញវត្ថុអនុស្សាវរីយ៍ ឬផ្កាកុលាបជូនគ្នា​ទៅវិញទៅមក។ ថ្ងៃនោះពិតជាថ្ងៃដ៏ល្អ ព្រោះមានអតិថិជន​ច្រើន ជាពិសេសយុវជន​មកទិញវត្ថុអនុស្សាវរីយ៍ ហើយដែលភាគច្រើន​ពួកគេទិញតុក្កតាខ្ចប់​ជាកាដូអមជាមួយនឹង​ផ្កាកុលាបមួយទងផងដែរ។ ទោះជាយ៉ាងនេះក្ដី​ក៏ពុំមានការតម្លើងថ្លៃ​ទំនិញដែរ គឺលក់ក្នុងតម្លៃ​ធម្មតាទាំងអស់។

– បងស្រីម្នាក់(សុំមិនបញ្ចេញឈ្មោះ)លក់ផ្កានៅផ្សារធំថ្មី ៖ ថ្ងៃបុណ្យសង្សារ​ជាថ្ងៃមួយសម្រាប់​លោកអ្នកបង្ហាញ​នូវសេច ក្ដីស្រឡាញ់​ចំពោះអ្នកណាម្នាក់ ពិសេសគឺ​គូសង្សារតែម្ដង។ ភាគច្រើនជាយុវជន​ដែលបានមកទិញផ្កាកុលាប​ជូនអ្នកដែលពួកគេស្រឡាញ់​ ពិសេសគឺកុលាបពណ៌ក្រហម។ អ្នកខ្លះទិញមួយទង ពីរទង និងច្រើនទងអាស្រ័យ​ទៅតាមអត្ថន័យ​របស់គេរៀងៗខ្លួន ហើយតម្លៃ មិនមាន​ការខុសប្លែកពីថ្ងៃធម្មតា​ប៉ុន្មានឡើយ គ្រាន់តែថាថ្ងៃនោះ​ផ្កាកុលាបលក់ដាច់ខ្លាំងណាស់​សឹងតែរកផ្កាលក់មិនបាន។

បណ្ដាំផ្ញើ

ទាំងនេះគ្រាន់តែជាការយល់ឃើញដែលបាន​សម្ដែងចេញ​តែប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះ លោកអ្នក ជាពិសេសយុវវ័យ​ ទាំងឡាយដែលកំពុងគាំទ្រ​ថ្ងៃបុណ្យសង្សារ​ត្រូវទទួលស្គាល់ការពិត​ថាវាមិនមែនជា​របស់ខ្មែរយើងទេ ហើយក៏មិនមាន​ការហាមឃាត់​ ណាមួយដែល​រារាំងការទទួលយក​នេះដែរ។ ក៏ប៉ុន្ដែជាសំណូមពរ សូមកុំធ្វើអ្វីឱ្យ​ហួសហេតុពេក ព្រោះមានយុវវ័យ​មួយចំនួនប្រព្រឹត្ដខ្លួន មិនល្អ អាចនិយាយបានថាជា​អំពើពាលា អាសអាភាសគ្មាន​អៀនខ្មាស សម្ដែងភាពស្និទ្ធស្នាល​ហួសព្រំដែន​ដែលមិនអាច​ទទួលយកបាន។ សូមរក្សាភាពថ្លៃថ្នូរ និងកិត្ដិយសរបស់ខ្លួនឯង និងរបស់អ្នកដទៃទៀត​ជាពិសេសឪពុកម្ដាយ បងប្អូន ក្រុមគ្រួសារ និងសង្គម ជាតិទាំងមូល ព្រោះមិនមែនមួយឆ្នាំ​មានតែមួយថ្ងៃសម្រាប់​បង្ហាញក្ដីស្រឡាញ់​នោះទេ ចុះ៣៦៤ថ្ងៃទៀតទុកធ្វើអ្វី?

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative