ជម្ងឺវក់ចិត្ដ

ការ​វក់ចិត្ដ​គឺជា​ជម្ងឺ​ផ្លូវចិត្ដ​ម្យ៉ាង​ដែល​ទាក់ទង​ជាមួយ​សុខភាព​អារម្មណ៍ និង​ទម្លាប់​របស់​មនុស្ស។ ភាព​រសាប់​រសល់ ការ​ចង់ បាន​មិន​អស់​ចិត្ដ និង​ទម្លាប់​ដែល​ខ្វះ​ការ​គ្រប់​គ្រង់​សតិ​របស់​ខ្លួន​ឱ្យ​យល់ពី​ព្រំដែន​នៃ​ទង្វើ​ទាំងនោះ ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោកអ្នក ធ្លាក់ខ្លួន​វង្វេង​ទៅ​ក្នុង​សកម្មភាព​របស់ខ្លួន​ដោយ​មិន​ដឹង និង​មិនអាច​ដក​ខ្លួន​ចេញ​ពី​ទម្លាប់​នោះ​បាន។
លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ជាអ្នក​ជំនាញ​ឯកទេស​ផ្នែក​ជម្ងឺ​ផ្លូវចិត្ដ​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត នឹង​បកស្រាយ បំភ្លឺ​អំពី​ការ​វក់ចិត្ដ ជូន​ដល់​ប្រិយមិត្ដ​ឱ្យ​បាន​ជ្រាប និង​ទុកជា​ចំណេះ​ដឹង​តាម​រយៈ​ទស្សនាវដ្ដី សុខភាព​យើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជម្ងឺ​វក់ចិត្ដ

ជម្ងឺ​វក់់ចិត្ដ​កើតមានឡើងលើ​មនុស្ស​ដែល​មាន​ទម្លាប់ និង​បន្ទុក​ច្រើន តម្រូវ​ឱ្យមាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​ដោះ ស្រាយ​កិច្ច​ការ​ទាំង​នោះ ឬ​ប្រភេទ​មនុស្ស​ដែល​គិត​អ្វីៗ​បែប​សាំញ៉ាំ ឆាប់​តូច​ចិត្ដ រហ័ស​ខឹង គ្មាន​ជំនឿ​ចិត្ដ​លើខ្លួន​ឯង និង​មាន​អារម្មណ៍ មិន​ដាច់​ស្រាច់ ឬជ្រះ​ស្រឡះ ដោយ​សារ​មាន​ការ​គ្រប់គ្រង​សតិ​ទាប ព្រោះតែ​ការ​ផ្ដោត​ចិត្ដ ឬ​ចង់បាន​ហួសហេតុ​ពេក។

រោគ​សញ្ញាណ​ជម្ងឺ​វក់​ចិត្ដ

យើងអាច​សម្គាល់​ឃើញ​ថា អ្នកដែល​មាន​អារម្មណ៍​ងប់ងល់ ឬ​អ្នក​ជម្ងឺ​វក់ចិត្ដ តាម​រយៈ​សកម្ម​ភាព និង​អាការ​មួយ​ចំនួន ដូច​ខាង​ក្រោម ៖

  • មាន​អារម្មណ៍វិ​លវល់ ចេះតែ​សង្ស័យ​ជាមួយ​នឹង​ភាព​ក្រៀមក្រំ ដែល​បង្ហាញ​ពីភាព​មិនដាច់​ស្រេច និង​ជ្រះ​ស្រឡះ​ពីការ ងារ​របស់​ខ្លួន តាម​រយៈ​ការសម្ដែង​ចេញ​តាម​ផ្ទៃមុខ​របស់​អ្នកជម្ងឺ។
  • ពុំមាន​អារម្មណ៍ ឬ​ពុំ​សប្បាយ​រីករាយ​ចំពោះ​អ្វីផ្សេងៗ​ទៀត ក្រៅ​ពី​សកម្មភាព​របស់​ខ្លួន​ឯង។
  • ភ្លេចភ្លាំង​ច្រើន ចូលចិត្ដ​ភាព​ឯកោ និង​ធ្វើអ្វី​ដែល​អាថ៌​កំបាំង ប្លែកៗ ដែល​មើលទៅ​មាន​បញ្ហា។
  • ទទួលទាន​ដំណេក​ពុំសូវ​លក់ គ្មាន​កម្លាំង​កំហែង បរិភោគ​មិនបាន ដោយ​សារ​ការ​ជំពាក់​ចិត្ដ​លើ​ការងារ។
  • អសកម្ម និង​គ្មាន​ទំនាក់​ទំនង​ចំពោះ​អ្នក​ជុំវិញ​ខ្លួន។
  • ខ្វាយខ្វល់ គិត​ព្រួយ​ច្រើន ផ្ចង់​អារម្មណ៍​ក្នុង​ការ​បំពេញ​ការងារ​ហួសកម្រិត ព្រោះ​តែស្លុង​ចិត្ដ។
  • មូលហេតុ​បង្កការ​វក់ចិត្ដ

    ជា​ទូទៅ​ការ​វក់ចិត្ដ​អាច​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង ដូច​ជា​កត្ដា​សុខភាព​ផ្លូវចិត្ដ កត្ដា​សុខភាព​ផ្លូវកាយ រួម​ទាំង មជ្ឈដ្ឋាន​ជុំវិញ​ខ្លួនជា​ដើម មូល​ហេតុ​ទាំង​អស់​នោះ​មាន​ដូចជា ៖

  • កត្ដា​សុខភាព​ផ្លូវចិត្ដ ៖ ដោយ​ផ្ដោត​ទៅលើ​សុខភាព​ផ្លូវចិត្ដ ការ​វក់ចិត្ដ​គឺជា​អាការ​មួយ​ដែល​បង្ក​ដោយ​ជម្ងឺ​ផ្លូវចិត្ដ ពិសេស ទាក់​ទង​ទៅ​នឹង​ការ​គិត​ច្រើន ការ​ចង់បាន ការ​មួម៉ៅ ការ​តូចចិត្ដ ភាព​ស្រពេច​ស្រពិល​ដែល​មាន​ប្រភព​ពីការ​ខ្វះជំនឿ​ជាក់។ ការ​ប៉ះទង្គិច​លើផ្លូវចិត្ដ​បែបនេះ នាំ​ឱ្យ​អារម្មណ៍​របស់​អ្នក​ជម្ងឺ​ជួប​បញ្ហា​ធ្ងន់ធ្ងរ អាច​ឈាន​ទៅដល់​ការ​បាត់បង់​អារម្មណ៍។
  • សុខ​ភាព​ផ្លូវកាយ និង​មជ្ឈដ្ឋាន​ជុំវិញ ៖ ដោយសារ​តែប្រព័ន្ធ​សរសៃ​ប្រសាទ​មិន​អាច​បែង​ចែក​ការងារ និង​ការគិត​ឱ្យបាន
    ល្អ ជា​មូលហេតុ​ដែល​ធ្វើឱ្យ​សរសៃ​ខួរក្បាល​រង​នូវ​សម្ពាធ​ធ្ងន់​ធ្ងរ​ក្នុង​ទំនួល​ខុសត្រូវ​ចេញពី​ប្រភព​ការងារ គ្រួសារ បូករួម​នឹង​មជ្ឈដ្ឋាន
    ដែល​កំពុង​ត្រូវទទួលរង​បំពុល​ពីសារ​ធាតុ​ពុល និង​ជាតិ​គិមី​ផ្សេងៗ​នោះ មាន​ឥទ្ធិពល​លើដំណក​ដង្ហើម​របស់​មនុស្ស។ ការ​ស្រូប​ចូល សារ​ធាតុជាតិ​ពុល​គីមី​ទាំង​នោះ ជា​ដើម​ហេតុដែល​ធ្វើឱ្យ​មាន​ភាព​ចុះ​ខ្សោយញាណ​នៃ​ការ​ទទួល​ដឹងយល់ និង​បែង​ចែក​ចំណាត់​ថ្នាក់វត្ថុ នៅ​ជុំវិញ​ខ្លួន។
  • ផល​ប៉ះពាល់​នៃជម្ងឺ​វក់ចិត្ដ

    ភាព​ងប់ងល់​នៃការ​វក់ចិត្ដ​នេះ​ធ្វើឱ្យ​លោក​អ្នក​ជួប​បញ្ហាជា​ច្រើន។ ការ​វក់​ចិត្ដ​មាន​ផលប៉ះពាល់​យ៉ាងច្រើន​ប្រការ​ចំពោះ​ខ្លួន លោក​អ្នក​ផ្ទាល់ខ្លួន និង​អ្នកដទៃ។ ការ​វក់​នេះ​ជា​មូលហេតុ​ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការងារ គ្រួសារ ធ្វើ​​ឱ្យ​លោក​អ្នក​មាន​ការ​ខ្វល់ ខ្វាយ​ច្រើន​ចំពោះ​កិច្ច​ការ​ដដែល ប៉ះ​ទង្គិច​ទៅ​លើផ្លូវ​ចិត្ដ បាត់​បង់​នូវ​ការ​គ្រប់គ្រង​អារម្មណ៍​បន្ដិច​ម្ដងៗ រហូត​បង្ក​ជា​ជម្ងឺផ្លូវ​ចិត្ដ​ធ្ងន់​ធ្ងរ ប្រសិន​បើលោកអ្នក​មិន​រកវិធី​ទប់ស្កាត់ ឬ​ក៏ព្យាបាល​ឱ្យបាន​ត្រឹម​ត្រូវតាម​ក្បួន​ចិត្ដ​វិទ្យា​នោះទេ។

    វិធី​សាស្ដ្រ​ព្យា​បាល​ជម្ងឺ​វក់​ចិត្ដ

    នៅពេល​ដែល​លោក​អ្នក​សង្កេត​ឃើញ និង​ដឹង​ថា​បុគ្គល​ណាម្នាក់​មាន​ជម្ងឺ​វក់ចិត្ដ លោកអ្នក​ត្រូវ​ខិតខំ​ពង្រឹង​ផ្លូវចិត្ដ​អ្នក​ទាំង នោះ​ជាប្រចាំ និង​រក​ដំណោះ​ស្រាយ។ ព្រោះ​ថា​អ្នក​ជម្ងឺ​ផ្លូវចិត្ដ​បែប​នេះ ពុំមាន​អារម្មណ៍​ប្លែក​ពី​សកម្មភាព​ខ្លួន​ឯង​ឡើយ ជា​ពិសេស​ពួក គាត់​ក៏មិន​អាច​ជួយ​ខ្លួនឯង​បាន​ផង​ដែរ។ មធ្យោបាយ​បំបាត់​ជម្ងឺនេះ​មាន​ច្រើន​បែប ដែល​អាច​ឱ្យយើង​យក​វិធីទាំង​នោះ​មក​អនុវត្ដ​បាន ដូចជា ៖

    1. ចិត្ដ​សាស្ដ្រ ៖ សមា​ជិក​ក្រុមគ្រួសារ មិត្ដ​ភក្ដិ និង​អ្នកជុំវិញ​អ្នក​ជម្ងឺ​មាន​តួនាទី និង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលី​អ្នក​ជម្ងឺ។ លោកអ្នក​មាន​កាតព្វកិច្ច​ក្នុង​ការ​ចង្អុល​បង្ហាញ​ដល់​អ្នក​ជម្ងឺ​រាល់ភាព​ប្រក្រតី​របស់​ពួក​គេ ដោយ​ការ​លើក​ទឹកចិត្ដ​ពោរពេញ​ដោយ​សម្ដីឬ ពាក្យ​ផ្អែម​ល្ហែម​ក្នុងការ​ពន្យល់​ប្រាប់​ពួកគេ វា​ជា​ប្រការ​មួយ​ដ៏ប្រសើរ​ដល់​អ្នក​ជម្ងឺ និង​ធ្វើឱ្យ​អ្នក​ជម្ងឺ​អាច​កាត់​បន្ថយ​នៃការ​វក់​នោះ​បាន មួយ​ផ្នែក។

    2. ការ​ព្យាបាល ៖ ជម្ងឺ​វក់ចិត្ដ​ជា​ជម្ងឺ​ដែល​អាច​ព្យាបាល​បាន បើសិន​ជាអ្នក​ជម្ងឺ​ពុំទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះទេ។ ក្រុម គ្រួសារ​គួរ​គប្បី​នាំ​អ្នក​ជម្ងឺ​ទៅ​ពិគ្រោះ និង​ទទួល​ការ​ពិនិត្យ​ពី​សំណាក់​អ្នក​ឯកទេស​ផ្លូវចិត្ដ។

    ដំបូន្មាន​អ្នកជំនាញ

    សេច​ក្ដីសុខ​ខាង​អារម្មណ៍​ជា​កត្ដា​ចាំបាច់​របស់​មនុស្ស​ម្នាក់ៗ ដែល​កើត​មាន​ជាមួយ​មនុស្ស​តាំង​ពី​កំណើត​មក​ម្ល៉េះ។ ការ​ថែ រក្សា​សុខភាព​ផ្លូវចិត្ដ​ឱ្យ​បាន​ល្អ វា​ទាក់ទង​ទៅ​នឹ​ង​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​មនុស្ស​ម្នាក់ រួម​មាន​គ្រួសារ មិត្ដ​ភក្ដិ អ្នក​នៅ​ជុំវិញ​ខ្លួន និងជំនឿ របស់សង្គមជាដើម។ មាតាបិតាគ្រប់រូបគួរយកចិត្ដទុកដាក់ និងស្ដីប្រដៅកូនចៅឱ្យបានល្អ ចៀសវាងពាក្យសម្ដី ឬ​សកម្ម​ភាព​ណាមួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​ពួកគេ។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

    Google Analytics Alternative