កូនខ្ញុំ​កើត​ទឹកនោម​ប្រៃ

មាន​ជម្ងឺ​ជាច្រើន​ប្រភេទ​ដែលអាច​កើតមាន​ចំពោះ​កុមារ ដូចជា​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម ជម្ងឺ​រលាក​ថ្លើម​​ប្រភេទ​បេ ជម្ងឺ តេតា​ណូស ជម្ងឺ​រលាក​សួត ជម្ងឺ​ក្អកមាន់ ខាន់​ស្លាក់ និង​ជម្ងឺ​ទឹកនោម​ប្រៃ​ជា​ដើម។ ជម្ងឺ​ទាំងនេះ​បណ្ដាល​មកពី​មូល​ហេតុ​នានា ប៉ុន្ដែ​មាន​ជម្ងឺ​ម្យ៉ាង​ដែល​កើត​មាន​ចំពោះ​កុមារ ភាគច្រើន​មិន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នោះទេ គឺ​វា​មាន​ឱកាស​កើត​មាន​ចំពោះ កុមារ​ក៏​ដូចជា​មនុស្ស​ពេញវ័យ​តែម្ដង នោះ​គឺជា​ជម្ងឺ​ទឹកនោម​ប្រៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​ពី​ជម្ងឺ​ទឹកនោម​ប្រៃ​កុមារ​នេះ ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​ជា​មួយ​នឹង​លោក​វេជ្ជបណ្ឌិត ជឹង ជា អ្នក​ឯកទេស​ជម្ងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

ជម្ងឺ​ទឹកនោម​ប្រៃ ជាអ្វី?

ជម្ងឺ​ទឹកនោម​ប្រៃ​គឺជា​ជម្ងឺ​តម្រង់​នោម​មួយ​ប្រភេទ “ណេ​ហ្វ្រូទីក ស៊ិន​ដ្រូម” ដែល​លេច​ឡើង​ដោយ​បណ្ដុំ​រោគ​សញ្ញា ដូចជា ហើម មានការ​បាត់បង់​ជាតិ​ប្រូ​តេអ៊ីន​ច្រើន​ទៅតាម​ទឹកនោម ជាតិ​ប្រូតេ​អ៊ីន​នៅ​ក្នុង​ឈាម​ថយ​ចុះ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កើន​ឡើង។ ជម្ងឺ​ទឹកនោម​ប្រៃ​អាច​កើត​ឡើង​នៅ​លើ​មនុស្ស​គ្រប់វ័យ ប៉ុន្ដែ​ភាគ​ច្រើន​កើត​ចំពោះ​កុមារ​ច្រើនជាង​មនុស្ស​ពេញវ័យ ជា​ពិសេស​ក្មេង ប្រុស​ច្រើន​ជាង​ក្មេងស្រី ដោយ​អត្រា​ពីរ​ទល់​នឹង​មួយ។ ជម្ងឺ​ទឹក​នោម​ប្រៃ​ងាយ​នឹង​លាប់​ឡើងវិញ​ក្រោយ​ការ​ព្យាបាល​រួច ហើយ​អាច​ធ្វើ ឱ្យ​អ្នក​ជម្ងឺ​ខ្សោយ​តម្រង់​នោម ដែល​អាច​ឱ្យ​មាន​គ្រោះ​ថ្នាក់ដល់​អាយុ​ជីវិត​ផងដែរ។ គេអាច​ដឹង​បាន​ថា​មាន​ជម្ងឺ​ទឹក​នោម​ប្រៃ​នេះ គឺ​តាម​រយៈ​ការ​ទៅ​ពិនិត្យ​មើល​ឈាម និង​ទឹកនោម​គួប​ផ្សំ​រោគ​សញ្ញា​ផ្សេងៗ​ទៀត។

រោគ​សញ្ញា​ជម្ងឺ​ទឹក​នោម​ប្រៃ

រោគ​សញ្ញា​ជម្ងឺ​ទឹក​នោម​ប្រៃ​ដំបូង​កុមារ​​គឺមាន​អាការ​ហើម​មុខ​ពេល​ក្រោក​ពី​ដំណេក​ពេល​ព្រឹក បន្ទាប់​មក​មាន​រាល​ដាល ដល់​ការ​ហើម​ជើង​ហើម​ដៃ និង​ដង​ខ្លួន ហើយ​កុមារ​ដែល​កើត​ជម្ងឺ​នេះ​បរិមាណ​ទឹក​នោម​មាន​ការ​ថយចុះ។ នេះ​គឺ​ជា​អាការ​ដែល​សន្និដ្ឋាន ថា​កុមារ​មាន​ជម្ងឺ​ទឹក​នោម​ប្រៃ។ ដើម្បី​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​ត្រូវ​ពិនិត្យ​ឈាម និង​ទឹក​នោម។

មូលហេតុ​បង្ក​ជម្ងឺ​ទឹក​នោម​ប្រៃ

ចំនួន​៩០ភាគ​រយ​នៃ​ជម្ងឺ​នេះ​អ្នក​វិទ្យា​សាស្ដ្រ​មិន​ទាន់​បាន​រក​ឃើញ​ពី​មូលហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ប្រហែល​ជា១០ ភាគ​រយ​ទៀត​វាកើត​ឡើង​ក្រោយ​ពេល​អ្នក​ជម្ងឺ​មាន​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​សេ មេរោគ​អេដស៍ គ្រុនចាញ់ មហារីក​គ្រាប់​ឈាម ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​តម្រង់​នោម​មួយ​ចំនួន និង​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​ទឹក​នោម​ប្រៃ

ចំពោះ​កុមារ​ដែល​មាន​ជម្ងឺ​ទឹក​នោម​ប្រៃ​គឺ​ត្រូវ​ធ្វើ​ការ​ព្យាបាល និង​តាម​ដាន​ក្នុង​រយៈ​យូរ ព្រោះ​បន្ទាប់​ពីការ​ព្យាបាល​ជា​សះ ស្បើយ​ហើយ អាច​មាន​លទ្ធភាព​កើត​មាន​ជាថ្មី​ទៀត​ក្នុង​រយៈ​ពេល​១ឆ្នាំ​ដំបូង​បន្ទាប់​ពីជា។ ជម្ងឺ​នេះ​ត្រូវ​ការ​រយៈ​ពេល​បួន​ខែដើម្បី​ព្យា បាល​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ តម​ចំណី​អាហារ​ណា​ដែល​មាន​ជាតិ​ប្រៃ បន្ថយការ​ពិសា​ទឹក កុំ​បរិភោគ​ច្រើន​ពេក ទទួល​ទាន​អាហារ ដែល​មាន​ជាតិ​វីតា​មីន និង​ប្រូតេ​អ៊ីន​ឱ្យបាន​គ្រប់​គ្រាន់។ ជា​ពិសេស​ត្រូវ​ធ្វើការ​តាម​ដាន​ជម្ងឺ​នេះឱ្យ​បាន​ទៀង​ទាត់ ព្រោះ​បន្ទាប់ ពីការ​ព្យាបាល​បាន​សះស្បើយ​ហើយ វាអាច​មានឱកាស​កើត​ម្ដងទៀត​ដល់​ទៅ​៦០​ភាគរយ។

ផល​វិបាក​នៃ​ជម្ងឺ​ទឹកនោម​ប្រៃ

ផល​វិបាក​នៃ​ជម្ងឺ​ទឹកនោម​ប្រៃធ្វើ​ឱ្យ​កុមា​រពិបាក​ដក​ដង្ហើម ដង្ហក់​ដោយ​សារ​ទឹកជ្រាប​ចូលក្នុង​ស្រោម​សួត ប៉ោង​ពោះ​តឹង ខ្លាំង ដោយ​សារជាតិ​ទឹកជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​ពោះ។ ជម្ងឺ​នេះ​ធ្វើឱ្យ​កុមារ​ហើម​មុខ ដៃ និង​ជើង ក្នុង​ករណី​ធ្ងន់ធ្ងរ​ក្មេង​ប្រុស ហើម​នៅ​ត្រង់​ពង​ស្វាស ឯ​ក្មេង​ស្រីហើម​នៅ​ត្រង់​ប្រដាប់​ភេទ​ទៀត​ផង។ អ្នក​ជម្ងឺ​ត្រូវ​បាត់បង់​ជាតិ​ប្រូតេ​អ៊ីនច្រើន​នៅក្នុង​ខ្លួន ហើយ ជាតិ​ខ្លាញ់​នៅឈាម​នឹង​កើន​ឡើង។ ជម្ងឺ​នេះ​នឹង​ធ្វើឱ្យ​កុមារ​ងាយ​នឹង​បង្ក​រោគ​ផ្សេងៗ ជា​ពិសេស​ជម្ងឺ​រលាក​ស្រោម​ពោះ​ដោយ​សារ​តែ បាត់បង់​នូវ​សារជាតិ​ប្រូតេ​អ៊ីន​ជា​ច្រើន ដែល​ជា​ផ្នែក​មួយ​នៃប្រព័ន្ធ​ការពារ​រាងកាយ។ កំណក​ឈាម​ក្នុង​ខ្លួនកើន​ឡើង អាច​ងាយ​ធ្វើឱ្យ មាន​ការ​កកស្ទះ​សរសៃ​ឈាម​នៅត្រង់​កន្លែង​ណាមួយ​ក្នុង​រាងកាយ ដូច​ជា​បេះដូង សួត និង​តម្រង់​នោម​ជាដើម។ ជម្ងឺ​នេះអាច​បណ្ដាល ឱ្យ​ខ្សោយ​តម្រង់​នោម និង​កង្វះ​ជីវជាតិ​ប្រូតេអ៊ីន ហើយ​ឆ្អឹង​មិន​សូវ​រឹងមាំ​ផងដែរ។ នៅពេល​មាន​ជម្ងឺ​នេះ កុមារ​ត្រូវការ ប្រើប្រាស់​ថ្នាំ​ច្រើន ដូចនេះ​អាច​បណ្ដាល​ឱ្យមាន​ការ​ប៉ះពាល់​ដល់ការ​លូតលាស់​នៃ​រាង​កាយ​របស់​កុមារ​ផង​ដែរ។ បើ​សិន​ជា​ជម្ងឺ​នេះ​លាប់ ញឹក​ញាប់ អាចប​ណ្ដាល​ឱ្យអ្នក​ជម្ងឺ​ខូច​តម្រង់​នោម បង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ដូចនេះ​បើ​ជម្ងឺ​នេះ​កើតមាន​ឡើង គប្បី ត្រូវ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​បំផុត។

ដំបូន្មាន​អ្នកជំនាញ

នៅពេល​លោកអ្នក​ឃើញ​កូន​មាន​រោគសញ្ញា​ហើមមុខ ហើមដៃ និង​ជើង ហើយ​មិនសូវ​នោម សូម​កុំធ្វើ​ការ​ប្រើថ្នាំ​អ្វីផ្ដេស ផ្ដាស គប្បី​ត្រូវ​ប្រញាប់​ទៅរក​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រកមើល​ឱ្យឃើញ​នូវមូល​ហេតុរបស់​វា។ នៅពេល​ដែលកូន​លោកអ្នក​កើត​ជម្ងឺទឹក នោម​ប្រៃ ត្រូវព្យាបាល​ជម្ងឺឱ្យ​ត្រឹមត្រូវ​ក្នុងរយៈ​ពេល​យូរ ដើម្បី​កាត់​បន្ថយ​ការលាប់​ឡើងវិញ និង​ផលវិបាក​ផ្សេងៗ​ទៀត។ អ្នកជម្ងឺ មិន​ត្រូវ​ប្រើថ្នាំ​អ្វី​ផ្ដេសផ្ដាស​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​នោះទេ ព្រោះ​អាច​បណ្ដាល​ឱ្យមាន​អាការ​កាន់​តែ​ធ្ងន់​ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative